អ្នកច្បាប់អះអាងថា ការទម្លាយព័ត៌មានសម្ងាត់នៃការស៊ើបអង្កេតជាការរំលោភច្បាប់!-Lawyers said court and police abused laws releasing secret info during investigation.
អ្នកច្បាប់អះអាងថា មន្ត្រីអនុវត្តច្បាប់កំពុងអង្គុយលើច្បាប់ ស្របពេលដែលប្រទេសកំពុងមានវិបត្តិនយោបាយ។ អ្នកច្បាប់ថា ការទម្លាយព័ត៌មានសម្ងាត់នៃការស៊ើបអង្កេត ទៅសារព័ត៌មានផ្សព្វផ្សាយ និងសាធារណៈ ជាការរំលោភច្បាប់ និងរំលោភសិទ្ធិបុគ្គល។
លោកមេធាវី ហែម សុជាតិ ពន្យល់ថា ការស៊ើបអង្កេតក្នុងរឿងព្រហ្មទណ្ឌ ត្រូវតែធ្វើឡើងជាការសម្ងាត់។ លោកមេធាវីបន្តថា បុគ្គលទាំងឡាយ ដែលចូលរួមក្នុងការស៊ើបអង្កេត ជាពិសេសចៅក្រម ចៅក្រមខាងអយ្យការ មេធាវី ក្រឡាបញ្ជី នគរបាល កងរាជអាវុធហត្ថជាដើម ត្រូវតែរក្សាការសម្ងាត់នៃវិជ្ជាជីវៈ។ «»
លោកមេធាវី ហែម សុជាតិ បន្តថា មានតែចៅក្រមអយ្យការប៉ុណ្ណោះ ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈ កាលណាបើចៅក្រមអយ្យការយល់ឃើញថាព័ត៌មាន ដែលផ្សព្វផ្សាយពីរឿងណាមួយជាព័ត៌មានមិនពិត។ ការលើកឡើងរបស់មេធាវីនេះ ក្រោយពេលដែលមន្ត្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានទម្លាយព័ត៌មាន និងរូបភាពសម្ងាត់នៃការស៊ើបអង្កេត អតីតបុគ្គលិកអាស៊ីសេរីម្នាក់ ទៅឱ្យស្ថាប័នកាសែតគាំទ្រលោក ហ៊ុន សែន ផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអតីតបុគ្គលិកអាស៊ីសេរី។
មេធាវីការពារក្ដីឱ្យលោក អ៊ួន ឈិន គឺលោកមេធាវី កែវ វ៉ាន្នី បានប្រតិកម្មចំពោះការបញ្ចេញព័ត៌មានសម្ងាត់នៃការស៊ើបអង្កេតនេះ។ លោកមេធាវីលើកឡើងថា ការបញ្ចេញព័ត៌មាននេះ វានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចស៊ើបសួរនៃរឿងក្ដី ព្រមទាំងប៉ះពាល់ដល់សេចក្ដីវិនិច្ឆ័យរឿងក្ដីនេះនៅពេលខាងមុខ។
លោកមេធាវីអះអាងថា ទង្វើរបស់មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់កូនក្ដីលោកយ៉ាងធ្ងន់ធ្ងរ ព្រមទាំងប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរក្រុមគ្រួសារកូនក្ដីលោកផងដែរ។ «»
លោកមេធាវីបញ្ជាក់ថា លោកនឹងចាត់វិធានការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ដើម្បីវែកមុខជនដែលបញ្ចេញព័ត៌មាននេះនៅពេលដ៏ខ្លីខាងមុខ។ «»
មាត្រា៣១៤ នៃក្រមព្រហ្មទណ្ឌ បទប៉ះពាល់ដល់អាថ៌កំបាំងវិជ្ជាជីវៈ ចែងថា បុគ្គលដែលកាន់កាប់ព័ត៌មានដែលមានលក្ខណៈអាថ៌កំបាំង ដោយមូលហេតុនៃស្ថានភាពមុខរបរ មុខងារ ឬបេសកកម្មរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ពីមួយសែនរៀល ទៅពីរសែនរៀល ប្រសិនបើបុគ្គលនោះបង្ហាញព័ត៌មាននេះ ដល់បុគ្គលដែលគ្មានសមត្ថកិច្ចដើម្បីដឹងពីព័ត៌មាននេះ។
លោកមេធាវី ហែម សុជាតិ ពន្យល់បន្តថា បើទោះបីជាតុលាការផ្ដន្ទាទោសបុគ្គលណាមួយដែលបានប្រព្រឹត្តអំពើថតរូប ឬថតវីដេអូអាសអាភាសក៏ដោយ ក៏តុលាការមិនអាចចេញសេចក្ដីសម្រេចបង្គាប់ឱ្យស្ថាប័នសារព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈអំពីរឿងនេះបានឡើយ ព្រោះវាប៉ះពាល់ដល់សិទ្ធិបុគ្គល ដែលត្រូវបានការពារដោយច្បាប់។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ពីបទលួចផលិតព័ត៌មានឲ្យបរទេស ក្រោយពេលឃាត់ខ្លួនខុសច្បាប់អស់រយៈពេល ៤ថ្ងៃ នៅស្នងការក្រុងភ្នំពេញ។
លោកមេធាវី កែវ វ៉ាន្នី ឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ថា ចៅក្រមស៊ើបសួរ នៃតុលាការក្រុងភ្នំពេញ បានកោះហៅកូនក្ដីរបស់លោកឱ្យចូលឆ្លើយបំភ្លឺបន្ថែមនៅថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខ។ លោកមេធាវីក៏បានបញ្ជាក់ដែរថា លោកនឹងដាក់ពាក្យបណ្ដឹងប្ដឹងមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបញ្ចេញរូប និងវីដេអូអាសអាភាស ដែលអះអាងថា ជារបស់អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីម្នាក់ ទៅអយ្យការអមតុលាការក្រុងភ្នំពេញនៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment