លោកដូណាល់ ត្រាំ មកអាស៊ានជាលើកដំបូង ក៏សរសើរការរីកចម្រើន វៀតណាម ហ្វីលីពីន ថៃ ម៉ាឡេស៊ី សិង្ហបុរី ...តែអត់សរសើរ ប្រទេសស្វីសអាស៊ី!
យោងតាមសេចក្តីថ្លែងការណ៍ ដែលសារព័ត៌មានថ្មីទទួលបានពីការិយាល័យព័ត៌មានសេតវិមានអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងវេទិការបស់ APEC បានរម្លឹកពីប្រវត្តិសាស្ត្រដែលជាដំណើរស្វែងរកដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ប្រមុខអាមេរិករូបនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរ និងរីកចម្រើនផ្នែកសេដ្ឋកិច្ចដៃគូរបស់ខ្លួនផងដែរ ។
« ទីក្រុងនេះ (ដាណាំង) ធា្លប់ជាមូលដ្ឋានទ័ពអាមេរិក ដែលជាកន្លែងទ័ពអាមេរិក និងវៀតណាមជាច្រើននាក់ បានបាត់បង់ជីវិតក្នុងសង្គ្រាមបង្ហូរឈាម ។ តែថ្ងៃនេះ យើងលែងជាសត្រូវនឹងគ្នាទៀតហើយ យើង គឺជាមិត្តនឹងគ្នា ។ ... ថ្ងៃនេះផងដែរ តាមរយៈគោលនយោបាយបើកចំហសេដ្ឋកិច្ច វៀតណាម ក៏បានក្លាយជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់បំផុតរបស់ពិភពលោកផងដែរ។
ជាងនេះទៅទៀតនោះ និស្សិតរបស់វៀតណាម ក៏ស្ថិតនៅក្នុងចំណោមនិស្សិតពូកែរបស់ពិភពលោកទៀតផង។ នេះ គឺជារឿងដែលគួរឲ្យកើតសរសើរបំផុត»។ នេះ គឺជាការថ្លែងចំណាប់អារម្មណ៍របស់លោកដូណាល់ ត្រាំ ទៅកាន់ម្ចាស់ផ្ទះវៀតណាមដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយនៅអាស៊ីអាគ្នេយ៍ ។
ឆ្លៀតឳកាសនោះផងដែរ ប្រមុខអាមេរិក នៅចំពោះមុខមេដឹកនាំ APEC បានបន្តលើកតម្កើងរដ្ឋអាស៊ានមួយទៀត គឺហ្វីលីពីន ។ លោក បានហៅហ្វីលីពីន ថា ជារដ្ឋដ៏គួរជាទីមោទនៈ ទាំងលើវិស័យធុរៈកិច្ច និងនយោបាយ ។
ដោយឡែក សម្រាប់ថៃវិញ ចំណុចដែលធ្វើប្រធានាធិបតីអាមេរិករូបនេះ ចាប់អារម្មណ៍បំផុត នោះគឺ ការរីកចម្រើនសេដ្ឋកិច្ចឆាប់រហ័ស និងវិស័យទេសចរណ៍ ដែលលោក អះអាងថា រាជធានីបាងកកគឺជាតំបន់ ដែលមានទេសចរណ៍ទស្សនាច្រើនបំផុតលើកលោកនោះ ។
«ម៉ាឡេស៊ី បានអភិឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយឥលូវ ក៏បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសល្អបំផុតសម្រាប់ការធ្វើពាណិជ្ជកម្ម ។ សិង្ហបុរី ដែលពីមុនពលរដ្ឋអាចរកចំណូលបានត្រឹមតែ៥០០ដុល្លារក្នុងមួយឆ្នាំ បានប្រែក្លាយជាប្រទេស ដែលពលរដ្ឋមានចំណូលច្រើនបំផុតរបស់ពិភពលោកតាមរយៈការតម្រង់ផ្លូវរបស់លោក លី ក្វាន់យូ ។ ហើយឥលូវកូនរបស់លោក (លី សៀនឡុង) ក៏កំពុងតែបំពេញការងារដ៏អស្ចារ្យបន្តទៀត»។ នេះ ជាចំណាប់អារម្មណ៍ចុងក្រោយទៅកាន់រដ្ឋអាស៊ានម៉ាឡេស៊ី និងសិង្ហបុរី ៕
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment