អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយនិង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល ថា៖ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ប៉ះពាល់​ដល់​គ្រប់​បក្ស​នយោបាយ​និង​អភិបាលកិច្ច ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយនិង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល ថា៖ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ប៉ះពាល់​ដល់​គ្រប់​បក្ស​នយោបាយ​និង​អភិបាលកិច្ច !

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយនិង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល ថា៖ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ប៉ះពាល់​ដល់​គ្រប់​បក្ស​នយោបាយ​និង​អភិបាលកិច្ច !

Share This

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ​នោះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រង​សម្ពាធ​ផ្នែក​នយោបាយ ដោយ​ទទួល​ស្គាល់​ច្បាប់​នេះ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ។ អ្នកច្បាប់​មើល​ឃើញ​ថា ច្បាប់​នេះ​គឺ​ជា​ច្បាប់​ដែល​មិន​បម្រើ​ដល់​ប្រយោជន៍​ប្រទេស​ជាតិ និង​ជា​ច្បាប់​អាក្រក់​ហួសហេតុ តែ​បែរ​ជា​តំណាងរាស្ត្រ ព្រឹទ្ធសភា​ឯក​បក្ស និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ ហើយ​ទទួល​ស្គាល់​ដោយ​បិទ​ផ្លូវ​តវ៉ា។

​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី គឺ​ជា​ច្បាប់​មួយ​ដែល​អ្នក​វិភាគ​លើក​ឡើង​ថា បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​គណបក្ស​នយោបាយ​ជា​ច្បាប់​មាន​ចរិត​នយោបាយ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ និង​អភិបាលកិច្ច ដែល​មិន​ឆ្លុះ​បញ្ចាំង​ច្បាប់​មួយ​សម្រាប់​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ជា​ផ្លូវការ និង​បិទ​ផ្លូវ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា។ នៅ​ស្រប​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ច្បាប់​នេះ គណបក្ស​ប្រឆាំង​វិញ ក៏​បើក​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​មក​ពី​គ្រប់​ខែត្រ​ក្រុង​ដើម្បី​សម្រេច​ដក​រូប​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ចាប់​ដៃ​គ្នា​លើក​ឡើង​លើ​ជាមួយ​លោក កឹម សុខា នោះ ចេញ​ពី​​ស្លាក​គណបក្ស និង​ដាក់​ជំនួស​មក​វិញ​នូវ​ពាក្យ​ស្លោក​ថា៖ «រួម​គ្នា​សង្គ្រោះ​ជាតិ​យើង»។


សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ទោះបីជា​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ​ក្ដី ក៏ប៉ុន្តែ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ គេ​មើល​ឃើញ​ពី​ចេតនា​របស់​បក្ស​កាន់​អំណាច​ចង់​គាបសង្កត់ និង​ធ្វើ​បាប​បក្ស​ប្រឆាំង ពីព្រោះ​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដោយ​ឯក​បក្ស​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ កែប្រែ​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន​គណបក្ស និង​លើក​ទី​២ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បាន​ធ្វើ​វិសោធនកម្ម​ដោយ​ឯក​បក្ស​ជា​ថ្មី​ម្ដង​ទៀត មិន​ឲ្យ​មាន​រូបថត​ទណ្ឌិត​នៅ​លើ​ស្លាក​គណបក្ស​នយោបាយ​ជាដើម។ បើសិនជា​គណបក្ស​នយោបាយ​ណា​មួយ​មិន​គោរព​តាម​ច្បាប់​នេះ តុលាការ​នឹង​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។

ក្រៅ​ពី​នេះ​ទៀត សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ទាំង​ពីរ​លើក​ដោយ​គ្មាន​ការ​ជំទាស់ ឬ​កែប្រែ​ខ្លឹមសារ​ណា​មួយ​នោះ នៅ​ស្រប​ពេល​ព្រះមហាក្សត្រ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព ដោយ​ទុក​ឲ្យ​ប្រមុខ​រដ្ឋ​ស្ដីទី​គឺ​លោក សាយ ឈុំ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ធរមាន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ច្បាប់​នេះ​ម្ដង​ជា​ពីរ​ដង​នោះ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្ថិត​នៅ​ក្រោម​សម្ពាធ​​អ្នក​នយោបាយ៖ «»

អ្នកនាំពាក្យ​ព្រឹទ្ធ​សភា លោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ខាង​ព្រះបរមរាជវាំង​មិន​ទាន់​ជូន​ដំណឹង ឬ​រៀបចំ​ដើម្បី​ឲ្យ​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​នៅ​ឡើយ​ទេ៖ «»។

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា តាម​លោក​ដឹង សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ នឹង​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​សប្ដាហ៍​នេះ៖ «»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា បើ​គិត​តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ​នយោបាយ រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ធ្វើ​ច្បាប់​មាន​បំណង​ពីរ ទី​១ ការ​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់​ណា​មួយ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទី​២ ការ​ធ្វើ​ច្បាប់​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​បក្សពួក ឬ​បក្ស​កាន់​កំពុង​កាន់​តែ​អំណាច​តែប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី បាន​លើក​ជា​ចម្ងល់​ថា ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​ដង​នេះ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង? លោក​បន្ត​ថា ចំពោះ​ការ​ទទួល​ស្គាល់​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដោយ​គ្មាន​ការ​កែប្រែ​នេះ គឺ​ជា​រឿង​ចម្លែក​មួយ៖ «»។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នរណា​ក៏​ដឹង​ដែរ​ថា ជា​ការ​កែប្រែ​ដើម្បី​តម្រូវ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បិទ​ផ្លូវ​លោក សម រង្ស៊ី ឲ្យ​ចាក​ឆ្ងាយ​ពី​ជីវិត​នយោបាយ និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ពិធី​ខួប​លើក​ទី​៦៦ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ដល់​តំណាងរាស្ត្រ​របស់​លោក​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ឌឺដង​ឲ្យ​លោក សម រង្ស៊ី ថា បើ​ចិត្ត​សឿង​ចូល​ស្រុក​វិញ​ជាដើម៖ «កុំ​ឲ្យ​អ្នក​ទោស​ធ្វើ​សកម្មភាព​របៀប​នេះ ព្រោះ​រឿង​នេះ​ជា​រឿង​ផ្លូវ​ច្បាប់ មិន​អាច​លេង​សើច​បាន​ទេ​នៅ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ យើង​មិន​ខ្លាច​អ្នក​ទេ ក៏ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​អ្នក​មក​ច្របូកច្របល់​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ជាតិ ប៉ុន្តែ​បើ​អ្នក​ចិត្ត​សឿង​អញ្ជើញ​ចូល​ប្រទេស​មក»។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​នេះ មិន​មែន​តែ​ប៉ះពាល់​តែ​លើ​លោក សម រង្ស៊ី តែ​ម្នាក់​នោះ​ទេ អ្នក​វិភាគ​លើក​ឡើង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​ទាំង​មូល និង​បក្ស​ផ្សេង​ទៀត ពិសេស​ការ​ដោះដូរ​ស្លាក​សញ្ញា​ចាស់​ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចោល ហើយ​ផ្លាស់ប្ដូរ​ធ្វើ​ថ្មី​វិញ ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ដក​ស្លាក​គណបក្ស​ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​នេះ​ចេញ​ពី​គ្រប់​ខែត្រ ក្រុង និង​ដាក់​ស្លាក​សញ្ញា​ថ្មី​នេះ យ៉ាង​យូរ​បំផុត​នៅ​ចុង​ខែ​កញ្ញា ខាង​មុខ គឺ​មុន​កាលកំណត់​នៃ​ច្បាប់​ដែល​ទុក​ពេល​ឲ្យ​រុះរើ​ចេញ​រយៈពេល​បី​ខែ​នោះ។

ចំពោះ​បញ្ហា​ថវិកា​វិញ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ធ្វើ​ស្លាក​ថ្មី​ដែល​មាន​ពាក្យស្លោក «រួម​គ្នា​សង្គ្រោះ​ជាតិ​យើង» ដែល​ដាក់​នៅ​គ្រប់​ខែត្រ​ក្រុង​នោះ គឺ​ជា​បន្ទុក​របស់​ប្រធាន​បក្ស​ខែត្រ មិន​មែន​ប្រើប្រាស់​ថវិកា​បក្ស​ទេ គឺ​ថវិកា​អ្នក​គាំទ្រ​ដែល​ធ្វើ​ស្លាក​គណបក្ស​នៅ​តាម​តំបន់​នីមួយៗ៖ «»។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​អភិបាលកិច្ច​ដែល​សំដៅ​ដល់​ការ​គ្រប់គ្រង​រដ្ឋ៖ «»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ពន្យល់​ថា ច្បាប់​នេះ​លោក​មិន​គិត​ថា នឹង​មាន​ផល​ប៉ះពាល់​អ្វី​ទេ​នៅ​ពេល​អនុវត្ត ក៏​ប៉ុន្តែ​ច្បាប់​នេះ មាន​គោលបំណង​សំខាន់​ដើម្បី​រារាំង​មិន​ឲ្យ​ទណ្ឌិត​ដឹក​នាំ​គណបក្ស​នយោបាយ៖ «»។

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នក​ច្បាប់​មួយ​ចំនួន​ចាត់​ទុក​ច្បាប់​នេះ​ជា​ច្បាប់​អាក្រក់​ហួសហេតុ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ។ រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកា​សញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ឯ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

ចំពោះ​គណបក្ស​ប្រឆាំង​វិញ​ចាត់​ទុក​ច្បាប់​នេះ​ថា ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ ព្រម​ទាំង​មាន​ចរិត​នយោបាយ​គាប​សង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ មិន​សេរី និង​មិន​យុត្តិធម៌ ជាពិសេស​នឹង​ដើរ​ផ្ទុយ​ពី​ព្រះរាជ​បំណង​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ត្រូវ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​ជាដើម




ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment