លោក សម រង្ស៊ី ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនត្រឹមតែក្លែងក្លាយប៉ុណ្ណោះទេ គឹជាការគ្រប់គ្រងលីលា !!
សេចក្ដីថ្លែងការណ៍ជាង៧នាទី ដែលបានផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា លោក សម រង្ស៊ី បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនត្រឹមតែក្លែងក្លាយប៉ុណ្ណោះទេ គឹជាការគ្រប់គ្រងលីលា ប្រើអំណាចផ្ដាច់ការរបស់អ្នកដឹកនាំ ដើម្បីចង់រំលាយគណបក្សសង្គ្រោះជាតិ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ចែកចាយដល់គណបក្សតូចៗដែលរណបខ្លួន និងពុំមានការគាំទ្រពីប្រជាពលរដ្ឋ។
ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន កាលពីថ្ងៃទី ១១ ខែតុលា បានព្យាករណ៍ថា មិនយូរទេ នឹងអាចរំលាយបក្សប្រឆាំងនេះបានហើយ៖ «គេនិយាយតែពីរឿងបញ្ហាពហុបក្ស សូមបញ្ជាក់ថា បើបក្សមួយរំលាយ បក្សប្រាំទៀតចូលជំនួស។ បានសេចក្ដីថា ពីបក្សពីរឡើង បក្សប្រាំមួយនៅក្នុងសភា។ វានឹងកើតនៅពេលមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ»។
ពាក់ព័ន្ធនឹងគម្រោងរំលាយគណបក្សសង្គ្រោះជាតិនេះ សហគមន៍អន្តរជាតិ រួមមានសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី និងអង្គការអន្តរជាតិធំៗជាច្រើន បានចេញសេចក្ដីថ្លែងការណ៍សំដែងការព្រួយបារម្ភ និងថ្កោលទោសជាបន្តបន្ទាប់ ចំពោះការដើរថយក្រោយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ក៏ប៉ុន្តែលោក ហ៊ុន សែន ហាក់ព្រងើយ កន្តើយ ចំពោះការរិះគន់ធ្ងន់ៗទាំងនេះ ហើយកាលពីថ្ងៃទី១១ តុលា លោកនៅតែគំរាមរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីយកអាសនៈទាំង៥៥ របស់បក្សនេះ ទៅបែងចែក ឲ្យគណបក្សដ៏ទៃទៀតដែលគ្មានសំឡេងក្នុងរដ្ឋសភា។
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីថ្ងៃទី១២ ខែតុលា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជា កំពុងរងការគំរាមកំហែង ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ការកម្ចាត់បក្សប្រឆាំង ចេញពីឆាកនយោបាយ។ អ្នកស្រី រ៉ូណា ស្មីត ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា កំពុងរងការរំលោភបំពានយ៉ាងគំហុក ដែលកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការបោះឆ្នោតជាតិខាងមុខ និងប៉ះពាល់ដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកស្រី សង្កេតឃើញ ថាមន្ត្រីគណបក្សកាន់អំណាច កំពុងយកលេស ដោយប្រើប្រាស់យន្តការច្បាប់ និងប្រព័ន្ធតុលាការដែលមជ្ឈដ្ឋានទូទៅយល់ ថា ស្ថិតក្រោមការបង្គាប់បញ្ជាពីរដ្ឋាភិបាល ដើម្បីពន្លឿនការរំលាយគណបក្សប្រឆាំង៕
ប្រភព៖ វិទ្យុះអាស៊ីសេរី
No comments:
Post a Comment