លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលគោរមងារជា «សម្តេច ពិជ័យសេនា» ពីព្រះមហាក្សត្រ។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ «សម្ដេចពិជ័យសេនា» ដល់លោក ទៀ បាញ់ ។ លោក ទៀ បាញ់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
យោងតាមព្រះរាជក្រឹត្យ ការផ្តល់គោរមងារជាសម្តេចពិជ័យសេនា ដល់លោក ទៀ បាញ់ គឺដោយសារព្រះមហាក្សត្រ ទ្រង់យល់ថា លោក ទៀ បាញ់ ជាមេដឹកនាំដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ។ ព្រះមហាក្សត្រ ទ្រង់យល់ទៀតថា លោក ទៀ បាញ់ បានជួយដឹកនាំប្រទេសកម្ពុជា និងបានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ ដែលនាំឲ្យប្រទេសជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍ។
តាមរយៈព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រ ទ្រង់ចាត់ទុកលោក ទៀ បាញ់ ជាមេដឹកនាំ ដែលមានស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា៕
ប្រភព ៖ thmeythmey
No comments:
Post a Comment