បន្ទាប់ពីការទម្លាយឲ្យដឹងពីមន្ត្រីច្រកចាំយាម អំពីការបើកច្រកសម្ងាត់របស់ឧកញ៉ា លី យុងផាត់ នៅចំណុចរមណីយដ្ឋានកោះកុង រួមទាំងកាស៊ីណូ និង សណ្ឋាគាររបស់លោកឧកញ៉ាចម្ងាយប្រមាណ៥០០ម៉ែត្រពីព្រំដែនកម្ពុជាថ្ងៃនោះ ប្រជាពលរដ្ឋបានធ្វើការរិះគន់បន្ថែមទៅលើភាពមិនប្រក្រតីនៃការលួចបើកច្រកសម្ងាត់មួយនេះ ។
ប្រជាពលរដ្ឋបានលើកឡើងថា ច្រកសម្ងាត់មួយនេះ គឺបើករាប់ទសវត្សមកហើយ ហើយជាច្រកដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច ឬអាជ្ញាធរ រាជរដ្ឋាភិបាលនោះឡើយ ហើយច្រកមួយនេះប្រើប្រាស់មិនស្របច្បាប់និងសម្រាប់តែបំរើផលប្រយោជន៍ក្រុមហ៊ុនតែប៉ុណ្ណោះ។
ប្រភពនោះបានបញ្ជាក់ថា ចាប់តាំងពីបង្កើតច្រកសម្ងាត់នោះមកជនបរទេសដែលចូលមកសម្រាកក្នុងសណ្ឋាគារនិងចូលមកលេងនៅកាស៊ីណូរបស់លោកឧកញ៉ា លី យុងផាត់ គឺមិនត្រូវឲ្យមានការត្រួតពិនិត្យពីស្ថាប័ននគរបាលអន្តោប្រវេសន៍ឬមន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ។
ទន្ទឹមនោះមុខទំនិញគេចពន្ធ សំខាន់រថយន្តទំនើបៗ ត្រូវបានគេនាំចូលតាមច្រកនេះជាបន្តបន្ទាប់តាមរយះកូនអ្នកធំ ហើយគ្រាន់តែបង់លុយឲ្យក្រុមហ៊ុន លី យុងផាត់ តាមការព្រមព្រៀង ឬការឃុបឃិតតាមរូបភាពផ្សេងទៀត ។ របៀបនៃការនាំរថយន្តទំនើបគេចពន្ធចូលមកស្រុកខ្មែរបានគឺមុនដំបូងគេធ្វើជាអ្នកចូលមកលេងក្នុងកាស៊ីណូ ដោយជិះរថយន្តចូលពីប្រទេសថៃតាមច្រកសម្ងាត់នោះ ។ បន្ទាប់មកគេយកលេខរថយន្តស្រុកខ្មែរចាប់លើរថយន្តគេចពន្ធទាំងនោះ ហើយចូលមកស្រុកខ្មែរតែម្តង ។ ករណីនេះកើតមានញឹកញ៉ាប់ដោយក្នុងមួយខែៗ គេនាំចូលប្រមាណពី១០ទៅ១៥គ្រឿងឯណោះ ។
មន្ត្រីថ្នាក់ដឹកនាំច្រកទ្វារអន្តរជាតិចាំយាមដែលស្ថិតនៅក្បែរច្រកសម្ងាត់ខាងលើនេះបានបង្ហើបប្រាប់ថា ច្រកលោកឧកញ៉ា លី យុងផាត់ នេះពុំមានមន្ត្រីរាជរដ្ឋាភិបាលណាម្នាក់ហ៊ានចូលត្រួតពិនិត្យនោះទេ សូម្បីតែធ្វើជាដឹងឮក៏មិនហ៊ានដែរ ។ ប៉ុន្តែប្រសិនបើមានមន្ត្រីណាម្នាក់ហ៊ានបង្ហើបប្រាប់អ្នកសារព័ត៌មាន អំពីច្រកសម្ងាត់នេះ ប្រាកដណាស់ពួកគេត្រូវប្រឈមមុខនឹងការដកចេញពីតំណែងមិនខាន ។
មន្ត្រីរូបនោះអះអាងថា សូម្បីតែសណ្ឋាគារមួយរបស់លោកឧកញ៉ា លី យុងផាត់ ដែលគេដឹងថា មានបន្ទប់ប្រមាណ៥០០បន្ទប់ ហើយបច្ចុប្បបានជួលផ្តាច់មុខឲ្យជនជាតិចិនមួយក្រុមដែលគេសង្ស័យថា ជាក្រុមមនុស្សមិនសូវល្អនោះក៏មន្ត្រីជំនាញមិនហ៊ានទាំងធ្វើដឹងធ្វើឮផង ។ គាត់បញ្ជាក់ថា តំបន់នោះហាក់ស្ថិតនៅដាច់ដោយឡែកពីការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ។ ប៉ុន្តែគេមិនហ៊ាននិយាយថា ជាតំបន់អប្បគមន៍នោះឡើយ ។
ភ្នំពេញថ្មី ព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកឧកញ៉ា ឬក៏តំណាងក្រុមហ៊ុនផងដែរ ប៉ុន្តែមិនទាន់អាចសុំការបំភ្លឺបាននៅឡើយ ។ យ៉ាងណាក៏ដោយ យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលបានដកស្រង់សំដីរបស់តំណាងក្រុមហ៊ុនម្នាក់ ដែលបានអះអាងថា ព័ត៌មានដែលគេទទួលបាននោះមិនពិតឡើយ ។
តាមភ្នំពេញប៉ុស្តិ៍ ដកស្រង់សំដីរបស់កូនប្រុសប្រសាររបស់លោក លី យ៉ុងផាត់ លោក សេង ញាក់ (Seng Nhak) ដែលបានថ្លែងថានរណាក៏ដោយដែលបានប្រើផ្លូវនោះដើម្បីចូលទៅប្រទេសថៃនៅតែត្រូវតម្រូវឲ្យមានប័ណ្ណឆ្លងកាត់ជាមុនសិនតាមរយៈការត្រួតពិនិត្យអន្តោប្រវេសន៍នៅប៉ុស្តិ៍ផ្លូវការ។
លោក ញាក់ (Nhak) បានថ្លែងតាមអ៊ីមែលថា៖ «អ្នកអាចមានផ្លូវជាច្រើនទៅប៉ុស្តិ៍ព្រំដែន ប៉ុន្តែមានការិយាល័យចេញចូលតែមួយដែលអ្នករាល់គ្នាត្រូវឆ្លងកាត់»។ លោកបានពន្យល់ថា លោកបានបញ្ជាក់ជាមួយរមណីយដ្ឋានកោះកុងថាអ្នកធ្វើដំណើរទាំងអស់ដែលប្រើប្រាស់ផ្លូវនេះក៏ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យផងដែរ ៕
អត្ថបទ៖ ភ្នំពេញថ្មី
Credit : Angrut
No comments:
Post a Comment