លោក ហុង លីម អ្នកតំណាងរាស្រ្តរបស់ប្រទេសអូស្រ្តាលីប្រចាំរដ្ឋ វីកតូរីយ៉ា (Mr. Hong Lim - Parliament of Victoria) |
លោក ហុង លីម បានថ្លែងលើកឡើងថា កាលពីធ្វើបុណ្យសពរបស់វីរបណ្ឌិត កែម ឡី ដំបូង អាជ្ញាធរបានប្រើគ្រប់រូបភាព ដើម្បីធ្វើការកៀបសង្កត់ និងបានប្រើប្រាស់គ្រប់រូបភាពដើម្បីកុំអោយពិធីបុណ្យនេះដំណើរការទៅបានល្អ ។ លើសពីនេះទៀតអាជ្ញាធរបានបិទការ៉ាស់សាំងស្ទើរគ្រប់តាមដងផ្លូវដែលត្រូវដង្ហែសពរបស់វីរបណ្ឌិត កែម ឡី ចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីបញ្ចុះសពលោកវីរបណ្ឌិត ។ ដូច្នេះបើសិនជាទទួលយកលុយ១ម៉ឺនដុល្លារពីមេដឹកនាំរដ្ឋាភិបាលមួយនេះ នោះមានន័យថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធរបស់លោកវីរបណ្ឌិត ។
លោក ហុង លីម ថ្លែងបែបនេះ ៖ « ខ្ញុំបានកត់សម្គាល់ដែរ ចាំមិនភ្លេចទេ ថ្ងៃហែក្បួននឹងគឺគេបិទហាងសាំងទាំងអស់ ដើម្បីនឹងផ្ដាច់ធ្វើបាបអ្នកដែលជិះម៉ូតូជិះអីនឹង កុំអោយមានសាំងមានអី មានរថយន្តណាធ្វើដំណើរបាន គឺថា ជាការធ្វើបំពានលើវិញ្ញាណក្ខន្ធ ។ កាលដែលយើងធ្វើអីផ្សេងៗដែលមិនគោរពវិញ្ញាណក្ខន្ធរបស់គាត់ របស់លោកវីរបណ្ឌិត កែម ឡី ក្នុងលក្ខណៈនឹងគឺថា ជាការប្រមាថ មើលងាយ » ។
ការថ្លែងលើកឡើងរបស់លោក ហុង លីម យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍អាស៊ីសេរី កាលពីយប់ ថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ ក្រោយទទួលដំណឹងព្រោងព្រាតដោយការសែតក្នុងស្រុកដែលបានចុះផ្សាយពីការចូលបុណ្យខួបគម្រប១ឆ្នាំនៃការស្លាប់របស់វីរបណ្ឌិត កែម ឡី ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន១ម៉ឺនដុល្លារ។
លោក ហុង លីម បន្តទៀតថា ទឹកប្រាក់ចំនួន១ម៉ឺនដុល្លារនេះ ក៏មិនមែនត្រឹមតែជាការប្រមាថដល់វិញ្ញាណក្ខន្ធរបស់វីរបណ្ឌិតកែម ឡី ដែលបានស្លាប់ទៅហើយនោះទេ តែក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរផងដែរ ទៅដល់ពលរដ្ឋអ្នកគោរពស្រឡាញ់លោកវីរបណ្ឌិត កែម ឡី ដែលមាននៅទូទាំងប្រទេស ។
លោក ហុង លីម បានថ្លែងអះអាងថា ប្រសិនបើលោក កែម រិទ្ធិសិទ្ធ ដែលជាប្អូនប្រុសបង្កើតរបស់វីរបណ្ឌិត កែម ឡី ហ៊ានប្រគល់លុយទាំង១ម៉ឺនដុល្លារនេះទៅអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញនោះ លោកធានានឹងស្វះស្វែងរកលុយទាំងនេះ ដើម្បីផ្ដល់ទៅអោយក្រុមគ្រួសារលោកវីរបណ្ឌិត កែម ឡី ដើម្បីចាត់ចែង ។ លើសពីនេះទៀត រាល់ការចំណាយទៅលើការ បញ្ហាផ្សេងៗលើបុណ្យរបស់លោកវីរបណ្ឌិតទៅថ្ងៃក្រោយ ក៏ពួកលោកធានារកជួយដែរ ៕
ប្រភព ៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ
ព័ត៌មានទាក់ទង ៖ លោក ហុង លីម អ្នកតំណាងរាស្រ្តអូស្ត្រាលីប្រចាំនៅរដ្ឋ Victoria (Mr. Hong Lim - Parliament of Victoria) បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់កញ្ញា Sin Rozeth បេក្ខនារីទីមួយ នៅសង្កាត់អូរចារ ដើម្បីជាថវិកាធ្វើការងារផ្នែកសង្គមសង្គ្រោះនៅសង្កាត់អូរចារ
No comments:
Post a Comment