គំនិតជាន់កែងឯង! អ្វីទៅជាគំនិតជាន់កេង? ចង់ដឹងទេ? បើចង់ដឹងក៏អានដើម្បីជាគ្រឿងប្រដាប់សតិបញ្ញា។
គំនិតរបស់អ្នកសិក្សាអក្សរខ្មែរមួយចំនួនយល់ខុស អ្នកខ្លះមានគំនិតថា អក្សរខ្មែរដែលលាយឡំដោយពាក្យបាលី ឬ សំស្រ្កឹតនោះមិនមែនជាពាក្យខ្មែរសុទ្ធទេ ហេតុនោះ ត្រូវធ្វើយ៉ាងណាឲ្យក្លាយជាពាក្យខ្មែរសុទ្ធ ការដែលចង់ឲ្យក្លាយជាពាក្យខ្មែរសុទ្ធនេះឯង ចាត់ទុកថា ខុស ខុសយ៉ាងដូចម្តេច?
ខុសព្រោះពាក្យបាលី ឬសំស្រ្កឹតមែនទែនត្រូវផ្សំដោយវិភត្តិទើបមានន័យយល់សេចក្តីបាន ប៉ុន្តែអ្នកប្រាជ្ញខ្មែរមានសេចក្តីឈ្លាសវែបានកាត់វិភត្តិចោលហើយបំប្លែងសព្ទបាលីឬសំស្រ្កឹតទាំងនោះមកជាពាក្យខ្មែររួចជាស្រេច ក្លាយជារបស់ខ្មែរតាំងពីណាពីណីមក ប្រៀបដូចអង្គរវត្តទោះបីមានប្រភពកំណើតមកពីគម្ពីរព្រាហ្មណ៍ក៏ពិតមែន។
ប៉ុន្តែស្ថាបត្យករខ្មែរបានកសាងប្រាសាទអង្គរវត្តនោះក្លាយជារបស់ខ្មែរហើយ យើងមិនអាចនិយាយថា ប្រាសាទអង្គរវត្តឥណ្ឌា ប្រាសាទអង្គរវត្តហិណ្ឌូ ឬប្រាសាទអង្គរវត្តព្រាហ្មណ៍ទេ ទាំងអន្តរជាតិក៏ទទួលស្គាល់ថា ប្រាសាទអង្គរវត្តជារបស់ខ្មែរ យ៉ាងណាមិញ សិល្បៈ វប្បធម៌ អក្សរសាស្រ្តដែលត្រូវបានកែច្នៃហើយ ពុំមែនជារបស់ជនជាតិដើមកំណើតនោះទៀតទេ ទាំងជនជាតិដើមកំណើតនោះក៏មិនអាចទាមទារថាជារបស់ខ្លួនបានដែរ ហេតុនោះ មនុស្សខ្មែរត្រូវកែសម្រួលគំនិត ទស្សនៈ យោបល់ សាជាថ្មីដើម្បីលើកស្ទួយសិល្បៈ វប្បធម៌ អក្សរសាស្រ្តជាតិតរៀងទៅ ៕
អត្ថបទដោយ ព្រះភិក្ខុមហាភិរម្យ
No comments:
Post a Comment