លោក Joe Biden ពង្រីក "ភាពជាដៃគូយុទ្ធសាស្ត្រ" អាមេរិក-អាស៊ាន
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងយឺតយ៉ាវរបស់ប្រទេសលោកជាមួយអាស៊ានដែលមានសមាជិក១០ប្រទេសដោយចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ានតាមអ៊ីនធឺណិត ហើយបានប្រកាសផែនការផ្តល់ប្រាក់រហូតដល់ ១០២ លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក។
លោក Biden បាននិយាយនៅក្នុងសុន្ទរកថាបើកចេញពីសេតវិមានថា «ភាពជាដៃគូរបស់យើងមានសារៈសំខាន់ក្នុងការរក្សាឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នារបស់យើងជាច្រើនទសវត្សរ៍មកហើយ។ ហើយសហរដ្ឋអាមេរិកគាំទ្រយ៉ាងមុតមាំចំពោះទស្សនវិស័យអាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិកតាមបទបញ្ជាឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្អែកតាមច្បាប់តំបន់។
ប្រធានាធិបតីអាមេរិកចុងក្រោយដែលចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក គឺនៅឆ្នាំ២០១៧ នៅពេលលោក Donald Trump ចូលរួមនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំកំពូលឆ្នាំនេះ រៀបចំដោយប្រទេសព្រុយណេ។ សមាជិកផ្សេងទៀតរបស់អាស៊ាន គឺកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ប្រទេសមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមទេ។ អាស៊ាន បានហាមឃាត់មេដឹកនាំរបបយោធានេះដោយសារលោកមិនអើពើនឹងផែនការមាគា៌សន្តិភាពដែលបានព្រមព្រៀងគ្នាកាលពី៦ខែមុន។
លោក Biden បានគូសបញ្ជាក់អំពីសារៈសំខាន់របស់អាស៊ាន ហើយបានហៅទំនាក់ទំនងជាមួយអាស៊ានថា ជា«ស្នូលសម្រាប់រក្សាភាពធន់ ភាពរុងរឿង និងសន្តិសុខរួមរបស់យើងក្នុងតំបន់»។
សេតវិមានបាននិយាយថា មូលនិធិថ្មីនេះ នឹងជំរុញកម្មវិធីសុខភាពអាកាសធាតុ សេដ្ឋកិច្ច និងការអប់រំ។
កញ្ចប់ថវិកានេះរួមមានទឹកប្រាក់ចំនួន ៤០ លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមជួយដោះស្រាយការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងពង្រឹងសមត្ថភាពអាស៊ានក្នុងការទប់ស្កាត់ រកនិងឆ្លើយតបការរីករាលដាលនៃជំងឺឆ្លងនាពេលអនាគត។
ទឹកប្រាក់២០,៥លានដុល្លារទៀត នឹងផ្តល់ជាហិរញ្ញប្បទានដល់ការកាត់បន្ថយវិបត្តិអាកាសធាតុ ហើយទឹកប្រាក់២០ លានដុល្លារនឹងគាំទ្រកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការច្នៃប្រឌិត។ ទឹកប្រាក់១៧,៥ លានដុល្លារទៀត ត្រូវបានបម្រុងទុកសម្រាប់គម្រោងអប់រំ និង ទឹកប្រាក់៤ លានដុល្លារសម្រាប់លើកកម្ពស់សមភាពយេនឌ័រ និងសមធម៌ ៕
Eva Mazrieva, Virginia Gunawan និងវីអូអេភាសាឥណ្ឌូនេស៊ី រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ។ (វីអូអេខ្មែរ)
ក្នុងរូបភាពដែលចេញផ្សាយដោយកិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំដោយប្រទេសព្រុយណេ បង្ហាញពីប្រធានាធិបតីអាមេរិក លោក Joe Biden ថ្លែងក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលធ្វើឡើងតាមអនឡាញជាមួយមេដឹកនាំប្រទេសជាសមាជិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
No comments:
Post a Comment