លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា បានសរសើររដ្ឋាភិបាលបុរសខ្លាំង ថាឈ្លាសវៃក្នុងការបង្កើតស្ថានការណ៍នយោបាយអោយតានតឹង !!
លោក អ៊ូ វីរៈ ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការវេទិកាអនាគត និងជាអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា បានសរសើររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបង្កើតស្ថានការណ៍នយោបាយក្នុងប្រទេសអោយមានភាព តានតឹងតែមិនរំលំ ។
តាមរយៈការអះអាងរបស់លោកបែបនេះ លោក អ៊ូ វីរៈ មើលឃើញថា ការសង្កេតរបស់លោកអស់រយៈពេលចូល ២០ឆ្នាំ កន្លងមកនេះ រដ្ឋាភិបាលនៃគណបក្សប្រជាជនមួយនេះ ពិតជាមានភាពវៃឆ្លាត ក្នុងការបង្កើតព្រឹត្តការណ៍ និងធ្វើយ៉ាងណា អោយស្ថានការណ៍ប្រទេសជាតិឡើងកម្ដៅខ្លាំង ដើម្បីបំបាក់អ្វីមួយដែលប៉ន់ប៉ងធ្វើ ប៉ុន្តែរដ្ឋាភិបាលនេះមិនបំផ្លាញចោលនោះឡើយ ៖ « រដ្ឋាភិបាលគាត់ពូកែ គាត់ឈ្លាសវៃ ត្រង់ថា គាត់តែងតែទាញអោយតឹង ក៏ប៉ុន្តែមិនតឹងអោយដល់ដាច់ខ្សែ
ទេ អានេះ គឺជាអ្វីដែលខ្ញុំមើលអស់រយៈពេលជាង២០ឆ្នាំហើយបាទ » ។
ការថ្លែងលើកឡើងរបស់លោក អ៊ូ វីរៈ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្របពេលដែលកម្ពុជាកំពុងស្ថិតនៅក្នុងភាពតានតឹងនៃស្ថានការណ៍នយោបាយ ក្រោយពេលដែលរដ្ឋាភិបាលបានចាប់ខ្លួនមេដឹកនាំរបស់គណបក្សប្រឆាំងដាក់ឃុំខ្លួន និងការគ្រោងរំលាយគណបក្សសង្រ្គោះជាតិចោល ។
បើតាមលោក អ៊ូ វីរៈ លោកមើលឃើញថា នេះគឺជាទម្លាប់របស់រដ្ឋាភិបាលទៅហើយ ដែលចូលចិត្តបង្កើតអោយមានព្រឹត្តការណ៍បែបនេះកើតឡើង ។ លោកយល់ថា ចំពោះស្ថានការណ៍បច្ចុប្បន្ន ជាពិសេសដែលរដ្ឋាភិបាលអះអាងថា នឹងរំលាយគណបក្សសង្រ្គោះជាតិនោះក៏មិនអាចទៅរួចដែរ ពោលគឺគ្រាន់តែជាការបន្តឹងស្ថានការណ៍អោយឡើងរាងក្ដៅបន្តិចប៉ុណ្ណោះ បន្ទាប់មករដ្ឋាភិបាលនេះ អាចនឹងបន្ធូរបន្ថយឡើងវិញជាក់ជាមិនខានឡើយ ៖ « ខ្ញុំជឿថា រដ្ឋាភិបាលមិនមានឆន្ទៈក្នុងការ
រំលាយទេ » ។
លោក ហ៊ុន សែន កាលពីចុងសប្ដាហ៍មុនននេះ ធ្លាប់បានប្រកាសយ៉ាងម៉ឹតមាត់ថា គណបក្សសង្រ្គោះជាតិប្រាកដជានឹងត្រូវរំលាយដោយតុលាការកំពូលក្រោយថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ ។ លោកបានចេញមុខអំពាវនាវរបស់លោកជាថ្មី ដល់សមាជិករបស់គណបក្សប្រឆាំងអោយចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារនិងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយ ។
លោក ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល និងមិនមានបក្សណាទទួលយក។
លោក ហ៊ុន សែន បន្តថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ ហើយអាសនៈទាំងអស់នឹងត្រូវបានបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះហើយ គណបក្សប្រជាជននឹងប្រមូលយកអាសនៈទាំងនោះ ។
ទោះជាលោក អ៊ូ វីរៈ យល់ថា រឿងរំលាយនេះមិនអាចទៅរួចក៏ពិតមែន ហើយក៏គ្រាន់តែជានយោបាយរបស់អ្នកនយោបាយមានអំណាចមួយគ្រាៗក៏ដោយចុះ ប៉ុន្តែលោកយល់ថា វាមិនមែនជារឿងល្អឡើយ ។ លោកប្រាប់ថា ពលរដ្ឋច្រើនណាស់ដែលរងគ្រោះដោយសារស្ថានការណ៍ទាំងនេះ ជាពិសេសចំពោះបញ្ហាអ្នករកស៊ីមិនថា អ្នកជំនួញតូចតាញឡើយ គឺប៉ះពាល់ខ្លាំងដល់ពួកគាត់៕
ប្រភព ៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment