បុរសខ្លាំងតេជោស្លន់ស្លោ ភ័យខ្លាចបាត់អំណាចខ្លាំងពេក រហូតវង្វេងវង្វាន់ភ័ន្តព្រលឹង ដើរធ្វើប្រជាភិថុតិជួបសំណេះសំណាលរកសំឡេងពីប្រជាពលករខ្មែរ ខុសចំណុចបញ្ហាធំដែលប្រជាពលករខ្មែរកំពុងប្រឈមធ្ងន់ធ្ងរខ្លាំង ទាំងខាងក្នុងស្រុក និងខាងក្រៅស្រុក !!
បុរសខ្លាំងតេជោសែន វង្វេងវង្វាន់ភ័ន្តព្រលឹង ដើរធ្វើប្រជាភិថុតិជួបសំណេះសំណាលរកសំឡេងឆ្នោតខុសរដូវកាលពីប្រជាពលករខ្មែរ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលជាការចាត់ឆាកល្ខោន អោយល្អមើលតែប៉ុណ្ណោះ។ ប៉ុន្តែដល់បញ្ហារបស់ប្រជាពលករខ្មែរកើតឡើងចំពោះមុខពិតៗ តេជោបែរជាមិនព្រមចុះជួប ចុះជួយដោះស្រាយបញ្ហាជូនដល់ប្រជាពលករខ្មែរ ដែលកំពុងប្រឈមនឹងបញ្ហាទេ។
ពីទំព័រហ្វេសប៊ុករបស់បុរសខ្លាំងតេជោសែន បានអោយដឹងថា ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៧២៤នាក់ មកពីរោងចក្រ៧០ផ្សេងៗគ្នា ក្នុងស្រុកចំនួន០៤ ក្នុងខេត្តកណ្ដាល រួមមាន ស្រុកអង្គស្នួល ស្រុកស្អាង ស្រុកតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
ទន្ទឹមគ្នានេះដែរ ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី បានអោយដឹងថា ៖ កម្មកររោងចក្រមួយកន្លែងនៅក្រុងតាខ្មៅដេកតវ៉ាមុខរោងចក្រទាំងយប់ថ្ងៃ !!
ក្រុមកម្មការិនីរោងចក្រ ហ្គាវ័ន អាផារៀល (GAWON APPAREL) ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បាននាំគ្នាធ្វើបាតុកម្ម និងដេកមុខទ្វាររោងចក្រទាំងយប់ទាំងថ្ងៃ ដើម្បីសម្ដែងការមិនពេញចិត្ត និងទាមទារលក្ខខណ្ឌការងារមួយចំនួនជាមួយម្ចាស់រោងចក្រ។ ក្រុមកម្មការិនីទាំងនោះ អះអាងថា ថៅកែរោងចក្រនេះបានធ្វើខុសច្បាប់ការងារ និងកេងប្រវ័ញ្ចលើអត្ថប្រយោជន៍របស់កម្មករ ទើបពួកគាត់ធ្វើបាតុកម្មនៅមុខរោងចក្របែបនេះ។
ការតវ៉ាដោយបាតុកម្មមិនចូលធ្វើការងារនេះ ត្រូវបានក្រុមកម្មករអះអាងថា បានធ្វើឡើងរយៈពេល ១២ថ្ងៃមកហើយ ដោយគ្មានភាគីមានសមត្ថកិច្ចរដ្ឋមកជួយកម្មករ ឬសម្របសម្រួលជាមួយភាគីថៅកែរោងចក្រនោះទេ។ រយៈពេល១០ថ្ងៃ នៃការតវ៉ាដំបូង គឺក្រុមកម្មករតវ៉ានៅមុខរោងចក្រ តែពេលថ្ងៃនោះទេ ប៉ុន្តែក្រោយ១០ថ្ងៃហើយ នៅតែគ្មានដំណោះស្រាយ ពួកគាត់បាននាំគ្នាដេកមុខរោងចក្រ ទាំងថ្ងៃទាំងយប់។
កម្មការិនីម្នាក់ ឈ្មោះ គឹម អូន អះអាងថា ប្រសិនបើរាល់សំណើរបស់កម្មករ មិនត្រូវបានថៅកែរោងចក្រដោះស្រាយជូនទេ ពួកគាត់នឹងបន្តដេកនៅមុខរោងចក្រនេះ រាល់យប់តទៅទៀត។ កម្មការិនីរូបនេះបន្តថា ការជ្រើសយកជម្រើសដេកតវ៉ាមុខរោងចក្រ ក៏ព្រោះតែពួកគាត់ នឹងមិនមានលទ្ធភាពបង់ថ្លៃបន្ទប់ជួលឡើង ក្រោយពេលថៅកែរោងចក្រមួយនេះ បើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀតទាត់។
រោងចក្រ ហ្គាវ័ន អាផារៀល ស្ថិតនៅលើផ្លូវជាតិលេខ២១ ឆ្ពោះពីរង្វង់មូលអ្នកតាខ្មៅ ក្នុងក្រុងតាខ្មៅ ដល់ព្រំដែនកម្ពុជា-វៀតណាមជ្រៃធំ។ កម្មការិនីនាំគ្នាចែកជាពីរក្រុម ដើម្បីដេកតវ៉ា នៅចំពីមុខទ្វាររោងចក្រ ទាំងទ្វារមុខ និងទ្វារក្រោយ។
លក្ខខណ្ឌការងារដែលកម្មករ ស្នើជាមួយថៅកែរោងចក្រ ហ្គាវ័ន អាផារៀល គឺស្នើឲ្យនិយោជករក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ឲ្យកម្មករនៅកំឡុងពេលកូដកម្ម ចាប់ពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃចូលធ្វើការវិញ។ ស្នើនិយោជកឯកភាពបើកប្រាក់ឈ្នួលជូនកម្មករនិយោជិក យ៉ាងយូរត្រឹមថ្ងៃទី១០ នៃខែនីមួយៗ និងឲ្យបានរួចរាល់ត្រឹមម៉ោង១៦៖០០នាទី។ ស្នើឲ្យនិយោជកបង់វិភាគទាន ដែលកាត់ពីកម្មករ ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ ស្នើឲ្យនិយោជកត្រូវអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ ចាប់ពី ៣ខែឡើងទៅ ចេញធ្វើការមុន ១៥នាទី និងចំពោះកម្មករ កម្មការិនី ដែលប្ដូរឈ្មោះកន្លងមកស្នើឲ្យនិយោជករក្សាអតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ឲ្យស្របតាមសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល។
កម្មការិនីម្នាក់ទៀត ឈ្មោះ ឡូញ ផាត មិនពេញចិត្តចំពោះថៅកែរោងចក្រ ដែលបើកប្រាក់ខែមិនទៀតទាត់ឲ្យអ្នកស្រី និងមានខែខ្លះ រោងចក្រមិនព្រមបើកប្រាក់ខែទាំងអស់ឲ្យកម្មករទេ ដោយបើកត្រឹមតែពាក់កណ្ដាលឲ្យកម្មករ។
កម្មករអះអាងថា ក្នុងការតវ៉ាជាមួយរោងចក្រនេះ ពួកគេមិនមានសហជីពជាតំណាងទេ ដោយសារ នៅពេលតវ៉ា ក្រុមសហជីព ដែលកម្មករបានបង់លុយឲ្យរាល់ខែ នៅរោងចក្រនេះ បានប្រាប់ពួកគាត់ថា ដល់ថ្ងៃចប់អាណត្តិរបស់សហជីពហើយ។ ទោះយ៉ាងណា ពួកគាត់មួយចំនួន មិនបានស្គាល់ឈ្មោះសហជីព នោះនៅឡើយទេ។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងតំណាងរោងចក្រ និងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានទេ នៅថ្ងៃទី២១ ខែតុលា។
កម្មការិនីម្នាក់ទៀត ឈ្មោះ ថូ ណៃយៀប ដែលត្រូវបានកម្មករជ្រើសតាំងឲ្យធ្វើជាតំណាងកម្មករដើម្បីចូលចរចាជាមួយថៅកែរោងចក្រ នៅព្រឹកថ្ងៃទី២១ តុលា នៅក្នុងរោងចក្រ បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបថា ការចរចាគ្នានៅមិនទាន់ត្រូវរ៉ូវគ្នាទេ។ អ្នកស្រីអះអាងថា កម្មករនៅរោងចក្រនេះ មានចំនួន ៩០០នាក់ ប៉ុន្តែបានដាក់វេនគ្នាដើម្បីដេកយាមតវ៉ាមុខរោងចក្រ។ លក្ខខណ្ឌ២ ដែលអ្នកស្រីប្រាប់ថា នៅមិនទាន់ចរចាគ្នាត្រូវ គឺ លក្ខខណ្ឌតម្រូវឲ្យថៅកែរោងចក្រ ផ្ដល់អត្ថប្រយោជន៍ឲ្យកម្មករនៅកំឡុងពេលកូដកម្ម និងសុំបើកលុយឲ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ និងមុនម៉ោង ៤ល្ងាច។
ក្រុមកម្មកររោងចក្រ ហ្គាវ័ន អាផារៀល បានអះអាងថា ពួកគេនៅតែបន្តធ្វើកូដកម្ម ដោយដេកតវ៉ាមុខរោងចក្រ ទាំងថ្ងៃទាំងយប់ ដោយប្រើតង់កៅស៊ូចង់ជាដំបូល ក្រាលកន្ទេលដេកលើចិញ្ចើមផ្លូវមុខរោងចក្រ ជាបន្តទៀត លុះណាថៅកែរោងចក្រ យល់ព្រមលក្ខខណ្ឌទាំងឡាយ ដែលស្នើដោយកម្មករនៅពេលនេះ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment