“ការផ្អាកសង់សាលាឃុំនៅតំបន់បក្សប្រឆាំងឈ្នះឆ្នោតជាការរើសអើងនយោបាយ”
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លើកឡើងថា ការកសាងអគារសាលាឃុំនៅតំបន់ខ្លះ អាជ្ញាធរហាក់រើសអើងផ្នែកនយោបាយ។ ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរខេត្តសម្រេចផ្អាកសកម្មភាពសាងសង់អគារសាលាសង្កាត់ស្រយ៉ូវ ដោយសារគណបក្សប្រឆាំងឈ្នះឆ្នោត។ អភិបាលខេត្តបញ្ជាក់ថា ការផ្អាកនោះ គឺមិនពាក់ព័ន្ធរឿងនយោបាយទេ ប៉ុន្តែដោយសារថវិកាកសាងមានកំណត់។
មន្ត្រីគណបក្សប្រឆាំង ស្នើឲ្យអាជ្ញាធរខេត្តពន្លឿនការកសាងអគារសាលាឃុំ និងកសាងដោយមិនត្រូវរើសអើងផ្នែកនយោបាយ ប៉ុន្តែជាការអភិវឌ្ឍមួយពិតប្រាកដ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋមូលដ្ឋាន។ បន្ថែមពីនេះ កង្វះអគារសាលាឃុំ និងសម្ភារៈប្រើប្រាស់ គឺបណ្ដាលឲ្យប៉ះពាល់ដល់ការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ស៊ុន ចន្ធី មានប្រសាសន៍ថា ការកសាងសាលាឃុំខ្លះ គឺជាហេតុផលនយោបាយ។ ការលើកឡើងបែបនេះ ពីព្រោះលោកកត់សម្គាល់ថា នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន អាជ្ញាធរខេត្ត ព្រមទាំងអភិបាលខេត្តផង បានចូលរួមពិធីសម្ពោធបើកការដ្ឋានសាងសង់អគារសាលាសង្កាត់មួយនេះនៅមុនពេលបោះឆ្នោត និងចំពេលយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្តែនៅពេលលទ្ធផលឆ្នោតបង្ហាញថា សង្កាត់មួយនេះ គណបក្សសង្គ្រោះជាតិ ឈ្នះ សកម្មភាពសាងសង់សាលាសង្កាត់ថ្មីត្រូវបានគេបញ្ឈប់តែម្តង៖ «ព័ត៌មានថាគេមិនសាងសង់ ដោយសារគេចាញ់ឆ្នោត។ អ៊ីចឹងមានន័យថា គណបក្សប្រជាជន យកថវិកាជាតិទៅសាងសង់ មិនមែនទៅសាងសង់អគារបម្រើសេវាសាធារណៈរបស់រដ្ឋក្នុងក្របខ័ណ្ឌជាតិទេ ធ្វើក្នុងនាមបក្សទាំងអស់»។
លោកមើលឃើញថា ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលបែបនេះ គឺជារូបភាពអាក្រក់មួយ ព្រោះធ្វើអ្វីៗដើម្បីតែផលប្រយោជន៍របស់គណបក្សខ្លួន មិនបានបម្រើផលប្រយោជន៍ពលរដ្ឋពិតប្រាកដ។ លោកគាំទ្ររាល់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ឲ្យតែការអភិវឌ្ឍទាំងនោះធ្វើឡើងដោយពិតប្រាកដ និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ជៀសវាងការអភិវឌ្ឍក្លែងក្លាយ។
មេឃុំតាំងក្រសាំង ស្រុកសន្ទុក មកពីគណបក្សសង្គ្រោះជាតិ លោក នី សុវណ្ណ អះអាងថា កាលពីថ្ងៃទី១ មិថុនា អាជ្ញាធរ និងមន្ត្រីក្រសួងមហាផ្ទៃ បានចុះមកបើកការដ្ឋានសាងសង់អគារសាលាឃុំរបស់ពួកគាត់ ប៉ុន្តែក្រោយពេលលទ្ធផលឆ្នោត គណបក្សប្រឆាំងឈ្នះដឹកនាំឃុំមួយនេះ ការដ្ឋានសាងសង់នោះត្រូវបានគេរើប្រមូលយកទៅកសាងនៅឃុំផ្សេងវិញ។ លោកមិនយល់សោះអំពីរឿងនេះ ប៉ុន្តែលោកថា ប្រហែលដោយសារតែគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត។
ឆ្លើយតបបញ្ហានេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអភិបាលខេត្តកំពង់ធំ ផង លោក សុខ លូ មានប្រសាសន៍កាលពីថ្ងៃទី២៨ កក្កដា ថាការកសាងសាលាឃុំ គឺមិនជាប់ពាក់ព័ន្ធរឿងនយោបាយទេ ប៉ុន្តែអាជ្ញាធរកសាងទៅតាមចំនួនថវិការបស់ក្រសួងផ្តល់ឲ្យតែប៉ុណ្ណោះ៖ «ការបើការដ្ឋាន ឬមិនបើកទាំងប៉ុន្មាន គឺអាស្រ័យទៅលើថវិកាក្រសួងទម្លាក់មក គឺបានតែ ៩។ អ៊ីចឹងទេ គឺមិនមែនជារឿងនយោបាយទេ យើងនឹងសង់ជាបន្តបន្ទាប់»។
អភិបាលខេត្តដដែលបញ្ជាក់ថា សកម្មភាពផ្អាកការដ្ឋានសាងសង់សាលាឃុំ-សង្កាត់មួយចំនួន គឺជាការផ្អាកបណ្ដោះអាសន្នប៉ុណ្ណោះ ពេលណាកញ្ចប់ថវិកាក្រសួងធ្លាក់មកទៀត ទើបបន្តដំណើរការសាងសង់។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា មិនមែនមានតែករណីកសាងសាលាឃុំប៉ុណ្ណោះទេ ប៉ុន្តែមានករណីកសាងផ្លូវនៅតំបន់មួយចំនួន គឺអាជ្ញាធរបង្ហាញការយកចិត្តទុកដាក់នៅមុនពេលបោះឆ្នោត ប៉ុន្តែត្រូវបានគេទុកចោលវិញក្រោយពេលលទ្ធផលការបោះឆ្នោតប្រែប្រួល។ រូបភាពទាំងនេះ លោកយល់ថាជានយោបាយប្រជាភិថុតិតែប៉ុណ្ណោះ៖ «ខ្ញុំយល់ថាជាអ្វីមួយដែលមានផែនការជាក់លាក់។ ខ្ញុំឧទាហរណ៍ដូចករណីសាលាឃុំដែលគេត្រូវរៀបចំគ្រោងនឹងកសាងហើយ ទំនងជាមិនមែនជាចំណុចដែលត្រូវកែប្រែទេ»។
លោកបន្ថែមទៀតថា រាល់គម្រោងសាងសង់ណាមួយ ប្រសិនបើមានការចាប់ផ្ដើម នឹងបន្តរហូតដល់ដំណាក់កាលបញ្ចប់ ពីព្រោះកញ្ចប់ថវិកាគេបានរៀបចំរួចជាស្រេចទៅហើយ មិនអាចមកដកហូតកណ្ដាលទីបានទេ ម្យ៉ាងថវិកាទាំងនោះជាថវិការបស់ជាតិ មិនមែនជារបស់គណបក្សនយោបាយណាមួយឡើយ។
លោកស្នើឲ្យអ្នកនយោបាយទាំងឡាយ មិនត្រូវប្រើរូបភាពបោកបញ្ឆោតទាំងនេះទេ ព្រោះវាបណ្ដាលឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ម្យ៉ាងធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាលទៀតផង៕
សាលាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានសភាពទ្រុឌទ្រោម។ រូបថតថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ Photo Provided |
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment