ភ្នំពេញ ៖ កាលពីថ្មីៗនេះ តំបន់ប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ ទើបត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងពិភាក្សា និងសិក្សាស្រាវជ្រាវបន្ថែម ដើម្បីដាក់បញ្ចូលទីក្រុងចំនួន៣ទៀត ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មន្ត្រីរដ្ឋាភិបាលបានអះអាងថា នេះជាបទពិសោធន៍ថ្មីមួយក្នុងការដាក់បញ្ចូលទីក្រុងរបស់ខ្មែរ ជាបេតិកភណ្ឌពិភពលោក។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កម្ពុជាកំពុងសិក្សា និងត្រូវការពេលវេលាបន្ថែមទៀតក្នុងការស្រាវជ្រាវ មុននឹងដាក់សំណើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលទីក្រុងចំនួន៣ ក្នុងខេត្ត៣ផ្សេងគ្នា រួមមានខេត្តបាត់ដំបង កំពត និងក្រចេះ ជាទីក្រុងបេតិកភណ្ឌពិភពលោក។
លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ បានថ្លែងប្រាប់ VOAថា កម្ពុជាមានបទពិសោធន៍ក្នុងការដាក់ប្រាសាទជាបេតិកភណ្ឌពិភពលោក ប៉ុន្តែមិនដែលមានបទពិសោធន៍ក្នុងការដាក់បញ្ចូលទីក្រុងនោះទេ។
លោកបន្តថា ការងារនេះត្រូវការការពិភាក្សាគ្នាច្រើនជាមួយក្រសួងពាក់ព័ន្ធ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកមានប្រសាសន៍ថា៖ «រឿងដាក់ទីក្រុងនេះ គឺជាមួយវែងឆ្ងាយ ត្រូវការពេលវេលា មិនមែនឆាប់ទេ ហើយវាថ្មីសម្រាប់ក្រសួងវប្បធម៌ ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការដាក់ទីក្រុង ទៅជាទីក្រុងបេតិកភណ្ឌទេ»។
លោក ប្រាក់ សុណ្ណារ៉ា បានបន្តថា កម្ពុជាក៏បានសិក្សាបទពិសោធន៍ពីប្រទេសឡាវ ដែលបានបញ្ចូលទីក្រុងហ្លួងព្រះបាងរបស់ខ្លួន ជាបេតិកភណ្ឌពិភពលោក។
លោកបានថ្លែងថា៖ «ហើយអញ្ចឹងទៅ ក៏គេបានប្រាប់យើងត្រង់ដែរ ថាវាមានបញ្ហាលំបាកដែរ ក្រោយពីចូលហ្នឹង។ វាជួបបញ្ហាច្រើនអីចឹង។ អញ្ចឹងបើសិនជាយើងចង់ដាក់ ឲ្យយើងសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់។ យើងសិក្សាផែនការគ្រប់គ្រង ធ្វើយ៉ាងម៉េចរបស់យើង ឲ្យបានច្បាស់លាស់»។
បើទោះជាពេលវេលានៅវែងឆ្ងាយ ក្នុងការដាក់សំណើផ្លូវការទៅអង្គការយូណេស្កូ មន្ត្រីក្រសួងវប្បធម៌រូបនោះ បានអះអាងថា រដ្ឋាភិបាលមានឯកសារខ្លះហើយសម្រាប់ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។
បើតាមលោក ប្រាក់ សុណ្ណារ៉ា ទីក្រុងនៅក្នុងខេត្តទាំង៣នោះ នៅសល់សំណង់ប្រវត្តិសាស្ត្រច្រើនគួរសម ដែលត្រូវអភិរក្ស ថែរក្សា ជួសជុល និងគ្រប់គ្រង។
កាលពីថ្ងៃទី៨ ខែកក្កដា អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តាមរយៈការដាក់បញ្ចូលនេះ អង្គការយូណេស្កូនឹងផ្ដល់ជំនួយហិរញ្ញវត្ថុក្នុងការជួសជុល ថែរក្សា អភិរក្សប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ការដាក់បញ្ចូលនេះ រំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅតំបន់ទាំងនោះ។
ក្នុងពិធីអបអរសាទរការបញ្ចូលប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលនឹងបន្តកិច្ចប្រឹងប្រែង ដើម្បីដាក់បញ្ចូលប្រាង្គប្រាសាទ និងសម្បត្តិវប្បធម៌ផ្សេងទៀត ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោកបានថ្លែងកាលនោះថា៖ «យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើជាបន្ត។ រឿងនេះមិនចប់ត្រឹមថ្ងៃនេះទេ។ យើងនៅមានប្រាសាទកោះកេរ យើងនៅមានប្រាសាទបន្ទាយឆ្មារ យើងនៅមានភ្នំគូលែន និងនៅមានកន្លែងដទៃទៀតដែលយើងត្រូវធ្វើ»។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានបញ្ចូលប្រាង្គប្រាសាទចំនួន៣ចូលជាបេតិកភណ្ឌពិភពលោក រួមមានប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។ សម្បត្តិវប្បធម៌មួយចំនួនទៀត ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ រួមមានរបាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ និងចាប៉ីដងវែងជាដើម។
អភិបាលរងខេត្តបាត់ដំបង លោក ងួន រតនៈ បានថ្លែងប្រាប់ VOAថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តរង់ចាំការបង្កើតក្រុមការងារអន្តរក្រសួង ដែលចូលរួមពិភាក្សា និងសិក្សាស្រាវជ្រាវសំណង់ប្រវត្តិសាស្ត្រ ដែលបន្សល់ទុក តាំងពីសម័យអាណានិគមនិយមបារាំង។ លោកបន្តថា កិច្ចការទាំងនេះត្រូវការពេលវេលាច្រើន ក្នុងការស្រាវជ្រាវ។
បើតាមលោក ងួន រតនៈ អគារសំណង់ផ្ទះប្រវត្តិសាស្ត្រក្នុងខេត្តបាត់ដំបង មានប្រមាណ៨០០ខ្នងផ្ទះ។ លោករំពឹងថា នៅពេលមានការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខេត្តបាត់ដំបង នឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។
លោកបានថ្លែងប្រាប់ VOA ថា៖ «គោលដៅទេសចរដែលមកបាត់ដំបង ច្រើនតែការងារទេសចរណ៍វប្បធម៌ធម្មជាតិ។ បាទអញ្ចឹងជាការលើកទឹកចិត្ត ជាការជំរុញវិស័យទេសចរណ៍មកតំបន់ហ្នឹងដែរ»។
រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបាត់ដំបង បានរឹតត្បិតចំពោះការជួសជុល និងរុះរើសំណង់ចាស់ៗ ដោយអាជ្ញាធរចង់រក្សារចនាបថដើម។
ប្រជាពលរដ្ឋដែលមានផ្ទះបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង លោក ព្រុំ យន់ អាយុ៥៧ឆ្នាំ ជាអ្នកលក់សម្ភារៈសិក្សា នៅផ្លូវលេខ២ ក្នុងសង្កាត់ស្វាយប៉ោ បានថ្លែងប្រាប់ VOA ថា អាជ្ញាធរបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យវាយធ្វើផ្ទះថ្មី ដោយចង់អភិរក្សរចនាបថចាស់។
លោកបន្តថា លោកពេញចិត្តចំពោះការអភិរក្សអគារបុរាណទាំងនោះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគាំទ្រអភិរក្ស ពីព្រោះខ្ញុំស្រឡាញ់ដែររបស់ពីដើម។ របស់ពីដើមវាស្អាតជាងឥឡូវ ជំនាន់បារាំង»។
លោកបន្តថា ភ្ញៀវទេសចរបរទេសបានមកលេងកម្សាន្តនៅខេត្តបាត់ដំបងជាបន្តបន្ទាប់ ហើយអ្នកខ្លះបានមករកស៊ីនៅក្នុងខេត្តមួយនេះផងដែរ។
ប្រជាពលរដ្ឋម្នាក់ទៀត លោក ជា សារិន អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះបុរាណមួយនៅក្នុងខេត្តបាត់ដំបង បានថ្លែងប្រាប់ VOA ថា លោកបានមករស់នៅផ្ទះនេះ តាំងពីឆ្នាំ១៩៨៤។ លោកបន្តថា រហូតមកដល់ពេលនេះ លោកបានដូរដំបូលអគារក្បឿង ដែលបន្សល់ទុកពីសម័យបុរាណ មកជាដំបូលស័ង្កសីវិញ។
លោកមានប្រសាសន៍បន្ថែមថា លោកបានឭថា រដ្ឋាភិបាលនឹងបញ្ចូលអគារទាំងនេះ ជាបេតិកភណ្ឌពិភពលោក។
លោកបានថ្លែងប្រាប់ VOA ថា៖ «ពូមិនជំទាស់ទេជាមួយរដ្ឋ។ រដ្ឋ គេដាក់ហើយ ទៅហើយ ធ្វើម៉េចបើរដ្ឋដាក់ហើយ។ កុំឲ្យតែដាក់តែមួយប្លុកមួយប្លុក ប្លុកខ្លះអត់ដាក់ អាហ្នឹងក៏ពិបាកដែរ»។
លោក ជា សារិន បានបញ្ជាក់ថា ការបញ្ចូលជាបេតិកភណ្ឌនេះ នឹងធ្វើឲ្យលោកអាចលក់ដូររបស់របរអនុស្សាវរីយមួយចំនួន នៅពេលមានភ្ញៀវទេសចរច្រើន។
លោកបានថ្លែងប្រាប់ VOA ថា៖ «ដំបូងមានអីទេ ព្រោះសំខាន់បំផុត យើងមិនសូវមានលុយ មានកាក់អញ្ចឹង។ យើងអត់មាន យើងដាក់អាវត្ថុអនុស្សាវរីយតិចតួច ទិញមក ដែលគេច្នៃប្រឌិត។ កូនខ្មែរយើងច្នៃប្រឌិត»៕
លោក ព្រុំ យន់ អាយុ៥៧ឆ្នាំ បានប្រើប្រាស់ផ្ទះបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង ជាកន្លែងសម្ភារៈសិក្សា នៅផ្លូវលេខ២ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ (ស៊ុន ណារិន/VOA) |
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment