លោក ជូង ជូងី បានប្រកបមុខរបរជាមេធាវីអស់រយៈពេលជាង ១០ឆ្នាំហើយ។ រឿងក្ដីដែលលោកការពារ ភាគច្រើនជារឿងទាក់ទងនឹងអ្នកនយោបាយ ហើយកូនក្ដីរបស់លោកទៀតសោត គឺជាអ្នកនយោបាយមកពីគណបក្សប្រឆាំង សកម្មជន និងអ្នកតស៊ូមតិ ដែលមានទស្សនៈមិនស្របនឹងរដ្ឋាភិបាល។
រឿងក្ដីថ្មីចុងក្រោយមួយដែលលោកកំពុងការពារ គឺសំណុំរឿងអ្នកតាមដានបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ។ ក្នុងសំណុំរឿងនេះ លោកត្រូវប្រឈមនឹងដើមបណ្ដឹងដែលជាអ្នកមានអំណាចថ្នាក់កំពូល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តើមេធាវីរូបនេះមានជីវប្រវត្តិយ៉ាងណា? តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យលោកជ្រើសរើសការពារក្ដីក្នុងសំណុំរឿងដែលត្រូវប្រឈមមុខនឹងអ្នកមានអំណាច?
មេធាវី ជូង ជូងី ត្រូវអ្នកដែលស្គាល់ និងធ្លាប់ពឹងពឲ្យជួយការពារក្ដី ផ្ដល់ឈ្មោះថាជាមេធាវីខ្សត់ទ្រព្យ តែមានទឹកចិត្ត និងជាមេធាវីការពារក្ដីកម្រនឹងឈ្នះក្នុងសំណុំរឿងការពារអ្នកតស៊ូមតិ អ្នកនយោបាយបក្សប្រឆាំង ទោះបីជាលោកខិតខំប្រើវិធីសាស្ត្រ និងយកភស្តុតាងមកអំណះអំណាងដើម្បីដោះបន្ទុកយ៉ាងណាក្ដី។
មនុស្សជាទូទៅបានស្គាល់លោកជាមេធាវីឥតខ្លាចរអា ទោះបីជាសំណុំរឿងលោកការពារកូនក្ដីរបស់លោក តទល់នឹងអ្នកមានអំណាចកំពូល និងអ្នកមានលុយកាក់ក្ដី។
ចំពោះលោក ជូង ជូងី ផ្ទាល់ លោកអះអាងថា ក្នុងនាមជាមេធាវី លោកពុំប្រាថ្នាទ្រព្យធនឡើយ គឺចង់បានត្រឹមយុត្តិធម៌ត្រឹមត្រូវសម្រាប់អ្នកដែលសកម្មក្នុងការជួយសង្គម ឬអ្នកតស៊ូមតិ ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ក្នុងវ័យ ៤៨ឆ្នាំ លោក ជូង ជូងី ដែលមានសក់ស្កូវមួយៗមានសម្ដីច្បាស់ៗ ថ្លែងថា មានរឿងក្ដីជាច្រើនដែលលោកបានការពារ ហើយភាគច្រើនជាសំណុំរឿងដែលមានចរិតនយោបាយ ក្នុងនោះមានទាំងមន្ត្រីសង្គមស៊ីវិល សកម្មជន និងមន្ត្រីគណបក្សនយោបាយ និងអ្នកវិភាគរិះគន់បញ្ហាក្នុងសង្គម ជាដើម៖ «កូនក្ដីខ្ញុំដែលត្រូវបានតុលាការចោទប្រកាន់ហ្នឹង គាត់ជាជនសកម្ម ដែលគាត់មានឥទ្ធិពលក្នុងសង្គមដោយការតស៊ូមតិ និងរកយុត្តិធម៌ក្នុងសង្គមហ្នឹង គឺធ្លាប់មានប្រសិទ្ធភាព។ អ៊ីចឹងធ្វើឲ្យអ្នកមានអំណាចរករឿងគាត់។ ខ្ញុំយល់ឃើញថាគាត់ទាំងអស់គ្នាហ្នឹង គឺគាត់គួរតែទទួលបានការការពារល្អពីមេធាវី ហើយខ្ញុំចាប់អារម្មណ៍ថា មេធាវីជាច្រើនអត់ហ៊ានកាន់រឿងក្ដីអ៊ីចឹងៗទេ»។
លោកបន្តថា សំណុំរឿងប្រភេទនេះ លោកពិបាកនឹងរកចំណូលណាស់ ព្រោះពួកគេភាគច្រើនជាអ្នកខ្សត់ខ្សោយធនធាន។ លោកថា អ្វីដែលជំរុញឲ្យរូបលោកទទួលយកសំណុំរឿងប្រភេទនេះ គឺទឹកចិត្តស្រឡាញ់យុត្តិធម៌ ចង់ផ្ដល់ឲ្យអ្នកទាំងនោះនូវភាពស្មើគ្នាចំពោះមុខច្បាប់ ពោលគឺស្វែងរកយុត្តិធម៌ពិត និងត្រឹមត្រូវ៖ «ប៉ុន្តែសម្រាប់ខ្ញុំ អត្ថន័យនៃជីវិតរបស់ខ្ញុំ គឺអាចចូលរួមរកយុត្តិធម៌ក្នុងសង្គមបានច្រើនកម្រិតណានៅ គឺជាក្ដីប្រាថ្នារបស់ខ្ញុំ ចំណែកប្រយោជន៍ជាថវិកានេះ គឺជារឿងបន្ទាប់ទេ»។
រំឭកពីរឿងក្ដីចម្បងៗដែលលោក ជូង ជូងី បានប្រកបវិជ្ជាជីវៈជាមេធាវីតាំងពីឆ្នាំ២០០៤ គឺក្នុងរយៈពេល ១៣ឆ្នាំមកនេះ លោកបានការពាររឿងក្ដីជាច្រើន ក្នុងនោះរួមមានសំណុំរឿងលោក ដាំ សិទ្ធិ និពន្ធនាយកកាសែតមនសិការខ្មែរ ដែលត្រូវប្ដឹងពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ សំណុំរឿងរដ្ឋាភិបាលប្ដឹងអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង កាលពីឆ្នាំ២០០៩។ សំណុំរឿងអ្នកតំណាងរាស្ត្រ មន្ត្រី និងសកម្មជនគណបក្សប្រឆាំងក្នុងរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៣ និងអូសបន្លាយមកដល់ពេលនេះ។
សំណុំរឿងអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី តំណាងរាស្ត្រ អ៊ុំ សំអាន និងព្រឹទ្ធសភា លោក ហុង សុខហួរ និងរឿងផែនទី និងព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលត្រូវរដ្ឋាភិបាលប្ដឹងចោទប្រកាន់ក្នុងឆ្នាំ២០១៥។ សំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវប្ដឹងពីការមិនទទួលស្គាល់ប្រវត្តិសាស្ត្រខ្មែរក្រហមកាលពីឆ្នាំ២០១៣ និងសំណុំរឿងអាស្រូវស្នេហាដែលត្រូវចោទប្រកាន់ជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលកើតឡើងកាលពីឆ្នាំ២០១៦ ជាដើម។ ក្នុងពេលថ្មីៗនេះ លោក ជូង ជូងី បានទទួលការពារក្ដីឲ្យអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដែលប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំណុំរឿងចៅសង្កាត់ដែលមានដើមកំណើតខ្មែរក្រោម លោក ចៅ វាសនា និងសំណុំរឿងព្រះសង្ឃលេងកាំភ្លើងជ័រ ព្រះតេជព្រះគុណ ហន សុផាន្នី នៅខេត្តបាត់ដំបង។
ទោះបីជាសាធារណជនមើលឃើញថា សំណុំរឿងទាំងនេះជាការប្រឈមរបស់មេធាវីរូបនេះក្ដី ក៏សំណុំរឿងទាំងនោះត្រូវលោក ជូង ជូងី ចាត់ទុកថាជារឿងក្ដីធម្មតាសម្រាប់រូបលោក ពោលគឺសំណុំរឿងទាំងនេះមិនបានធ្វើឲ្យលោកដិតជាប់ក្នុងអារម្មណ៍ឡើយ។ លោក ជូង ជូងី ថ្លែងថា រឿងក្ដីដែលលោកដក់ក្នុងចិត្តជាប់ជានិច្ច គឺសំណុំរឿងដីធ្លីនៅក្នុងខេត្តកណ្ដាល កាលពីឆ្នាំ២០១១ ដែលកាលនោះ លោកជួយការពារក្ដីឲ្យពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយអ្នកមានអំណាចម្នាក់។ ក្នុងសំណុំរឿងនេះ លោកត្រូវតុលាការប្ដឹងចោទប្រកាន់ថាបានផ្ដល់មធ្យោបាយឲ្យអ្នកទោសលួចរត់ពីពន្ធនាគារ។ លោកថា សំណុំរឿងនេះនៅបន្តដល់ពេលបច្ចុប្បន្ន ដោយតុលាការមិនបានបិទបញ្ចប់នៅឡើយទេ គឺលោកនៅតែឋិតក្រោមឥទ្ធិពលនៃរឿងក្ដីនេះនៅឡើយ៖ «តុលាការខេត្តកណ្ដាល បានកាត់ក្ដីកំបាំងមុខ ហើយដាក់ទោសខ្ញុំ ២ឆ្នាំ ពិន័យ ៣លាន ហើយខ្ញុំក៏ប្ដឹងទាស់ក្នុងន័យថាប្ដឹងឲ្យគេកាត់ឡើងវិញ ប៉ុន្តែរហូតមកដល់ពេលហ្នឹង គឺតុលាការខេត្តកណ្ដាល មិនទាន់យករឿងហ្នឹងមកកាត់ឡើងវិញទេ។ គឺខ្ញុំឋិតក្រោមសម្ពាធរបស់តុលាការ។ ហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យខ្ញុំមានការលំបាកក្នុងការប្រកបមុខវិជ្ជាជីវៈ ប្រសិនបើខ្ញុំធ្វើសកម្មភាពក្ដៅ ឬធ្វើសកម្មភាពខ្លាំង ឬខ្ញុំនិយាយខ្លាំង ខ្ញុំឋិតនៅក្រោមគំនាបហ្នឹងឯង»។
លោក ជូង ជូងី មានស្រុកកំណើតនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានឪពុកម្ដាយជាកសិករ។ លោកជាកូនពៅក្នុងចំណោមបងប្អូនចំនួន ៦នាក់។ មុននឹងចាប់មុខរបរជាមេធាវី លោក ជូង ជូងី បានធ្វើជាគ្រូបង្រៀន បន្ទាប់ពីលោកបានបញ្ចប់បរិញ្ញាបត្រផ្នែករូបវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបានធ្វើគ្រូបង្រៀន ២ឆ្នាំ លោក ជូង ជូងី បានបន្តទៅរៀនច្បាប់ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ និងបានបំពេញវិជ្ជាជីវៈមេធាវីកាលពីឆ្នាំ២០០៤ ដោយមានការិយាល័យឈ្មោះសីលា។
នៅពេលនិយាយដល់រឿងក្ដីដែលលោកបានការពារនៅក្នុងពេលដែលលោកបានបំពេញការងារជាមេធាវីមក លោកទទួលស្គាល់ថា សំណុំរឿងទាក់ទងនឹងនយោបាយដែលលោកបានការពារ គឺលោកកម្រនឹងឈ្នះ ប៉ុន្តែលោកបានឈ្នះនៅក្នុងសំណុំរឿងធម្មតា៖ «ក្នុងសំណុំរឿងនយោបាយជាទូទៅ និយាយជាទម្រង់ ខ្ញុំអត់ដែលឈ្នះក្ដីទេ ប៉ុន្តែបើនិយាយពីស្មារតី គឺខ្ញុំឈ្នះច្រើន ពីព្រោះអត្ថន័យនៃការឈ្នះក្ដីរបស់ខ្ញុំ មិនមែនចង់សំដៅទៅលើថាតុលាការបានប្រកាសឲ្យកូនក្ដីខ្ញុំឈ្នះ គឺមិនមែនអ៊ីចឹងទេ។ អត្ថន័យនៃការឈ្នះក្ដីរបស់ខ្ញុំ គឺការវិនិច្ឆ័យពីមហាជន។ នៅពេលដែលមហាជនគេមើលឃើញថា ខ្ញុំការពារសិទ្ធិកូនក្ដីបានល្អ អាហ្នឹងហើយគឺខ្ញុំឈ្នះក្ដី។ បានន័យថាខ្ញុំឈ្នះទៅលើចិត្តមហាជនគេគាំទ្រ។ អ៊ីចឹងនៅពេលដែលខ្ញុំធ្វើអំពើល្អ ឬក៏ខ្ញុំខិតខំការពារបំពេញវិជ្ជាជីវៈបានល្អ មហាជនច្រើនទៅឃើញខ្ញុំធ្វើអំពើល្អ អាហ្នឹងហើយខ្ញុំឈ្នះក្ដី»។
ទាក់ទិនការអះអាងថា អនុវត្តវិជ្ជាជីវៈដោយមិនប្រាថ្នាតែលាភសក្ការៈនេះ ទាំងមិត្តរួមអាជីព និងអ្នកដែលបានទៅរកលោក ជូង ជូងី ឲ្យការពារក្ដី បានលើកឡើងថា គឺជារឿងពិត។
មេធាវី ហែម សុជាតិ ដែលសហការីមួយរូបរបស់លោក ជូង ជូងី លើកឡើងថា មេធាវីរូបនេះប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការជួយកូនក្ដី បើទោះបីជាខ្សត់ខ្សោយថវិកា៖ «កាលណាគាត់ដាក់ចិត្តជួយសកម្មជន ឬក៏ជួយសកម្មជននយោបាយ សិទ្ធិមនុស្ស ខាងប្រជាធិបតេយ្យ គឺគាត់ព្យាយាមជួយតែម្ដង។ គាត់ជាមនុស្សមានទឹកចិត្តល្អ ជាអ្នកមានឧត្ដមគតិ»។
ចំពោះស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានទៅរកមេធាវី ជូង ជូងី ឲ្យជួយក្នុងសំណុំរឿងចំនួនពីរដែរ គឺសំណុំរឿងរបស់អ្នកតាមដានបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ និងព្រះសង្ឃជាប់ចោទក្នុងសំណុំរឿងលេងកាំភ្លើងជ័រ ហន សុផាន្នី។ ព្រះអង្គមានថេរដីកាថា លោក ជូង ជូងី ពិតជាបានស្ម័គ្រចិត្តជួយការពារ បើទោះបីកូនក្ដីទាំងពីរពុំមានថវិកាផ្ដល់ឲ្យក្ដី៖ «បើសិនយើងសិក្សាមើលនៅគណៈមេធាវី គឺមានមេធាវីតិចណាស់ដែលធ្វើកិច្ចការរឿងក្ដីផ្នែកនយោបាយ ហើយអាត្មាក៏បានសិក្សាមើលដែរថា ក្ដីនយោបាយមិនដែលឈ្នះទេ វាមានឈ្នះមួយពីរនៅសាលាឧទ្ធរណ៍ ក៏ប៉ុន្តែយើងសម្រេចចិត្តយក គឺដោយសារទី១ គាត់ចំជំនាញ។ ទី២ គាត់ហ៊ានការពារក្ដីឲ្យយើង។ ទី៣ គាត់មិនបានសួររកលុយរកកាក់។ អាហ្នឹងហើយដែលយើងជាជម្រើស ព្រោះអ្នកដែលជាប់ឃុំឃាំង ឬអ្នកដែលរងការចោទប្រកាន់ពីអ្នកមានអំណាចខ្លះ ឬពីស្ថាប័នរដ្ឋខ្លះ ជាទូទៅពួកអ្នកក្រ គឺក្រទាំងលុយក្រទាំងអំណាច»។
បើទោះជាយ៉ាងណា បើតាមលោក ហែម សុជាតិ គឺលោក ជូង ជូងី ក៏នៅមានចំណុចខ្វះខាតដែលគួរឲ្យកែលំអដែរនោះ គឺចំណុចអារកាត់តែម្នាក់ឯងដោយមិនរង់ចាំការពិភាក្សាជាក្រុម នៅពេលដែលសំណុំរឿងនៅមានមេធាវីការពារច្រើននាក់៖ «ជួនកាលពេលខ្លះការងារត្រូវជំនុំគ្នាសិន ជួនកាលអត់ អត់បានជំនុំគ្នា គាត់ធ្វើវឹងម៉ង តែការដែលគាត់សម្រេចធ្វើហ្នឹង ដោយគាត់គិតថាបើម្នាក់ៗរវល់ បើចាំតែជំនុំគ្នា ខ្លាចវាអត់ទាន់ គាត់ក៏ធ្វើសិនទៅ»។
ក្នុងជីវិតគ្រួសាររបស់លោក ជូង ជូងី បានរៀបការជាមួយមេធាវីមួយរូបដែរ។ លោក និងភរិយាស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ ដោយពុំទាន់មានកូននៅឡើយ។
និយាយពីគោលដៅជីវិតទៅថ្ងៃអនាគត លោក ជូង ជូងី ឆ្លើយថា លោកអាចនឹងផ្លាស់ប្ដូរអាជីពដែរ ឲ្យតែអាចជួយរកយុត្តិធម៌ក្នុងសង្គម៖ «ប្រសិនបើមានកិច្ចការផ្សេងទៀតដែលអាចចូលរួមជួយរកយុត្តិធម៌ក្នុងសង្គម ឬក៏រកយុត្តិធម៌បានកាន់តែមានប្រសិទ្ធភាពជាងមេធាវី គឺខ្ញុំអាចទៅដែរក្នុងករណីថាមានឱកាស (សំណួរ៖ អាចនឹងប្រឡូកក្នុងនយោបាយទេទៅថ្ងៃមុខ?) មិនទៀងទេ។ អាចក៏អាចដែរ»។
ក្រៅពីនេះ លោក ជូង ជូងី ក៏បានផ្តល់ដំបូន្មានសម្រាប់អ្នកជំនាន់ក្រោយថា ប្រសិនបើមានបំណងក្លាយជាមេធាវី ត្រូវគិតថាធ្វើមេធាវីដើម្បីជ្រោមជ្រែងស្វែងរកយុត្តិធម៌៖ «បើគោលដៅជីវិតរបស់ខ្លួនចង់ធ្វើមានបាន គួរតែកុំធ្វើមេធាវីអី គួរតែទៅធ្វើមុខរបរផ្សេងទៅ។ អ្នកដែលចង់ធ្វើមេធាវី ទាល់តែដាក់គោលដៅចូលរួមជួយវិស័យច្បាប់ ជួយវិស័យយុត្តិធម៌សង្គម ចាំមកធ្វើមេធាវី។ ជាមេធាវីសំខាន់គឺឆន្ទៈជាចម្បង ផ្អែកទៅលើភាពស្អាតស្អំ។ បានន័យថា ក្នុងវិជ្ជាជីវៈរបស់យើង កុំឲ្យមានកំហុស កុំទៅប្រព្រឹត្តអំពើពុករលួយ មិនទៅធ្វើអ្វីដែលមិនស្មោះត្រង់នឹងកូនក្ដី គឺត្រូវផ្អែកលើភាពស្មោះត្រង់»។
លោកមេធាវី ជូង ជូងី ក៏នៅមានក្ដីបំណងមួយទៀតដែរ គឺប្រសិនបើអាចធ្វើទៅបាន លោកប្រាថ្នាចង់ឲ្យមានយន្តការដែលអាចដាក់ទោសចំពោះចៅក្រម និងព្រះរាជអាជ្ញា ឬឲ្យពួកគាត់ទទួលខុសត្រូវចំពោះចំណាត់ការរបស់ពួកគាត់ទាំងអម្បាលម៉ានដែលមិនត្រឹមត្រូវ ដ្បិតលោកសង្កេតឃើញថា មានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនមានចំណាត់ការមិនត្រឹមត្រូវ ប៉ុន្តែពុំឃើញមានការតម្រូវឲ្យពួកគាត់ទទួលខុសត្រូវ បើទោះជាមានបណ្ដឹងប្រឆាំងពួកគាត់ ទៅដល់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក្ដី៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment