បទវិភាគ៖ តើកម្ពុជាអាចនឹងប្រឈមបញ្ហាអ្វីខ្លះបន្ទាប់ពីគណបក្សប្រឆាំងត្រូវបានរំលាយចោល ដោយតុលាកាឡ៍ស៊ីភីភី?-What challenges could Cam face after CNRP dissolved
គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានរំលាយបាត់ទៅហើយ។ ប្រតិកម្មនានា បានកើតឡើងជាបន្តបន្ទាប់។ មន្ត្រីរាជការក្រសួងសា្ថប័នដែលស្ថិតក្រោមឥទ្ធិពលអំណាចរបស់លោក ហ៊ុន សែន បានចេញសារគាំទ្រ។ ចិនដែលស្រូបផលសេដ្ឋកិច្ចខ្មែរច្រើនជាងគេក៏ឯកភាព។
មហាអំណាចលោកខាងលិចដែលជាទីផ្សារធំជាងគេរបស់ខ្មែរ ព្រមានដាក់ទណ្ឌកម្ម ខណៈដែលពលរដ្ឋភាគច្រើនពីគ្រប់និន្នាការកំពុងឈឺចិត្តឈឺចាប់ ស្រឡាំងកាំង ចាប់ផ្ដើមបរិហារ និងសម្ដែងក្ដីបារម្ភតាមបណ្ដាញសង្គម។
តើសង្គមកម្ពុជា នឹងប្រឈមមុខចំពោះបញ្ហាអ្វីខ្លះបន្ទាប់ពីបក្សប្រឆាំងត្រូវរំលាយ?
ការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់អ្នកនយោបាយបក្សប្រឆាំងជាង ១០០នាក់ មិនឲ្យធ្វើនយោបាយដោយអំណាចសាលដីកាតុលាការកំពូល ជារបត់នយោបាយមួយដ៏ធំក្នុងសង្គមកម្ពុជា នាដើមសតវត្សទី២១នេះ។
ព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលកើតឡើងតាមការគ្រោងទុក ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងមហិច្ឆតាលេបត្របាក់អំណាចផ្តាច់មុខតែឯងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ និយាយឲ្យស្រួលស្តាប់គឺលោក ហ៊ុន សែន ចង់ឲ្យប្រាកដថា លោកត្រូវតែឈ្នះការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខជាដាច់ខាត នឹងអាលបានកាន់អំណាចរយៈពេល ៥ឆ្នាំខាងមុខទៀត។ លោកថែមទាំងបោះសម្ដីជារឿយៗថា "ទោះតម្លៃណាក៏ដោយ លោកត្រូវតែលះបង់គ្រប់បែបយ៉ាងដើម្បីរក្សាសន្តិភាពដែលបានមកដោយលំបាក"។ សន្តិភាពក្នុងន័យនេះ មិនមែនសំដៅលើភាពស្ងប់ស្ងាត់ ឬភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឡើយ។ សន្តិភាពក្នុងន័យរបស់លោក ហ៊ុន សែន នេះ ទំនងសំដៅលើអំណាចផ្តាច់មុខរបស់បក្ខពួកខ្លួនដែលមិនមាននរណាម្នាក់ហ៊ានតវ៉ា ឬជំទាស់ប៉ុណ្ណោះ។
សាលដីកាដែលមន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា សូត្ររត់មាត់ថា ជាឧបករណ៍រក្សាសន្តិភាព ការអភិវឌ្ឍន៍ កំចាត់បក្សក្បត់ជាតិ និងរារាំងការលូកដៃចូលពីសំណាក់បរទេសនោះ នាំមកនូវបញ្ហាប្រឈមមួយចំនួនមកដល់ប្រជាជាតិដោយជៀសមិនរួច។
យ៉ាងហោចណាស់មានបញ្ហាប្រឈមចម្បងចំនួន ៣ ដែលអាចកើតឡើងរួមមាន៖ បង្ករការខឹងសំបារពីសំណាក់ប្រជាពលរដ្ឋ សេដ្ឋកិច្ចធ្លាក់ចុះ និងការបង្កើតទីលានប្រកួតប្រជែងរបស់មហាអំណាចនៅក្នុងទឹកដីខ្មែរ។
ពិតមែនហើយ ប្រជាពលរដ្ឋខ្មែរខឹងសម្បារ។ ខឹងពេលនេះ មិនមែនដូចលើកមុនដែលខឹងនឹងអំពើពុករលួយ ខឹងនឹងការរំលោភដីធ្លីទេ ប៉ុន្តែពួកគាត់ខឹង ព្រោះតែសាលដីកាកំហែងយកសន្លឹកឆ្នោតពីពួកគាត់។ សាលដីកានេះ បានជាន់ឈ្លីកម្លាំងញើសឈាម កម្លាំងទឹកចិត្តរាស្ត្រប្រមាណជាង ៣លាននាក់ យកទៅឲ្យអ្នកដែលគាត់ស្អប់ និងអ្នកដែលពួកគាត់មិនបោះឆ្នោតអោយ។ សាលដីកានេះមិនខុសអីពីសំណើចដែលចំអកប្រជាពលរដ្ឋថា បក្សកាន់អំណាច ក្រុមកាន់កាំភ្លើងនៅស្រុកខ្មែរ ពិតជាអាចធ្វើអ្វីទាំងអស់បានតាមអំពើចិត្ត ដោយមិនមានឧបសគ្គរារាំង។ កំហឹងនេះ កាន់តែឆេះនៅពេលដែលមន្ត្រីមូលដ្ឋានរបស់បក្សកាន់អំណាច ចុះទៅរុះរើស្លាកបក្សប្រឆាំងបោះចោល នឹងកាន់តែងំទៅទៀត នៅពេលដែលសេវាសាធារណៈប្រែមកពីល្អទៅជាអាក្រក់ដូចដើមវិញ។ ពលរដ្ឋមិនតិចនាក់ទេដែលចេញមកដៀលដៀមដាមតាមបណ្តាញសង្គមហ្វេសប៊ុក អ្នកខ្លះថា ជាអំពើឆក់ អ្នកខ្លះថា ជាការប្លន់សន្លឹកឆ្នោតជាដើម។ កំហឹងក្នុងចិត្តទាំងនេះ ប្រដូចបាននឹងអុសស្ងួតមួយដុំ ដែលកំពុងគរលើគ្នាដែលអាចនឹងឆាបឆេះ។
បន្ទាប់ពីពលរដ្ឋខឹងសម្បារកាន់តែខ្លាំង ការគាបសង្កត់ផ្នែកសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយក៏កាន់តែខ្លាំងដែរ។ គំនាបនេះ នឹងក្លាយជាឧបសគ្គដ៏ធំដែលរារាំងកំណើនសេដ្ឋកិច្ចជាតិ។
វិស័យដំបូងដែលនឹងប៉ះពាល់គឺវិស័យសំណង់ និងអចលនទ្រព្យ។ វិស័យសំណង់ និងអចលនទ្រព្យនេះបានរួមចំណែកចាក់បញ្ចូលថវិកាក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ កន្លងទៅ។ នៅពេលដែលមានបញ្ហានយោបាយភ្លាម ពោលគឺចាប់តាំងពីមានព្រឹត្តិការណ៍ចាប់ខ្លួនលោក កឹម សុខា មកម្ល៉េះ កំណើននៃការលក់ផ្ទះល្វែង និងខុនដូ ចាប់ផ្ដើមស្គាល់ការធ្លាក់ចុះជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះ ការលក់ដីឡូត៍ក៏កាន់តែទ្រឹងគ្មានអ្នកទិញ។ បើទោះជាឈ្មួញប្រើយុទ្ធសាស្ត្រលក់បែបណា ក៏អ្នកដែលមានចំណូលខ្ពស់និងមធ្យម មិនហ៊ានប្រថុយវិនិយោគប៉ុន្មានឡើយ។ បើទំនាស់នយោបាយនៅតែបន្ត នឹងនាំឲ្យមានតែអ្នកលក់ផ្ទះ លក់ដី តែគ្មានអ្នកទិញ។ វិបត្តិនេះ អាចនឹងរាលដាលដល់វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ដែលនឹងអាចក្លាយជាវិបត្តិសង្គមធ្ងន់ធ្ងរទៅថ្ងៃមុខ។
បញ្ហាសេដ្ឋកិច្ចមួយទៀត គឺទីផ្សារនាំចេញរបស់កម្ពុជា។ បើគ្មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយលោក ហ៊ុន សែន នៅតែផ្គើនសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រហូតដល់ប្រទេសមហាអំណាចទាំងដាក់ទណ្ឌកម្មផង អ្នកដែលរងផលប៉ះពាល់ គឺមិនមែនគ្រួសាររបស់បុរសខ្លាំង ហ៊ុន សែន ឡើយ។ គ្រួសារលោកនៅតែរស់នៅក្នុងវិមាន លុយចាយរាប់ដំណមិនអស់ ព្រោះតែសម្បត្តិមហាសាលដែលបានមកពី...។ លោកអ្នកនាងប្រហែលអាចសន្និដ្ឋានពីរបៀបរកចំណូលនៃគ្រួសារត្រកូល "ហ៊ុន" ដោយខ្លួនឯងបានហើយ ក្នុងការគ្រប់គ្រងប្រទេសជាង ៣០ឆ្នាំមកនេះ។
អ្នកដែលងាយជួបវិបត្តិធ្ងន់ធ្ងរ គឺកម្មករទាំងជាង ៧០ម៉ឺននាក់ ដែលកំពុងធ្វើការរោងចក្រ... អស់ការងារ អស់លុយទិញអង្ករ អស់ប្រាក់សងបំណុលធនាគារ នាំឲ្យកើតការក្តៅក្រហាយថែមទៀត។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជា មិនអាចពឹងលើទីផ្សារចិន បានទេ ព្រោះចិន ក៏រកស៊ីលក់ទំនិញដូចខ្មែរទៅកាន់សហរដ្ឋអាមេរិកដែរ។
ម្យ៉ាងដោយសារកត្តាអនុគ្រោះពន្ធ និងការផ្តល់កូតានាំទំនិញខ្មែរទៅកាន់អឺរ៉ុប និងអាមេរិកនេះហើយនាំឲ្យវិនិយោគិនចិន ជាច្រើននាក់ មករកស៊ីបើករោងចក្រនៅស្រុកខ្មែរ។ ស្រុកខ្មែរសព្វថ្ងៃមានតែកម្លាំងកម្មករផលិតប៉ុណ្ណោះ ចំណែកធនធានវត្ថុធាតុដើមត្រូវនាំចូលពីបរទេសទាំងអស់។ ទាហរណ៍៖ នៅពេលរោងចក្រកាត់ដេរមួយបើកនៅស្រុកខ្មែរ ស្រុកខ្មែរមានកម្មករធ្វើការប្តូរកម្លាំងយកលុយពីថៅកែ តែថៅកែបានយកក្រណាត់មកពីចិន ពីវៀតណាម យកម៉ាស៊ីនដេរ ពីថៃ ពីជប៉ុន សូម្បីឥដ្ឋ ឬការ៉ូក្រាលដី ព្រមទាំងស៊ីម៉ង់សង់រោងចក្រ ក៏ត្រូវនាំចូលដែរ។ ហេតុនេះ បើសិនជាមានឧបសគ្គនៃការនាំចេញតែបន្តិច នោះឈ្មួញនឹងមិនរើសកម្ពុជា ដើម្បីបើករោងចក្រទេ។
នៅពេលកម្មករមានបញ្ហា ម្ចាស់ផ្ទះជួល ក៏គ្មានអ្នកជួល អ្នកលក់ដូររបរកំប៉ិកកំប៉ុកតាមរោងចក្រមិនអាចរក្សារបររកស៊ីបាន ហើយកំណើនភាពក្រីក្រអាចនឹងកាន់តែរីកធំ។ នេះជាការវិភាគត្រួសៗ ពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។
បញ្ហាប្រឈមធំបំផុតដែលកើតចេញពីទង្វើចុងក្រោយរបស់លោក ហ៊ុន សែន នេះ គឺការដែលលោកបង្កលក្ខណៈអោយបរទេស ជាពិសេសបរទេសដែលចាំតែកេងចំណេញនយោបាយ និងសេដ្ឋកិច្ចពីប្រទេសកម្ពុជា ចូលមកប្រកួតប្រជែងហែកហួរប្រទេសកម្ពុជា ជាថ្មីម្តងទៀត។ លោក ហ៊ុន សែន បានលើកជើងពានជូនចិន ថាមានតែចិន ទេដែលគិតគូរដល់កម្ពុជា ជួយជំនួយដោយគ្មានលក្ខខណ្ឌ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀត
"ខ្មែរចេះតែកិន ចិនចេះតែកត់" ចិនកត់យូរៗរហូតដល់ខ្មែរជំពាក់ចិន ជាង ៣ពាន់លានដុល្លារ ហើយនិន្នាការជំពាក់បំណុលនេះក៏កាន់តែកើនឡើង។ ចិនក៏ថែមទាំងប្រកាសជំហរគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន អោយរំលាយបក្សប្រឆាំងផង។ ជំហរបែបនេះជាការលើកទឹកចិត្តចំៗ ដែលរដ្ឋាភិបាលចិន ចង់ប្រើប្រាស់ខ្មែរវាយសំពងសហរដ្ឋអាមេរិក ជាសត្រូវភូមិសាស្ត្រនយោបាយរបស់ខ្លួនតាមរយៈវោហាសាស្ត្ររបស់លោក ហ៊ុន សែន។ ចិនថែមទាំងប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា ខណៈដែលរុស្ស៊ី ក៏ចូលជួយការបោះឆ្នោត ចំណែកឯសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមានមិនគាំទ្រ មិនទទួលស្គាល់ការបោះឆ្នោត។
បើសិនជាដំណើរការនយោបាយមិនអាចវិលត្រលប់ទៅជាល្អវិញទេនោះ កម្ពុជាអាចទទួលរងនឹងវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមដោយចៀសមិនរួច។ មហាអំណាចមុខដដែលៗ នឹងត្រូវអ្នកកាន់អំណាចបង្កលក្ខណៈ និងបើកផ្លូវអោយមកប្រកួតប្រជែងអំណាចគ្នាក្នុងដីសុវណ្ណភូមិដ៏កម្សត់នេះដូចកាលទស្សវត្សឆ្នាំ១៩៧០។
តើការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដើម្បីបានកាន់អំណាចតែឯង ពិតជាធ្វើកម្ពុជា មានសុខសន្តិភាព ឬក៏នាំកម្ពុជា ទៅកាន់ភាពអន្តរាយ និងភាពអន្ធការម្ដងជាថ្មីទៀត? មានតែពេលវេលាទេដែលអាចនឹងបញ្ជាក់ និងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រចំពោះទង្វើរបស់អ្នកដឹកនាំខ្មែរបច្ចុប្បន្ននេះ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment