បទសម្ភាសន៍ VOA Khmer ជាមួយ លោក ប្រែដ អាដាម (Brad Adams)៖ កម្ពុជាវិលទៅការគ្រប់គ្រងមុនកិច្ចព្រមព្រៀងប៉ារីស !
អង្គការឃ្លាំមើលសិទ្ធិមនុស្សយល់ថានេះគឺជា ល្បែងដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនរៀបចំឡើង ដោយសារតែគណបក្សប្រជាជនកម្ពុជាភ័យខ្លាចចាញ់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
វ៉ាស៊ីនតោន៖ កំណត់និពន្ធ៖ គណបក្សសង្គ្រោះជាតិប្រឈមនឹងការរំលាយចោលដោយសារបណ្តឹងទៅតុលាការកំពូល ដែលប្តឹងដោយរដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយចំនួនពីរក្នុងនោះមានគណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិច របស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សយល់ថានេះគឺជា ល្បែងដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនរៀបចំឡើង ដោយសារតែគណបក្សប្រជាជនកម្ពុជាភ័យខ្លាចចាញ់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ លោកប្រែដ អាដាម (Brad Adams) នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ផ្តល់បទសម្ភាសន៍ដល់លោកម៉ែន គឹមសេងនៃ VOA ។
ប្រែដ អាដាម៖ សូមជម្រាបសួរ!
VOA៖ ក្នុងពេលថ្មីៗនេះអង្គការ NDI ត្រូវបានបណ្តេញឱ្យចេញពីប្រទេសកម្ពុជា ស្ថានីយវិទ្យុមួយចំនួនបានបិទ ហើយប្រធានគណបក្សប្រឆាំងត្រូវបានគេចាប់ដាក់ពន្ធនាគារជាងមួយខែហើយមកដល់ពេលនេះ។ តើប្រទេសកម្ពុជាបានវិលត្រឡប់ទៅពេលមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីឆ្នាំ១៩៩១ ឬយ៉ាងណាដែរ?
ប្រែដ អាដាម៖ ខ្ញុំគិតថា ប្រទេសកម្ពុជាបានវិលត្រឡប់ទៅសម័យមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្វីដែលយើងមើលឃើញនៅពេលនេះគឺជា របៀបដឹកនាំឯកបក្សដោយគណបក្សប្រជាជនកម្ពុជាក្នុងទសវត្សរ៍១៩៨០។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេព្យាយាមទាញទម្លាក់រចនាសម្ព័ន្ធ ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកសាងឡើងចាប់តាំងពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ។ លោកហ៊ុន សែនមិនលាក់លៀមពីចេតនារបស់គាត់ទេគឺ គាត់ប្រាប់ពលរដ្ឋនូវអ្វីដែលគាត់កំពុងធ្វើ។ ដូច្នេះនៅពេលនេះគឺ មិនចាំបាច់ពិភាក្សាថា ប្រទេសកម្ពុជាកំពុងតែធ្វើដំណើរទៅទិសណាទេ។ មិនចាំបាច់ពិភាក្សាថាតើប្រទេសកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យទៀតទេ ព្រោះវាអត់មានទេ។
មិនចាំបាច់ពិភាក្សាថាតើ សភាជាតិចាំតែប្រថាប់ត្រាឱ្យគណបក្សប្រជាជនទៀតទេ ព្រោះរដ្ឋសភានេះចាំតែធ្វើអីចឹងហើយ។ មិនចាំបាច់មានការពិភាក្សាពីការប្រើប្រាស់ច្បាប់ ដើម្បីវាយប្រហារលើបក្សប្រឆាំងទៀតទេ ព្រោះគេកំពុងតែប្រើប្រាស់វិធីនេះហើយ។ ដូច្នេះយើងកំពុងតែស្ថិតនៅក្នុងដំណាក់កាល មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សំណួរនៅសល់តែមួយគឺថា តើអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកមិនគាំទ្រព្រមទាំងសហគមន៍អន្តរជាតិព្យាយាមទាញស្ថានការណ៍ឱ្យវិលត្រឡប់វិញដោយវិធីណា?
VOA៖ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយថា បើគណបក្សមួយត្រូវគេរំលាយ បើទោះបីជាលោកមិនសំដៅលើគណបក្សណាក៏គេដឹងថាគឺ គណបក្សសង្គ្រោះជាតិ នៅពេលនោះគឺ នឹងមានគណបក្សចំនួន ៥ចូលក្នុងសភាជាតិ។ ហើយមានសេចក្តីរាយការណ៍ថា រដ្ឋសភាក៏ព្យាយាមកោះប្រជុំដើម្បីពិនិត្យកែប្រែច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីយកអាសនៈពីគណបក្សដែលគេរំលាយនោះចែកឱ្យគណបក្សដទៃទៀត។ បើសិនជាមិនមានច្បាប់តើលោកហ៊ុន សែនចាំបាច់ឱ្យមានការកែប្រែច្បាប់នេះធ្វើអ្វី?
ប្រែដ អាដាម៖ ខ្ញុំមិនដឹងថា ហេតុអ្វីលោកហ៊ុន សែនត្រូវការច្បាប់ទេ ហើយខ្ញុំគិតថា ហេតុអ្វីចាំបាច់មានសភាជាតិធ្វើអ្វីទេ ពីព្រោះការពិតគឺ ហ៊ុន សែនជាអ្នកធ្វើការសម្រេចចិត្តទាំងអស់។ រដ្ឋសភាគឺធ្វើតាមតែអ្វី ដែលគាត់និយាយ។ ទោះបីសភាជាតិបោះឆ្នោត ឬមិនបោះឆ្នោតក៏គ្មានបញ្ហាអ្វីដែរដោយសារតែនៅពេលណាដែលមានច្បាប់ក៏គេមិនគោរពដែរ។ ឧទាហរណ៍៖ ច្បាប់បានចែងថាត្រូវមានសំឡេងគាំទ្រ ២ភាគ៣ ដើម្បីលើកលែងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ គេមិនអនុវត្តតាមចំណុចនេះទេ។ អីចឹងចាំបាច់មានច្បាប់ធ្វើអ្វីបើរដ្ឋាភិបាលមិនគោរពតាមផង។ ដូច្នេះលោកហ៊ុនសែនអាចអនុម័តច្បាប់អ្វីក៏បានដែរតាម តែគាត់ចង់ប៉ុន្តែវាមិនមែនធ្វើឱ្យច្បាប់នោះមានគតិយុទ្ធទេ ហើយមិនធ្វើឱ្យទង្វើរបស់គាត់ស្របច្បាប់ទេ។
នេះគ្រាន់តែជាល្បែងមួយប៉ុណ្ណោះ ហើយគ្មានអ្នកណាម្នាក់ទទួលយកល្បែង ដែលរំលាយគណបក្សសង្គ្រោះជាតិ ហើយជ្រើសរើសមនុស្សថ្មីប្រាំនាក់ឱ្យមកកាន់គណបក្ស និងប្រគល់អាសនៈឱ្យទេ។ មែនទែនទៅគ្មានអ្នកណាទទួលស្គាល់រដ្ឋសភាហ្នឹងថាស្របច្បាប់ទេពីព្រោះគាត់យកសំឡេងឆ្នោតពីពលរដ្ឋរាប់លាននាក់ក្នុងឆ្នាំ២០១៣ ហើយចាក់ចោលក្នុងបង្គន់។ សំឡេងឆ្នោតនោះមិនមានតម្លៃទៀតទេពីព្រោះមនុស្សម្នាក់គឺលោកហ៊ុន សែនមានអំណាចជាងអ្នកបោះឆ្នោតទាំងនោះ។ នេះជាទង្វើមិនស្របតាមលទ្ធិប្រជាធិបតេយ្យទេសូម្បីតែតាមច្បាប់របស់កម្ពុជាឬរដ្ឋធម្មនុញ្ញរបស់កម្ពុជាក៏ដោយ។ ដំណើរការទាំងមូលនេះគឺដូចជា រឿងកំប្លែងមួយ។ ខ្ញុំគិតថា គេមិនគួរមកចាប់អារម្មណ៍នឹងសភាជាតិមួយដែលក្លាយជាអ្នកចូលដៃចូលជើងក្នុងការប្រព្រឹត្តិដូចនេះទេ។
VOA៖ សហគមន៍អន្តរជាតិបានសម្តែងប្រតិកម្មខ្លាំងៗជាងមុននៅពេលនេះ។ ឧទាហរណ៍កាលពីថ្ងៃច័ន្ទ សហគមន៍អឺរ៉ុបបានចេញប្រតិកម្មមួយ ដែលសុំឱ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការចង់រំលាយគណបក្សសង្គ្រោះជាតិ។ តើប្រតិកម្មប៉ុណ្ណេះគ្រប់គ្រាន់ទេ? បើមិនទាន់គ្រប់គ្រាន់ទេតើគួរមានវិធានការជាក់លាក់ណាទៀតទេ?
ប្រែដ អាដាម៖ អត់ទេប្រតិកម្មដូចនេះតិចពេក និងយឺតពេលហើយ។ ខ្ញុំបានប្រាប់ពួកគេជាយូរមកហើយថា រឿងដូចនេះនឹងកើតមានឡើង ហើយពួកគេត្រូវទប់ស្កាត់។ ពួកគេត្រូវហ៊ាននិយាយឡើង។ ពួកគេត្រូវពន្យល់ថា តើផលវិបាកមានអ្វីខ្លះ។ ពួកគេត្រូវត្រៀមអនុវត្តតាមការព្រមាននោះ បើសិនជារដ្ឋាភិបាលហ៊ានធ្វើដូចអ្វីដែលយើងឃើញនៅពេលនេះ។ ប៉ុន្តែសហគមន៍អន្តរជាតិមិនបានធ្វើតាមទេ។ ពួកគេចង់រក្សាមិត្តភាព និងទំនាក់ទំនងល្អជាមួយនឹងលោកហ៊ុន សែន។ ឥឡូវនេះយឺតពេលហើយ។ ហួសពេលដែលគ្រាន់តែប្រើប្រាស់ពាក្យពេចន៍អំពាវនាវឱ្យលោកហ៊ុនសែនទាញស្ថានការណ៍មកដូចដើមវិញ ពីព្រោះលោកហ៊ុន សែនគ្មានផែនការទាញស្ថានការណ៍មកដូចដើមវិញទេ។
មធ្យោបាយតែមួយគត់ដែលលោកហ៊ុន សែននឹងទាញស្ថានការណ៍ឱ្យបានមកដូចដើមវិញគឺទាល់តែមានការដាក់សម្ពាធធំដុំ។ ការណ៍នេះមានន័យថា បញ្ចប់គ្រប់ទំនាក់ទំនងយោធាជាមួយនឹងប្រទេសកម្ពុជា ដាក់ទណ្ឌកម្មពាណិជ្ជកម្មនិងពន្ធលើប្រទេសកម្ពុជា ដាក់ទណ្ឌកម្មលើលោកហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេបញ្ជាការប៉ូលិស ទាហាន និងកងរាជអាវុធហត្ថ ផ្អឹបទុកទ្រព្យសម្បត្តិរបស់ពួកគេ និងជនទាំងឡាយណាដែលអនុវត្តតាមបញ្ជារបស់លោកហ៊ុន សែន ដាក់បម្រាមលើការដើរហើររបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ល្គឹកណាគ្មានចំណាត់ការដូចនេះទេគឺលោកហ៊ុន សែននឹងមិនធ្វើអ្វីទាំងអស់។ លោកហ៊ុន សែនបានសាកល្បងប្រតិកម្មរបស់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប និងម្ចាស់ជំនួយដទៃទៀត ហើយពួកគេមិនធ្វើប្រតិកម្មតបទាំងអស់។ ឥឡូវនេះគាត់សម្រេចចិត្តថាគាត់អាចរួចខ្លួនបានទៀតហើយ។
VOA៖ តើលោកគិតថា សហគមន៍អន្តរជាតិមានសេចក្តីក្លាហានក្នុងការធ្វើតាមអ្វីដែល លោកបានស្នើឡើងទេ។ បើអីចឹងមែនតើនឹងមានផលប៉ះពាល់អ្វីខ្លះ?
ប្រែដ អាដាម៖ ខ្ញុំគិតថា ពួកគេមានសេចក្តីក្លាហាន ប៉ុន្តែហ៊ានធ្វើតែពេលណាហួសពេលទៅហើយ។ ខ្ញុំគិតថា រឿងទាំងអស់នេះនឹងកើតមានឡើង ប៉ុន្តែវានឹងកើតមានឡើងក្រោយពីលោកហ៊ុនសែនបានបំផ្លាញអស់ទៅហើយ។ ពេលនោះនឹងបានផលតិចណាស់។ គេគួរតែធ្វើមុនស្ថានការណ៍កើតឡើង។ ពួកគេគួរតែនិយាយឱ្យច្បាស់ថាតើ នឹងមានផលប៉ះពាល់យ៉ាងម៉េចកើតឡើងពីទង្វើរបស់គាត់ ប៉ុន្តែពួកគេមិនបាននិយាយឱ្យច្បាស់លាស់ទេ។ លោកហ៊ុន សែនតែងតែបញ្ជាក់ចេតនាយ៉ាងច្បាស់ថា គាត់ចង់វិលត្រឡប់ទៅរកការគ្រប់គ្រងដោយគណបក្សតែមួយ។ គាត់បានបញ្ជាក់យ៉ាងច្បាស់ក្នុងរយៈពេល២៥ឆ្នាំមកនេះ។ គាត់មិនទទួលយកភាពស្របច្បាប់នៃការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ។ គាត់មិនទទួលយកភាពស្របច្បាប់របស់គណបក្សប្រឆាំង។
គាត់មិនទទួលយកវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី កាសែត Cambodia Daily ឱ្យដំណើរការជាសារព័ត៌មានសេរីទេ។ គាត់មិនទទួលយកសម រង្ស៊ី និងកឹមសុខា និងមតិប្រជាពលរដ្ឋសាមញ្ញនៅតាមបណ្តាខេត្ត ដែលនិយាយប្រឆាំងនឹងរដ្ឋាភិបាល។ គាត់បានរង់ចាំឱកាសនេះដែលសហគមន៍អន្តរជាតិទន់ជ្រាយ និងទន់ខ្សោយ ហើយកំពុងជាប់រវល់នឹងស្ថានការណ៍ផ្សេងៗទៀត។ ឥឡូវនេះយើងឃើញខ្យល់ព្យុះដ៏ខ្លាំងមួយដែលលោកហ៊ុន សែនឆ្លៀតប្រើ ដោយទាញផលចំណេញពីភាពកម្សោយទាំងអស់ ដែលខ្ញុំទើបតែបានបង្ហាញ ហើយជាមូលដ្ឋានគឺ បានវិលត្រឡប់ទៅរកការគ្រប់គ្រងដែលមានគណបក្សតែមួយ។
VOA៖ មានចំណុចដ៏សំខាន់មួយគឺ ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ តើសហគមន៍អន្តរជាតិគួរតែដាក់ឱសានវាទត្រឹមពេលណាថា បើសិនជាបញ្ហាមួយចំនួនមិនវិលត្រឡប់ទៅរកស្ថានភាពដើមវិញទេ ហើយកម្ពុជាមិនបានបំពេញកិច្ចការមួយចំនួនគឺ ការបោះឆ្នោតនេះមិនអាចទទួលយកបានទេ?
ប្រែដ អាដាម៖ ប្រសិនបើពួកគេរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ហើយមិនបានទាញស្ថានការណ៍មករកស្ថានភាពមួយដែលគណបក្សសង្គ្រោះជាតិអាចត្រៀមខ្លួនចូលរួមការបោះឆ្នោតបានទេគឺ គេមិនអាចចាត់ទុកការបោះឆ្នោតនោះ ស្របច្បាប់បានទេ។ រដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតនេះគឺ មិនស្របច្បាប់ទេ។ ដូចហេតុនេះហើយ បានជាខ្ញុំនិយាយថា សហគមន៍អន្តរជាតិនឹងធ្វើសកម្មភាពក្រោយពីរឿងទាំងអស់នេះបានកើតឡើងចប់សព្វគ្រប់ទៅហើយ។
ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅបន្តធ្វើអីចឹងទៀតគឺជំនួយអន្តរជាតិមកកម្ពុជានឹងលែងមានទៀតហើយ។ មានច្បាប់នៅក្នុងប្រទេសជាច្រើន ដែលហាមឃាត់មិនឱ្យផ្តល់ជំនួយមកប្រទេសកម្ពុជា។ សហគមន៍អន្តរជាតិនឹងមានចំណាត់ការ ប៉ុន្តែតែងតែកើតឡើង ក្រោយពីស្ថានការណ៍បានហួសពេលទៅហើយ។ អីចឹងហើយបានជា ខ្ញុំខឹងនិងខកចិត្តនឹងសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ជប៉ុន ធនាគារពិភពលោក អង្គការសហប្រជាជាតិនិងស្ថាប័នដទៃទៀតដែលមានលទ្ធភាពនិយាយយ៉ាងច្បាស់ និងទប់ស្កាត់ស្ថានភាពនេះមិនឱ្យកើតឡើងបាន។
VOA៖ តើ គេត្រូវតែបញ្ចេញប្រតិកម្មដូចនេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ឬប៉ុន្មានសប្តាហ៍ទៀតមែនទេ? ពីព្រោះតុលាការកំពូលទុកពេលឱ្យគណបក្សសង្គ្រោះជាតិរហូតដល់ចុងខែនេះ ដើម្បីរៀបចំ ឯកសារការពារខ្លួនទល់នឹងបណ្តឹងរំលាយគណបក្ស។ តើលោកយល់យ៉ាងណាដែរពីបណ្តឹងនេះ?
ប្រែដ អាដាម៖ ពាក្យបណ្តឹនេះគឺ គួរឱ្យអស់សំណើចណាស់។ ច្បាប់ដែលបានអនុម័តរួចហើយដែលកំហិតសកម្មភាពរបស់គណបក្សសង្គ្រោះជាតិគឺ រំលោភលើស្តង់ដារសិទ្ធិមនុស្សសាកលដូចជា ការហាមឃាត់មិនឱ្យប្រើឈ្មោះលោកសម រង្ស៊ី រូបថត និងអាវយឺត។ ការចាប់លោកកឹម សុខាដាក់ពន្ធនាគារគឺជា រឿងចំអកឡកឡឺយមួយ ដោយគ្មានហេតុផលអ្វីទាំងអស់។ តុលាការកំពូលនឹងធ្វើតាមតែអ្វី ដែលគណបក្សប្រជាជនកម្ពុជាប្រាប់ពួកគេឱ្យធ្វើ។
យើងមិនអាចចាត់ទុកតុលាការកំពូលថាជាតុលាការទេ។ វាមិនមែនជា តុលាការទេ វាជាអង្គការនយោបាយមួយ។ នេះជាល្បែងដែលពួកគេលេងដែលធ្វើដូចជា ទុកពេលឱ្យត្រៀមការពារខ្លួន ប៉ុន្តែដល់ពេលគឺ គេសម្រេចតាមអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចឱ្យគេធ្វើ។ គេគ្រប់គ្នាដឹងរឿងហ្នឹងអស់ហើយថា តុលាការនេះគ្មានឯករាជ្យភាពទេ។ គ្មានវិធីណានឹងផ្លាស់ប្តូរទិសទេទាល់តែ លោកហ៊ុន សែនប្តូរចិត្តរបស់គាត់ហើយលោកហ៊ុន សែននឹងមិនផ្លាស់ប្តូរចិត្តរបស់គាត់ទាល់តែគាត់ភ័យថា តម្លៃដែលគាត់ត្រូវចំណាយក្នុងការធ្វើដូចនេះគឺ ខ្ពស់ជាងផលប្រយោជន៍ ដែលគាត់នឹងទទួលបានមកវិញ។ ផលប្រយោជន៍របស់គាត់គឺច្បាស់ណាស់ថា គាត់ត្រូវតែនៅរក្សាអំណាចឱ្យបានក្នុងពេល ដែលគាត់នឹងត្រូវចាញ់ឆ្នោតឆ្នាំក្រោយ ប្រសិនបើមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។
VOA៖ អីចឹងនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពីព្រោះនៅដំណាច់ខែនេះ តុលាការប្រហែលជានឹងរៀបចំបើកសវនាការហើយ ប្រសិនបើសម្រេចថា រំលាយគណបក្សសង្គ្រោះជាតិមែនគឺ បានន័យថាដល់ពេលដែលសហគមន៍អន្តរជាតិត្រូវនិយាយថា យើងនឹងមិនទទួលស្គាល់លទ្ធផលឆ្នោតឆ្នាំ២០១៨ទេ។ មែនទេ?
ប្រែដ អាដាម៖ ជាការពិតហើយ។ ពួកគេត្រូវបញ្ជាក់ឱ្យច្បាស់ថា ពួកគេនឹងមិនចូលរួម គាំទ្រ ឬទទួលស្គាល់ដំណើរការបោះឆ្នោតឆ្នាំ២០១៨ទេ។ វាជាការបោះឆ្នោតខុសច្បាប់ហើយនោះ គឺជាទីបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
VOA៖ លោកប្រែដ លោកបានតាមដានស្ថានការណ៍ប្រទេសកម្ពុជាជាយូរមកហើយ។ លោកថែមទាំងធ្លាប់រស់នៅប្រទេសកម្ពុជាផងដែរ។ នៅឆ្នាំ១៩៩៧ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិត្រូវបានចោទប្រកាន់តាមផ្លូវតុលាការដែរ ដោយចោទប្រកាន់ពីការទាក់ទងនឹងក្រុមខ្មែរក្រហមខុសច្បាប់ហើយក៏មានរដ្ឋប្រហារយោធាមួយប៉ុន្តែក្រោយមកអ្វីៗល្អសម្រាប់លោកហ៊ុន សែន។ តើលោកគិតថាស្ថានភាពនៅពេលបច្ចុប្បន្ននេះនឹងល្អសម្រាប់លោកហ៊ុន សែនទៀតទេ?
ប្រែដ អាដាម៖ លោកហ៊ុន សែនបានធ្វើរដ្ឋប្រហារក្តៅនៅឆ្នាំ១៩៩៧។ នៅពេលនោះខ្ញុំរស់នៅក្នុងប្រទេសកម្ពុជាហើយគ្រាប់រ៉ុកែតបានធ្លាក់នៅជិតផ្ទះរបស់ខ្ញុំ។ មានមនុស្សស្លាប់ច្រើនណាស់ហើយមានព័ត៌មានលើទំព័រមុខនៅពាសពេញពិភពលោក។ ព្រឹត្តិការណ៍នោះជាព័ត៌មានសំខាន់ក្នុងការផ្សាយរបស់ទូរទស្សន៍ស៊ីអឹនអឹន (CNN) និងប៊ីប៊ីស៊ី (BBC)។ ឥឡូវនេះគាត់ធ្វើរដ្ឋប្រហារត្រជាក់ដោយមិនមានហិង្សាអ្វីទេ ប៉ុន្តែគាត់ប្រើប្រាស់ការគំរាមកំហែងដដែល ប្រើប្រាស់កម្លាំងប៉ូលិសនិងអំណាចរដ្ឋប្រឆាំងនឹងគណបក្សប្រឆាំង ប៉ុន្តែវាជាទិដ្ឋភាពខុសពីគ្នា ដូច្នេះហើយបានជាគេមិនសូវចាប់អារម្មណ៍ដូចមុន។ លោកនិយាយថារឿងរ៉ាវបានដំណើរការល្អនាពេលក្រោយមក ខ្ញុំមិនគិតថាអ៊ីចឹងទេ។ តាមរយៈរដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ គឺលោកហ៊ុន សែនបានផ្លាស់ប្តូរអ្វីៗនៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ រដ្ឋប្រហារឆ្នាំ១៩៩៧ធ្វើឡើងដោយហេតុផលដូចគ្នានឹងអ្វីដែលគាត់កំពុងធ្វើនៅពេលឥឡូវនេះ។
ពេលនោះគណបក្សប្រជាជនកម្ពុជាគិតថា ពួកគេនឹងចាញ់ការបោះឆ្នោតឆ្នាំ១៩៩៨លើដៃគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសម រង្ស៊ីរួមគ្នា។ ដូច្នេះហើយបានជាគាត់ធ្វើរដ្ឋប្រហារ ប៉ុន្តែនៅពេលនោះគឺ មានរយៈពេលតែបួនឆ្នាំក្រោយពីបេសកកម្មអ៊ុនតាក់របស់អង្គការសហប្រជាជាតិបានចាកចេញពីកម្ពុជា និងមានរយៈពេលតែ៦ឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាហើយពិភពលោកកំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើប្រទេសកម្ពុជា ហើយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជុំវិញពិភពលោកបានទទូចឱ្យលោកហ៊ុន សែនទាញស្ថានការណ៍ត្រឡប់ថយក្រោយវិញ គឺយ៉ាងហោចណាស់អនុញ្ញាតឱ្យព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ និងលោកសម រង្ស៊ីចូលរួមក្នុងការបោះឆ្នោត។ ពួកគេបានចូលរួម ប៉ុន្តែវាមិនមែនជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ។ មានអំពើហិង្សាកើតមានឡើង។ មានសាកសពមនុស្សស្លាប់អណ្តែតតាមទន្លេបាសាក់ និងទន្លេមេគង្គ។ មានការធ្វើឃាតព្រះសង្ឃ និងសកម្មជន។ នៅពេលនោះខ្ញុំធ្វើការជាមួយនឹងអង្គការសហប្រជាជាតិហើយបានកត់ត្រាករណីនេះជាច្រើន។
ដូច្នេះគណបក្សប្រជាជនកម្ពុជាអាចឈ្នះបានទាំងប្រផិតប្រផើយ បើទោះបីជាបានប្រើហិង្សានិងលួចបន្លំដើម្បីបានឈ្នះក៏ដោយ។ នោះមិនមែនជាការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទេ។ ដូច្នេះអ្វីៗមិនដំណើរការល្អទេបន្ទាប់ពីនោះមក។ នេះគឺជា អ្វីដែលលោកហ៊ុនសែនអាចរក្សាអំណាចបាន។ លោកបានសួរខ្ញុំថា បើទោះបីជាលោកហ៊ុន សែនបានធ្វើរដ្ឋប្រហារត្រជាក់នៅពេលនេះតើអ្វីៗនឹងដំណើរការល្អនៅពេលក្រោយទេ? ចម្លើយរបស់ខ្ញុំគឺថា ខ្ញុំមិនគិតថាអីចឹងទេ។ ខ្ញុំមិនគិតថាអ្វីៗនឹងដំណើរការល្អទេដរាបណាលោកហ៊ុន សែននៅកាន់អំណាច ពីព្រោះគាត់បានបង្ហាញឱ្យគេដឹងថាគាត់គឺជា ជនផ្តាច់ការដែលនិយមហិង្សា។ ប្រទេសមួយមិនអាចជោគជ័យបានទេបើមានមេដឹកនាំផ្តាច់ការដែលនិយមហិង្សានៅកាន់អំណាច។
VOA៖ ប្រទេសម្ចាស់ជំនួយដទៃហាក់ដូចជា មានការធុញទ្រាន់ ប៉ុន្តែចិនបានចូលមកជំនួសដោយបង្កើនការវិនិយោគ និងផ្តល់ជំនួយអភិវឌ្ឍន៍ តើលោកគិតយ៉ាងណាដែរ?
ប្រែដ អាដាម៖ ប្រទេសចិនគឺជា ហេតុផលដ៏សំខាន់ដែលនាំឱ្យមានរឿងរ៉ាវទាំងអស់នេះកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ចិនបានផ្តល់សិទ្ធិសព្វបែបយ៉ាងដល់លោកហ៊ុន សែនឱ្យធ្វើអ្វីតាមចិត្ត។ ពួកគេថែមទាំងនិយាយថា ពួកគេគាំទ្រការចាប់ខ្លួនលោកកឹម សុខា។ នេះគឺជា ការរំខានមួយព្រោះប្រទេសចិនតែងតែនិយាយថា ខ្លួនជាអ្នកលើកស្ទួយគោលនយោបាយមិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ។ ចិនតែងតែតវ៉ានៅពេលណាដែលគេនិយាយពីស្ថានភាពសិទ្ធិមនុស្សមិនល្អនៅក្នុងប្រទេសចិន ប៉ុន្តែឥឡូវនេះចិនធ្វើអន្តរាគមន៍ជំនួសមុខឱ្យមេដឹកនាំផ្តាច់ការនៅ ប្រទេសជាច្រើននៅលើពិភពលោក។ ដូច្នេះលោកហ៊ុន សែនគិតថា ខ្លួនមានចិនដែលជាមហាអំណាចនៅពីក្រោយអីចឹងគាត់អាចធ្វើអ្វីតាមចិត្ត។ នេះគឺជា ការប្រឈមមុខមួយ។ ហេតុផលមួយទៀតដែលលោកហ៊ុន សែនត្រូវដឹងគឺថា ហេតុផលដែលឈានទៅដល់ការធ្វើការកែទម្រង់នៅក្នុងប្រទេសភូមាគឺដោយសារពលរដ្ឋមិនសប្បាយរីករាយ ដែលភូមាត្រូវពឹងលើចិនខ្លាំងពេក។ ខ្ញុំជឿជាក់ថា នៅក្នុងប្រទេសកម្ពុជានឹងមានប្រតិកម្មដូចគ្នានេះដែរ។
ប្រទេសចិនមិនមានចិត្តស្មោះជួយឱ្យមានផលប្រយោជន៍ល្អដល់ប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាទេនៅក្នុងគោលនយោបាយរបស់ចិន។ ប្រទេសចិនចង់បានដៃគូមួយនៅក្នុងតំបន់ ដែលមានប្រទេសមួយអាចធ្វើតាមអ្វីដែលចិនចង់បាន។ យើងបានឃើញលោកហ៊ុន សែនធ្វើដូចនេះហើយ នៅក្នុងសមាគមអាស៊ានដោយបានរាំងខ្ទប់សេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ប្រទេសចិនមិនមែនជាអ្នកផ្តល់ជំនួយទេភាគច្រើននៃអ្វីដែលចិនផ្តល់ឱ្យគឺជា ប្រាក់កម្ចីដែលកម្ពុជាត្រូវសងវិញ។ ក្នុងខណៈពេលដែលជំនួយភាគច្រើនរបស់បស្ចិមប្រទេសគឺជាជំនួយអត់សំណង។ បស្ចិមប្រទេសផ្តល់ជំនួយមកកម្ពុជាដើម្បីធ្វើការអភិវឌ្ឍ។ ប្រទេសចិនផ្តល់ប្រាក់កម្ចីដល់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍ។ នេះគឺជា លុយដែលពលរដ្ឋកម្ពុជាត្រូវតែសងវិញតាមរយៈការបង់ពន្ធ និងបន្ថយសេវារបស់រដ្ឋនៅក្នុងពេលអនាគត។
VOA៖ សូមអរគុណលោកប្រែដ អាដាមដែលបានផ្តល់បទសម្ភាសន៍ដល់ VOA។
ប្រែដ អាដាម៖ អរគុណច្រើន៕
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment