ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ទៅ​ចិន​ខណៈ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ថ្មី​គ្រោង​បញ្ជូន​ទៅ​វាំង - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ទៅ​ចិន​ខណៈ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ថ្មី​គ្រោង​បញ្ជូន​ទៅ​វាំង

ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ទៅ​ចិន​ខណៈ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ថ្មី​គ្រោង​បញ្ជូន​ទៅ​វាំង

Share This

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ នរោត្តម មុនីនាថ សីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​នៅ​ពេល​នេះ អាច​មាន​ហេតុផល​នយោបាយ ច្រើន​ជាង​ការ​ពិនិត្យ​ព្រះរាជ​សុខភាព។

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ សព្វ​ព្រះរាជ​ហឫទ័យ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ក្រៅ​ប្រទេស ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស ជុំវិញ​រឿង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​ទើប​អនុម័ត និង​ពិនិត្យ​ចប់​សព្វគ្រប់​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ការ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ អាច​ដោយសារ​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ និង​មិន​ចង់​ឡាយ​ព្រះហស្តលេខា​ដាក់​ឲ្យ​ប្រើ​ច្បាប់​ថ្មី ដែល​មជ្ឈដ្ឋាន​នានា​ចាត់​ទុក​ថា​ជា​ច្បាប់​មិន​បម្រើ​ផល​ប្រយោជន៍​ជាតិ តែ​បម្រើ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច។

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង យល់​ឃើញ​ថា ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ អាច​ដោយសារ​ទ្រង់​ស្មុគស្មាញ​ក្នុង​ព្រះ​ហឫទ័យ​ជុំវិញ​ការ​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ថ្មី ដែល​គ្រោង​នឹង​បញ្ជូន​មក​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៖ «ខ្ញុំ​ថា​មិន​មែន​រឿង​សុខភាព លោក​ឈឺ​អី​ញយៗ​ម៉្លេះ! សូម​ជម្រាប​ជូន​បង​ប្អូន​ថា ព្រះបាទ សីហមុនី មិន​ងាយ​ឈឺ​ទេ។ លោក​សោយ​ប្រយ័ត្នប្រយែង​ណាស់។ លោក​កាន់​សីល​ទៅ​ទៀត។ អត់​ទេ! មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ និយាយ​ឲ្យ​ខ្លី​ទៅ ខ្ញុំ​មើល​ឃើញ​ថា លោក​មិន​ចង់​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ថ្មី​ហ្នឹង។ ប្រហែល​ជា​ស្មុគស្មាញ​ពេក ទើប​ព្រះអង្គ​យាង​ចេញ​ទៅ ទុក​ឲ្យ​លោក សាយ ឈុំ ចុះ​ហត្ថលេខា​វិញ»។


ចំណែក​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី វិញ​គិត​ថា ការ​យាង​ចេញ​ទៅ​ប្រទេស​ចិន របស់​អង្គ​ព្រះមហាក្សត្រ​នៅ​គ្រា​នេះ អាច​ដោយសារ​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ ច្រើន​ជាង​ការ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព។ លោក​សង្កេត​ឃើញ​ថា នេះ​អាច​ជា​ទម្លាប់​របស់​ព្រះមហាក្សត្រ ព្រោះ​សូម្បី​តែ​បិតា​របស់​ទ្រង់ គឺ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ក៏​ព្រះអង្គ​តែង​យាង​ចេញ​ទៅ​បរទេស​ដែរ នៅ​ពេល​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ​ចំពោះ​រាជកិច្ច​ណា​ដែល​ទ្រង់​ព្រះ​តម្រិះ​ថា ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ៖ «នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រព័ន្ធ​តុលាការ​មិន​មាន​ឯករាជ្យ ច្បាប់​ហ្នឹង​អាច​នឹង​នាំ​ទៅ​រក​ការ​បាក់​បែក ឬ​ឈាន​ទៅ​ដល់​ការ​បាត់បង់​ការ​ឯកភាព​ជាតិ​ទៅ​ថ្ងៃ​ខាង​មុខ។ បើ​សិន​ជា​ច្បាប់​នេះ​ប៉ះពាល់​ដល់​ឯកភាព​ជាតិ​មែន ហើយ​ព្រះអង្គ​មិន​ឡាយ​ព្រះហស្តលេខា នោះ​មាន​ន័យ​ថា ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​របស់​ទ្រង់​ហើយ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ំ ដារ៉ាវុធ បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ដំណើរ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​អង្គ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​នៅ​ប្រទេស​ចិន នា​ពេល​នេះ។

កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា កន្លង​ទៅ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​កុំ​ឲ្យ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ទើប​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ប្រជុំ​អនុម័ត និង​ពិនិត្យ​ចប់​សព្វគ្រប់​កាល​ពី​ពេល​ថ្មីៗ​នេះ។


គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ ថា​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធ្វើ​ឲ្យ​ជាតិ​បែកបាក់ ព្រម​ទាំង​មាន​ចរិត​នយោបាយ​គាប​សង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​មិន​សេរី និង​មិន​យុត្តិធម៌ ហើយ​ជាពិសេស​វា​ដើរ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ទៀត​ផង ដែល​ព្រះអង្គ​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ។

ការ​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​តានតឹង​នេះ បាន​កើត​ឡើង​ម្តង​រួច​មក​ហើយ​កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ។

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​លើក​ទី​មួយ ដែល​ចែង​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា​ជា​ច្បាប់​សំដៅ​រឹត​បន្តឹង​គណបក្ស​ប្រឆាំង និង​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ក៏ប៉ុន្តែ​វា​ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ឯកភាព​លើ​ខ្លឹមសារ​ទាំងស្រុង​ដោយ​គ្មាន​ការ​កែប្រែ។ តាម​គម្រោង​នៅ​ពេល​នោះ ច្បាប់​នេះ​នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា ក៏ប៉ុន្តែ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ បាន​យាង​ចេញ​ទៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ដដែល​នោះ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​ក្នុង​នាម​លោក​ជា​ប្រមុខ​រដ្ឋ​ស្តីទី ជំនួស​ព្រះមហាក្សត្រ​ពេល​ទ្រង់​អវត្តមាន។

បច្ចុប្បន្ន​នេះ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ ដែល​រារាំង​ទណ្ឌិត​មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សាធម្មនុញ្ញ។


អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​កំពុង​រង់ចាំ​ការ​ពិនិត្យ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ រួច​នឹង​បញ្ជូន​ទៅ​ស្ថាប័ន​ព្រះមហាក្សត្រ​ភ្លាមៗ​តែ​ម្តង ដោយសារ​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ជា​ការ​ប្រញាប់។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ​បញ្ជាក់​ថា ទោះ​បី​ជា​មិន​មាន​វត្តមាន​របស់​ព្រះមហាក្សត្រ​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែរ បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស្តីទី គឺ​លោក សាយ ឈុំ ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ៕


ប្រភព ៖​ វិទ្យុអាស៊ីសេរី

No comments:

Post a Comment