លះបង់ដើម្បីរក្សា តើព្រះសម្មាសម្ពុទ្ធបានបង្រៀងអ្វីខ្លះទាក់ទងរឿងលះបង់ដើម្បីរក្សា? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លះបង់ដើម្បីរក្សា តើព្រះសម្មាសម្ពុទ្ធបានបង្រៀងអ្វីខ្លះទាក់ទងរឿងលះបង់ដើម្បីរក្សា?

លះបង់ដើម្បីរក្សា តើព្រះសម្មាសម្ពុទ្ធបានបង្រៀងអ្វីខ្លះទាក់ទងរឿងលះបង់ដើម្បីរក្សា?

Share This

ចជេ ធនំ អង្គវរស្ស ហេតុ, អង្គំ ចជេ ជីវិតំ រក្ខមានោ,
អង្គំ ធនំ ជីវិតញ្ចាបិ សព្វំ ចជេ នរោ ធម្មមនុស្សរន្តោ។

គប្បីលះបង់ទ្រព្យដើម្បីរក្សាទុកអវយវៈ គប្បីលះបង់អវយវៈដើម្បីរក្សាទុកជីវិត ប៉ុន្តែបើតាំងចិត្តរក្សាធម៌(រក្សាយុត្តិធម៌) គប្បីលះបង់សព្វយ៉ាងទាំងទ្រព្យ អវយវៈ និងជីវិត ។

តាំងពីដើមពីដែកមក បណ្ឌិតបានចាត់ចំណាត់ថ្នាក់សារៈសំខាន់របស់វត្ថុមានតម្លៃក្នុងលោកដូចតទៅនេះ ៖ ធម៌(យុត្តិធម៌) ជាប់ចំណាត់ថ្នាក់លេខ ១ ចំណាត់ថ្នាក់លេខ ២ បានដល់ ជីវិត ចំណាត់ថ្នាក់លេខ ៣ បានដល់ អវយវៈ ចំណាត់ថ្នាក់លេខ ៤ បានដល់ ទ្រព្យ​តរៀងលំដាប់ទៅជារឿយៗ ។ 

ធម៌ នៅទីនេះសំដៅដល់ សេចក្តីស្មោះត្រង់ ទំនួលខុសត្រូវ សុចរិត បុណ្យកុសល ភាពត្រឹមត្រូវ យុត្តិធម៌ រហូតដល់និយាម ឬកតិកាផ្សេងៗរបស់សង្គម ដែលមនុស្សលើកតម្កើងថាខ្ពង់ខ្ពស់បំផុត ពីព្រោះថាធម៌ជាសភាពទ្រទ្រង់នូវសារពើវត្ថុក្នុងលោក ធ្វើឲ្យពិភពលោកមានសុខសន្តិភាព គួរឲ្យសត្វចុះ មកចាប់កំណើត គួរឲ្យរស់នៅអាស្រ័យនិងគួរឲ្យសាងបុណ្យបារមីរហូតដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ ថា កិច្ឆោ មនុស្សបដិលាភោ ការបានអត្តភាពជាមនុស្សជាការបានដោយកម្រ ធ្វើឲ្យមនុស្សជាតិ យោគយល់គ្នាទៅវិញទៅមក ពិភពលោកនេះបើខ្វះខាតអ្វីផ្សេងបាន ប៉ុន្តែបើខ្វះខាតធម៌ទេ ហេតុការណ៍ ដែលកើតឡើងក្នុងលោក គឺ អំពើហិង្សា សឹកសង្គ្រាម មិច្ឆាជីវកម្ម វាទប្បដិវាទ កលហពិរោធជាដើម កាលបើហេតុការណ៍ទាំងអស់នេះកើតឡើង ជីវិតក្តី អវយវៈក្តី ទ្រព្យសម្បត្តិក្តីមិនអាចជួយការពាររារាំង ហាយនភាពទាំងពួងបានឡើយ ។ 

លុះដល់ពេលដែលត្រូវខូចបង់វត្ថុមានតម្លៃទាំងនេះទៅដើម្បីដូរយកវត្ថុដែលមានតម្លៃជាង ព្រះបោរាណាចារ្យ បានណែនាំថា បើត្រូវការថែរក្សាអវយវៈគ្រប់វោការនៅនឹងសារពាង្គកាយនេះ មនុស្សត្រូវតែហ៊ានលះបង់ ទ្រព្យ ដូចជា ដៃរលាត់ស្បែកត្រូវយកលុយទៅទិញថ្នាំមកព្យាបាលជាដើម បើត្រូវការថែរក្សាជីវិត ត្រូវតែហ៊ានលះបង់អវយវៈវោការខ្លះ​ ដូចជា ដែរបួសខ្លាំងត្រូវតែកាត់ចោល ជាដើម ប៉ុន្តែបើត្រូវការរក្សាធម៌ មនុស្សត្រូវហ៊ានលះបង់សព្វសារពើដើម្បីថែរក្សាបេតិកភណ្ឌពិភពលោក គឺ ធម៌ ព្រះបោរាណចារ្យ បានប្រកាន់ខ្ជាប់ចំពោះគតិនេះតាំងពីណាពីណីមកម្លេះ ពិភពលោកនេះទើបនៅតែជាពិភពលោកគួរឲ្យរស់ នៅអាស្រ័យ និង សាងបុណ្យបារមីតរៀងមក សុខសន្តិភាពក្នុងលោកនៅមានខ្លះដែរ ។ 

ប៉ុន្តែបើយុគសម័យណា មនុស្សមើលឃើញទាសផ្តាសប្លែកពីនេះ គឺមើលឃើញទ្រព្យសំខាន់ជាងធម៌ទេ យុគសម័យនោះ មនុស្សក៏នាំគ្នាបោះបង់ធម៌ចោល មិននឹកនាដល់ភាពត្រឹមត្រូវ ឬ អំពើល្អក្នុងសង្គម ឬ មើលរំលងនិយាម កតិកា និង សណ្តាប់ធ្នាប់ផ្សេងៗនៅក្នុងសង្គម ផ្ទុយទៅវិញក៏នាំគ្នាលើកតម្កើងទ្រព្យថាជា ក្រិតក្រមកំណត់សង្គម ព្រោះទ្រព្យអាចបណ្តាលឲ្យកើតអ្វីៗក៏បាន ជួលខ្មោចឲ្យកិនម្សៅក៏បាន (សើចមួយ សិន) កាលបើមើលឃើញយ៉ាងនេះ មនុស្សក៏ស្រវាស្រទេញស្វែងរកទ្រព្យស្ទើរស្លាប់ស្ទើររស់ សុខចិត្តធ្វើ អ្វីៗសព្វយ៉ាងដើម្បីបានមកនូវទ្រព្យ ទោះបីជាត្រូវបំផ្លាញពិភពលោកនេះចោល ត្រូវបំផ្លិចបំផ្លាញជីវបរិដ្ឋាន ឬ អជីវបរិដ្ឋានដែលជាជម្រករស់នៅក៏ដោយ ក៏ត្រូវតែធ្វើដែរដើម្បីដូរយកទ្រព្យ ឬ សូម្បីតែសាច់សាលោហិត ញាតិសន្តាន មិត្ររួមជាតិ ឬសហជីវិនណាក៏ដោយក៏ត្រូវតែបៀតបៀន ស៊ីឡឹបកឹបកេងប្រវ័ញ្ចដែរ ពិភពលោកទើបឡើងកម្តៅក្តៅរហេងរហាងជារឿយៗមក Global warming ពិភពផែនដីឡើងកម្តៅ ព្រោះហេតុអ្វី? ឆ្លើយថា ព្រោះខាតធម៌ហ្នឹងឯង ។ 

មនុស្សយើងនឹងមើលឃើញធម៌មានសារៈសំខាន់ទាល់តែខ្លួនបានទទួលភាពអយុត្តិធម៌ ត្រូវគេអុកឡុកឆាឆៅ ឬ ត្រូវគេពាធាយាយីឬបានទទួលទុក្ខក្តៅក្រហាយយ៉ាងណានីមួយ ប្រៀបដូចជាមនុស្សជាទូទៅនឹងមើល ឃើញសារៈសំខាន់របស់ថ្នាំពេទ្យ និង គ្រូពេទ្យនៅពេលដែលខ្លួនមានជម្ងឺហ្នឹងឯង លើពិភពលោកយើងនេះ គ្រាន់នៅមានសេចក្តីស្ងប់ សុខសាន្តត្រាណបានសព្វថ្ងៃនេះ ក៏ព្រោះតែនៅមានមនុស្សដែលមើលឃើញធម៌ ជារឿងសំខាន់ ហើយនាំគ្នាថែរក្សាធម៌មកជារឿយៗ ដោយសុខចិត្តលះបង់សព្វសារពើ សូម្បីតែជីវិតក៏ដើម្បី ថែរក្សាធម៌មិនឲ្យបាត់បង់ កាលបើធម៌នៅមាន ពិភពលោកនៅតែជាជម្រកគួរឲ្យរស់នៅនិងសាងអំពើល្អបាន មនុស្សសត្វក៏រស់នៅបានយ៉ាងសុខសាន្ត ដូច្នេះលោក និង ធម៌ត្រូវតែជាគូគ្រងគ្នាតរៀងទៅ ។ សមដូចពុទ្ធវចនៈដែលបានលើកមកខាងថា ៖

ចជេ ធនំ អង្គវរស្ស ហេតុ, អង្គំ ចជេ ជីវិតំ រក្ខមានោ,
អង្គំ ធនំ ជីវិតញ្ចាបិ សព្វំ ចជេ នរោ ធម្មមនុស្សរន្តោ។

គប្បីលះបង់ទ្រព្យដើម្បីរក្សាទុកអវយវៈ គប្បីលះបង់អវយវៈដើម្បីរក្សាទុកជីវិត ប៉ុន្តែបើតាំងចិត្តរក្សាធម៌(រក្សាយុត្តិធម៌) គប្បីលះបង់សព្វយ៉ាងទាំងទ្រព្យ អវយវៈ និងជីវិត ៕ 






សច្ចវាទី វីរបណ្ឌិត កែម ឡី - Speaker of the truth VīraDr. Kem Ly

ប្រភពអត្ថបទ ៖​ khmerbuddhism

No comments:

Post a Comment