បេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ (Miss Global PAGEANT 2017) បានធ្វើទស្សនកិច្ចខេត្តព្រះសីហនុដើម្បីផ្សព្វផ្សាយពីទេសចរណ៍
គណៈប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧ (Miss Global PAGEANT 2017) ជាង ៦០ប្រទេស បានធ្វើទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពលទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យពិភពលោកស្គាល់នាថ្ងៃអនាគត។
ប្រតិភូនៃបេក្ខនារីបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ជាង ៦០ប្រទេស បានធ្វើទស្សនកិច្ចខេត្តព្រះសីហនុ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាតបង្ហាញពិភពលោក។ ទស្សនកិច្ចនេះ មានកម្មវិធីថតបង្ហាញសំលៀកបំពាក់ងូតទឹកនៅតាមតំបន់ឆ្នេរ និងថតបង្ហាញស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ និងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា ឲ្យពិភពលោកបានស្គាល់ឲ្យបានទូលំទូលាយ។
តាមរយៈដំណើរទស្សនកិច្ចនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រំពឹងថា នឹងអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរនៅជុំវិញពិភពលោក ឲ្យងាកមកចាប់អារម្មណ៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ នាបណ្ដាឆ្នាំខាងមុខ។ លោកអភិបាលបញ្ជាក់ថា ក្នុងចំណោមបេក្ខនារីបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ជាង ៦០ប្រទេស ក៏មានបេក្ខភាពស្រីស្អាតកម្ពុជាចូលរួមដែរ៖ «វាមានន័យពីរ ទី១ វត្តមានរបស់បេក្ខនារីបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ បង្ហាញខ្លួនខេត្តព្រះសីហនុនាឱកាសនេះ អាចជាសារបង្ហាញប្រាប់ពិភពលោកថា ប្រទេសកម្ពុជា មានសន្តិភាព និងមានសុវត្ថិភាពល្អណាស់ អាចឲ្យភ្ញៀវទេសចរមកពីគ្រប់ទិសទីចូលមកទស្សនាសម្រាកកម្សាន្តទោះក្នុងរយៈពេលឆាប់ក្ដី ឬយូរក្ដី គឺមិនខុសបំណងទេ។ ជាពិសេសអ្នកវិនិយោគទុននៅលើពិភពលោក អាចជ្រើសយកប្រទេសកម្ពុជាជាការធ្វើជំនួញជួញដូរ របស់ពួកគេ ប្រកបដោយសុវត្ថិភាព។ ទី២ ខេត្តព្រះសីហនុ មានបរិស្ថានខ្យល់អាកាសល្អស្អាត អាចនាំឲ្យអ្នកនៅប្រទេសឆ្ងាយៗ ដែលមិនទាន់បានមកឃើញផ្ទាល់ភ្នែក ហើយធ្លាប់បានឮតែគេនិយាយតៗគ្នា អំពីភាពស្រស់ស្អាតនៃឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលអ្នកខ្លះថាល្អ ហើយអ្នកខ្លះថា មិនល្អហ្នឹង អាចឲ្យបេក្ខនារីបវរកញ្ញា ឆ្នាំ២០១៧ មកពីជាង ៦០ប្រទេសហ្នឹង ជួយបំភ្លឺ ឬជួយនាំពាក្យ ទៅជូនពួកគាត់ទាំងនោះបានដឹង។ ខ្ញុំយល់ថា តាមរយៈបេក្ខភាពបវរកញ្ញាពិភពលោកជាង ៦០ប្រទេស ចូលមកទស្សនកិច្ច មូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បានផ្តល់ប្រយោជន៍ជាច្រើនដល់ខេត្តព្រះសីហនុយើងខ្ញុំបាទ»។
ស្រដៀងគ្នាដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ចាត់ទុកវត្តមាន របស់បេក្ខភាពបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ បង្ហាញខ្លួននាមូលដ្ឋាននេះ នឹងអាចជួយឲ្យភ្ញៀវអន្តរជាតិងាកមកចាប់អារម្មណ៍ និងចូលមកទស្សនាខេត្តព្រះសីហនុច្រើននាថ្ងៃខាងមុខ។ ជាងនេះ ក៏នឹងជួយផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍កម្ពុជា ឲ្យពិភពលោកបានស្គាល់បានទូលំទូលាយថែមទៀត៖ «ខ្ញុំរំពឹងថា បេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ដែលបានចូលមកទស្សនាខេត្តព្រះសីហនុនាពេលនេះ នឹងជួយអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគទុននៅលើពីភពលោក ជាពិសេស ភ្ញៀវទេសចរទាំងអស់ចូលរួមថែរក្សាអនាម័យ ឬធនធានធម្មជាតិតាមគោលដៅទេសចរណ៍នានា មិនថាតែខេត្តព្រះសីហនុ ក៏ដូចជាពិភពលោកនោះទេ គឺពួកគាត់នឹងជួយផ្សព្វផ្សាយ។ យើងមានមោទនភាព ដែលបេក្ខភាពបវរកញ្ញាពិភពលោក បានចូលមកទស្សនា ឬរៀបចំកម្មវិធីផ្សព្វផ្សាយនៅខេត្តព្រះសីហនុ។ តាមរយៈនេះ ខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរបរទេសនឹងកើនច្រើន និងផ្ដល់ជាប្រយោជន៍ដល់ប្រជាជន និងរដ្ឋបាលខេត្តព្រះសីហនុបានប្រសើរថែមទៀតនាថ្ងៃខាងមុខ»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋពិសេសប្រតិបត្តិករទេសចរ ត្រូវរួមសហការគ្នាថែរក្សាបរិស្ថានឆ្នេរទាំងនៅលើដីគោក ឬលើដីកោះ ឲ្យមានអនាម័យ និងសោភ័ណភាពជាប្រចាំ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរបរទេស ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀតនាបណ្ដាឆ្នាំខាងមុខ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី , ប្រភពរូបថត៖ Official Miss Global
No comments:
Post a Comment