អាគាំងវាយសំពងដៃចោរចុងក្រោយនេះចាស់ដៃធ្ងន់ក! បើមិនចង់ត្រូវទណ្ឌកម្មកាត់កាល់ចោលពីលោកសេរី រដ្ឋាភិបាលដៃចោរសែនជ័យ ត្រូវតែប្តូរគោលនយោបាយ ជាបន្ទាន់! នេះជាការព្រមានចុងក្រោយពីសមាជិកសភាសហរដ្ឋអាមេរិក!!
កំណត់និពន្ធ៖ រដ្ឋាភិបាលកម្ពុជានៃគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបគណបក្សជំទាស់ ប្រព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិខាងមុខ។ ស្ថានការណ៍នយោបាយនេះ បានបង្កឲ្យមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។ នៅឯអគារសភាអាមេរិក លោក សុខ ខេមរា នៃ VOA បានជួបធ្វើ កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយលោកសមាជិកសភា ស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ អំពីការគិតគូររបស់សមាជិកសភាអាមេរិកទាក់ទងនឹងរឿងទណ្ឌកម្ម ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលជាប់ពាក់ពន្ធនឹងការបង្ក្រាបក្រុមជំទាស់។ ទណ្ឌកម្មដែលសមាជិកសភាកំពុងគិតគូរទាំងនោះមានដូចមានដូចជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ Visa ចំពោះមន្ត្រីមួយចំនួន។
លោក សុខ ខេមរា៖ លោក សមាជិកសភា សូមអរគុណលោកយ៉ាងច្រើនដែល បានអនុញាតិឲ្យវីអូអេខ្មែរ ធ្វើកិច្ចសម្ភាសន៍ជាមួយលោកនៅថ្ងៃនេះ។ ដូច លោកបានជ្រាបស្រាប់ហើយអំពីស្ថានការណ៍នយោបាយកម្ពុជា តើសភាស.រ.អា អាចធ្វើអ្វីខ្លះដើម្បីជួយស្រោចស្រង់ស្ថានការណ៍នៅពេលនេះ ខណៈដែលមេដឹក នាំគណបក្សជំទាស់ស្ថិតនៅក្នុងពន្ធនាគារ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅ យ៉ាងឆាប់ខាងមុខនេះ។ តើអ្វីទៅជាការឆ្លើយតបរបស់លោក?
លោក សុខ ខេមរា៖ មន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយអំពីការបង្កកទ្រព្យសម្បតិ្តមន្ត្រីរដ្ឋាភិបាលមួយចំនួន ឬក៏ការមិនផ្តល់ទិដ្ឋការទិដ្ឋាការ (Visa) នៅពេលខាងមុខណាមួយ តើលោកនៅក្នុងសភា ផ្តួចផ្តើមគំនិតនេះទេ ហើយតើស្ថានការណ៍កម្ពុជាឈានដល់ដំណាក់កាលនោះហើយឬនៅ?
លោក ស្ទីវ ឆាបុត៖ រឿងទាំងនោះ គឺជារឿងរ៉ាវដែលយើងកំពុងគិត ហើយជារឿងរ៉ាវដែលយើងនិយាយគ្នា ដូចជារឿងការដាក់ទណ្ឌកម្មនានា ដូចជាការមិនអនុញាតឲ្យមន្ត្រីកម្ពុជាជាន់ខ្ពស់ធ្វើដំណើរមកកាន់ស.រ.អា. ដោយមិនផ្តល់ទិដ្ឋការ (Visa) ក្នុងការធ្វើដំណើរមក ការបង្កកទ្រព្យសម្បិត្តិ ហើយនឹងរឿងរ៉ាវផ្សេងៗជាច្រើនទៀតដែលយើងកំពុងតែគិត។ យើងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីឲ្យទណ្ឌកម្មទាំងនោះក្លាយជារឿងអសារបង់ ដូច្នេះពេលវេលានឹងបញ្ជាក់ពីរឿងរ៉ាងទាំងនេះ។
លោក សុខ ខេមរា៖ តើនឹងប៉ះពាល់យ៉ាងណាខ្លះដល់ប្រទេសកម្ពុជា និងមន្ត្រីកម្ពុជាបើវិធានការជាទណ្ឌកម្មទាំងនោះកើតឡើង?
លោក ស្ទីវ ឆាបុត៖ បាទ យើងសង្ឃឹមថា លទ្ធភាពនៃទណ្ឌកម្ម នឹងការព្យួរទិដ្ឋាការឬ Visa សិទ្ធិធ្វើដំណើរ ហើយនឹងរឿងរ៉ាវដូចនោះ នឹងធ្វើឲ្យរដ្ឋាភិបាល ជាពិសេសលោកហ៊ុន សែន ឲ្យប្រយ័ត្នប្រយែង គឺថាទង្វើរបស់គាត់ជាច្រើន និងទង្វើរបស់មន្ត្រីក្រោមបង្គាប់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត។
ការរារាំង ហើយឈានទៅដល់ការបិទគណបក្សនយោបាយមួយចំនួន ចាប់មេដឹកនាំគណបក្សនយោបាយដាក់គុក ការបង្រ្កាបលើសារព័ត៌មានឯករាជ្យ ទាំងវិទ្យអាស៊ីសេរី VOA ទាំងនោះគឺជារឿងដែលមិនអាចទទួលយកបានទាំងស្រុង។ ហើយខ្ញុំសង្ឃឹមថាមេដឹកនាំក្នុងប្រទេសកម្ពុជានឹងប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីអនុញាតឲ្យពលរដ្ឋមានជម្រើសក្នុងការសម្រេចថា តើប្រទេសនេះត្រូវដឹកនាំយ៉ាងណា ហើយតើ ជីវិតរបស់ពួកគេគួរតែរស់យ៉ាងណា តើការអប់រំ សុខាភិបាល នឹងវិស័យជាច្រើន ផ្សេងៗទៀតដែរចាត់ចែងយ៉ាងណា គឺពលរដ្ឋដែលត្រូវសម្រេច មិនមែនបុគ្គល តែម្នាក់ដែលសឹងតែក្លាយជាជនផ្តាច់ការនៅឆ្នាំថ្មីៗនេះទេ។ ការណ៍នោះមិនអាចទទួលយកបានឡើយ។
លោក សុខ ខេមរា៖ នៅពេលដែលលោកនិយាយអំពីរឿងមិនអាចទទួលយក បានចំពោះរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលើបញ្ហាសេរីភាពព័ត៌មាន អង្គការសង្គមស៊ីវិល តើឲ្យច្បាស់លាស់នោះ លោកចង់ធ្វើយ៉ាងណា?
លោក ស្ទីវ ឆាបុត៖ បាទ ជាថ្មីទៀត យើងអាចគិតគូរពីបញ្ហាដូចជាការដាក់ទណ្ឌកម្ម រារាំងសិទ្ធិធ្វើដំណើរមកកាន់ស.រ.អា. ហើយយើងកំពុងធ្វើការជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងក្នុងតំបន់ ហើយបើតាមការយល់ដឹងរបស់ខ្ញុំគឺដូចជា សហភាពអឺរ៉ុបជាឧទាហរណ៍ក៏កំពុងគិតគូរពីទណ្ឌកម្មដូចគ្នាដែរ ហើយយើងនៅក្នុងសភា និងក្រសួងការបរទេស និងស្ថាប័នដ៏ទៃទៀតកំពុងជជែកគ្នា អំពីរឿងរ៉ាវទាំងនេះ។
តែយើងសង្ឃឹមថា រដ្ឋាភិបាលនឹងផ្លាស់ប្តូរទង្វើរបស់ខ្លួន ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ព្រោះថានៅទីបញ្ចប់ខ្ញុំអាចសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងសម្លឹងមើលពីកេរដំណែលរបស់លោក តើលោកនឹងចងចាំអ្វីខ្លះ ហើយគាត់បានធ្វើកិច្ចការល្អដែរកន្លងមក តែឆ្នាំថ្មីៗនេះមានការកៀបសង្កត់ កណបក្សប្រឆាំង ហើយអ្វីដែលគាត់ធ្វើទៅលើពលរដ្ឋនោះជាអ្វីដែលគាត់ត្រូវចងចាំ។
លោក សុខ ខេមរា៖ នៅពេលដែលលើកឡើងថា លោក ហ៊ុន សែន ក៏បានធ្វើរឿងល្អៗខ្លះដែរនោះ តើលោកអាចបញ្ជាក់បានទេថាតើលោក ហ៊ុន សែន ធ្វើដូច្នោះនៅពេលណា?
លោក ស្ទីវ ឆាបុត៖ អូហ៍ រឿងនេះ វាកន្លងផុតទៅមួយរយៈហើយ ហើយខ្ញុំចង់ឲ្យពលរដ្ឋកម្ពុជា ចងចាំនិងជាអ្នកកំណត់វិញថា តើរឿងល្អៗទាំងនោះ មានអ្វីខ្លះ។ ក្នុងនាមជាអ្នកក្រៅម្នាក់ ខ្ញុំមិនចង់និយាយពីរឿងនេះទេ ប៉ុន្តែ ទោះបីជាអ្នកខ្លះឥឡូវនេះកំពុងតែដើរលើផ្លូវខុសក៏ដោយ ក៏ពួកគេនឹងធ្វើអ្វីមួយដែលល្អជាងមុន ជាពិសេសនៅពេលដែលពួកគេពិចារណាពីគណបក្សប្រឆាំង ដែលពួកគេកំពុងចាត់វិធានការលើនោះ។
កម្ពុជាមានប្រវត្តិសាស្ត្រមួយដែលអភ័ព្វណាស់។ អ្នកចាំទេ វាលពិឃាដរបបខ្មែរក្រហម និងសោកនាដកម្ម បានសម្លាប់ពលរដ្ឋអស់១ភាគ៤នៃចំនួនពលរដ្ឋសរុបទូទាំងប្រទេស។ ដូច្នេះ កម្ពុជា គឺជាប្រទេសមួយដែលបានឆ្លងកាត់គ្រាមួយដ៏អាក្រក់អាក្រី គឺអាក្រក់ជាងបណ្ដាប្រទេសភាគច្រើនទៀតដែលខ្ញុំធ្លាប់ឃើញ។ គេសង្ឃឹមថា មេដឹកនាំបច្ចុប្បន្ន ចងចាំបទពិសោធន៍ទាំងនោះ ហើយចង់ឲ្យពលរដ្ឋរបស់ខ្លួនមានពេលវេលាប្រកបដោយថាមពល និងមានលក្ខណៈស្ថាបនាជាងនេះ។ ប៉ុន្តែ ជាអកុសល ថ្នាក់ដឹកនាំប្រទេសកម្ពុជាឥឡូវនេះ មិនបានដើរតាមទិសដៅនេះទេ។
លោក សុខ ខេមរា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចអស់ជាង៣០ឆ្នាំមកហើយ តើការបោះឆ្នោតបែបណា ដែលអាចទទួលយកបានទាំងសម្រាប់រូបលោក និងសម្រាប់ពលរដ្ឋកម្ពុជា?
លោក ស្ទីវ ឆាបុត៖ ខ្ញុំគិតថា នៅពេលដែលក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា ប្រហែលជាចាំបាច់ត្រូវមានអ្នកសង្កេតការណ៍ គឺអ្នកសង្កេតការណ៍អន្តរជាតិមកពីបណ្ដាប្រទេសផ្សេងៗ ដែលមានលក្ខណៈសម្បត្តិយុត្តិធម៌ និងឥតលម្អៀង ហើយអាចជួយធានាថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅដោយសេរីនិងត្រឹមត្រូវ។
ប៉ុន្តែ ដំណាក់កាលនៅមុនការបោះឆ្នោត ក៏ជាកត្តាសំខាន់ដែរ។ ពេលដែលអ្នកហាមប្រាមគណបក្សនយោបាយ ចាប់អ្នកប្រឆាំងដាក់គុក ហើយមិនអនុញ្ញាតឲ្យមានសារព័ត៌មានឯករាជ្យ ដើម្បីប្រាប់រឿងរ៉ាវពិត និងប្រាប់រឿងរ៉ាវទាំងសងខាងអំពីការបោះឆ្នោតនោះ អ្នកមិនបានធ្វើតាមកាតព្វកិច្ច ដែលគួរធ្វើនោះទេ។ ដូច្នេះហើយ វាពិបាកណាស់ ក្នុងការគិតថា ការបោះឆ្នោតនេះ នឹងមានលក្ខណៈយុត្តិធម៌ ប្រសិនបើដំណាក់កាលមុនការបោះឆ្នោត មិនយុត្តិធម៌នោះ។
លោក សុខ ខេមរា៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន នៅប្រទេសហ្វ៊ីលីពីន។ តើលោកមានសារអ្វីខ្លះ ចង់ផ្ញើទៅកាន់លោកប្រធានាធិបតី អំពីបញ្ហាសិទ្ធិមនុស្សនៅតំបន់អាស៊ី ជាពិសេសនៅក្នុងប្រទេសកម្ពុជានោះ?
លោក ស្ទីវ ឆាបុត៖ ក្នុងដំណើរទៅកាន់តំបន់អាស៊ីរបស់លោកប្រធានាធិបតី ត្រាំ នេះ ខ្ញុំគិតថា លោកនឹងនិយាយអំពីបញ្ហាជាច្រើន។ លោកនឹងនិយាយអំពីការអភិវឌ្ឍសេដ្ឋកិច្ច ហើយលោកក៏នឹងនិយាយអំពីការធ្វើការជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ។ ខ្ញុំយល់ថា នៅពេលសមស្របណាមួយ លោកនឹងនិយាយអំពីបញ្ហាសិទ្ធិមនុស្ស។
ជួនកាល គេធ្វើរឿងនេះនៅពីក្រោយឆាក ដែលគេអាចបញ្ចេញសារដ៏ខ្លាំងមួយ ដោយមិនចាំបាច់ធ្វើឲ្យមេដឹកនាំផ្សេងៗទៀត អាម៉ាស់មុខទេ។ ខ្ញុំសូមទុកបញ្ហានេះជូនលោកប្រធានាធិបតី ត្រាំ ជាអ្នកកំណត់ទៅចុះ ថាតើលោកនឹងធ្វើរបៀបណាដែលល្អបំផុតនោះ ដោយគាត់ទទួលបានការប្រឹក្សាយោបល់ពីក្រសួងការបរទេស ជាពិសេសគឺពីរដ្ឋមន្ត្រីការបរទេស លោក Rex Tillerson។
លោក សុខ ខេមរា៖ សូមអរគុណ! ខ្ញុំចង់ជម្រាបសួរអំពីសហគមន៍ខ្មែរនៅទីនេះ។ តើពួកគាត់ជម្រាបលោកអ្វីខ្លះអំពីបញ្ហាកម្ពុជា?
លោក ស្ទីវ ឆាបុត៖ ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនដែលខ្ញុំបានជួប បានជំរុញឲ្យខ្ញុំនឹងសមាជិកសភាដទៃ កុំឲ្យយើងភ្លេចកម្ពុជា។ ស.រ.អា.តាំងចិត្តជួយទូទាំងពិភពលោក។ កម្ពុជាតូចមែនតែសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ខ្លះ ព្រោះពលរដ្ឋកម្ពុជាពិតជាត្រូវការជំនួយ។ គេចង់ឲ្យយើងលើកបញ្ហាកម្ពុជានៅអ.ស.ប. នៅសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់ យើងនិងមិត្តដទៃទៀតនៅអាស៊ីអាគ្នេយ៍។
ដូច្នេះអ្នកដែលខ្ញុំជួបនៅទីនេះបានជំរុញឲ្យ យើងយកចិត្តទុកដាក់នឹងកម្ពុជា។ សូមឲ្យយើងជួយតាមដែលអាចធ្វើបាន ដើម្បីកែប្រែស្ថានការណ៍ទៅនោះឲ្យល្អឡើងវិញ ព្រោះឥឡូវនេះមិនល្អទេ។ រដ្ឋាភិបាលមិន អនុញ្ញាតពលរដ្ឋធ្វើតាមសិទ្ធិរបស់គេទេ។ ពលរដ្ឋមិនអាចបញ្ចេញមតិដោយគ្មានការបង្ក្រាបពីរដ្ឋាភិបាលទេ។ ពួកគេត្រូវឃុំខ្លួន បាត់ខ្លួន។ រឿងអាក្រក់អាចកើតឡើងចំពោះពួកគេ។ ដូច្នេះខ្ញុំស្តាប់ សំណើពីសហគមន៍ខ្មែរមកតំណាងរាស្ត្ររបស់គេ រួមទាំងរូបខ្ញុំផងដែរ។
លោក សុខ ខេមរា៖ លោកមានប្រសាសន៍អំពីទណ្ឌកម្មលើកម្ពុជា។ តើមានសេចក្តីសម្រេចអ្វីក្នុងពេលឆាប់ៗ ដូចជាសេចក្តីសម្រេចអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ កម្ពុជាលេខ ៧២៨នោះទេបាទ?
លោក ស្ទីវ ឆាបុត៖ យើងកំពុងពិនិត្យរឿងនេះ ហើយក្រុមការងារសភាអំពីកម្ពុជាជាពិសេសលោក Alan Lowenthal ដែលជាសមាជិកសំខាន់របស់ក្រុមការងារនេះ ហើយនឹងរូបខ្ញុំបានពិភាក្សាគ្នាច្រើន។ យើងបានជួបឯកអគ្គរដ្ឋទូតរបស់យើងប្រចាំកម្ពុជា និងអ្នកនយោបាយផ្សេងទៀតដែលមកទីនេះ។ យើងកំពុងគិតគូរធ្វើសេចក្តីសម្រេចបញ្ហាកម្ពុជា។ តែខ្ញុំមិនទាន់និយាយទេគឺត្រូវគិតឲ្យត្រឹមត្រូវ ហើយចេញទៅមានប្រសិទ្ធភាពតែម្តង។
លោក សុខ ខេមរា៖ លោកមានប្រសាសន៍បានជួបឯកអគ្គរដ្ឋទូត និងមន្ត្រីក្រសួងការបរទេសអាមេរិកតើគេគាំទ្រ គំនិតផ្តួចផ្តើមនេះទេ?
លោក ស្ទីវ ឆាបុត៖ បាទ និយាយរួម អញ្ចឹងមែនហើយ។ លោកដឹងហើយក្រសួងការបរទេសនៅក្នុងស្ថាប័នមួយទៀត គឺនីតិប្រតិបត្តិ។ គេមានការទទួលខុសត្រូវនិងការតព្វកិច្ចដោយឡែកពីយើង។ យើងខាងនីតិបញ្ញត្តិ យើងមានការរួមគ្នាក្នុងរឿងនេះ។ យើងមិនបញ្ជាទេ គេក៏មិនបញ្ជា យើងតែយើងធ្វើការជាមួយគ្នា។
លោក សុខ ខេមរា៖ តើច្បាប់ (ដាក់ទោសអ្នករំលោភសិទ្ធិមនុស្ស) Magnitsky Act អាចប្រើសម្រាប់ករណីកម្ពុជាទេ?
លោក ស្ទីវ ឆាបុត៖ បាទ ពិតជាអាច ព្រោះលោកដឹងហើយថា មានការរំលោភសិទ្ធិមនុស្ស។ យ៉ាងហោច មានការចោទប្រកាន់ដែលខ្ញុំជឿថា អាចជារឿងពិត។ ជានិច្ចកាលច្បាប់នេះមានលទ្ធភាព អាចប្រើបានជាពិសេស។ ដូច្នេះខ្ញុំសូមប្រាប់ថាអាចប្រើច្បាប់នេះបាន។
លោក សុខ ខេមរា៖ អរគុណលោកណាស់។ សំណួរចុងក្រោយ តើលោកតំណាងរាស្ត្រមានសារអ្វីដល់ខ្មែរអាមេរិកាំងនៅទីនេះ និងជនជាតិខ្មែរនៅកម្ពុជាបាទ?
លោក ស្ទីវ ឆាបុត៖ ខ្ញុំសូមផ្តាំថា កុំបោះបង់ក្តីសង្ឃឹម។ អ្នកទាំងអស់គ្នា អាចនឹងមានអនាគតភ្លឺស្វាងក្នុងពេលខាងមុខ។ លោកអ្នកមានសិទ្ធិជ្រើសរើសមេដឹកនាំរស់នៅយ៉ាងម៉េច មិនមែនរដ្ឋាភិបាលជាអ្នកសម្រេចអ្វីៗទាំងអស់នោះទេ។ ប្រជាពលរដ្ឋមានសេរីភាព។ សេរីភាពនេះនឹងមាននៅទីនោះ តែអភ័ព្វដែលទីនោះមិនមានសេរីភាពសព្វថ្ងៃនេះ តែគង់តែមាននៅថ្ងៃណាមួយ កុំអស់សង្ឃឹម។
លោក សុខ ខេមរា៖ អរគុណលោកតំណាងរាស្ត្រ ស្ទីវ ឆាបុត (Steve Chabot) ដែលផ្តល់កិច្ចសម្ភាស៍វីអូអេ។
លោក ស្ទីវ ឆាបុត៖ បាទ អរគុណណាស់!
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment