របបដៃចោរ ធ្វើអោយខ្មែររលាយរលត់រដ្ឋអស់ហើយ ទាំងក្នុងស្រុកនិងលើឆាកអន្តរជាតិ ត្រឹមតែរយៈពេល៦ឆ្នាំ ជនជាតិចិនជាង១ពាន់នាក់ ប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមបច្ចេកវិទ្យានៅកម្ពុជា !!-Cambodia lacks of law enforcement more chinese telecom extortion scams
ភ្នំពេញ៖ កាលពីចុងខែតុលា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបណ្ដេញជនជាតិចិនចំនួន៦១នាក់ ក្នុងនោះមានស្រី១៣នាក់ ដែលសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោក គំរាមកំហែង និងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា (Voice Over Internet Protocol ឬVOIP)។
អាជ្ញាធរកម្ពុជា បានឲ្យដឹងថា ជនជាតិចិនទាំងនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ដល់២១ ខែតុលា នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។
បើគិតពីខែមករាដល់ខែតុលាឆ្នាំ២០១៧នេះ កម្ពុជាបានបង្ក្រាបបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន៥លើករួចមកហើយ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបាន៤០៧នាក់ ក្នុងនោះស្រី៧៦នាក់។
ការបញ្ជូនជនល្មើសចិនចេញពីកម្ពុជានេះ ក៏មានការសហការពីក្រុមសន្តិសុខជាតិនៃប្រទេសចិន ដោយចិនបានយកយន្តហោះពិសេស មកដឹកជនល្មើសទាំងនេះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កាលពីថ្ងៃទី១២ ខែតុលា ជនជាតិចិន៧៤នាក់ ក្នុងនោះមានស្រ្តី១៤នាក់ ត្រូវបានបញ្ជូនចេញពីកម្ពុជា ដោយជើងយន្តហោះ China Southern Airline ក្រោយពីពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី៥ ខែតុលា។ នៅក្នុងការបញ្ជូននោះ នគរបាលចិនជាង២០០នាក់ បានមកយកពួកគេពីកម្ពុជា។ ជនជាតិចិនដែលត្រូវបានបញ្ជូនចេញពីកម្ពុជានោះ ត្រូវបានបិទមុខ ហើយបិទលេខជាប់នឹងអាវពណ៌ទឹកក្រូច ដូចៗគ្នា។
លោក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជនសង្ស័យជនជាតិចិនទាំងនោះ បានប្រើប្រាស់កម្ពុជា ជាកន្លែងប្រព្រឹត្តបទល្មើសទារប្រាក់ពីជនរងគ្រោះ ដែលរស់នៅក្នុងប្រទេសចិន ក្នុងនោះរួមមានមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងសិល្បករដែលមានឈ្មោះល្បីជាដើម។
លោកបន្តថា ជនល្មើសទាំងនេះ បានបោកបញ្ឆោតជនរងគ្រោះនៅក្នុងប្រទេសចិន តាមរយៈការគំរាមបង្ហោះរូបភាពអាសអាភាសរបស់ជនរងគ្រោះ។
លោកមានប្រសាសន៍ថា៖ «គឺគាត់បោកបញ្ឆោតធ្វើជាទំនាក់ទំនងផ្លូវស្នេហា ហើយពេលដែលគាត់បានរូបភាព ហើយគាត់បំប្លែងទៅជារូបភាពរូបអាសអាភាស ដើម្បីជំរិតគំរាម។ ប្រសិនបើមិនមានការបង់ប្រាក់ឲ្យគាត់ទេ គឺគាត់នឹងបង្ហោះរូបភាពទៅស្ថាប័នដែលគាត់ធ្វើការនោះឬក៏ក្រុមគ្រួសារដែលមានកិត្តិយស»។
លោកបន្តថា បើតាមការសួរចម្លើយ ជនល្មើសបានបែងចែកភារកិច្ចផ្សេងៗគ្នាក្នុងការប្រព្រឹត្តបទល្មើសទាំងនេះ គឺមានក្រុមប្រមូលទិន្នន័យ ប្រវត្តិរូបរបស់ជនរងគ្រោះ ក្រុមអូសទាញ ដោយប្រើចិត្តសាស្ត្រជាមួយជនរងគ្រោះ រួចហើយបញ្ជូនទៅក្រុមបច្ចេកទេស កាត់តរូបថត និងក្រុមគំរាមប្រមូលប្រាក់ពីជនរងគ្រោះ។
លោក អ៊ុក ហៃសីលា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានជនរងគ្រោះកម្ពុជាលើករណីជំរិតទារប្រាក់របស់ជនជាតិចិននោះទេ។
ប្រទេសកម្ពុជា បានក្លាយជាកន្លែងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចាប់តាំងពីឆ្នាំ២០១១។ រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជា បានបញ្ជូនជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសនេះ ចំនួន១៥លើករួចមកហើយ ដោយជនជាតិចិនសរុបជិត១២០០នាក់ ក្នុងនោះមានស្ត្រីជាង២០០នាក់ ត្រូវបានបញ្ជូនចេញទៅប្រទេសចិនវិញ។
ក្រុមចាប់ជំរិតទាំងនោះ ភាគច្រើនត្រូវបានចាប់ខ្លួននៅកន្លែងទាក់ទាញទេសចរណ៍ ដូចជានៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុជាដើម។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វ៉ាន់ថន មានប្រសាសន៍ថា មានករណីខ្លះ រដ្ឋាភិបាលចិនបានស្នើមកអាជ្ញាធរកម្ពុជាក្នុងការបង្ក្រាបបទល្មើសទាំងនេះ។ លោកបញ្ជាក់ថា ជាគោលការណ៍ កម្ពុជានឹងបញ្ជូនជនជាតិចិនទាំងនោះចេញទៅប្រទេសខ្លួនវិញ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងវាជាគោលការណ៍។ កាលណាជនបរទេស ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ប្រព្រឹត្តបទល្មើស យើងត្រូវបណ្ដេញចេញពីកម្ពុជា»។
តែលោកថា ចំពោះករណីធ្ងន់ធ្ងរ ដូចជាការជួញដូរគ្រឿងញៀន ជនល្មើសត្រូវជាប់ពន្ធនាគារនៅកម្ពុជា តាមសេចក្ដីសម្រេចរបស់តុលាការ។
លោក កែវ វ៉ាន់ថន បានបញ្ជាក់ថា កម្ពុជានឹងបន្តចាត់វិធានការប្រឆាំងនឹងបទល្មើសទាំងនេះ។
លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងបញ្ហាហ្នឹង យើងនៅតែមានវិធានការជាបន្តបន្ទាប់អញ្ចឹង។ កាលណាមានបទល្មើសនៅកន្លែងណា យើងស្រាវជ្រាវស៊ើបអង្កេតរកឃើញ យើងនៅតែបន្តបង្ក្រាបហើយបណ្ដេញចេញអញ្ចឹង។ យើងមិនឲ្យមានបទល្មើសនៅលើទឹកដីនៃប្រទេសកម្ពុជាយើងទេបាទ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បាននិយាយកាលពីខែកញ្ញា ឆ្នាំ២០១៦ ថា ភាគីចិនបានកោតសរសើរខ្លាំង និងអរគុណកម្ពុជាដែលប្រកាន់ខ្ជាប់នយោបាយចិនតែមួយ និងសហការជាមួយប្រទេសចិន ដើម្បីបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យានេះ។
លោកបន្តថា ក្រសួងសន្តិសុខសាធារណៈរបស់ចិន នឹងចាត់វិធានការលើជនសង្ស័យទាំងនេះ តាមច្បាប់របស់ចិន ដើម្បីការពារផលប្រយោជន៍របស់ជនរងគ្រោះ។
កម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ានដែលស្និទ្ធនឹងប្រទេសចិន។ ចិនបានផ្ដល់ជំនួយដល់កម្ពុជាយ៉ាងច្រើន ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន និងថ្នល់ជាដើម។ ចិនបានក្លាយជាអ្នកវិនិយោគធំនៅប្រទេសកម្ពុជា។
អ្នកទេសចរចិនមកកម្ពុជា ក៏មានច្រើនគួរឲ្យកត់សម្គាល់។ កម្ពុជារំពឹងថា នឹងទទួលអ្នកទេសចរចិនប្រមាណ២លាននាក់ នៅឆ្នាំ២០២០។
កាលពីឆ្នាំ២០១៦ កម្ពុជាបានទទួលទេសចរចិនប្រមាណ៨៣ម៉ឺននាក់។ ចំណែកនៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០១៧នេះ កម្ពុជាទទួលអ្នកទេសចរចិនជាង៦៣ម៉ឺននាក់ ដែលមានការកើនឡើងជាង៤០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Paul Chambers សាស្ត្រាចារ្យ និងជាទីប្រឹក្សាស្ដីពីបញ្ហាអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ បានថ្លែងប្រាប់ VOA ថា ជនជាតិចិនក៏បានប្រព្រឹត្តករណីជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យានេះ នៅក្នុងប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដែរ គ្រាន់តែកម្ពុជាជាកន្លែងមួយដែលជនជាតិចិនយល់ថា ងាយប្រព្រឹត្តបទល្មើសបែបនេះ ដោយសារតែកង្វះការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា និងឥទ្ធិពលរបស់ចិនមកលើប្រទេសនេះ។
លោកបានប្រាប់ VOA តាមរយៈអ៊ីមែលឬសារអេឡិចត្រូនិកថា៖ «កម្ពុជាគឺល្បីសម្រាប់បញ្ហានេះ ដោយសារប៉ូលិសខ្មែរកម្របង្រ្កាបបទល្មើសទាំងនេះ។ បន្ថែមពីនេះ អាជ្ញាធរកម្ពុជាមិនចង់ចាប់ជនជាតិចិន ដោយខ្លាចរដ្ឋាភិបាលចិនខឹង។ ទាល់តែមានការស្នើសុំពីរដ្ឋាភិបាលចិន ទើបកម្ពុជាចាត់វិធានការ»។
ការចាប់ខ្លួនជនល្មើសទាំងនេះ ក៏រួមទាំងជនជាតិចិនតៃវ៉ាន់មួយចំនួនផងដែរ។ លោក Paul Chambers មានប្រសាសន៍ថា បើទោះជាតៃវ៉ាន់គាំទ្រការចាប់ខ្លួនចិនតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងអំពើល្មើសនេះក៏ដោយ ក៏ពួកគេមិនពេញចិត្តការដែលរដ្ឋាភិបាលកម្ពុជាបញ្ជូនជនជាតិចិនតៃវ៉ាន់ទាំងនោះ ទៅឲ្យរដ្ឋាភិបាលចិនទាំងអស់ដែរ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា ការកើនឡើងនូវចំនួនជនបរទេស ដែលយកកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើសកាន់តែច្រើននេះ បង្ហាញថា កម្ពុជាមានការខ្វះខាតក្នុងការគ្រប់គ្រងជនបរទេស។
លោកបន្ថែមថា ករណីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ប្រសិនបើរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសបែបនេះឲ្យបានតឹងរ៉ឹងទេនោះ៕
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment