ឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃលំផាត់ទៅវៀតណាមកាលពីដើមឆ្នាំ ២០១៧ ។ រូបថត EIA |
បែកធ្លាយរឿងបង្ហិនបំផ្លាញជាតិទៀតហើយ!! បែកធ្លាយ កិច្ចសន្យាលក់ឈើក្នុងព្រៃធំដែនជម្រកសត្វព្រៃលំផាត់ឲ្យវៀតណាម !!
ខេត្តរតនគិរី ៖ កិច្ចសន្យាលក់ឈើដែលគេប៉ាន់ប្រមាណថាមានឈើយ៉ាងតិច ៥០០ ដើមក្នុងតម្លៃត្រឹមតែ ១៥ ០០០ ដុល្លារនៅដែនជម្រកសត្វព្រៃលំផាត់ទៅឲ្យវៀតណាមនោះត្រូវបានបែកធ្លាយនៅសប្តាហ៍នេះដែលនេះជាផ្នែកមួយនៃបទល្មើសលក់ឈើទៅឲ្យប្រទេសវៀតណាមចំនួន ៣០ ម៉ឺនម៉ែត្រគុប តម្លៃរាប់លានដុល្លារដែលទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) នៅប្រទេសអង់គ្លេសបានរកឃើញនាពេលថ្មីៗនេះ។
ការបែកធ្លាយឯកសារនេះបានកើតឡើងជាង ២ ខែក្រោយពីទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានបានចេញរបាយការណ៍ពីការប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំរវាងមន្ត្រី និងឈ្មួញឈើវៀតណាម និងកម្ពុជានៅដែនជម្រកសត្វព្រៃលំផាត់ ស្រែពក ឧទ្យានជាតិវីរជ័យ និងអូរយ៉ាដាវក្នុងខេត្តរតនគិរី។
កិច្ចសន្យាដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញគឺធ្វើឡើងរវាងអ្នកប្រមូលទិញឈើឲ្យវៀតណាមឈ្មោះ ម្រិច ធើម និងមន្ត្រីអាជ្ញាធរមូលដ្ឋាន លោក ខាំ ផសាវ៉ាត មេភូមិសមុទ្រក្រោម, អនុភូមិ លោក ប៊ុន ធានសឿន រួមនឹងគណៈកម្មការសហគមន៍ លោក ថាន់ ម្ហើល និងលោក ខាំ ម៉ាសាក។
យោងតាមកិច្ចសន្យាដែលមានស្នាមមេដៃមនុស្សទាំង ៥ រូបខាងលើនោះបានឲ្យដឹងថាពួកគេបានព្រមព្រៀងគ្នាទិញលក់ឈើចំនួនពីរភ្នំគឺភ្នំម៉ាហាត និងភ្នំអាតដែលស្ថិតក្នុងព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃលំផាត់ក្នុងស្រុកលំផាត់ក្នុងតម្លៃទឹកប្រាក់ ១៥០០០ ដុល្លារកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។
លោក ថាន់ ម្ហើល បានទទួលស្គាល់ពីការលក់ឈើនោះមែនដែលការលក់នោះគឺមានការយល់ព្រមពីសហគមន៍ជនជាតិដើមភាគតិចទំពួនចំនួន ២៤៤ គ្រួសារ។
លោក ម្ហើល អះអាងថាទឹកប្រាក់ចំនួន ៧០០០ ដុល្លារត្រូវបានយកទៅសាងសង់រោងប្រជុំភូមិមួយទំហំ ៩ គុណ ១០ ម៉ែត្រចាក់សាបប្រក់ស័ង្កសី និងចែកឲ្យសហគមន៍ ១ គ្រួសារ ១០៥០០០ រៀល។ លើសពីនោះចាស់ទុំភូមិ និងស្ត្រីមេម៉ាយក៏ទទួលបានទឹកប្រាក់បន្ថែមម្នាក់ ១០៥០០០ រៀល។
លោក ម្ហើល បាននិយាយថា៖ «ប្រជាពលរដ្ឋគេឯកភាពព្រមព្រៀង [លក់] ទាំងអស់គ្នាជាមួយអាជ្ញាធរយកលុយធ្វើរោងភូមិ និងចែកគ្នា។ មុនដំបូងគេកក់ ១ ម៉ឺនដុល្លារហើយ ៦-៧ ថ្ងៃក្រោយមកទៀតបានគេឲ្យគ្រប់»។
ទោះយ៉ាងណាលោក ម្ហើល ថាលោកមិនបានដឹងថាគេទិញឈើនោះយកទៅប្រទេសវៀតណាមនោះទេគឺគ្រាន់តែដឹងថាឈ្មោះ ម្រិច ធើម ជាអ្នកគួកជេទិញឈើនោះប៉ុណ្ណោះ។
លោក ម្ហើល មិនគិតថាការលក់ឈើឆ្លងដែនទៅវៀតណាមនោះជាអំពើខុសច្បាប់នោះទេ។
លោកបានចោទសួរថា៖ «ខុសច្បាប់អី? បើគេពីលើមកអ្នកធំៗសុទ្ធតែគេធ្វើបាន។ ពលរដ្ឋម៉េចមិនបាន? ឈើក្នុងដីរដ្ឋ»។
ក្រៅពីការកាប់ឈើនៅតំបន់នោះក៏កើតមានបទល្មើសកាប់ឆ្ការទន្ទ្រានដីព្រៃខុសច្បាប់ផងដែរ ហើយកាលពីសប្តាហ៍មុន មន្ត្រីពីអង្គការអាដហុក និងអង្គការការពារធនធានធម្មជាតិរួមនឹងពលរដ្ឋភូមិសមុទ្រក្រោមចំនួន ៩ នាក់បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តដោយប្តឹងមន្ត្រីអាជ្ញាធរមូលដ្ឋានចំនួន ៧ នាក់ចាប់ពីថ្នាក់ភូមិសមុទ្រក្រោម ឃុំសេដារហូតដល់ស្រុកលំផាត់ និងមន្ត្រីបរិស្ថានផងដែរ។ ក្នុងនោះក៏មានលោកមេភូមិឈ្មោះ ខាំផ សាវ៉ាត និងប្រធានមន្ទីរបរិស្ថានខេត្តលោក ផុន ខេមរិន្ទ ផងដែរ។
ដើមបណ្តឹងម្នាក់លោក កូន ម៉ូ បានអះអាងថាពលរដ្ឋក្នុងភូមិមិនឯកភាពឲ្យមានការលក់ឈើនោះទេ។
លោកថាដំបូងឡើយពួកអ្នកផ្តិតមេដៃលក់ឈើទាំងនោះបានព្យាយាមលាក់រឿងនោះតែក្រោយមកទើបកិច្ចសន្យានោះត្រូវបានបែកធ្លាយដែលបណ្តាលឲ្យមានការតវ៉ា ហើយទើបពួកគេចេញលុយឲ្យ ១ គ្រួសារជាង ១០ ម៉ឺនរៀលនោះ។
លោក ម៉ូ ឲ្យដឹងថា ឈើទាំងនោះយ៉ាងតិចបំផុតក៏មាន ៥០០ ដើមដែរ ដែលមានដូចជាឈើសុក្រំ គគីរ កកោះ និងត្បែងជាដើម។ «គេលក់ឲ្យវៀតណាម។ គេកាប់រំលំខ្លួនគេ ដឹកខ្លួនគេទៅវៀតណាម។ ដំបូងយើងអត់ដឹងទេ ទល់តែចាប់ក្រដាស [កិច្ចសន្យា] មានភ័ស្តុតាងនោះបាន។ យើងតវ៉ាទើបបានលុយនោះ»។
ពលរដ្ឋអ្នកប្តឹងម្នាក់ទៀតលោក ឆន ផល្លា អាយុ ៣៩ ឆ្នាំបានឃើញកិច្ចសន្យានោះដោយចៃដន្យកាលពីថ្ងៃពុធសប្តាហ៏មុន។
លោកក៏បានអះអាងផងដែរថា ពលរដ្ឋអត់មានចូលរួមលក់ឈើនោះទេ។ លោកថាឈ្មោះ ម្រិច ធើម គឺជាអ្នកម៉ៅការប្រមូលទិញឈើពីក្រុមអាជ្ញាធរភូមិនោះទៅលក់ឲ្យឈ្មួញវៀតណាម។ ដើមឈើដែលធំៗរហូតដល់មានមុខកាត់មួយម៉ែត្រក៏ត្រូវបានកាប់ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលកន្លែងខ្លះមានជនជាតិវៀតណាមចូលកាប់ផងដែរ។
លោកថ្លែងថា៖ «ដីនៅតំបន់ហ្នឹងក្រសួងបរិស្ថានអ្នកការពារហើយចុះជាប់នៅទីនោះ។ គេដឹកឈើរង្គើទាំងដី ឡានធំ ១ ជើង ៦-៧ ដើមចូលទៅយួន ម្តង ៧-៨ គ្រឿង។ ខ្ញុំជឿជាក់ថាគាត់ដឹងព្រោះគាត់ជាអ្នកការពារនៅហ្នឹង»។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងលោក ខាំផ សាវ៉ាត និងលោក ប៊ុន ធានសឿន ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញដោយទូរស័ព្ទពួកលោកមិនដំណើរការ។
ទោះយ៉ាងណាលោកអនុភូមិ ប៊ុន ធានសឿន ក៏បានប្រាប់វិទ្យាអាស៊ីសេរីដោយទទួលស្គាល់ដូចគ្នាទៅនឹងលោក ថាន់ ម្ហើល ដែរថាពិតជាមានការទិញលក់ឈើនោះមែនដោយយកលុយទៅសង់សាលាប្រជុំភូមិ។ ទោះយ៉ាងណាលោក ម្ហើល ថាលោកក៏មិនខ្លាចការប្តឹងនោះដែរហើយនឹងចូលទៅបំភ្លឺ ប្រសិនបើមានការកោះហៅ។
លោក នូ ថេរ អភិបាលស្រុកលំផាត់បានថ្លែងថាលោកមិនបានដឹងពីបញ្ហានោះទេហើយសាលាស្រុកក៏មិនដែលឯកភាពឲ្យអាជ្ញាធរថ្នាក់ក្រោមលក់ឈើបែបនោះដែរ។
ទោះយ៉ាងណា លោកក៏មិនទាន់ប្រាកដថាសាលាស្រុកនឹងធ្វើការស្រាវជ្រាវលើករណីនេះដែរ ព្រោះអត់ទាន់ឃើញកិច្ចសន្យានោះ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តដែលគ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ក៏មិនបានដឹងពីការលក់ឈើនោះដែរហើយលោកថ្លែងថាមន្ទីរនឹងស្រាវជ្រាវរឿងនោះ។ ប៉ុន្តែចំពោះការទន្ទ្រានយកដីនៅតំបន់នោះវិញ ក្រុមការងារលោក និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យកាលពីខែមុនហើយបានឃើញពលរដ្ឋកំពុងតែធ្វើសកម្មភាពកាប់ព្រៃដើម្បីធ្វើចម្ការ។
លោកបន្ថែមថាក្រុមការងារបានទប់ស្កាត់រហូតដល់មានពលរដ្ឋប្រមាណជា ៥០ នាក់ទៅតវ៉ានៅសាលាស្រុកដើម្បីទាមទារយកដីនោះដោយអះអាងថាជាដីចម្ការចាស់។
លោក ខេមរិន្ទ ថ្លែងថា៖ «ក្រុមការងារកំពុងតែដុតដៃដុតជើង ធ្វើការងារនេះ។ ខ្លះថាដីចម្ការចាស់របស់គាត់... មានការទន្ទ្រានមែន តែយើងបានទប់ស្កាត់ហើយ»។
លោកបន្ថែមថា ក្រុមការងារកំពុងតែរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការដោះស្រាយតាមផ្លូវច្បាប់។
បើទោះបីជារដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់ការនាំចេញឈើទៅវៀតណាមកាលពីខែមករាឆ្នាំ ២០១៦ ក៏ដោយ ប៉ុន្តែបើយោងតាមរបាយការណ៍ពន្ធគយរបស់វៀតណាមដែលបានចេញ កាលពីខែឧសភា បានឲ្យដឹងថា នៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៧ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខមួយក្នុងការនាំចេញឈើទៅវៀតណាមដែលមានទំហំគឹតជាទឹកប្រាក់មានចំនួន ៩៧ លានដុល្លារគឺមានការកើនឡើងជាងពីរដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦៕
ឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃលំផាត់ទៅវៀតណាមកាលពីដើមឆ្នាំ ២០១៧ ។ រូបថត EIA |
ប្រភព ៖ postkhmer
ព័ត៌មានទាក់ទង ៖ ជាការរំលឹកពាក្យសន្យារបស់ហ៊ុន សែន ដែលធ្លាប់បានសន្យាថា នឹងកាត់កខ្លួនឯងចោល មន្ត្រីអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានផ្តាំទៅលោក ហ៊ុន សែន កុំឲ្យធ្វើបាបខ្លួនឯង !!
No comments:
Post a Comment