ដើមកំណើតកើតឯសារនាថ សហនិពន្ធដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និងព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ដើមកំណើតកើតឯសារនាថ សហនិពន្ធដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និងព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ

ដើមកំណើតកើតឯសារនាថ សហនិពន្ធដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និងព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ

Share This

ដើមកំណើតកើតឯសារនាថ

បើនិយាយដល់តួអង្គខាងផ្លូវចិត្តយ៉ាងឆ្នើមរបស់ពិភពលោកគ្មានតួអង្គណាស្មើនឹងសិទ្ធត្ថកុមារដែល ក្រោយមកបានក្លាយជាព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះទេ ព្រះអង្គជាបុគ្គលគម្រូផ្លូវចិត្តយ៉ាងឆ្នើមបំផុតតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលនិងតទៅអនាគតកាលទៀត ។

តួអង្គនេះចាប់ផ្តើមជីវិតចេញពីផ្ទះសម្បែងស្វែងរកមោក្ខធម៌ក្នុងព្រៃដោយភាវៈជាសមណៈ ហើយក៏បានត្រាស់ដឹងសម្មាសម្ពោធិញាណតាមវត្ថុបំណង ។

ក្រោយបានត្រាស់ដឹងហើយ ព្រះបរមសាស្ដាទ្រង់សោយវិមុត្តសុខនាសត្តមហាស្ថានរហូត ៧ សប្ដាហ៍ ក្រោមដើមអជនិគ្រោធ ទ្រង់ពិចារណាសុខុមភាពនិងគម្ភីរភាពរបស់ព្រះធម៌ដែលបានត្រាស់ដឹងនោះ ទ្រង់បានទទួលអារាធនាពីសហម្បតីព្រហ្មឲ្យត្រាស់សម្ដែងធម៌ប្រោសវេនេយ្យជនដែលមានធូលីក្នុងកែវភ្នែកតិចតួច ទ្រង់ទទួលពាក្យអារាធនាដោយព្រះទ័យប្រកបដោយព្រះមហាករុណាធិគុណ ទ្រង់ពិចារណាឃើញមនុស្សក្នុងលោកនេះ ប្រៀបដូចជាផ្កាឈូកលិចក្នុងទឹក ស្មើទឹក និងនៅលើទឹក ព្រះអង្គទ្រង់ពិចារណាប្រោសអ្នកនៅលើទឹកជាដំបូង ហើយសឹមអប់រំប្រៀនប្រដៅអ្នកនៅស្មើទឹកនិងអ្នកលិចនៅក្រោមទឹកជាបន្តបន្ទាប់​ ។ 

ហេតុនោះ ដោយវីរិយភាពខ្លាំងក្លា ព្រះអង្គទើបសុខចិត្តយាងទៅកាន់ព្រៃឥសិបតនមិគទាយវ័នក្បែរក្រុងពារាណសីដើម្បីប្រោសបញ្ចវគ្គីយ៍ គឺ កោណ្ឌញ្ញ: វប្ប: ភទ្ទិយ: មហានាម: និងអស្សជិ ក្នុងថ្ងៃពេញបូរមី ខែអាសាឍ ដែលសព្វថ្ងៃហៅថា ថ្ងៃអាសាឡ្ហបូជា ទ្រង់សម្ដែងធម៌ទេសនាជាគ្រាដំបូង ឈ្មោះថា ធម្មចក្កប្បវត្តនសូត្រដល់បញ្ចវគ្គីយ៍ នៅពេលសម្ដែងធម៌ចប់ កោណ្ឌញ្ញ:ដែលជាប្រធានបញ្ចវគ្គីយ៍ក៏បានសម្រេចធម្មចក្ខុដែលហៅថា សោតាបត្តិផល ដោយមានសេចក្ដីយល់ដឹងថា “របស់ណានីមួយមានការកើតឡើងជាធម្មតា របស់ទំាងពួងនោះរមែងរលត់ទៅវិញជាធម្មតា

ព្រះអង្គទ្រង់សព្វព្រះទ័យសាទរ ហើយទ្រង់ឧទានឡើងថា អញ្ញាសិ វត ភោ កោណ្ឌញ្ញោ មានសេចក្តីថា កោណ្ឌញ្ញ: បានដឹងហើយហ្ន ហេតុនោះ លោកទើបមានឈ្មោះថា អញ្ញាកោណ្ឌញ្ញ: បន្ទាប់មក លោកក៏បានទូលសុំឧបសម្បទាចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ ព្រះអង្គក៏ទ្រង់ប្រទានឧបសម្បទាដោយឯហិភិក្ខុ បានជាបឋមសាវ័កដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា បន្ទាប់មក អង្គដទៃទៀតក៏បានសម្រេចជាសោតាប័ន្ន នៅទីបំផុត រាល់អង្គក៏បានសម្រេចជាព្រះអរហន្តពេលស្ដាប់អនត្តលក្ខណសូត្រចប់

ចំណេរកាលតមក នៅនាព្រៃឥសិបតនមិគទាយវ័ន ដែលសព្វថ្ងៃហៅថា សារនាថ នោះ ព្រះអង្គក៏ទ្រង់ប្រោសយស:ដែលជាកូនប្រុសរបស់នាងសុជាតាព្រមទាំងមិត្រសម្លាញ់ជិតស្និទ្ធ ៤ នាក់ គឺ វិមល សុពាហុ បណ្ណជិ គវម្បតិ បូកនឹងយសៈមួយទៀតជា ៥ នាក់ និងមិត្រសម្លាញ់ស្រុកស្រែ ៥០ នាក់ទៀត ជា ៥៥ នាក់ សុទ្ធតែបានសម្រេចជាព្រះអរហន្តទំាងអស់ នៅពេលនោះឯង ព្រះអរហន្ត ៦១ អង្គបានកើតឡើងក្នុងលោក ។

សំណួរថា រាប់ដូចម្តេចទើបបាន ៦១ អង្គ? គឺ ព្រះពុទ្ធ ១ អង្គ បញ្ចវគ្គីយ៍ ៥ អង្គ រួមជា ៦ អង្គ មិត្តសម្លាញ់របស់យសៈ ៥៤ យសៈខ្លួនឯង ១ អង្គ រួមជា ៥៥ អង្គ សរុប ៦ អង្គ បូកនឹង ៥៥ អង្គ ស្មើ ៦១ អង្គ ។

ពេលបវារណាចេញវស្សាហើយ ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់បញ្ជួនសាវ័កទំាង ៦០ អង្គ ទៅកាន់តំបន់ផ្សេង ៗដើម្បីផ្សព្វផ្សាយព្រះសាសនាដោយព្រះគាថាថា “ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខាយ លោកានុកម្បាយ” ប្រែថា “ ម្នាលភិក្ខុទាំងឡាយ ! អ្នកទាំងឡាយចូរត្រាច់ចារិកទៅកាន់ទីទាំងពួងដើម្បីប្រយោជន៍ជ្រោមជ្រែងចំពោះប្រជាជន ដើម្បីសេចក្ដីសុខដុមរមនាចំពោះប្រជាជន និងដើម្បីអនុគ្រោះស្រោចស្រង់មនុស្សលោក

ហេតុនោះ សារនាថ ទើបជាដើមកំណើតនៃធម្មចក្រដែលព្រះអង្គទ្រង់បង្វិលទៅក្នុងសកលលោកជាលើកដំបូងដើម្បីប្រយោជន៍ជ្រោមជ្រែងនិងសេចក្ដីសុខដុមរមនាដល់ទេវតានិងមនុស្សទំាងឡាយ

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានបំពេញពុទ្ធកិច្ចទាំង ៥ ប្រការមកយ៉ាងនេះរហូត ៤៥ ឆ្នាំ ទ្រង់ប្រកាសព្រះធម្មវិន័យ ប្រតិស្ថានព្រះពុទ្ធសាសនាឲ្យចាក់ឫសរឹងមាំស្ថិតសេ្ថរចិរកាលសម្រាប់ពុទ្ធបរិស័ទទំាងភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកាដោយព្រះមហាករុណាធិគុណ ។

សមណាស់តែយើងទំាងអស់គប្បីរលឹកនឹកដល់ព្រះពុទ្ធគុណ ព្រះធម្មគុណ និងព្រះសង្ឃគុណដោយសេចក្ដីជ្រះថ្លា ប្រកបដោយបញ្ញាភ្លឺថ្លាពិចារណាស្គាល់យល់ដឹងសេចក្ដីពិតតាមក្រសែពុទ្ធធម៌ ហើយជួយគ្នាផ្សព្វផ្សាយឲ្យបានរីកសាយភាយតទៅទូទំាងសកលលោកនិងចក្រវាឡ ។

មជ្ឈិមាបដិបទាជាផ្លូវមិនស្លាប់

បច្ចប្បន្នកាលនេះ ពិភពលោកហាក់កំពុងតែធ្វើដំណើរផ្អៀងចូលទៅក្នុងផ្លូវជ្រុលនិយម​ (Extreme) ២ គឺ ៖

ផ្លូវមូលធននិយម (Capitalism) ផ្លូវនេះធ្វើឲ្យមនុស្សឈ្លក់វង្វេងនឹងវត្ថុនិយមនិងបរិភោគនិយម, ចាត់ជាដើមចមនៃការបំផ្លិចបំផ្លាញធម្មជាតិនិងការប្រែប្រួលខាងសង្គម ធ្វើឲ្យសង្គមមនុស្សផ្លាស់ប្ដូរពីសង្គមដែលប្រកបដោយការចែករំលែក ជួយអនុគ្រោះគ្នា ក្លាយទៅជាសង្គមលោភលន់ ដណ្ដើមយក កឹបកេង ជាដើម ដូចជា ការដណ្តើមយកដីធ្លី ទីកន្លែងរកស៊ី លំនៅឋាន សេចក្ដីសុខក្នុងកាម និងអំណាចគ្រប់គ្រងដើម្បីតបស្នងតម្រូវការរបស់តណ្ហាដោយគ្មានព្រំដែន ។

ផ្លូវភេរវកម្ម (Terrorism) សង្កេតឃើញថា ព្រឹត្តិកម្មរបស់មនុស្សបានផ្លាស់ប្តូរទៅយ៉ាងច្បាស់ក្រឡែតពីព្រឹត្តកម្មស្លូតបូតទៅជាព្រឹត្តិកម្មកាចសាហាវ ឃោរឃៅ យង់ឃ្នងអមនុស្សធម៌ ប្រកបដោយចេតនាបង្កឲ្យមានភាពវក់វរ ភ័យខ្លាច ឬ កាប់សម្លាប់មនុស្សដោយមិនរើសមុខ ទោះជាអ្នកសារព៌តមាន ស្រ្តី កុមារ ក្រុមបដិបក្សក៏ដោយ គ្រប់សកម្មភាពសុទ្ធសឹងបណ្ដាលមកពីបញ្ហាសាសនា នយោបាយ ឧត្តមគតិ និន្នាការផ្ទុយគ្នា ដោយមិនគិតខ្វល់អំពល់ដល់សន្តិសុខ សុវត្ថិភាព សេចក្ដីសុខ សន្តិភាព ឬជីវភាពរបស់ពលរដ្ឋឡើយ ។

ព្រោះហេតុដូចរៀបរាប់មកខាងលើ ពិភពលោកគប្បីបែរមុខមករកដំណោះស្រាយតាមផ្លូវសាសនាដែលព្យាយាមប្រៀនប្រដៅសង្កត់ធ្ងន់លើ ផ្លូវកណ្ដាល ទាំងនេះក៏ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ប៉ុន្តែបានទទួលផល គឺ សេចក្ដីសុខក្នុងការចិញ្ចឹមជីវិត ការរស់នៅរួមគ្នាយ៉ាងសុខដុមរមនា ។

ព្រះពុទ្ធជាម្ចាស់ដែលជាស្ថាបនិករបស់ព្រះពុទ្ធសាសនាទ្រង់បានចង្អុលបង្ហាញផ្លូវដល់ប្រជាជនទូទំាងសកលលោកឲ្យស្គាល់ផ្លូវកណ្តាល ក្រោមទស្សនៈថា លោកខាងក្រៅមានសន្តិសុខ លោកខាងក្នុងក៏មានសន្តិភាព ពោលគឺ ផ្លូវស្ងប់ខាងសងខាង គឺ ស្ងប់ខាងក្នុងនិងស្ងប់ខាងក្រៅ ដែលហៅថា មជ្ឈិមាបដិបទា ព្រះអង្គបានត្រាស់ថា “ម្នាលភិក្ខុទំាងឡាយ បព្វជិតមិនគួរបដិបត្តិតឹងពេកក្នុងផ្លូវទំាង ២ គឺ ៖

កាមសុខល្លិកានុយោគ បានដល់ ការប្រព្រឹត្តបដិបត្តិខ្លួនដើម្បីបានសេចក្ដីសុខ ដោយនាំខ្លួនឯងឲ្យជាប់ចំពាក់ដោយកាម អត្តកិលមថានុយោគ បានដល់ ការប្រព្រឹត្តបដិបត្តិខ្លួនឲ្យលំបាក ពោលគឺ ធ្វើទុក្ខលំបាកដល់រាងកាយ ដែលជាហេតុនាំឲ្យចិត្តក្ដៅក្រហាយក្រវល់ក្រវាយ ។ ផ្លូវកណ្ដាល ទោះបីមិនមែនជាផ្លូវដែលត្រូវជ្រើសរើសក៏ពិតមែន ក៏ប៉ុន្តែគឺជា ផ្លូវរស់ ដែលសកលលោកគប្បីនាំយកមកអនុវត្តប្រើប្រាស់ឲ្យសមស្របនឹងបរិបទសង្គមសកលលោក ។

តាមការពិត ទោះបីផ្លូវកណ្ដាលមានកំណើតមកពីព្រះពុទ្ធសាសនាក៏ដោយ ក៏ប៉ុន្តែផ្លូវកណ្តាលនេះមានឡើង ដើម្បីពិភពលោកទំាងមូល ព្រះសម្មាសម្ពុទ្ធទ្រង់គ្មានបំណងរក្សាសិទ្ធិខាងបញ្ញាទុកសម្រាប់តែពុទ្ធបរិស័ទប៉ុណ្ណោះទេ ព្រះអង្គទ្រង់បានសិក្សា ស្រាវជ្រាវ រាវរកឃើញផ្លូវកណ្តាលនេះចេញពីធម្មជាតិ ទើបទ្រង់នាំយកមកសម្ដែងប្រាប់ដល់សកលលោក ហេតុនោះ ផ្លូវកណ្តាលនេះទើបចាត់ជាសាធារណបញ្ញាដែលគ្មានបុគ្គលណាជាម្ចាស់ឬកាន់កាប់គ្រប់គ្រងផ្ដាច់មុខឡើយ ។

ធម្មចក្កប្បវត្តនសូត្រ បានដល់ ខ្សែរឿងស្តីពីការបង្វិលកង់ចក្រ គឺ ធម៌ ពោលគឺ ផ្លូវកណ្ដាល ដែលហៅថា មជ្ឈិមាបដិបទា នុះឯង ធម្មចក្ក ចាត់ជាអំណាចទន់ (Soft Power)សម្រាប់បង្រ្កាបអំណាចរឹង បើធម្មចក្រវិលទៅកាន់ទិសណា ទិសនោះក៏មានតែសុខសន្តិភាព ។

ចំណែកខាងកង់ចក្ររបស់ស្តេចចក្រពត្តិចាត់ជាអំណាចរឹង (Hard Power) នៅពេលវិលទៅកាន់ទីណា ទីនោះមានតែសេចក្តីក្តៅក្រហាយ ខូចខាត រងរបួស ដេកដួលស្លាប់ជាដើម

សព្វថ្ងៃនេះ ពិភពលោកកំពុងរងទុក្ខក្ដៅក្រហាយ និងកើតកោលាហលស្ទើរគ្រប់តំបន់នៃពិភពលោក ព្រោះតែផ្លូវជ្រុលនិយម ២ ខាងលើនោះឯង ហេតុនោះទើបជាពេលវេលាសមគួរដែលប្រជាជនទូទំាងសកលលោក ត្រូវក្រឡាស់ចិត្តប្រែគំនិត បែរមកពិនិត្យពិចារណាស្ថានភាពខ្លួនឯងនិងសកលលោកថាតើធ្លាក់ទៅក្នុងជ្រោះជម្រៅណាហើយ ត្រូវប្រញាប់ស្រវេស្រវានាំខ្លួនឯងមកកាន់តុល្យភាព នាំយកផ្លូវកណ្ដាលមកអនុវត្ត ប្រព្រឹត្ត បដិបត្តិឲគ្រប់ជ្រុងជ្រោយនៃសង្គម ទោះបីជាបញ្ហាសេដ្ឋកិច្ច នយោបាយ សង្គម ការសិក្សាអប់រំ និងបរិស្ថានក៏ដោយ ព្រោះការយកផ្លូវកណ្តាលមកអនុវត្តនេះចាត់ជាចម្លើយឬដំណោះស្រាយថ្មីសម្រាប់ផ្លូវរស់របស់ប្រជាជនលើពិភពលោកទំាងមូលនៅសម័យសកលភាវូបនីយកម្មនេះ៕

សហនិពន្ធដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។



ប្រភព ៖ Maha Ophat Thitayano

No comments:

Post a Comment