ភ្នំពេញ៖ តុលាការក្រុងភ្នំពេញកាលពីម្សិលមិញបានបើកការជម្រះក្ដីលើបណ្ដឹងទី ១ ប្រឆាំងលោក គឹម សុខ អតីតអ្នកវិភាគនយោបាយក្នុងស្រុកដែលធ្លាប់មានឈ្មោះបោះសំឡេងតាមប្រព័ន្ធផ្សព្វផ្សាយនានា ហើយត្រូវបានប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែការវិនិច្ឆ័យទោសនៅមិនត្រូវបានប្រកាសភ្លាមបន្ទាប់ពីសវនាការនោះទេ។
ជនត្រូវចោទលោក គឹម សុខ ត្រូវគេសង្កេតឃើញថាបានអង្គុយយកក្រដាសបិទត្រចៀកទាំងពីរមិនស្តាប់សវនាការ ខណៈពេលដែលការជម្រះក្ដីកំពុងដំណើរការដ៏ក្តៅគគុកមួយមិនធ្លាប់មាន។
សវនាការបានប្រព្រឹត្តទៅជាង ១ ម៉ោងហើយត្រូវបានបញ្ចប់ដោយពន្យារពេលប្រកាសសាលក្រមរហូតដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧។
តាមការកំណត់តុលាការនឹងធ្វើការជំនុំជម្រះលើអង្គសេចក្តីនៅថ្ងៃទី ២៦ កក្កដា ម្សិលមិញពាក់ព័ន្ធនឹងការអះអាងរបស់លោក គឹម សុខ ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីខែកុម្ភៈ។
ប៉ុន្តែមុនពេលចូលដល់សវនាការលើអង្គសេចក្តីចៅក្រម គី ឫទ្ធី បានជំនុំជម្រះលើពាក្យសុំកោះហៅដើមបណ្តឹងគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកតតាំងក្នុងសវនាការ។
លោក គឹម សុខ បានលើកឡើងនូវមូលហេតុ ៣ យ៉ាងរួមមានដើម្បីឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ ប្រយោជន៍ក្នុងការបកស្រាយច្បាប់ និងដើម្បីកាត់សេចក្តីឲ្យមានយុត្តិធម៌។ ការស្នើសុំរបស់លោក គឹម សុខ ត្រូវបានបដិសេធដោយចៅក្រម គី ឫទ្ធី អះអាងថាពុំមានភាពចាំបាច់ដោយសារដើមបណ្តឹងមានមេធាវីតំណាងរួចហើយ។
នៅពេលចៅក្រមបដិសេធភ្លាមនោះលោក គឹម សុខ បានលើកដៃស្នើសុំមិនទទួលស្គាល់លោក គី ឫទ្ធី ជាចៅក្រមជម្រះរឿងក្តីលោកទេដោយលោកថ្លែងថា៖ «ខ្ញុំមិនទទួលស្គាល់លោក គី ឫទ្ធី ជាចៅក្រមជម្រះរឿងក្តីខ្ញុំជារៀងរហូត។ ខ្ញុំអាចចូលរួមបានប៉ុន្តែចៅក្រមត្រូវចេញសាលក្រមលើបណ្តឹងកោះហៅដើមបណ្តឹងសិន។ សូមអនុរក្សយកខ្ញុំទៅពន្ធនាគារវិញ»។
នៅពេលលោក គឹម សុខ ថ្លែងដូច្នេះលោកចៅក្រមហាក់ដូចជាយល់ព្រមតាមសំណើរបស់គាត់ដោយឲ្យក្រឡាបញ្ជីកត់ត្រាពាក្យសម្តីរបស់លោក គឹម សុខ ឲ្យបានច្បាស់។ តែលោកមេធាវី គី តិច និង ព្រះរាជអាជ្ញារលោក សៀង សុខ បានប្រាប់ទៅចៅក្រមថាការប្តឹងដិតចិត្ត (ការប្ដឹងប្ដូរចៅក្រម) នៅពេលនេះមិនអាចទៅរួចទេ។
លោក សៀង សុខ ថ្លែងថា៖ «សូមលោកចៅក្រមប្រើសិទ្ធិរបស់លោកចៅក្រមដើម្បីគ្រប់គ្រង់លើសកម្មភាពរបស់លោក គឹម សុខ។ ការប្តឹងដិតចិត្តពេលនេះមិនត្រឹមត្រូវទេ ពីព្រោះប្តឹងដិតចិត្តត្រូវធ្វើមុនសវនាការ»។ ចំណែកលោក គី តិច បានថ្លែងថា៖ «លោក គឹម សុខ បានឲ្យអនុរក្សពន្ធនាគារយកគាត់ទៅវិញនេះជាការបំពានលើអំណាចរបស់តុលាការ»។
ក្រោយពេលមានប្រតិកម្មពីមេធាវីដើមបណ្តឹង និង ព្រះរាជអាជ្ញាលោក គី ឫទ្ធី បានបដិសេធការប្តឹងសុំដូរចៅក្រមដោយសម្រេចបន្តនីតិវិធីជំនុំជម្រះ។ ប៉ុន្តែលោក គឹម សុខ បានថ្លែងថាលោកមិនចូលរួមទេ។ ពេលនោះលោក គី ឫទ្ធី បានឲ្យប៉ូលិសយកលោក គឹម សុខ ទៅបន្ទប់រង់ចាំ។ ក្រោយពេលលោក គឹម សុខ ត្រូវបាននាំទៅបន្ទប់រង់ចាំលោក ជូង ជូងី ដែលជាមេធាវីរបស់លោក គឹម សុខ ក៏បានសម្រេចចិត្តដើរចេញពីសវនាការផងដែរ។
ចៅក្រម គី ឫទ្ធី បម្រុងបន្តសវនាការដោយគ្មានជនចាប់ចោទ និងមេធាវីការពារ ប៉ុន្តែលោក សៀង សុខ និងលោក គី តិច បានបង្អាក់ដោយរំឭកថាជនជាប់ចោទត្រូវមានវត្តមាននៅក្នុងបន្ទប់សវនាការជាដាច់ខាត។
ចៅក្រមក៏បានឲ្យប៉ូលិសទៅនាំយកលោក គឹម សុខ មកអង្គុយក្នុងសវនាការ។ ប៉ុន្តែពេលត្រឡប់មកវិញលោក គឹម សុខ បានយកក្រដាសបិទត្រចៀករបស់លោកទាំង ២ ហើយអង្គុយក្នុងសវនាការដោយគ្មាននិយាយស្តីអ្វីទាំងអស់។
ខណៈចៅក្រម គី ឫទ្ធី បានឲ្យគេចាក់បទសម្ភាសរបស់លោក គឹម សុខ ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីដែលមានសម្តីដើមលោក គឹម សុខ ថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នខ្ញុំមើលមិនឃើញថាគាត់ធ្វើដើម្បីចង់បានបង្កើនប្រជាប្រិយភាពអ្វីទេ មែនទែនគាត់មិនបានត្រៀមខ្លួនទៅកាន់ការបោះឆ្នោតទេនិយាយឲ្យចំទៅគាត់ត្រៀមខ្លួនទៅបន្តប្លន់អំណាច គាត់មិនត្រៀមខ្លួនទៅកាន់ការបោះឆ្នោតទេ...អាច្បាប់ដែលគេធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយគឺជាកំពូលស្នាដៃផ្តាច់ការសាហាវជាងគេក្នុងអាណត្តិហ្នឹងណា បានន័យថាគេប្រើគ្រប់រូបភាពអស់ហើយក្រោយពីការបោះឆ្នោត ២០១៣ មានការតវ៉ារបស់ប្រជាពលរដ្ឋមានការបង្ក្រាបបាញ់សម្លាប់តទៅទៀតតែក្រោយមកប្រជាពលរដ្ឋនៅតែតវ៉ា តវ៉ាហើយគេប្រើរូបភាពផ្តាច់ការដូចជាយន្តហោះ ហោះពីលើអគារគណបក្សសង្គ្រោះជាតិចេញមកពីរូបភាពហ្នឹងមានរឿងផ្សេងៗ ការចាប់ដៃលោក សម រង្ស៊ី លោក កឹម សុខា អីហ្នឹងរូបភាពអស់ហ្នឹងដើម្បីជារូបភាពមួយក្នុងល្បិចកលផ្តាច់ការដើម្បីកម្ទេចគណបក្សសង្គ្រោះជាតិ ប៉ុន្តែធ្វើបែបអស់ហ្នឹងហើយសម្លាប់ហើយ អីហើយហ្នឹងទាំងចុងក្រោយសម្លាប់លោក កែម ឡី ទៀតហ្នឹង ប្រជាពលរដ្ឋនៅតែងើប អ៊ីចឹងហើយមានតែវិធីចុងក្រោយទេគឺវិធីច្បាប់...គោលដៅរបស់គេមិនមែនតែលោក សម រង្ស៊ី ទេ គោលដៅរបស់គេគឺកម្ទេចគណបក្សសង្គ្រោះជាតិ»។
លោក គី តិច បានថ្លែងសន្និដ្ឋានដោយស្នើឲ្យតុលាការដាក់ទោសលោក គឹម សុខ ឲ្យធ្ងន់បំផុតដោយលោកថ្លែងថាការនិយាយរបស់លោក គឹម សុខ ប៉ះពាល់ដល់ភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «សូមតុលាការដាក់ទោសលោក គឹម សុខ ធ្ងន់ធ្ងរបំផុត ហើយសុំឲ្យលោក គឹម សុខ សងសំណងដល់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សស្អាតស្អំ ចំនួន ២០០០ លានរៀល»។
ព្រះរាជអាជ្ញាលោក សៀង សុខ ថ្លែងថាលោក គឹម សុខ មានចេតនាបង្កចលាចលហើយស្នើឲ្យតុលាការសម្រេចតាមច្បាប់។
ចំណែកលោក គឹម សុខ បានដកក្រដាសពីត្រចៀករបស់គាត់ហើយនិយាយពេលប៉ូលិសនាំចេញថា៖ «សវនាការសិប្បនិម្មិតធ្វើតាមតែសម្តីគម្រក់របស់លោក ហ៊ុន សែន»។
លោក គឹម សុខ នៅមានបណ្តឹងមួយទៀតដែលរដ្ឋាភិបាលបានប្តឹងដែលបណ្តឹងទី ២ នេះកើតចេញពីការបកស្រាយរបស់លោកលើទៅលើបណ្តឹងទី ១ ហើយបណ្តឹងទី ២ នេះលោក គី តិច ប្តឹងទាមទារសំណង ១០ លានរៀល៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment