ដោះដៃពីមិត្រចោរ ដោះសោរពីដៃខ្មែរ​ ឆាកល្ខោនយួនតែង តួសម្តែង គឺ ខ្មែរ អត្ថបទដោយ ព្រះភិក្ខុមហាភិរម្យ  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ដោះដៃពីមិត្រចោរ ដោះសោរពីដៃខ្មែរ​ ឆាកល្ខោនយួនតែង តួសម្តែង គឺ ខ្មែរ អត្ថបទដោយ ព្រះភិក្ខុមហាភិរម្យ 

ដោះដៃពីមិត្រចោរ ដោះសោរពីដៃខ្មែរ​ ឆាកល្ខោនយួនតែង តួសម្តែង គឺ ខ្មែរ អត្ថបទដោយ ព្រះភិក្ខុមហាភិរម្យ 

Share This

ដោះដៃពីមិត្រចោរ ដោះសោរពីដៃខ្មែរ​ ឆាកល្ខោនយួនតែង តួសម្តែង គឺ ខ្មែរ អត្ថបទដោយ ព្រះភិក្ខុមហាភិរម្យ  

នៅពេលយើងតាំងសំណួរឲ្យអ្នកដទៃឆ្លើយ​ យើងគួរតាំងសំណួរឲ្យមានជម្រើសច្រើន ដើម្បីឲ្យអ្នក​ឆ្លើយអាចឆ្លើយបញ្ចេញ យោបល់បានដោយសេរី ប៉ុន្តែបើយើងតាំងសំណួរបែបងាប់ក្រឡាផ្តាច់ការទេ អ្នកឆ្លើយគង់នឹងមិនអាច ឆ្លើយអ្វីផ្សេងបាន ក្រៅតែពីពាក្យថា បាទ ចាស មែន ជាដើម ។

នៅក្នុងតក្កវិជ្ជាមានចម្លើយតែ ២ ទេសម្រាប់សំណួរតក្កៈដែលចោទសួរ គឺ ពិត(True)និង មិនពិត (False) ប្រសិនបើយើង ត្រូវការឲ្យអ្នកដទៃឆ្លើយស្របតាមសំណួររបស់យើង យើងគ្រាន់តែតាំង​សំណួរ​​​តក្កៈបិទទៅ អ្នកឆ្លើយប្រាកដ ជាឆ្លើយស្របតាមបំណងរបស់យើងទាំង​ជាការ​បង្រ្កាប​​សេរីភាព​ក្នុងការបញ្ចេញយោបល់របស់អ្នកឆ្លើយបានយ៉ាងមានប្រសិទ្ធិភាពផង ដូចជា ចំណី​អាហារ​ជាគ្រឿង​បរិភោគរបស់យើង បើយើងមិនបរិភោគអាហារទេ យើងនឹងហេវមែនទេ?


ចម្លើយ គឺ មែន (True) ឃើញថា ពិតដូចបទតក្កៈដែលយើងតាំងឡើងមែន ហើយក៏តាំងបទតក្កៈទៀតថា បើ​បរិភោគ​អាហារ យើងនឹងឆ្អែតមែនទេ? មែន ឬថា តាំងតក្កៈបិទដែលត្រូវការចម្លើយបដិសេធ ដូចជា មនុស្ស​យើង​បរិភោគដុំថ្មជាអាហាររាល់ថ្ងៃ ដុំថ្មជាអាហារដែលមានជីវជាតិបំផុត វៀតណាមជា​ប្រទេស​ស្មោះ​ត្រង់បំផុតចំពោះខ្មែរ រាល់សេចក្តីសម្រេចចិត្តរបស់ រដ្ឋាភិបាលសុទ្ធតែត្រឹមត្រូវ ជាដើម

បទតក្កៈខាងលើទោះបីមិនឆ្លើយឲ្យនៅទីនេះក៏ដោយ ក៏យើងបានឆ្លើយបដិសេធតក្កៈបែប​នោះ​នៅ​ក្នុងចិត្តដោយ​ស្វ័យប្រវត្ត ព្រោះជាតក្កៈមិនពិត(False) ។

ឃើញថា រាល់បទតក្កៈដែលតាំងឡើងសុទ្ធតែបម្រើគោលបំណងរបស់អ្នកតាំងឡើងទាំងអស់ ។

ឥឡូវនេះ យើងក្រឡេកមើលបទតក្កៈនយោបាយដែលវៀតណាម​តាំងឡើងដើម្បីសម្រេចគោល​បំណង​របស់ខ្លួន គឺ ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី ២ របស់ប្រជាជនខ្មែរ ឬថា ជាថ្ងៃរំដោះ​ប្រជា​ជន​ខ្មែរឲ្យរួចផុត​ពីកណ្តាប់ដៃរបស់ពួកខ្មែរក្រហម ខ្មែរសឹងតែទូទាំងប្រទេសឬសកលលោក​សុទ្ធ​តែ​មានចម្លើយនៅក្នុងចិត្តថា មែន(True) ប៉ុន្តែប្រសិនបើមានខ្មែរណាឆ្លើយ បដិសេធនឹងបទតក្កៈបែប​នោះ(False) គេក៏សម្រុកសួរដេញដោលបែបតាងនាមឲ្យវៀតណាម(អាយ៉ង)ថា តើអ្នករស់បានដល់​សព្វថ្ងៃនេះដោយសារអ្នកណា មិនមែនដោយការរំដោះរបស់វៀតណាមទេឬ? នេះ គឺ តក្កៈបិទ​ដែលត្រូវការចម្លើយស្រប គឺ តក្កៈដែលបង្គាប់ឲ្យយើងឆ្លើយស្របតែម្យ៉ាងដោយមិនបានគិតដល់បរិបទ​ដទៃដើម្បីយក​មកឆ្លើយទេ ដែលយើងដឹងថាជាសំណួរបិទមុខគ្មានទីសម្រាប់ស្រាយ ។

ប៉ុន្តែនៅពេលដែលយើងដកឃ្លាមិនឆ្លើយតក្កៈបែបនោះហើយសួរឡងទៅវិញថា​ តើអ្នកជឿថា​ខ្មែរ​ក្រហម​ពិតជានឹងសម្លាប់ ប្រជាជនខ្មែរឲ្យអស់រលីងពីប្រទេសឬ? អ្នកនោះប្រហែលជា​អល់ឯកនឹង​ឆ្លើយសំណួរនេះដែរ ព្រោះមិនប្រាកដនៅក្នុងចិត្ត ។

តាមពិតទៅ ទោះបីខ្មែរក្រហមសម្លាប់ខ្មែរស្ទើរអស់ នៅសល់តែខ្មែរម្នាក់ឬពីរនាក់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏វៀតណាម គ្មានសិទ្ធិស្របច្បាប់អ្វីដើម្បីចូលឈ្លានពានប្រទេសកម្ពុជាទេ ឧទាហរណ៍ដូចជា បុរស ឈ្មោះ វ ដឹងនិងឃើញអ្នកជិតខាង វាយសម្លាប់គ្នាហើយនៅសល់តែក្មេងម្នាក់ បុរសនោះក៏ឆ្លៀត​ឱកាស​ចូលទៅ​រឹប​អូស​​យក​ផ្ទះនិង​ទ្រព្យសម្បត្តិរបស់ក្មេងនោះ និងអះអាងប្រាប់គេឯងថា ផ្ទះនេះជារបស់​ខ្ញុំទាំងក្មេងនេះក៏ខ្ញុំជួយសង្រ្គោះដែរ សួរថាតើ​ការ​ដែល​បុរសនោះចូល​ទៅ​រឹបយក​ផ្ទះ​របស់​ក្មេងនោះចាត់ជាការត្រឹមត្រូវតាមច្បាប់ឬទេ? 


យើងប្រាកដជាឆ្លើយថា​ ទង្វើរបស់បុរស ​ឈ្មោះ វ នោះមិន​ត្រឹម​ត្រូវទេ ទោះបីនៅសល់ក្មេងម្នាក់ក៏ដោយ ក៏បុរសនោះមិនអាចរឹបយកផ្ទះឬ​ទ្រព្យសម្បត្តិ​ចេញ​ពីផ្ទះ​នោះបានដែរ ក្មេងម្នាក់​នោះឯងជា ទាយាទនៃផ្ទះនិងទ្រព្យសម្បត្តិនានា ប៉ុន្តែអ្នកដទៃដែលយល់និង​ដឹង​ហេតុការណ៍​នៅតែ​បង្គាប់​បុរស​នោះឲ្យចេញពីផ្ទះនោះ នៅទីបំផុត បុរសនោះក៏ត្រូវបង្ខំចិត្ត​ដើរ​ចេញ​ពី​ផ្ទះ​នោះទាំងអាម៉ាស់ ប៉ុន្តែដោយ​សេចក្តី​លោភលន់ មុននឹងបុរសនោះដើរចេញ ពីផ្ទះនោះ ក៏បានជញ្ជូន​យកទ្រព្យសម្បត្តិចេញ​ពីផ្ទះ​របស់​ក្មេងនោះជាច្រើន​ទាំងបានបង្ខំឲ្យក្មេង​នោះផ្តិត​មេ​ដៃប្រគល់​ដីមួយ​ចំនួន​ដល់បុរសនោះទៀតផង ហើយ​ប្រាប់​ថា ឯង​ត្រូវ​ប្រារព្ធធ្វើពិធីដឹងគុណអញរាល់ឆ្នាំ និងនិយាយថា អញ​ជាអ្នកជួយឯង ព្រោះបើអញ​មិនបាន​ជួយឯងទេ ឯងប្រាកដជាស្លាប់បាត់ទៅហើយ អ្វីៗដែលឯង​មានសព្វថ្ងៃ​នេះព្រោះតែ​អញ​ជាអ្នក​ជួយ ហេតុនោះឯង​ត្រូវតែដឹងគុណអញជានិច្ច ក្មេងនោះបាន​ត្រឹម​តែងក់ក្បាលនិងធ្វើពិធីរំលឹកគុណ​បុរស​នោះរាល់ឆ្នាំ ។

តាមពិត បុរសនោះគ្មានចិត្តចង់ជួយក្មេងនោះទេ គោលបំណងពិតរបស់បុរសនោះ គឺ ផ្ទះ និង ទ្រព្យសម្បត្តិរបស់ក្មេង នោះឯង ប៉ុន្តែដោយសារតែអ្នកដទៃស្រែកនិងតវ៉ា បុរសនោះ​ទើបបង្វែរទិស​ដៅ​មកជាលេសឆ្លើយប្រាប់គេវិញថា យើងមក ជួយក្មេងនោះទេតើ ! យើងមិនចង់បានអ្វីពីក្មេងនោះទេ​នោះជាពាក្យដោះសាដើម្បីបិទ​បាំង​គោលបំណងពិតរបស់ខ្លួន ​តាមពិត បុរសនោះបាន​លួចទ្រព្យ​របស់​ក្មេងនោះបានសម្រេចហើយ គឺ

១.ទ្រព្យមានម្ចាស់ គឺ ផ្ទះ និង ទ្រព្យសម្បត្តិមានក្មេងនោះជាម្ចាស់

២.ដឹងថា ទ្រព្យមានម្ចាស់ គឺ ក្មេងនោះជាម្ចាស់របស់ផ្ទះ និង ទ្រព្យសម្បត្តិនានា

៣.មានចិត្តលួច គឺ ការដែលបុរសនោះចូលរឹបយកផ្ទះនិងទ្រព្យនានានោះព្រោះមាន​ចេតនាលួចផ្គង​ទុក​ជាស្រេច បានដល់ មានចិត្តលួចផ្គងទុកជាមុន

៤.ធ្វើសេចក្តីព្យាយាមគ្រប់យ៉ាងដើម្បីលួចយកទ្រព្យរបស់ក្មេងនោះ

៥. លួចទ្រព្យនានាបានសម្រេច

ពោលគឺ បុរសនោះបានធ្វើចោរកម្មសម្រេចតាមគោលបំណង ឃើញថា សកម្មភាពរបស់​បុរស​នោះ​ជាសកម្មភាពចោរកម្ម មិនមែនជាសកម្មភាពជួយសង្រ្គោះដូចដែលបុរសនោះបង្រៀនក្មេងនោះទេ ហើយប្រសិនក្មេងនោះធ្វើពិធីដឹងគុណបុរសនោះ ហាក់នឹងថា ក្មេងនោះកំពុងតែធ្វើពិធី​ដឹងគុណចោរ​ដែលលួចទ្រព្យសម្បត្តិរបស់ខ្លួន យើងសម្លឹងឃើញក្មេងនោះហាក់ កំពុង ជាប់អន្ទាក់ចិត្តសាស្រ្តនយោបាយរបស់​បុរសជាចោរទាំងជាការជួយបិទបាំងទោសកំហុសរបស់បុរសជាចោរនោះទៀតផង ។

យ៉ាងណាមិញ ការដែលវៀតណាមចូលឈ្លានពានប្រទេសកម្ពុជាក៏ស្រដៀង​នឹងតួយ៉ាងនៃ​ក្មេងម្នាក់​នោះដែរ វៀតណាមបាន ប្រមូលយកទ្រព្យសម្បត្តិរបស់ខ្មែរជាច្រើន មិនតែប៉ុណ្ណោះ វៀតណាម​បាន​បង្រៀន​ឲ្យគណបក្សប្រជាជនកម្ពុជាធ្វើមិទ្ទិញ (Meeting)រំលឹកគុណរបស់វៀតណាមទៀត​ គឺ នៅថ្ងៃទី ៧ មករា រាល់ឆ្នាំ ។ បទតក្កៈដែលវៀតណាមចងឲ្យគណបក្សប្រជាជនកម្ពុជានោះ គឺ ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃរំដោះ និងជាថ្ងៃកំណើតទី ២ ដែលតាមសភាពពិត វាជាថ្ងៃឈ្លានពាននិងធ្វើ​ចោរកម្ម​បានសម្រេចរបស់វៀតណាម ។ 

ម្យ៉ាងទៀត កម្ពុជាក៏ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ(១៤ ធ្នូ ១៩៥៥) ហើយ​វៀតណាម​ក៏ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិដែរ(២០ កញ្ញា ១៩៧៧) រដ្ឋសមាជិកមួយមិនអាចចូលឈ្លានពានរដ្ឋសមាជិកមួយទៀតបានទេ ព្រោះខុសនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ(២៦ មិថុនា ១៩៤៥) មិនអាចច្រិបយកដែនដីតាមរយៈសន្ធិសញ្ញាសម្ងាត់ ឬ សន្ធិសញ្ញាក្នុងរូបបែបចាប់បង្ខំរដ្ឋសមាជិកទន់ខ្សោយបានទេ ព្រោះខុសនឹងអនុសញ្ញាក្រុងវិណ្ណាស្តីពីច្បាប់នៃសន្ធិសញ្ញា(២៣ ឧសភា ១៩៦៩) ។

សរុបសេចក្តីថា បទតក្កៈបិទមុខនេះចាត់ជាចិត្តសាស្រ្តអាណានិគមដែលវៀតណាមចងឲ្យខ្មែរ​មាន​ទំនាស់​រវាងគ្នានិងគ្នា ព្រោះតែឆ្លើយសំណួរតក្កៈនោះផ្សេងគ្នា ឬថាជាមេរោគចិត្តសាស្រ្តនយោបាយដែល​សាប​ព្រោះ​បញ្ចូលទៅក្នុងចិត្តរបស់ខ្មែរឲ្យមានទស្សនៈផ្សេងគ្នាលើបទតក្កៈតែមួយ ហើយត្រូវប្រទុង​ប្រទាញ​គ្នាលើសង្វៀននយោបាយខ្មែរសព្វថ្ងៃ ដល់ពេលវេលាហើយ នៅឆ្នាំ ២០១៧ នេះតទៅដែលខ្មែរគ្រប់គ្នា​ត្រូវនិយាយស្រុះគ្នាដោយសម្លេងតែមួយថា ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃឈ្លានពាន របស់បរទេស បើខ្មែរ​ណា​មិនអាចនិយាយពាក្យនេះបានទេ គ្រាន់តែធ្វើគធ្វើថ្លង់កប់យោបល់ក្នុងរឿងនេះជាការស្រេច ព្រោះ ជាការជួយទម្លាក់បទតក្កៈបិទមុខនោះចោលដោយប្រយោល ។



ដោយ  ព្រះភិក្ខុមហាភិរម្យ


No comments:

Post a Comment