ពុទ្ធធម៌ ដើម្បីជីវិតដ៏ឧត្តម លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ (អត្ថបទពិចារណា ដោយ តាអារាមប៊យ) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ពុទ្ធធម៌ ដើម្បីជីវិតដ៏ឧត្តម លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ (អត្ថបទពិចារណា ដោយ តាអារាមប៊យ)

ពុទ្ធធម៌ ដើម្បីជីវិតដ៏ឧត្តម លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ (អត្ថបទពិចារណា ដោយ តាអារាមប៊យ)

Share This

ពុទ្ធធម៌ ដើម្បីជីវិតដ៏ឧត្តម លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ (អត្ថបទពិចារណា ដោយ តាអារាមប៊យ)

វិជ្ជាអភិធម្មចាប់ផ្ដើមចាក់គ្រឹះមូលដ្ឋាន ដោយការពិចារណាវិភាគបាតុភូតនៃលោកនិងជីវិតក្នុងបច្ចុប្បន្នខណៈថា បែងចែកចេញជាអង្គប្រកប គឺធម្មជាតិដែលជាអ្នកដឹង(The knower) និងធម្មជាតិដែលត្រូវគេដឹង(The known) ព្រោះថាការដែលមានលោកប្រាកដឡើងក្ដី ឬមើលមួយជ្រុងជ្រោយមួយទៀតថា ជាការមានជីវិតមកទទួលដឹងឮនូវអត្ថិភាពនៃអ្វីៗទាំងឡាយក្ដី សរុបបានជាបឋមថាជាការទទួលដឹងឮ ដោយហេតុផលតាមត្រង់ត្រូវតែមាន ៖ ១. អ្នកដឹង និង ២.អ្វីដែលត្រូវគេដឹង ។ 

ធម្មជាតិទី១ នោះ អភិធម្មប្រាប់ថា មានលក្ខណៈជា អនិច្ចំ ទុក្ខំ អនត្តា គឺមិនទៀងប្រែផ្លាស់ជានិច្ច ត្រូវគាបច្របាច់មិនអាចទ្រាំនៅក្នុងសភាពដើមបាន សូម្បីតែមួយខណៈ និងប្រាសចាកខ្លឹមសារអត្តាខ្លួនប្រាណ វិជ្ជាអភិធម្មហៅធម្មជាតិប្រភេទនេះថា “ចិត្ត” ។

ចំណែកធម្មជាតិទី២ ដែលជាអង្គប្រកបមួយទៀត គឺអ្វីដែលត្រូវគេដឹង អភិធម្មឱ្យឈ្មោះថា “អារម្មណ៍” ដែលចែកចេញជាប្រភេទថ្នាក់រងផ្សេងៗជាច្រើនទៀត ។ តំណាក់កាលដំបូងនេះ អាចពោលបានថា បាតុភូតដែលលេចឡើងជាលោកនិងជាជីវិត អាចវិភាគបានថាគឺ “ចិត្តដឹងអារម្មណ៍” នេះសឱ្យឃើញថា ការកើតឡើងនៃចិត្តក៏ដើម្បីទទួលដឹងឮនូវអារម្មណ៍ និងអារម្មណ៍គឺអ្វីៗដែលចិត្តដឹងឮ ហេតុដូច្នេះ ចិត្តដែលមិនកំពុងទទួលដឹងឮនូវអារម្មណ៍ក៏មិនអាចមានសោះឡើយ ។

សំណើថ្នាក់មូលដ្ឋានដែលថា “លោកនិងជីវិតគឺចិត្តដឹងឮអារម្មណ៍”នេះ អ្នកសិក្សាអភិធម្ម តោងនាំទៅសញ្ជឹងគិតពិចារណា ឱ្យបានច្បាស់លាស់បំផុតដែលអាចធ្វើបានចាប់ពីដើមដំបូង ដោយការត្រួតពិនិត្យនឹងបទពិសោធន៍ពិតក្នុងជីវិតផងខ្លួន មិនមែនគ្រាន់តែទន្ទេញចាំបាន ឬសូម្បីតែគិតតាមដោយការប្រើហេតុផលហើយទទួលយក ។ ម្យ៉ាងទៀត មុននឹងចាប់ផ្ដើមពិចារណា គួរសាឡើងវិញឱ្យច្បាស់លាស់ជាមុនសិនថា “ចិត្ត”គឺធម្មជាតិចំណែកខាងដឹង និង “អារម្មណ៍”គឺធម្មជាតិចំណែកខាងត្រូវគេដឹង ក្នុងខណៈជាមួយគ្នានេះ ត្រូវប្រុងប្រយ័ត្នមិននាំយកអត្ថន័យដទៃអំពីគោលការណ៍ដទៃ ដែលអធិប្បាយពាក្យថាចិត្តនិងអារម្មណ៍នេះ មកលាយឡំឱ្យកើតការយល់ច្របូកច្របល់ទៀតផង ។

ជំហរដ៏រឹងមាំច្បាស់លាស់នៃគំនិត ជាគោលសំខាន់បំផុតក្នុងការសិក្សាពិចារណាគោលធម៌ ដើម្បីតាមពិចារណាសភាពជីវិត ដែលជាបាតុភូតកើតរលត់បន្ដគ្នាហូរហែរាល់ពេលវេលាជារៀងរាល់ខណៈ ឱ្យឃើញទាន់លក្ខណៈផ្សេងៗ ដែលអភិធម្មបានពោលទុក សិក្ខាករគប្បីអភិវឌ្ឍសក្យភាព “ការតាមឃើញទាន់នូវខណៈនៃជីវិតដែលកំពុងប្រាកដឡើង” ឬដែលទើបនឹងកន្លងផុតទៅឱ្យមានប្រសិទ្ធភាព សមត្ថភាពនេះអាចអភិវឌ្ឍន៍បានតាមរយៈប្រព័ន្ធបដិបត្តិធម៌ ដែលហៅថា ការហ្វឹកហាត់ចម្រើនសតិ

ហេតុដូច្នេះ ការសិក្សាព្រះអភិធម្មនិងការបដិបត្តិធម៌គួរអនុវត្តន៍ទៅក្នុងពេលជាមួយគ្នា ។




អត្ថបទពិចារណា ដោយ តាអារាមប៊យ
២២ កក្កដា ២០១៧

No comments:

Post a Comment