សមមិត្ត នួន ជា កើតទុក្ខមិនសុខចិត្ត ពេលឃើញពួកអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមនៅរស់សុខសោយស្រួលលើគំនរដុល្លារ ដូចជា សមមិត្តសែន និង សមមិត្តសំរិន ជាអាទិ ក៏ប្រើមេធាវី ទាមទារឱ្យតុលាការកោះហៅ សមមិត្តសំរិន អតីតកម្មាភិបាលខ្មែរក្រហម ចូលបំភ្លឺក្ដីទើបអស់ចិត្ត!
សាលាក្តីខ្មែរក្រហមថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦នេះ បានសម្រេចកាត់ទោស លោកនួន ជា និងលោកខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០២វគ្គ០១ ស្តីពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ប៉ុន្តែការសម្រេចនេះ ត្រូវបានមេធាវីការពារក្តីរបស់លោកខៀវ សំផន រិះគន់ថាគ្រាន់តែជា «យុត្តិធម៌តុបតែង» ខណៈមេធាវីរបស់លោកនួន ជា ទាមទារឱ្យតុលាការកោះហៅ សមមិត្តហេង សំរឹន ប្រធានរដ្ឋសភាចូលបំភ្លឺក្ដី ទើបលោកអស់ចិត្ត។
លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងលោកនួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា នៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានសាលាក្តីខ្មែរក្រហមសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងបិទការតវ៉ាមិនឱ្យមានការប្តឹងសាទុក្ខ។ ការសម្រេចនេះដោយអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា រកឃើញថា ជនជាប់ចោទទាំងពីរមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលក្នុងនោះ មានការធ្វើឃាត ការធ្វើទុក្ខបុកម្នេញដោយសារហេតុផលនយោបាយ និងអំពើអមនុស្សធម៌ ការជម្លៀសប្រជាពលរដ្ឋជាដើម។
សូមជម្រាបជូនថា សំណុំរឿង ០០២វគ្គ០១ គឺជាការជំនុំជម្រះប្រឆាំងនឹង លោកខៀវ សំផន និងលោក នួន ជា។ បទចោទក្នុងសំណុំរឿង ០០២វគ្គ០១នេះ គឺផ្តោតទៅលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញ ឆ្នាំ ១៩៧៥ ការផ្លាស់ទីដោយបង្ខំ រួមទាំងការកាប់សម្លាប់អតីតរដ្ឋការសម័យ លន់ នល់ ក្នុងខេត្តពោធិ៍សាត់។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា លោក នួន ជា និងលោក ខៀវ សំផន មានពិរុទ្ធពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារជនជាប់ចោទទាំងពីររូបអស់មួយជីវិត។ ប៉ុន្តែក្រោយមកនួន ជា និងខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងវិញ។
ចំពោះការសម្រេចកាត់ទោស លោកនួន ជា និងលោកខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាចាត់ទុកថ្ងៃនេះថា គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា និងសម្រាប់មនុស្សជាតិទាំងមូល។ លោកសុខ អាន ប្រធានក្រុមការងារសាលាក្តីខ្មែរក្រហម ដែលតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានអះអាងថា ចាប់តាំងពីរបបកម្ពុជាប្រធានាធិបតេយ្យខ្មែរក្រហម ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក រដ្ឋាភិបាលមិនដែលមានការស្ទាក់ស្ទើរក្នុងការស្វែងរកយុត្តិធម៌ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះទេ។ លោកសង្ឃឹមថា ការជំនុំជម្រះថ្ងៃនេះ ពិតជាអាចរំលែកការឈឺចាប់ និងទុក្ខវេទនារបស់ជនរងគ្រោះជាក់ជាពុំខាន។
ភាគីដើមបណ្តឹងដែលបានចូលស្តាប់សវនាកាថ្ងៃនេះ សម្តែងការអរគុណចំពោះតុលាការដែលបានសម្រេចផ្តន្ទាទោសនួន ជា និងខៀវ សំផន ពេលនេះ។ ភាគីដើមបណ្តឹងថាសម្រេចនេះអាចធ្វើឲ្យលោកស្ងប់ចិត្តខ្លះ បើទោះបីវាមិនបានច្រើនក្តី…
យ៉ាងណាក្តីចំពោះការសម្រេចរបស់សាលាក្តីខ្មែរក្រហមនេះ ខាងមេធាវីការពារក្តីជនជាប់ចោទទាំងពីរ បានសម្តែងការខកចិត្តយ៉ាងខ្លាំង។ មេធាវីការពារក្តីខៀវ សំផន បានហៅការសម្រេចរបស់តុលាការថា គ្រាន់តែជា «យុត្តិធម៌តុបតែង» ប៉ុណ្ណោះ។ មេធាវីការពារក្តីខៀវ សំផន បានបន្តថា ច្បាស់ណាស់ការកាត់ទោសជានិមិត្តរូប ក៏ប៉ុន្តែក៏ត្រូវការគោរពច្បាប់ផងដែរ ពីព្រោះការចូលរួមរបស់ខៀវ សំផនជាប្រយោលទេ…
មេធាវីការពារក្តីរបស់លោកនួន ជា បានហៅការសម្រេចរបស់ចៅក្រុមនេះថា ជាការលំអៀង ហើយមេធាវីការពារក្តីនួន ជា ទាមទាឱ្យតុលាការកោះហៅលោកហេង សំរិន ប្រធានរដ្ឋសភាចូលបំភ្លឺ ដោយគេយល់ថា សមមិត្តហេង សំរិន ជាមនុស្សសំខាន់ក្នុងរឿងក្តីនេះ…
ទាក់ទងនឹងការទាមទារនេះចៅក្រុមជំនុំជម្រះបានបញ្ជាក់ថា ការសម្រេចនេះគឺធ្វើឡើងតាមច្បាប់ដែលបានចែង ដូច្នេះយើងមិនអាចរំលោភច្បាប់នេះបានទេ ហើយច្បាប់នេះមិនមែនចៅក្រុមជាអ្នកបង្កើតទេគឺ កើតឡើងដោយមានការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលកម្ពុជា ជាមួយ និងអង្គការសហប្រជាជាតិ៕
ប្រភព៖ វាយោ
No comments:
Post a Comment