អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងជួយសង្គ្រោះស្ត្រីកូនខ្ចីម្នាក់ឲ្យរួចផុតពីគ្រោះទឹកជំនន់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧។ រូបថតអាជ្ញាធរស្រុកជាំក្សាន្ត |
អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឲ្យដឹងថា ពលរដ្ឋ ២នាក់នៅឃុំទឹកក្រហម និងឃុំកន្ទួត បានស្លាប់ដោយសារលង់ទឹកកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា។
អភិបាលស្រុកជាំក្សាន្ត គឺលោក ជា គឹមសេង។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ថា រហូតមកដល់ល្ងាចថ្ងៃនេះ ទឹកជំនន់ដោយសារភ្លៀងខ្លាំងដែលហូរចុះពីជួរភ្នំដងរែក កំពុងគំរាមកំហែងដល់លំនៅឋាន និងសុវត្ថិភាពពលរដ្ឋនៅក្នុងឃុំចំនួន៤ នៃស្រុករបស់លោក។ មន្ត្រីដដែលបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ក្មេងស្រីម្នាក់អាយុ ១៣ឆ្នាំ នៅឃុំទឹកក្រហម និងស្ត្រីម្នាក់អាយុ ៣៤ឆ្នាំ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត បានស្លាប់ដោយសារលង់ទឹកក្នុងពេលដែលជំនន់ទឹកភ្លៀងកំពុងឡើងខ្លាំង៖ «ក្មេងអាយុ ១៣ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់នៅភូមិទឹកក្រហម និងស្ត្រីម្នាក់ទៀតដែលស្នាក់នៅធ្វើស្រែចម្ការក្នុងឃុំកន្ទួត បានលង់ទឹកស្លាបដែរ។ ទឹកជំនន់វាខ្លាំងពេក រហូតមកដល់ពេលនេះនៅតែខ្លាំង»។
លោកអភិបាលស្រុកជាំក្សាន្ត ឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី២៦ ខែកក្កដា ទឹកជំនន់ហូរចុះពីជួរភ្នំដងរែក បានហូរលើកំណាត់ផ្លូវជាតិលេខ៦២ ចម្ងាយប្រហែល ១០០ម៉ែត្រ ព្រមទាំងគំរាមកំហែងលំនៅឋានរបស់ពលរដ្ឋជាង ៣០០គ្រួសារនៅឃុំចំនួន៤ គឺឃុំទឹកក្រហម ឃុំយាង ឃុំស្រអែម និងឃុំកន្ទួត។
ប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ លោក ចាប កុយ ឲ្យដឹងថា ទឹកជំនន់ចុះពីភ្នំអាចនឹងបន្តគំរាមកំហែងរហូតដល់ថ្ងៃទី២៨ ខែកក្កដា។ លោកថា ទឹកជំនន់ដោយសារភ្លៀង កំពុងគំរាមកំហែងស្រុកមួយចំនួនរបស់ខេត្តព្រះវិហារ ដែលនៅជាប់នឹងជួរភ្នំដងរែក ព្រមទាំងប៉ះពាល់ទៅដល់ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ផង៕
អាជ្ញាធរខ្មែរកំពុងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ។ រូបថតពីហ្វេសប៊ុក |
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment