ច្បាប់ស្ដីពីគណបក្សនយោបាយដែលរងការរិះគន់ថា ធ្វើទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ឥឡូវនេះត្រូវបានសមាជិកព្រឹទ្ធសភាសម្រេចអនុម័តរួចហើយ ក្រោយពីរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ កក្កដា។ គណបក្សប្រឆាំងប្ដេជ្ញាថានឹងអនុវត្តតាមខ្លឹមសារ និងស្មារតីនៃច្បាប់នេះ ក្រោយពេលច្បាប់ដែលរងការតិះដៀលដ៏ចម្រូងចម្រាសនេះ នឹងត្រូវប្រកាសឲ្យប្រើនៅពេលខាងមុខ។
សំឡេងគាំទ្រ ៤២សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភា បានយល់ព្រមលើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ ថាជាច្បាប់បម្រើឲ្យផលប្រយោជន៍រួម ស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្ស ដូចដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នៅថ្ងៃទី១៨ កក្កដា សរសេរថា ច្បាប់នេះមានគោលបំណងធ្វើឲ្យស្របទៅតាមបរិបទជាក់ស្ដែង នៃការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេស ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ។
ស្របពេលច្បាប់នេះបានឆ្លងកាត់ដំណាក់កាលនៃការត្រួតពិនិត្យ និងអនុវត្តមួយជំហានទៀតពីសមាជិកព្រឹទ្ធសភាហើយនោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ យល់ឃើញថា វាពុំមានអ្វីចាំបាច់ដែលត្រូវប្រកែកថា ប្រឆាំងនឹងខ្លឹមសារច្បាប់នេះឡើយ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា សម្រាប់គណបក្សប្រឆាំងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តទៅតាមខ្លឹមសារបញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយនេះ។ លោកបន្តថា «ដោយឡែកសម្រាប់គណបក្សសង្គ្រោះជាតិ យើងនឹងធ្វើកិច្ចការហ្នឹង។ និយាយឲ្យស្រួលស្ដាប់ទៅ យើងសម្រប ដោយយើងធ្វើយ៉ាងណាឲ្យគណបក្សយើងធ្វើដំណើរទៅដល់គោលដៅរបស់ខ្លួន»។
ច្បាប់ស្ដីពីគណបក្សនយោបាយដែលរងការរិះគន់ថា ធ្វើទៅតាមការចង់បានរបស់លោក ហ៊ុន សែន ហើយត្រូវបានសមាជិកសភាដ៏ច្រើនលើសលប់ពីខាងបក្សអំណាច អនុម័តជាថ្មីទៀតកាលពីថ្ងៃទី១០ កក្កដា គឺពុំមានវត្តមានពីខាងបក្សប្រឆាំងចូលរួមឡើយ។
ច្បាប់ស្ដីពីគណបក្សនយោបាយដែលរុះរើសាចុះសាឡើងពីរដងទៅហើយនោះ រងការពេបជ្រាយថា តាក់តែងឡើងក្នុងបំណងកម្ទេចបក្សប្រឆាំង ជាជាងធ្វើវិសោធនកម្មឲ្យមានភាពល្អប្រសើរនៃមាត្រាខ្លះទៅតាមការវិវឌ្ឍន៍ជាក់ស្ដែងរបស់សង្គមក្នុងពេលបច្ចុប្បន្ន។
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៦ ច្បាប់ស្ដីពីឯកពន្ធភាព ត្រូវបានរដ្ឋសភាអនុម័ត ហើយច្បាប់នេះត្រូវរងការរិះគន់ថា តាក់តែងឡើងទៅតាមការចង់បានរបស់លោក ហ៊ុន សែន ដែរ ប្រឆាំងនឹងដៃគូនយោបាយរបស់លោកកាលណោះ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប៉ុណ្ណោះ។ ការវិវឌ្ឍន៍ផ្នែកច្បាប់នេះ ហាក់មិនខុសគ្នាប៉ុន្មានដែរទៅនឹងច្បាប់ប្រឆាំងអ្នកដែលហ៊ានរិះគន់ថា ពុំមានរបបខ្មែរក្រហម ត្រូវមានទោសទណ្ឌ។
ក្នុងពេលប្រជាប្រិយភាពបក្សប្រឆាំងចាប់ផ្ដើមផុលផុសឡើង រដ្ឋាភិបាលក៏ចាប់ផ្ដើមតាក់តែងច្បាប់មួយភ្លាមដែរនៅគ្រានោះ។ ច្បាប់ប្រឆាំងអ្នកដែលរិះគន់ថា ពុំមានរបបខ្មែរក្រហមដែលរដ្ឋសភាអនុម័តក្នុងអំឡុងឆ្នាំ២០១៣ ត្រូវគេមើលឃើញថា ចេតនានៃច្បាប់នេះចង់ដាក់ការគាបសង្កត់ប្រឆាំងលោក កឹម សុខា ជាជាងបម្រើឲ្យផលប្រយោជន៍សាធារណៈ។
ស្របពេលច្បាប់ដែលរងការរិះគន់ដ៏ចម្រូងចម្រាសនេះដាក់ឲ្យអនុវត្ត បាតុកម្មក៏បានផ្ទុះឡើងប្រឆាំងលោក កឹម សុខា ភ្លាមដែរ។ ដោយឡែកច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយនេះវិញ ក៏ហាក់មិនខុសពីច្បាប់មុនៗនោះប៉ុន្មានដែរ។ ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី លែងផ្អែមល្ហែមជាមួយគ្នាទៀតហើយ ហើយគាប់ជួនលោក សម រង្ស៊ី ត្រូវហ៊ុមព័ទ្ធទៅដោយបណ្ដឹងតាមផ្លូវតុលាការផង លោក ហ៊ុន សែន ក៏បញ្ជាឲ្យសមាជិកសភាពីខាងបក្សកាន់អំណាចរបស់គាត់ ពិនិត្យ និងស្រូតតាក់តែងភ្លាមដែរឲ្យស្របតាមសភាពការណ៍។
បើទោះជាបែបណា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន យល់ឃើញថា ការតាក់តែងច្បាប់ គេមិនសំដៅទៅប្រយោជន៍បុគ្គលទេ ហើយការរិះគន់របស់មជ្ឈដ្ឋានអំពីកម្មវត្ថុនៃគោលបំណងដើមនៃច្បាប់នេះ អាចចាត់ទុកជាការមើលមិនស៊ីជម្រៅនៃច្បាប់។ លោកបន្តថា «យើងធ្វើច្បាប់មិនតម្រូវលើចិត្តបុគ្គលណាម្នាក់ទេ។ យើងធ្វើតម្រូវចិត្តភាគច្រើននៅក្នុងប្រទេស បើនិយាយឲ្យត្រូវ ១០០ភាគរយ គឺមិនត្រូវទេ»។
យ៉ាងណាក៏ដោយចុះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ នៅរង់ចាំតែការឆ្លងយោបល់ពីក្រុមប្រឹក្សាធម្មនុញ្ញដែលពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នេះ និងការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រជាមុនសិន មុននឹងដាក់ឲ្យអនុវត្ត។
ទាក់ទិនរឿងនេះ មេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងសាលាក្ដីខ្មែរក្រហម លោក ហុង គឹមសួន មានប្រសាសន៍ថា ការអនុវត្តភ្លាម ឬត្រូវរង់ចាំរយៈពេលណាមួយសិននោះ វាអាស្រ័យលើការយល់ឃើញរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកចាត់ទុកថា ច្បាប់ដែលខ្វះការពិគ្រោះយោបល់ ឬតាក់តែងឡើងតម្រូវតាមចិត្តមនុស្ស ជាជាងបម្រើឲ្យផលប្រយោជន៍រួម ហាក់ដូចជាខ្លឹមសារនៃច្បាប់នោះ អនុវត្តសម្រាប់ភាគីតែម្ខាង។ លោកបន្តថា «អ៊ីចឹងអ្វីដែលបង្កើតឡើងដោយបក្សតែម្ខាង ដោយមិនបានយកសំឡេងពីបក្សម្ខាងទៀតមកជជែក ឬយកមកពីពិចារណាដើម្បីធ្វើច្បាប់មួយនេះ មានន័យថាបម្រើផលប្រយោជន៍តែម្ខាងទេ»។
នៅពេលនេះ គណបក្សប្រឆាំងបានសម្រេចប្រើប្រាស់ត្រឹមនិមិត្តសញ្ញាព្រះអាទិត្យ ដោយដកទាំងរូបលោក កឹម សុខា និងរូបលោក សម រង្ស៊ី ចេញពីស្លាកគណបក្សហើយ។ លោក អេង ឆៃអ៊ាង ឲ្យដឹងថា អំណឹះតទៅ ជាពិសេសក្នុងការបោះឆ្នោតជាតិខាងមុខនេះ បក្សប្រឆាំងលែងប្រើរូបមេបក្សទាំងពីរនេះទៀតហើយ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment