សម្ដាចម៍ក្រឡាវល្លិ៍ផោម ស ខេង រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ បានថ្លែងលើកឡើងថា ក្រសួងមហាផ្ទៃមិនបានធ្វើទុក្ខបុកម្នេ ញទៅលើគណបក្សនយោបាយណាមួយដូចការចោទប្រកាន់នោះទេ ។ ប៉ុន្តែអ្វីដែលក្រសួងមហាផ្ទៃធ្វើកន្លងមកនេះ គឺគ្រាន់តែបំពេញកាតព្វកិច្ចតាមច្បាប់ដែលបានកំណត់ប៉ុណ្ណោះ ។
លោក ស ខេង បានថ្លែងបញ្ជាក់ថា តាមច្បាប់របស់កម្ពុជាដែលបានអនុម័តអោយប្រើប្រាស់កន្លងមកនេះ គឺគណបក្សសង្រ្គោះជាតិ បានធ្វើខុសទៅនឹងច្បាប់មួយចំនួន ដែលចាំបាច់ត្រូវមានការដាក់ទោស អោយស្របតាមច្បាប់ដែលបានអនុម័តអោយប្រើប្រាស់បែបនេះហើយ។ លោកបានថ្លែរំលឹកថា ការចាត់ការទៅលើគណបក្សនយោបាយនេះ គឺជាកំហុសរបស់គណបក្សខ្លួនឯងប៉ុណ្ណោះ មិនមែនជាបំណងរបស់ក្រសួងមហាផ្ទៃសោះឡើយ ។
លោក ស ខេង ថ្លែងបែបនេះ ៖ «អ៊ីចឹងហើយខ្ញុំគិតថា អ្វីដែលក្រសួងមហាផ្ទៃធ្វើ គ្រាន់តែបំពេញភារកិច្ចរបស់ខ្លួន ក្នុងឋានៈជាអ្នកដែលគ្រប់គ្រងវិស័យនឹងមិនមែនជាការដែលធ្វើទុកបុកម្នេញ ទៅរូបវន្ត បុគ្គល ឬក៏នីតិវិធីណាមួយទេបាទ សំខាន់រូបវន្តបុគ្គល ឬនីតិបុគ្គលនោះគោរពតាមច្បាប់បានត្រឹមត្រូវ ឬមិនត្រឹមត្រូវ » ។
ការថ្លែងលើកឡើងរបស់លោក ស ខេង បែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា នេះ នៅក្នុងជំនួ បជាមួយនឹងអ្នកកាសែត ពោលគឺក្រោយពេលដែលលោកបានបញ្ចប់ការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំសភាពេញអង្គជាមួយនឹងសមាជិករដ្ឋសភានៃគណបក្សប្រជាជនដទៃផ្សេងទៀត។
ក្រោយការសម្រេចរបស់ក្រុមសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចដែលបានយល់ព្រមអនុម័តទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិ ដោយសំឡេង ៦៧ លើ៦៧សំឡេងនោះ លោក ស ខេង ក៏ថ្លែងអះអាងថា លោកមិនខ្វល់ច្រើននោះទេ រឿងសំខាន់នៅពេលនេះ គឺធ្វើឡើងអោយស្របទៅនឹងការចង់បាន នាពេលនេះតែប៉ុណ្ណោះ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះក៏បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតទៀតថា កម្ពុជាក៏បានត្រៀមខ្លួនរួចជាច្រើនហើយ ក្នុងការទប់ទល់ជាមួយនឹងមជ្ឈដ្ឋានសហគមន៍អន្តរជាតិខាងក្រៅ ពាក់ព័ន្ធនឹងការត្រៀមខ្លួនរំលាយគណបក្សសង្រ្គោះជាតិ ដើម្បីយកអាសនៈរបស់គណបក្សប្រឆាំងមួយនេះទៅចែកអោយបណ្ដាគណបក្សនយោបាយផ្សេងៗជាច្រើនទៀត ៕
ប្រភព ៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment