កក្រើក!អាជីពស្លៀកសលក់ធម៌អាថិ៍ ក្នុងសង្គមវឹកវរ ចលាចល ខ្យល់ព្យុះ៖ ក្រុមស្លៀកពាក់សបង្កឲ្យសង្គមកើតសទ្ធាវិបត្តិ !! អត្ថបទសហនិពន្ធដោយព្រះភិក្ខុ មហាបាលី៩ប្រយោគ និង៨ប្រយោគ ((ត្រូវតែអានអោយដឹង!))
សទ្ធា បានដល់ ជំនឿ ជំនឿដែលព្រះពុទ្ធទ្រង់សម្តែងត្រូវប្រកបដោយប្រាជ្ញាដែលជាតួហេតុនិងផល ដែលហៅថា សទ្ធាញាណសម្បយុត្ត ឯការប្រកាន់ជឿវត្ថុនិយមដែលខ្លួនឯងបានឃើញ ស្តាប់ ហិត ភ្លក់ ពាល់ត្រូវ និង ដឹង តាមរយៈរូបារម្មណ៍ជាដើមដោយប្រាសចាកប្រាជ្ញាជាគ្រឿង ពិចារណាត្រិះរិះស្រាវជ្រាវរាវរកហេតុផលដោយយោនិសោមនសិការ ហៅថា សទ្ធាញាណវិប្បយុត្ត ជំនឿខ្វះប្រាជ្ញា ។
ជំនឿខ្វះប្រាជ្ញានេះកំពុងតែរីករាលដាលយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរហើយត្រូវបានបំពក់បំពុលដោយក្រុមបុគ្គលដែលយកសទ្ធារបស់ព្រះពុទ្ធសាសនាទៅជាឈ្នាន់ដើម្បីឈោងចាប់យកលាភសក្ការៈសម្រាប់ខ្លួនឬក្រុមរបស់ខ្លួន ។ បើគ្រាន់តែជឿតាមពាក្យគេនិយាយប្រាប់ លោក ហៅថា អធិមោក្ខសទ្ធា ។
ជំនឿខ្វះប្រាជ្ញាក្ដី ជំនឿជឿតាមពាក្យគេក្ដី មិនចាត់ជាសទ្ធាក្នុងព្រះពុទ្ធសាសនាទេ ព្រោះព្រះពុទ្ធទ្រង់សម្ដែងសទ្ធាក្នុងទីណា ក៏ទ្រង់សម្ដែងបញ្ញាទុកក្នុងទីនោះជានិច្ច ដើម្បីអ្វី? គឺ ដើម្បីការពារជំនឿជឿតាមគេបែបវង្វេងវង្វាន់ ឬជឿតាមខ្យល់មាត់អ្នកដទៃ មិនមែនជឿដោយចិត្តយល់ដឹងដោយខ្លួនឯង ជាការពិត ការជឿជារឿងសំខាន់ ព្រោះបើបុគ្គលមិនជឿរឿងអ្វីមួយហើយក៏មិនខ្វល់ខ្វាយធ្វើរឿងនោះ បើជឿខុស ក៏ជាហេតុនាំឲ្យគិតខុស ធ្វើខុស ការជឿដែលប្រកាន់តាមអំពើចិត្តខ្លួនឬការជឿតាមអ្នកដទៃ មិននាំឲ្យកើតប្រយោជន៍សុខដល់ខ្លួនទេ ផ្ទុយទៅវិញ នាំឲ្យកើតទុក្ខក្តៅក្រហាយ ព្រោះការជឿរបស់ខ្លួនទៅវិញ ។
ព្រះពុទ្ធជាម្ចាស់បានត្រាស់ចំពោះប្រជាជនកាលាមៈអំពីការជឿដែលនាំឲ្យភ្លាំងភ្លាត់ ១០ ប្រការ (មើលកាលាមសូត្រ) បច្ចុប្បន្ន មានបញ្ហាជាច្រើនបានកើតឡើងក្នងសង្គមពុទ្ធបរិស័ទខ្មែរ ជាពិសេស រឿងសទ្ធា ប្រជាជនខ្មែរមានសទ្ធាក្នុងព្រះពុទ្ធសាសនា ប៉ុន្តែមិនសូវរឹងមាំនិងមិនដឹងចំណុចចាប់ផ្ដើមពីប្រភពណាទេ ចំណុចចាប់ផ្ដើមនៃការសាបព្រោះសទ្ធា គឺ ព្រះសង្ឃ បានដល់ ក្រុមអ្នកបួសតាមព្រះពុទ្ធអង្គ ព្រះសង្ឃចាត់ជារូបធម៌ដែលមើលឃើញដោយភ្នែកទទេបានច្បាស់ជាងគេ មនុស្សមានសទ្ធាជ្រះថ្លាជាច្រើន បានលះបង់ទ្រព្យសម្បត្តិ ធនធាន វត្ថុ លុយកាក់ មាសប្រាក់ចំពោះព្រះសង្ឃ ផលដែលទទួលបាន គឺ សមតាមបំណងក៏មាន ខុសបំណងក៏មាន តួយ៉ាងដូចជា ធាន វុទ្ធី ជាដើម ។ ករណី ធាន វុទ្ធីបានបង្កបង្កើតសេចក្តីរង្គោះរង្គើផ្លូវចិត្តនិងសទ្ធារបស់មហាជនចំពោះព្រះពុទ្ធសាសនាយ៉ាងច្រើនហួសប្រមាណ ។
ដើមហេតុនៃបញ្ហាទំាងនេះបណ្តាលមកពីពុទ្ធបរិស័ទភាគច្រើនមិនទាន់ចូលដល់ធាតុពិតរបស់សាសនធម៌ដោយខ្លួនឯងនៅឡើយ គ្រាន់តែមើលឃើញព្រះពុទ្ធរូប ព្រះសង្ឃ និងក្រុមស្លៀកពាក់ស ក៏យល់ថាជាព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនាបានក្លាយជាសាសនាវត្ថុនិយមស្រដៀងនឹងសាសនាប្រភេទទេវនិយមដែរ កាលបើប្រជាពុទ្ធបរិស័ទត្រូវបានបណ្តុះបណ្តាលឲ្យនិយមវត្ថុសម្ភារៈច្រើនឡើងៗ ចិត្តរបស់ពុទ្ធបរិស័ទក៏ជាប់ចំពាក់នឹងវត្ថុនិយមច្រើនឡើងដែរ ហើយក្លាយទៅជាការកពូនកិលេសច្រើនឡើង ដែលជាហេតុគួរឲ្យព្រួយបារម្ភដល់ខ្លឹមសារពិតនៃសាសនធម៌ កាលបើពុទ្ធបរិស័ទមិនស្គាល់ព្រះពុទ្ធសាសនា មិនចេះទទួលខុសត្រូវ ទទួលដឹងត្រឹមតែជឿតាម នៅពេលមានរឿងអ្វីមួយកើតឡើងដោយសារព្រះសង្ឃមួយចំនួនឬក្រុមស្លៀកពាក់សខ្លះប្រព្រឹត្តមិនល្អប្រាសចាកគន្លងធម៌វិន័យដោយស្វែងរកប្រយោជន៍ពីព្រះពុទ្ធសាសនាជាដើម ពុទ្ធបរិស័ទត្រឡប់ជានៅស្ងៀម ប៉កល្វើយ មិនមានប្រតិកម្មការពារសាសនាដូចយ៉ាងបរិស័ទសាសនាដទៃទេ ទុកបណ្តោយឲ្យពួកទំាងនោះយល់ឃើញទង្វើរបស់ខ្លួនថាត្រឹមត្រូវ ហើយក៏ប្រព្រឹត្តយ៉ាងនោះជារឿយ ៗ ហាក់ដូចជាម្ចាស់សាសនាដោយស្វ័យប្រវត្ត ។
ព្រះពុទ្ធរូបក្តី ព្រះសង្ឃក្តី ក្រុមស្លៀកពាក់សក្តី បើពុទ្ធបរិស័ទមិនធ្វើការសិក្សាឈ្វេងយល់ឲ្យជាក់ច្បាស់ត្រឹមត្រូវទេ ក៏ក្លាយជារនាំងបាំងភ្នែកមិនឲ្យឃើញសច្ចធម៌ ប្រៀបដូចជាការដាំដើមឈើ ខំស្រោចទឹកជ្រួយគល់ មើលថែយ៉ាងល្អ ប៉ុន្តែមិនបានផ្លែបរិភោគ ឬប្រៀបដូចបុគ្គលស្ទាបអង្អែល ត្រេកអរ រីករាយ មានសេចក្ដីសុខជាមួយនឹងក្រដាសឬប្រអប់វត្ថុអ្វីមួយតែខាងក្រៅ ប៉ុន្តែមិនបានបើកមើល ក៏មិនដឹងថាខាងក្នុងមានអ្វីខ្លះ គួរឲ្យត្រេកអរ ស្អាតល្អជាងក្រដាសខាងក្រៅឬយ៉ាងណាឡើយ
ការមិនជឿជាក់ ឬ មិនទុកចិត្តតួអង្គសាសនា គឺ សាសនធម៌ នាំឲ្យកើតសទ្ធាវិបត្តិ ជាពិសេស ព្រះសង្ឃដែលជាតួអង្គនៅកៀកនឹងសាសនធម៌ ធ្វើឲ្យពុទ្ធបរិស័ទកើតការមិនទុកចិត្ត សង្ស័យក្នុងព្រះពុទ្ធសាសនា ពាក្យថា ព្រះសង្ឃសាវ័ក គឺ ក្រុមអ្នកបដិបត្តិល្អ ប្រពៃ ត្រឹមត្រូវ តាមព្រះធម៌វិន័យដែលជាពាក្យប្រាមប្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ហើយដឹកនាំអ្នកដទៃឲ្យយល់ដឹង បដិបត្តិតាម និង ដែលទន្ទេញសូធ្យចាំមាត់តៗគ្នាមករាប់ពាន់ឆ្នាំនោះ ម្តេចក៏ក្លាយទៅជាព្រះសង្ឃដើរតាមក្រុមស្លៀកពាក់សទៅវិញ តើក្រុមស្លៀកពាក់សទាំងនោះកើតមកពីណា? ជាសាស្តារបស់ព្រះសង្ឃក្រុមនោះឬគ្រាន់តែជាឃរាវាសដូចមនុស្សដទៃទេ?
រូបភាពនៃសកម្មភាពសាសនាផ្សេង ៗ កំពុងតែឆ្លុះបញ្ចាំងឲ្យឃើញសទ្ធាវិបត្តិ ឬ សទ្ធាវិប្បរិត
សទ្ធាវិបត្តិបានកំពុងជ្រួតជ្រាបចូលក្នងសរសៃឈាមសង្គមពុទ្ធបរិស័ទ នាំឲ្យព្រះពុទ្ធសាសនាវិលទៅរកភាពឱនថយទាន់ខ្សោយជាបណ្តើរ ៗ ប៉ុន្តែបើពុទ្ធបរិស័ទព្រមទំាងព្រះសង្ឃខ្លួនឯងភ្ញាក់រលឹក ហើយស្វែងរកមគ្គវិធីល្អត្រឹមត្រូវដោយប្រើបញ្ញាជាត្រីវិស័យ ត្រួតពិនិត្យពិចារណា គ្រប់គ្រងតម្រង់ទិសសទ្ធាក្នុងព្រះពុទ្ធសាសនាឲ្យស្ថិតក្នុងគន្លងសច្ចធម៌ នឹងបានជាគុណប្រយោជន៍សម្រាប់ស្ថាប័នសង្ឃ ស្ថាប័នព្រះពុទ្ធសាសនានិងស្ថាប័នជាតិយ៉ាងប្រសើរ ទោះបីពុទ្ធបរិស័ទ មានសទ្ធាវិបត្តិខ្លះ ប៉ុន្តែសម្រាប់ព្រះសង្ឃត្រូវមានបញ្ញាសម្បត្តិ ពោលគឺ អភិវឌ្ឍបញ្ញាស្មារតីឲ្យបានច្រើនឡើងជាលំដាប់ ព្រោះបញ្ញាជាគុណជាតិនាំទៅរកការរួចផុត(វិមុត្តិ)ពីបញ្ហា គឺ ទុក្ខទំាងពួង ។ ព្រះពុទ្ធសាសនាជាសាសនានៃបញ្ញា មិនមែនជាសាសនានៃសទ្ធាទេ ព្រោះព្រះពុទ្ធសាសនាមិនត្រូវការឲ្យបុគ្គលណាមួយជឿដោយប្រាសចាកបញ្ញាជាគ្រឿងពិចារណានោះទេ ទាំងមិនចាំបាច់ប្រគល់កាយថ្វាយជីវិតចំពោះសរណវត្ថុឬក្រុមបុគ្គលណាមួយដោយមិនទាន់បានត្រិះរិះពិចារណាឲ្យឃើញដោយបញ្ញាជាមុននោះទេ ។
ពុទ្ធបរិស័ទនិងមនុស្សទូទៅ បើគ្មានបញ្ញាគ្រប់គ្រាន់ក្នុងរឿងអ្វីមួយ អាចជឿអ្នកមានបញ្ញាក្នុងរឿងនោះ ៗ បានជាបណ្ដោះអាសន្នសិន ប៉ុន្តែមិនគួរឈប់ត្រឹមប៉ុណ្ណឹងទេ ត្រូវបន្តការសិក្សាឈ្វេងយល់បន្ថែមទៀតលុះត្រាតែចូលដល់សច្ចធម៌នោះ ៗ បានដោយខ្លួនឯង(សន្ទិដ្ឋិក:) ព្រោះព្រះពុទ្ធសាសនាត្រូវការឲ្យពុទ្ធបរិស័ទមានសេរីភាព មានឯករាជ្យដោយខ្លួនឯង ពុំមែនឈប់ទ្រឹងត្រឹមតែកាន់សាសនាឬសីលធម៌ដែលគ្រាន់តែជានិមិត្តសញ្ញានៃភាពទន់ខ្សោយខាងផ្លូវចិត្តនោះឡើយ ម្យ៉ាងទៀត ប្រសិនបើពុទ្ធបរិស័ទ ជាពិសេស ប្រជាពុទ្ធបរិស័ទខ្មែរនៅតែយល់ថាព្រះពុទ្ធសាសនាមានត្រឹមតែពិធីកម្ម ឬ សាសនពិធីហើយមិនខ្វល់ខ្វាយសិក្សាព្រះពុទ្ធសាសនាក្នុងជ្រុងជ្រោយដទៃដែលប្រកបដោយ ព្យញ្ជនៈ អត្ថៈ សារៈ អធិប្បាយ និងទេសនា ជាដើមទេ ព្រះពុទ្ធសាសនានៅតែមិនអាចជួយរំដោះបញ្ហាឬទុក្ខវិបត្តិអ្វីបានដដែល ក្លាយជាសទ្ធាវង្វេងវង្វាន់ ញាប់ញ័រ រកគោលជំហរសរសសម្រាប់តោងអាស្រ័យមិនបាន ទីបំផុត ក៏ធ្លាក់ខ្លួនជាចំណីរបស់ពួកមិច្ឆាជីពដែលបន្លំខ្លួនធ្វើជាស្រែបុណ្យទាក់យកប្រយោជន៍ពីភាពទន់ខ្សោយនោះ ដែលសព្វថ្ងៃ យើងសង្កេតឃើញមានក្រុមមនុស្សជាច្រើនតាំងខ្លួនជាអ្នកបុណ្យ អ្នកទេសនា អ្នកសម្ដែងធម៌ ដោយយកសម្លៀកបំពាក់សជាឈ្នាន់សឹងគ្រប់ទីកន្លែងក្នុងសង្គមខ្មែរ តាមពិត ពុទ្ធបរិស័ទគួរជឿសាសនធម៌ដែលព្រះពុទ្ធទ្រង់ប្រៀនប្រដៅឲ្យយកខ្លួននិងគោលធម៌ជាទីពឹងរបស់ខ្លួន ក្នុងពុទ្ធបំណងនេះ បញ្ញាជាតួអង្គសំខាន់ ដើម្បីឲ្យសទ្ធា វិរិយ: សតិ សមាធិ តាំងនៅបាន សមដូចពុទ្ធវចន:ថា ៖
“សម្រាប់អរិយសាវ័កអ្នកប្រកបដោយបញ្ញា សទ្ធាដែលមានបញ្ញានាំមុខ រមែងតាំងនៅគង់វង្សរឹងមាំបាន រីឯវិរិយ: សតិ សមាធិ ក៏យ៉ាងនោះដែរ ត្រូវមានបញ្ញាជាត្រីមុខទើបអាចតាំងនៅរឹងមាំបាន”
ហេតុនោះ បញ្ញាទើបជាប្រធាននៃធម៌ ទាំង ៤ ប្រការមានសទ្ធាជាដើមនោះ សទ្ធាអាស្រ័យបញ្ញាដែលប្រៀបដូចជាសសរគ្រឹះ ទោះយកឈើឬអ្វីដទៃមកពឹងផ្អែកក៏ដោយក៏អាចតាំងនៅរឹងមាំបាន
ម្នាលភិក្ខុទំាងឡាយ ! ឥន្ទ្រិយម្យ៉ាងដែលបុគ្គលអប់រំ ចម្រើន ធ្វើឲ្យបានច្រើនបរិបូរហើយ រមែងពោលបានថាជាអ្នកអស់អាសវ: នុះ គឺ បញ្ញិន្ទ្រិយ (តួអង្គសំខាន់ គឺ បញ្ញា) ប្រការនេះ ពុទ្ធបរិស័ទគប្បីត្រិះរិះពិចារណានិងសិក្សា អប់រំ ចម្រើនបញ្ញារបស់ខ្លួនឲ្យភ្លឺថ្លា ធ្វើយ៉ាងណាឲ្យតែបញ្ញាចម្រើនបានរហូតដល់អាចដឹង ស្គាល់ យល់ជាក់ច្បាស់ដោយខ្លួនឯងហើយ ក៏មិនចំបាច់ជឿ(សទ្ធា)សូម្បីតែពាក្យសម្ដីរបស់សមណ: (ន ច សមណវចនហេតុបិ គច្ឆតិ) ។
យោងតាមពុទ្ធវចន:ខាងលើនេះនឹងបាច់ពោលថ្វីដល់ការជឿសម្ដីឃរាសវាសដែលស្លៀកពាក់សនោះ
ពុទ្ធាធិប្បាយ គឺ ពុទ្ធបំណងមានមកយ៉ាងនេះ កុំមានសទ្ធាបែបពាសវាលពាសកាល មិនខុសពីដើរចូលទៅក្នុងព្រៃ ហើយមានគេស្រែកថា មានខ្លា ឬសត្វសាហាវមកហើយ មិនទាន់ទំាងបានឃើញសត្វខ្លានោះមានរូបរាងយ៉ាងម៉េចផង ក៏កើតសេចក្ដីភ័យខ្លាច ញាប់ញ័រ នំាគ្នារត់ភៀសចេញទៅដោយមិនប្រើពេលវេលាសញ្ជឹងគិតឬមានគំនិតពិចារណាអ្វីទេ នេះ គឺ សទ្ធាតាមគេថា អធិមោក្ខសទ្ធា ម្យ៉ាងទៀត ដូចដែលទ្រង់ប្រទានសាធុការចំពោះព្រះសារីបុត្រថា មិនត្រូវជឿព្រះអង្គក្នុងរឿងនេះទេ ព្រោះអ្នកបានដឹង ឃើញ យល់ច្បាស់គ្រប់ពេលវេលាដោយបញ្ញារបស់ខ្លួនឯងហើយ ។
ទោះបីសទ្ធាជាកាំជណ្ដើរទី ១ ក៏ដោយ ក៏ប៉ុន្តែត្រូវប្រកបដោយបញ្ញា បើសទ្ធាខ្វះប្រាជ្ញា មិនមែនជា សទ្ធា ទេ ប៉ុន្តែជា មោហ: គឺ សេចក្តីវង្វេងវង្វាន់ភាន់ច្រឡំ ហើយសេចក្ដីវង្វេងវង្វាន់ភាន់ច្រឡំមាននៅទីណា ទាសភាពក៏មាននៅទីនោះដែលដើរប្រច្រាសទិសនឹងព្រះពុទ្ធសាសនាដែលត្រូវការឲ្យពុទ្ធបរិស័ទមានសេរីភាព (វិមុត្តិ) ។
សព្វថ្ងៃនេះ សង្គមខ្មែរមានការយល់ច្រឡំរឿងបុណ្យ ទាន សទ្ធា ជាដើម ដែលឃ្លាតចាកពីគន្លងពុទ្ធាធិប្បាយ មនុស្សភាគច្រើនជឿថា ការធ្វើបុណ្យ គឺ ការឲ្យលុយ និង ការធ្វើទាន គឺ ការឲ្យលុយ ត្រូវប្រើលុយបរិច្ចាគមាសច្រើនៗ ទើបឈ្មោះថា ធ្វើបុណ្យ ឬ ធ្វើទាន បើធ្វើច្រើន បានបុណ្យច្រើនជាដើម សទ្ធាបែបនេះអណ្ដែតត្រសែតទៅឆ្ងាយពីសាសនធម៌របស់ព្រះពុទ្ធជាម្ចាស់ ។
សាកល្បងគិតទៅមើល រាល់ការធ្វើបុណ្យត្រូវប្រើលុយឬមាសពេជ្រជាច្រើន ទើបបានបុណ្យ ទាំងទន្ទឹងរង់ចាំបុណ្យមកជួយបែបនេះ តើមនុស្សប៉ុន្មាននាក់មានឱកាសបានធ្វើបុណ្យ ព្រោះមនុស្សភាគច្រើនក្នុងប្រទេសនេះក្រីក្រ លំបាកតោកយ៉ាក រកព្រឹកខ្វះល្ងាច បើបណ្តុះសទ្ធាក្នុងព្រះពុទ្ធសាសនា ត្រូវប្រើលុយ បរិច្ចាគមាសបែបនោះ តើមនុស្សក្រខ្សត់អាចធ្វើបុណ្យបានទេ?
ការធ្វើបុណ្យតាមគោលពុទ្ធសាសនា មិនចាំបាច់មានលុយកាក់មាសប្រាក់ក៏អាចធ្វើបានដែរយ៉ាងស្មើមុខគ្នា ហើយបុណ្យធំដែលត្រូវធ្វើ គឺ ការសិក្សាអប់រំចម្រើនចិត្តដើម្បីឲ្យកើតបញ្ញាដែលមានសទ្ធាជាកន្សៃ ហេតុនោះ រាល់ការធ្វើបុណ្យត្រូវភ្ជាប់ដោយបញ្ញាជានិច្ច ។
ពាក្យថា សទ្ធា មិនត្រូវវល់វក់តែនឹងការបបួលមនុស្សឲ្យបរិច្ចាគលុយកាក់ច្រើន ៗនោះទេ គួរបណ្តុះបណ្តាលឲ្យច្រើនជាងនេះ ដូចជា សទ្ធាក្នុងការសិក្សារៀនសូធ្យឬការការពារទឹកដី ជាដើម អ្នកបរិបូរដោយវិជ្ជាចរណ: វិចារណញាណ និង យោនិសោមនសិការ គប្បីណែនាំសទ្ធាឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកសិក្សារុងរឿងដោយបញ្ញា អាចកម្ចាត់អន្ធភាពក្នុងព្រះពុទ្ធសាសនានិងអវិជ្ជារបស់ខ្លួនបានខ្លះ សមដូចពុទ្ធវចន:ថា សាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់រមែងរុងរឿងដោយបញ្ញាក្នុងចំណោមបុថុជ្ជនដែលងងឹតងងុលទាំងឡាយ គួរនាដូចជាផ្កាឈូកដុះចេញពីភក់ ក៏លើកខ្លួនឯងចេញពីគំនរភក់ជ្រាំ រីកស្គុះស្គាយគួរជាទីសោមនស្សចិត្តដូច្នោះ ។
សរុបសេចក្តីថា សទ្ធាក្នុងព្រះពុទ្ធសាសនា បានដល់ ជំនឿជឿជាក់ក្នុងហេតុផលដែលខ្លួនឯងបានពិចារណាឃើញ ដោយហេតុផលថា គោលបំណងដែលតាំងនៅខាងមុខនោះនឹងអាចចូលទៅដល់បានហើយមានគុណតម្លៃដែលគួរចូលទៅដល់ សទ្ធាចាត់ជាកាំជណ្តើរដំបូងដែលនាំឆ្ពោះទៅកាន់បញ្ញា ។
ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើការអភិវឌ្ឍសទ្ធានិងបញ្ញាដ៏ត្រឹមត្រូវ សទ្ធាដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងត្រូវប្រកបដោយបញ្ញាឬហេតុផល ពោលគឺ សទ្ធាដើម្បីបញ្ញា ទោះបីព្រះពុទ្ធជាម្ចាស់ទ្រង់បង្រៀនមនុស្សឲ្យមានសទ្ធាក៏ដោយ ក៏ប៉ុន្តែសទ្ធានោះត្រូវឆ្លងកាត់សេចក្តីត្រិះរិះពិចារណាដោយបញ្ញាសិន សមដូចដែលព្រះអង្គបង្រៀនប្រជាជនកលាមៈនៃកេសបុត្តនិគមជាឧទាហរណ៍ស្រាប់ ៕
(((សហនិពន្ធដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ)))
No comments:
Post a Comment