រូបភាពក្មេងស្រីខ្យូតក្នុងផែនទីខេត្តកំពង់ស្ពឺនេះ គ្រាន់តែជារូបភាពប្រកបព័ត៌មាន ប៉ុណ្ណោះ ! |
មេភូមិព្រៃតាមួច ឃុំស្នំក្រពើ លោក ឆឹង ផាន់ បញ្ជាក់ថា ករណីបាត់ក្មេងស្រីដែលសង្ស័យថា ជាការចាប់ពង្រត់ អាជ្ញាធរ និងគ្រួសារកំពុងស្វែងរកនោះ គឺកុមារីឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី អាយុ ៩ឆ្នាំ៖ «ពេលព្រឹកម៉ោងប្រហែលជា ៧ ឬ ៧ជាងហ្នឹង តាមព័ត៌មានថា មាននារីម្នាក់បិទម៉ាសមុខ ហើយចូលទៅរកកូនហ្នឹងឈ្មោះ ម៉ុក ច័ន្ទស្មី។ ពេលសួររកឈ្មោះ ម៉ុក ច័ន្ទរស្មី ក្មេងៗ សិស្សសាលាដូចគ្នាថា វាស្គាល់។ អ៊ីចឹងវាឲ្យទៅហៅ។ ពេលទៅហៅ ក្មេងហ្នឹងហាក់ដូចស្គាល់ស្ត្រីហ្នឹងដែរ ហើយក៏ដើរតាមទៅ វាក៏អត់ចាប់អារម្មណ៍ដែរ តែថា មានឡានមួយនៅខាងមុខឯណេះចាំ ហើយគេឃើញឡើងឡានហ្នឹងទៅ ថាឡានបាឡែន»។
លោកបញ្ជាក់បន្ថែមថា កុមារី ម៉ុក ច័ន្ទរស្មី ហៅ ម៉ី ជាសិស្សនៅសាលាបឋមសិក្សា អង្គលំទង ក្នុងឃុំស្នំក្រពើ ជិះកង់ទៅរៀនចម្ងាយប្រហែល ២គីឡូពីផ្ទះ។
ម្ដាយរបស់កុមារីបាត់ខ្លួន គឺលោកស្រី ភី សោភា មានប្រសាសន៍ថា ក្រុមគ្រួសារកំពុងស្វែងរកកុមារីនោះ នៅឯខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រោះអ្នកដែលយកកុមារីទៅនោះ ត្រូវបានសិស្សសាលាផ្ដល់ភិនភាគដូចសាច់ញាតិម្នាក់ខាងប្ដីរបស់លោកស្រី៖ «បងប្អូនខាងប្ដីខ្ញុំនៅឯជើង ហៅកូនខ្ញុំថា ម៉ីៗ។ គ្រាន់តែសង្ស័យ មិនទាន់ចោទគេទេ ហើយហៅកូនខ្ញុំ ម៉ីៗ ទៀត ហើយធ្លាប់មកលេងផ្ទះខ្ញុំបីថ្ងៃមុន។ កូនសិស្សដែលទៅហៅកូនខ្ញុំហ្នឹងថា ឃើញម្នាក់ហ្នឹងរាងធាត់ មានសាច់ ហើយប្រើកូនសិស្សហ្នឹងឲ្យទៅហៅ ម៉ីៗ មកជួបគាត់។ គ្រួគាត់ថា គាត់ទៅបង្រៀនម៉ោង ៨ហើយ គាត់អត់ដឹងថា រស្មី ទៅរៀន ឬអត់ទេ ព្រោះអីអត់ឃើញ រស្មី ចូលរៀន។ អ៊ីចឹងសង្ស័យថា គេនាំកូនទៅហ្នឹង ម៉ោង ៧កន្លះ ជិត ៨ហើយ សង្ស័យអ៊ីចឹង»។
លោកស្រីបញ្ជាក់ថា កុមារី ម៉ុក ច័ន្ទរស្មី ហៅ ម៉ី ជិះកង់ទៅរៀននៅសាលាបឋមសិក្សា វត្តអង្គលំទង តាំងពីព្រឹក មុនពេលដែលលោកស្រីចេញទៅធ្វើការនៅរោងចក្រ ហើយបាត់ដំណឹងសូន្យ។
តារបស់កុមារី ច័ន្ទរស្មី លោក អ៊ួង ស៊ុយ ដែលតាមរកកុមារីរហូតដល់យប់ថ្ងៃទី២០ កក្កដា ចាប់អារម្មណ៍សម្ដីសាក្សី ដែលប្រាប់ថា អ្នកនាំកុមារីទៅនោះជាអ៊ំ៖ «ចំណុចដែលសង្ស័យ គឺសង្ស័យថា ក្មេងប៉ុណ្ណឹង បើសិនជាវាអត់ស្គាល់ វាអត់ឡើងឡានជាមួយទេ។ តាមក្មេងៗ នៅសាលារៀនជជែក វាឃាត់ថា ឯងទៅណា? វាថា ទៅជាមួយអ៊ំ ហើយថា ហៅមក នាំទៅជួបម៉ែវាធ្វើការនៅរោងចក្រ»។
ទាក់ទងបញ្ហានេះ មេឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក ពៅ ស៊ីណាត ថ្លែងថា ខាងលោកបានប្ដឹងទៅក្រសួងមហាផ្ទៃហើយ៖ «យើងមានលេខក្រសួងមហាផ្ទៃ ដែលគាត់បានឲ្យពីរខ្សែតាមហ្វេសប៊ុកហ្នឹង យើងតេទៅរាយការណ៍ជូនទៅមហាផ្ទៃទៅ។ គ្រាន់តែបានប៉ុណ្ណឹង។ ករណីដែលវាធ្វើហ្នឹង នារីហ្នឹងស្លៀកខោខ្មៅអាវខៀវ ហើយពាក់ស្រោមដៃ។ អាហ្នឹងតាមព័ត៌មានថា វាមិនទាន់ច្បាស់ដែរ តែគ្រាន់តែភូមិរាយការណ៍ឲ្យខ្ញុំមួយជំហាន គឺករណីហ្នឹងវាអ៊ីចឹង»។
ករណីបាត់ក្មេង និងសិស្សសាលានេះ គឺមានរយៈពេលពីរថ្ងៃបន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសលេខទូរស័ព្ទរបស់ក្រសួងមហាផ្ទៃ ២ខ្សែសម្រាប់ផ្ដល់ព័ត៌មានបន្ទាន់ ទាក់ទងនឹងការចាប់សិស្សសាលា។ លេខទូរស័ព្ទបន្ទាន់ ២ខ្សែនោះ គឺ ០៣១ ២០ ១២៣៤៥ និងលេខ ០៣១ ៦០ ១២៣៤៥៕
ប្រភព ៖ វិទ្យអាស៊ីសេរី
No comments:
Post a Comment