ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង ។ ចិត្តមនុស្សយើង មានការស្រឡាញ់ច្រើនជាងស្អប់អាចនិយាយបានថា ការស្រឡាញ់នោះកើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខនៅមិនទាន់បាននិយាយគ្នាផង ចិត្តក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ ។
ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក អ៊ីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមកដូចជាការទៅស្រឡាញ់គេទាំងដែលគេមិនចូលចិត្តខ្លួនឯងម្ល៉ោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។ ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេច ឬត្រូវលំបាកក្នុងការដោះស្រាយ ដោយប្រការផ្សេងៗ ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗថានឹងបានជជែកគ្នា ដើម្បីបន្ថយការនឹក.. ម្ខាងទៀតគេថាគេរវល់ណាស់ មិនទំនេរឡើយ មានការធ្វើយ៉ាងនេះយ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលនូវទូរស័ព្ទផង ។ ខំសរសេរសំបុត្រទៅរកគេ រៀបរាប់ពីទឹកចិត្តស្រឡាញ់ចិត្តនឹក.. ក៏ឥតប្រយោជន៍ប្រៀបដូចតែទូរស័ព្ទដែរ ។
អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង ត្រូវខូចចិត្តផង ខកចិត្តផង.. មានអាការដូចត្រូវគេចាប់ជើងទាំងពីគួបគ្នាឡើងលើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់ ។ បុគ្គលដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈឡើងទើបបានមិនខូចខ្លួនរហូតរើខ្លួនមិនរួចនោះ ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ វាទុក្ខស្រេចទៅហើយ ដូច្នេះត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងតទៅទៀត គឺកុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ ។
ព្យាយាមធ្វើខ្លួនឲ្យបានល្អ ធ្វើឲ្យគេឃើញថាខ្លួនក៏មាននូវគុណតម្លៃដែរ ។ សេចក្តីល្អអាចឈ្នះចិត្តរបស់គេបានក្នុងថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗនោះ ក៏ត្រូវគិតថា មិនមែនជាគូនឹងគ្នាអ៊ីចឹងទៅ មានចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះធ្វើអ្វី គួរតែស្រឡាញ់អ្នកណាដែលគេស្រឡាញ់យើងដែរ វាល្អជាង ។
ការរាប់អាននិងចូលកាន់សាសនា គឺនៅលើជំនឿ ឯចំណែករឿងស្នេហាស្រីប្រុសយកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ ទាំងពីរផ្នែកនេះគឺមិនអាចបង្ខំបានឡើយ ៕
អត្ថបទពិចារណា ដោយ Lokbong Vostro Dell
No comments:
Post a Comment