តោះមកមើលឈ្មោះនិងមុខអោយស្គាល់ចៅក្រមទាំង ៩នាក់នៅក្នុងតុលាការកំពូល និងតាមដានស្ថានការណ៍ជុំវិញដំណើរការសវនាការរបស់តុលាការកំពូលលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ-Situations on supreme court hearing on CNRP dissolution.
តុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កំពុងត្រៀមរៀបចំបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ជាដំបូងសូមណែនាំអោយស្គាល់មុខនិងឈ្មោះចៅក្រមទាំង ៩នាក់ នៅក្នុងតុលាការកំពូល មានឈ្មោះដូចខាងក្រោមនេះ គឺ៖
១)លោក ឌិត មន្ទី ប្រធានតុលាការកំពូល ២)លោក ជីវ កេង ៣)លោកឃឹម ប៉ុណ្ណ ៤)លោក យូរ ឧត្តរា ៥)លោក គង់ ស្រ៊ីម ៦)លោក គង់ តារាឆាត ៧)លោក សេង នាង ៨)លោកស្រី សែម សក្កិកូឡា ៩)លោកស្រី ចាំង ស៊ីណាត ៨ នាក់នេះជាសមាជិក និងអគ្គព្រះរាជអាជ្ញាគឺ លោកស្រី ជា លាង ។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ចំនួន ៤ រូប បានដាក់ភស្តុតាងបន្ថែមលើសំណុំរឿងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលនឹងឈានទៅដល់ការហាមឃាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមកពីគណៈកម្មការនាយកនិងគណៈកម្មការអចិន្ត្រៃយ៍ចំនួន ១១៨ នាក់មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ។
ក្រសួងមហាផ្ទៃបានបញ្ជូនមេធាវីចំនួន៤រូប ដោយមានភស្តុតាងចំនួន២៦កញ្ចប់ ដើម្បីការពារបណ្តឹងរបស់ខ្លួន ស្របពេលដែលគណបក្សសង្គ្រោះជាតិមិនបានដាក់ឯកសារ ឬត្រៀមមេធាវីណាមួយក្នុងការតតាំងក្តីនៅសវនាការនោះទេ។ តុលាការកំពូលក៏បានចេញលិខិតមួយច្បាប់អញ្ជើញប្រធានគណបក្សសង្គ្រោះជាតិ មកចូលរួមសវនាការនេះ ប៉ុន្តែប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងការចោទថា លោកក្បត់ជាតិ។
គេឃើញថា សវនាការពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា មិនដែលត្រូវបានតុលាការនាំខ្លួនលោក កឹម សុខា មកចូលរួមសាកសួរនៅតុលាការនោះទេ ដូច្នេះគេរងចាំមើលថា តើតុលាការកំពូលក្នុងសវនាការព្រឹកនេះ នឹងនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ មកចូលរួមសវនាការដែរ ឬយ៉ាងណា។ ក្រុមការងារ VOA នឹងធ្វើសេចក្តីរាយការណ៍បន្ថែមជាបន្តបន្ទាប់នាពេលខាងមុខ។
សូមទស្សនាការផ្សាយផ្ទាល់នៃក្រុមការងារ VOA រាយការណ៍ដោយ កញ្ញា កាន់ វិច្ឆិកា។
តុលាការកំពូលសម្រេចបន្តសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ទៅរសៀលម៉ោងពីរ។
តុលាការកំពូលសម្រេចបន្តសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ទៅរសៀលម៉ោងពីរ។ (នូវ ពៅលក្ខិណា/VOA)
លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលការកំពូល បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកនេះថា តុលាការកំពូលនឹងចេញសេចក្តីសម្រេចលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិនាល្ងាចថ្ងៃព្រហស្បតិ៍ ខណៈពេលដែលសវនាការនេះកំពុងដំណើរការនៅឡើយ។
កញ្ញា ឡេង ឡែន អតីតអ្នកសារព័ត៌មានឲ្យកាសែតឌឹខេមបូឌាដេលី និងសំឡេងសហរដ្ឋអាមេរិក ត្រូវបានកម្លាំងប៉ូលិសមានសមត្ថកិច្ចហាមឃាត់មិនឲ្យមានវត្តមាននៅបរិវេណតុលាការកំពូល ខណៈពេលដែលសវនាការស្តីពីបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ កំពុងដំណើរការ។ មន្ត្រីមានសមត្ថកិច្ច បានសួររកកាតអ្នកសារព័ត៌មានពីនាង។ ការមិនអនុញ្ញាតឲ្យអតីតអ្នកសារព័ត៌មានរូបនេះ មានវត្តមាននៅបរិវេណនៃតុលាការកំពូល បានកើតឡើង បើទោះបីជាស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានប្រាប់អ្នកសារព័ត៌មាននាព្រឹកនេះថា ដំណើរការសវនាការនេះគឺបើកជាសាធារណៈក្តី។
ខណៈពេលនេះ កញ្ញា ឡេង ឡែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសួរចម្លើយអំពីវត្តមានរបស់នាង នៅបរិវេណនៃតុលាការកំពូល និងមហាអយ្យការ។
ស្របពេលជាមួយគ្នានោះ គេឃើញមានវត្តមានរបស់មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តាមដានស្ថានការណ៍ជុំវិញដំណើរការសវនាការនៃបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។
មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មានវត្តមាននៅមុខតុលាការកំពូល និងមហាអយ្យការ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment