គ្រូពេទ្យ​ចិន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​សៀមរាប - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
គ្រូពេទ្យ​ចិន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​សៀមរាប

គ្រូពេទ្យ​ចិន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​សៀមរាប

Share This

ក្រុម​គ្រូពេទ្យ​មនុស្សធម៌​ស្ម័គ្រចិត្ត​ជា​ច្រើន​នាក់ មក​ពី​ខេត្ត​ហៃណាន (Hainan) ប្រទេស​ចិន បាន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រយៈពេល ៣​ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​មិន​គិត​ថ្លៃ។ ក្រុម​គ្រូពេទ្យ​ចិន ទាំង​នោះ​បាន​ចាប់​ផ្ដើម​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាយ​ភ្នែក នៅ​ក្នុង​មន្ទីរពេទ្យ​ភ្នែក នៃ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប គឺ​លោក ប៉ែន ផល្គុន។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា ថា វត្តមាន​របស់​ក្រុម​គ្រូពេទ្យ​ចិន ដែល​មក​ជួយ​ព្យាបាល​ជំងឺ​បាយ​ភ្នែក ឱ្យ​ពលរដ្ឋ​ខ្មែរ​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​កិច្ច​សហការ​រវាង​អាជ្ញាធរ​ខេត្ត​ហៃណាន របស់​ប្រទេស​ចិន និង​អាជ្ញាធរ​ខេត្ត​សៀមរាប។

លោក ប៉ែន ផល្គុន យល់​ថា ​ភ្នែក​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ បន្ទាប់ពី​ជីវិត ហើយ​ភាព​សុខសាន្ត ព្រម​ទាំង​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​គ្រប់​រូប ក៏​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ភ្នែក​មើល​ឃើញ​ដែរ។ ដូច្នេះ​ការ​ព្យាបាល​ភ្នែក ដែល​មាន​បញ្ហា​ឱ្យ​មើល​ឃើញ​វិញ គឺ​មាន​គុណ​តម្លៃ​ខ្ពស់​បំផុត៖ «វត្តមាន​របស់​គ្រូពេទ្យ​ចិន ពិសេស​គឺ​ជួយ​វះកាត់​បាយ​ភ្នែក ឱ្យ​ពលរដ្ឋ​កម្ពុជា បែប​នេះ​គឺ​ជា​ការ​ចូលរួម​ដ៏​សំខាន់ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​យុទ្ធសាស្ត្រ​នៃ​ការ​ទប់ស្កាត់​ភាព​ពិការ​ភ្នែក​ដល់​មនុស្ស​ចាស់»។

ចំណែក​ក្រុម​វេជ្ជបណ្ឌិត​ចិន មិន​បាន​ធ្វើ​ការ​អធិប្បាយ​ចំពោះ​ការ​បញ្ជូន​គ្រូពេទ្យ​ជា​ច្រើន​នាក់​មក​ជួយ​ព្យាបាល និង​វះកាត់​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នោះ​យ៉ាង​ណា​ទេ។ នៅ​ក្នុង​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ការ​ព្យាបាល​ភ្នែក​នោះ ក្រុម​គ្រូពេទ្យ​ចិន គ្រាន់តែ​សរសេរ​ថា ចិន និង​កម្ពុជា គឺ​ជា​អ្នក​ជិត​ខាង​ល្អ​ដែល​ស្រឡាញ់​គ្នា​ដូចជា​បង​ប្អូន គឺ​ជា​មិត្ត​ល្អ​ស្មោះត្រង់ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​តាម​បណ្ដា​ស្រុក​នានា និង​ពី​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​នឹង​ខេត្ត​សៀមរាប រាប់​រយ​នាក់ បាន​ស្កាត់​មក​ពិនិត្យ និង​ព្យាបាល​ភ្នែក ជាមួយ​គ្រូពេទ្យ​ចិន រយៈពេល ២​ថ្ងៃ​មក​ហើយ។

អ្នកស្រី អ៊ាម សេង អាយុ ៦៧​ឆ្នាំ ដែល​ខំ​ស្កាត់​មក​តាំង​ពី​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ជំងឺ​ភ្នែក​ដក់​ទឹក និង​ឡើង​បាយ​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ។ អ្នកស្រី​ខំ​ស្កាត់​ដើម្បី​ឱ្យ​គ្រូពេទ្យ​ចិន ជួយ​ព្យាបាល​ភ្នែក​ដោយ​រំពឹង​ថា វា​នឹង​ធ្វើ​ឱ្យ​ភ្នែក​របស់​គាត់​អាច​មើល​អ្វីៗ​ឃើញ​ច្បាស់​ឡើង​វិញ៖ «វា​ចេះតែ​ស្រវាំង​ហើយ​រមាស​ភ្នែក​ខាង​ស្ដាំ រួច​ហើយ​ព្រិល​មើល​មិន​ច្បាស់​តែម្ដង។ មើល​ទៅ​ស្រវាំង​ដូច​ស្អី​បាំង​អ៊ីចឹង មើល​គេ​មិន​ស្គាល់​ទេ»។

នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​គ្រូពេទ្យ​ចិន ខេត្ត​ហៃណាន បាន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ។ កាល​ពី​ឆ្នាំ​២០១៦ ក្រុម​គ្រូពេទ្យ​ចិន​នេះ ធ្លាប់​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ចាម ដោយ​ជួយ​វះកាត់​ជំងឺ​បាយ​ភ្នែក​ដោយ​ជោគជ័យ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ៣០០​នាក់។

​របាយការណ៍​សហគមន៍​សុខភាព​ភ្នែក (Community Eye Health) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង ២​ម៉ឺន ៨​ពាន់​នាក់ គឺ​មាន​បញ្ហា​សុខភាព​ភ្នែក​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ផ្ទាំង​កញ្ចក់​របស់​កែវ​ភ្នែក​ចុះ​ខ្សោយ។

ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់ ចាប់​ពី​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ ប្រមាណ ២​លាន​នាក់ គឺ​មាន​បញ្ហា​ជំងឺ​ភ្នែក​ប្រហែល ៦០%  ដែល​ត្រូវការ​ព្យាបាល​ចាំបាច់​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment