លោកផៃ ស៊ីផាន អ្នកនាំពាក្យថែមអំបិលប្រហុករបស់រដ្ឋាភិបាលដៃចោរ ថាកម្ពុជាមិនមែនរស់ ដោយសារតែជំនួយរបស់បរទេសទាំងអស់នោះទេ គឺកម្ពុជាអាចរស់ដោយខ្លួនឯងបានហើយ!!
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាមិនមែនរស់ ដោយសារតែជំនួយ របស់បរទេសទាំងអស់នោះទេ គឺកម្ពុជាអាចរស់ដោយខ្លួនឯងបាន។ ការបញ្ជាក់ដូច្នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលស៊ុយអែត ដែលជាម្ចាស់ជំនួយធំមួយ បន្ទាប់ពីបារាំង និងអាឡឺម៉ង់ បានសម្រេច ផ្តាច់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាផ្លូវការ។
រដ្ឋាភិបាលស៊ុយអែត ដែលជាម្ចាស់ជំនួយលំដាប់ទី៣ ក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីបារាំង និងអាឡឺម៉ង់ បានប្រកាសនឹងមិនបន្តផ្តល់ជំនួយ លើវិស័យកំណែទម្រង់វិមជ្ឈការ របស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្ត នាពេលបច្ចុប្បន្ននេះទៀតឡើយ។
សេចក្តីថ្លែងការណ៍ របស់ស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ស៊ុយអែត សម្រេចជាផ្លូវការថា នឹងមិនផ្ដួចផ្ដើមឲ្យមាននូវកិច្ចព្រមព្រៀងថ្មីណាមួយ ស្ដីពីការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឡើយ លើកលែងតែក្នុងវិស័យអប់រំ និងការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ។
ការប្រកាសផ្តាច់ជំនួយនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលស៊ុយអែត បានមើលឃើញថា អនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់បានដើរថយក្រោយ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំ នៅកម្ពុជា ត្រូវបានរំលាយ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ការប្រកាសផ្តាច់ជំនួយនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ ព្រោះកម្ពុជាមិនមែនរស់ដោយសារជំនួយ ពីបរទេសទាំងអស់ឡើយ។ ម្យ៉ាងវិញទៀត ជំនួយរបស់ទាំងនោះ មិនមែនជាជំនួយ សម្រាប់អភិវឌ្ឍន៍ រក្សាសន្តិភាពកម្ពុជាពិតប្រាកដទេ ប៉ុន្តែគ្រាន់ដើម្បីយកឥទ្ធិពល រុញច្រានកម្ពុជា ឲ្យទៅឈ្លោះ ជាមួយបរទេស ដទៃទៀតតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ កម្ពុជានឹងនៅតែបន្តផ្សាភ្ជាប់ទំនាក់ទំនង ជាមួយមិត្តបរទេសទាំងអស់នោះ ដោយព្យាយាមពន្យល់ថា ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា មិនមែនគ្រប់អ្នកនយោបាយ អាចរំលោភលើច្បាប់ស្រេចតែចិត្តនោះទេ។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ដោយសារតែតុលាការ រកឃើញថា ខ្លួនបានប្រព្រឹត្តអំពើក្បត់ជាតិ។ នេះជាការបញ្ជាក់បន្ថែម ពីលោកផៃ ស៊ីផាន។
ប្រទេសស៊ុយអែត ធ្លាប់ជាដៃគូកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ដ៏យូរអង្វែងមួយជាមួយកម្ពុជា ដែលធ្វើលើកិច្ចការងារមួយចំនួន រួមមាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សមភាពយេនឌ័រ វិស័យវិមជ្ឈការ ការអប់រំ និងការងារ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ រដ្ឋាភិបាលស៊ុយអែត បានផ្តល់ជំនួយប្រមាណ ១០០លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដល់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមប្រទេសជាសមាជិក របស់សហភាពអឺរ៉ុប បន្ទាប់ពីបារាំង និងអាល្លឺម៉ង់។ ដោយឡែក ក្រុមហ៊ុនស៊ុយអែត H and M ក៏ជាអ្នកទិញដ៏សំខាន់ពីរោងចក្រកាត់ដេរ នៅកម្ពុជាផងដែរ៕
ប្រភព៖ វាយោ
No comments:
Post a Comment