រូបឯកសារ៖ ប្រធានាធិបតី ស៊ីមបាវ៉េ លោក Robert Mugabe និងភរិយារបស់លោក គឺអ្នកស្រី Grace |
ពាក្យចចាមអារ៉ាមបានខ្ចរខ្ចាយពេញប្រទេសស៊ីមបាវ៉េ នៅក្នុងខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Mugabe បានចាកចេញពីប្រទេសទៅកាន់ប្រទេសសិង្ហបុរី ជាប្រទេសដែលលោកបានស្វែងរកការព្យាបាលភ្នែក។
បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា កន្លងទៅថា លោកប្រធានាធិបតីនៅក្នុងប្រទេសសិង្ហបុរីក្នុងពេលនេះ ដើម្បីធ្វើការពិនិត្យសុខភាពជាប្រចាំ។
លោក Regis Chikowore រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីមបាវ៉េ បានប្រាប់ VOA ថា ព័ត៌មានដែលផ្សាយនៅលើបណ្ដាញសង្គមថាស្ថានភាពសុខភាពរបស់លោកប្រធានាធិបតីកាន់តែដុនដាប គឺជាសំរាម។
ព្រឹត្តិការណ៍មួយចំនួនរួមមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរៀងរាល់ថ្ងៃអង្គារ ត្រូវបានលើកពេល ដោយមិនបានបញ្ជាក់ពីចំនួនថ្ងៃជាក់លាក់។ នេះបើតាមការផ្សាយរបស់បណ្ដាញសារព័ត៌មានរដ្ឋ។
គណបក្សប្រឆាំងបានឲ្យដឹងថា ដល់ពេលសម្រាប់លោក Mugabe ដែលបានកាន់តំណែងជាប្រធានាធិបតីតាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៨០ ចុះចេញពីតំណែងហើយ។ លោក Jacob Mafume គឺជាអ្នកនាំពាក្យរបស់គណបក្សប្រជាមានិតប្រជាធិបតេយ្យ ឬ PDP ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tendai Biti។
លោក Mafume បាននិយាយថា៖ «ឥឡូវនេះលោក Mugabe គឺជាអ្នកមកលេងប្រទេសស៊ីមបាវ៉េ។ ផ្ទះរបស់គាត់ឥឡូវគឺនៅប្រទេសសិង្ហបុរី ជាពិសេសគឺនៅក្នុងមន្ទីរពេទ្យតែម្ដង។ លោកគឺជាមនុស្សគ្មានការអត់ធ្មត់ ដែលគួរតែនៅក្នុងមន្ទីរពេទ្យ។ ហើយសោកនាដកម្មនោះគឺ លោកគួរតែចេញពីមន្ទីរពេទ្យ រួចទៅនៅមណ្ឌលចាស់ជរា មិនមែនផ្ទះរបស់លោកប្រធានាធិបតីទេ។ ការិយាល័យប្រធានាធិបតីនេះ វាគ្មានអ្វីជាអភិនីហារ ដែលធ្វើឲ្យអ្នកមិនចូលនិវត្តន៍តាមការកំណត់អាយុចូលនិវត្តន៍នោះទេ។ រាល់គ្រប់មុខងារសាធារណៈដទៃទៀតនៅស៊ីមបាវ៉េ គេចូលនិវត្តន៍នៅអាយុ ៦៥»។
នៅក្នុងប្រទេសស៊ីមបាវ៉េ គ្មានការកំណត់អាយុចូលនិវត្តន៍របស់លោកប្រធានាធិបតីនោះទេ។ លោក Mugabe បានប្រារព្ធពិធីខួបកំណើតទី៩៣ របស់លោកនៅក្នុងឆ្នាំនេះ ហើយបានប្រកាសថាលោកនឹងឈរឈ្មោះជាប្រធានាធិបតីនៅក្នុងអាណត្តិបន្ទាប់ក្នុងការបោះឆ្នោតឆ្នាំ ២០១៨។
នៅពេលដែលលោកត្រឡប់ពីប្រទេសសិង្ហបុរីវិញកាលពីចុងខែ កុម្ភៈ លោកបាននិយាយទៅកាន់អ្នកដែលដាក់ទំនាយចង់ឲ្យលោកស្លាប់ថា៖ «អ្នកខ្លះនិយាយថា ប្រធានាធិបតីជិតស្លាប់ហើយ។ អ្នកខ្លះសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា ប្រធានាធិបតីមានជំងឺ និងបានចេញទៅប្រទេសម៉ាឡេស៊ី ឬ សិង្ហបុរី អញ្ចឹងហើយគាត់ជិតស្លាប់ហើយ»។
លោកបន្តថាក្នុងភាសា Shona ថា៖ «អ្នកខ្លះចាប់ផ្ដើមបង្កើតចលនាផ្សេងៗ ដោយរំពឹងថាខ្ញុំជិតស្លាប់ជាដើម។ ខ្ញុំនឹងមិនស្លាប់ទេ! វាគួរឲ្យខ្មាសគេណាស់»។
មុនពេលដែលលោកនៅប្រទេសសិង្ហបុរី លោក Mugabe បានធ្វើដំណើរទៅទីក្រុង Addis Ababa ប្រទេស Ethiopia ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់កណ្ដាលឆ្នាំរបស់មេដឹកនាំសហភាពអាហ្វ្រិក ហើយបន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសស្វាស៊ីឡង់ (Swaziland)។ លោកក៏បានធ្វើដំណើរទៅទីក្រុង Dubai ទៅប្រទេសចិន ម៉ិកស៊ិក អាហ្រ្វិកខាងត្បូង ហ្គាណា ម៉ូរីស (Mauritius) និងម៉ាលី នៅក្នុងឆ្នាំនេះ។
គណបក្សប្រឆាំងនិយាយថា ការចំណាយលើការធ្វើដំណើរទៅក្រៅប្រទេសរបស់លោកប្រធានាធិបតី បានក្លាយជាបញ្ហាមួយសម្រាប់រដ្ឋាភិបាលស៊ីមបាវ៉េ ដែលមានបញ្ហាសាច់ប្រាក់ស្រាប់។ ឯកសារជាផ្លូវការមួយដែលចេញផ្សាយដោយរតនាគារជាតិ បានឲ្យដឹងថា លោកប្រធានាធិបតីចំណាយ ៥០ លានដុល្លារទៅលើការធ្វើដំណើរកាលពីឆ្នាំមុន ដែលខ្ទង់ថវិកាត្រូវចំណាយមានត្រឹមតែ ២៣ លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា
ប្រភព ៖ VOAKHMER
No comments:
Post a Comment