តំណាងរាស្ត្រអូស្ត្រាលីផ្ញើលិខិតទៅរដ្ឋមន្ត្រីការបរទេសឲ្យដាក់វិធានការលើរដ្ឋាភិបាលកម្ពុជា-AU mp sends letter to foreign affair minister to pressure cam govt.
តំណាងរាស្ត្រអូស្ត្រាលី ពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី គឺអ្នកស្រី ជូលី ប៊ីហ្សប់ (Julie Bishop) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដើម្បីស្វែងរកលទ្ធភាពក្នុងការប្រើវិធានការម៉ឺងម៉ាត់ ដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា អោយគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របពេលដែលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពិចារណាក្នុងការចាត់វិធានការជាក់លាក់ឆ្លើយតបទៅនឹងវិធានក្តៅរបស់រដ្ឋាភិបាលកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
អាស៊ីសេរី នៅមិនទាន់បានទទួលព័ត៌មានអំពីការឆ្លើយតបរបស់អ្នកស្រី ជូលី ប៊ីហ្សប់ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក បាត់លើរ៍ អះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិ នៅកម្ពុជា គឺជាបំផ្លាញឱកាសសម្រាប់ការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសជាការបំផ្លាញភាពស្របច្បាប់នៃការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ។
តំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី រូបនេះ ក៏បានបេ្តជ្ញាដែរ ថានឹងជំរុញឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី ពិនិត្យមើលទ្រព្យសម្បត្តិ និងភាគហ៊ុនរបស់ក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន ដែលបានយកលុយកខ្វក់ពីកម្ពុជា មកបើកភាគហ៊ុន ឬធ្វើពាណិជ្ជកម្មក្នុងប្រទេសអូស្ត្រាលី ថែមទៀត៕
តំណាងរាស្ត្រសហព័ន្ធប្រចាំទីក្រុងផត អាដាលែត (Port Adelaide) ក្នុងរដ្ឋសោត អូស្ត្រាលី (South Australia) លោក ម៉ាក បាត់លើ (Mark Butler)។ Photo courtesy of Mark Butler's Facebook |
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment