មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ(អ.ស.ប)ស្នើឲ្យពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅក្នុងមណ្ឌលស្ដារនីតិសម្បទាកម្ពុជា-UN human rights asks to investigation on human rights violation
ប្រធានការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា ស្នើឲ្យពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទានៅកម្ពុជា និងត្រូវមានវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់។ ចំណែកមន្ត្រីសង្គមស៊ីវិលស្វាគមន៍ចំពោះសំណើរនេះ និងគាំទ្រឲ្យដាក់វិធានការមានប្រសិទ្ធភាព ខណៈពួកគេសង្កេតឃើញថា មជ្ឈមណ្ឌលស្តារនីតិសម្បទាមានការរំលោភសិទ្ធិមនុស្ស។
ក្តីកង្វល់របស់មន្ត្រីជាន់ខ្ពស់នៃឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជុំវិញការរំលោភសិទ្ធិមនុស្សនេះ បានលើកឡើងនៅចំពោះមុខប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានប្រាប់ក្រុមអ្នកកាសែតក្រោយជំនួបរវាងលោក កែវ រ៉េមី ជាមួយប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក សៃមិន វ៉កគើរ៍ (Simon Walker) ថា ប្រធានការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិរូបនេះ ទទួលបានរបាយការណ៍អំពីករណីរំលោភសិទ្ធិមនុស្ស និងបញ្ហាជាច្រើនទៀតនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទា ជាពិសេសមណ្ឌលនៅព្រៃស្ពឺ ក្នុងរាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះបន្តថា ប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា សន្យាថា នឹងឆ្លៀតពេលចុះទៅដោយផ្ទាល់ ដើម្បីពិនិត្យមើលមជ្ឈមណ្ឌលស្តារនីតិសម្បទារទាំងនោះ។
ទាក់ទងករណីនេះដែរ មន្ត្រីជាន់ខ្ពស់នៃសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អង្គការរបស់លោកធ្លាប់ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាច្រើន ថាមានធ្វើទារុណកម្មនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទា។ មន្ត្រីសង្គមស៊ីវិលរូបនេះស្នើឲ្យមានការកែប្រែមជ្ឈមណ្ឌលស្តារនីតិសម្បទាទាំងអស់ និងរៀបចំឲ្យក្លាយជាកន្លែងបន្សាបគ្រឿងញៀន ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម៖ «»។
នៅក្នុងចំណោមមជ្ឈមណ្ឌលស្តារនីតិសម្បទាទាំងអស់ គឺមណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ រងការរិះគន់ថា មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានការធ្វើទារុណកម្មលើអ្នកជាប់ឃុំ។
ជនអនាថារស់នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬហៅថា មណ្ឌលព្រៃស្ពឺ។ |
ស្ត្រីម្នាក់ដែលលួចរត់ចេញពីមណ្ឌលព្រៃស្ពឺ បានថ្លែងមិនសុំមិនបញ្ចេញឈ្មោះ ឲ្យអាស៊ីសេរី ដឹងថា មន្ត្រីធ្វើការនៅក្នុងមណ្ឌលព្រៃស្ពឺ តែងតែប្រើហិង្សាលើអ្នកជាប់ឃុំ ឬអ្នកដែលត្រូវគេយកទៅឲ្យរស់នៅទីនោះ។ លោកស្រីបន្តថា លើសពីនេះទៀត នៅទីនោះក៏ មានករណីមនុស្សស្លាប់ដោយអត់អាហារ និងគ្មានការព្យាបាលជំងឺត្រឹមត្រូវជាដើម៖ «»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) កាលពីអ្នកស្រីមកបំពេញទស្សនកិច្ចក៏បានថ្លែងឲ្យដឹងដែរថា មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬហៅថា មណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ មានស្ថានភាពអាក្រក់ជាងមុន។ អ្នកស្រី រ៉ូណា ស្មីត ដែលបានចុះទៅអង្កេតនៅទីនោះនិយាយថា មណ្ឌលព្រៃស្ពឺ មានមនុស្សរស់នៅច្រើនចង្អៀតណែន។ អ្នកស្រីបានឲ្យដឹងទៀតថា អ្នករស់នៅក្នុងមណ្ឌលព្រៃស្ពឺ មិនទទួលបានសេវាថែទាំបានត្រឹមត្រូវនោះទេ។
មណ្ឌលនេះបានទាញការចាប់អារម្មណ៍ដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានឲ្យកែប្រែស្ថានភាពគ្រប់គ្រង។ ប៉ុន្តែនៅតែមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់មកថា នៅក្នុងមជ្ឈមណ្ឌលនេះនៅតែបន្តធ្វើទារុណកម្ម អំពើហិង្សា និងផ្ដល់អាហារហូបចុកមិនគ្រប់គ្រាន់ដល់អ្នកជាប់ឃុំ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment