លោកឆាំ ឆានី (Chham Chhany)៖ «ឆ្មាមិននៅកណ្ដុរឡើងរាជ្យ សង្គ្រាជមិននៅលោកនេនសែនឡើងដៃ» តើអង្គមហាក្ស័ត្រគួរតែភៀសព្រះកាយចេញពីកម្ពុជាដែរឬទេ ?
ច្បាប់រំលាយ និងប្លន់យកសម្លេងឆ្នោតរបស់ពលរដ្ឋជាងបីលាននាក់ដែលបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ បានត្រូវរដ្ឋសភា និងព្រឹទ្ធិសភានៃរបបម៉ាហ្វីយ៉ា ហ៊ុន សែន ប្រើពេលតែ៤ថ្ងៃប៉ុណ្ណោះ អនុមត្តិជាឯកច្ឆន្ធ័ ដោយមិនខ្វល់ពីប្រតិកម្មរបស់ពលរដ្ឋម្ចាស់ឆ្នោត និងសហគមន៍ជាតិ អន្តរជាតិ ។
ដើម្បីឲ្យច្បាប់ឆក់ប្លន់នេះចូលជាធរមានហើយរបប ហ៊ុន សែន យកទៅកំទេច និងប្លន់សម្លេងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបាន គឺត្រូវតែព្រះមហាក្សត្រ័ឡាយព្រះហស្ថលេខាជាមុនសិន ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវីល អ្នកវិភាគនយោបាយ និងពលរដ្ឋម្ចាស់ឆ្នោតបានទូលថ្វាយអង្គមហាក្សត្រ័យ៉ាងទទួចសុំឲ្យព្រះអង្គកុំឡាយព្រះហស្ថលេខាលើច្បាប់ចោរលួចឆន្ទៈរាស្ត្រនេះ ។
ដោយសង្កេតឃើញថា កន្លងមកឲ្យតែស្ថានភាពនយោបាយនៅកម្ពុជាមានភាពតានតឹង អង្គមហាក្សត្រតែងតែព្រះឈួន ហើយយាងទៅពិនិត្យព្រះរោគនៅប្រទេសចិន ដោយទុកឱកាសឲ្យប្រមុខរដ្ឋស្តីទីនៃរបបម៉ាហ្វីយ៉ា ហ៊ុន សែន នាំគ្នាជិះសេះលែងដៃ ចុះហត្ថលេខាយ៉ាងរំភើយ ដោយគ្មានអ្វីមករំខានដល់ពួកគេ វាដូចជាពាក្យចាស់ពោលថា « ឆ្មាមិននៅកណ្តុរឡើងរាជ សង្គ្រាជមិននៅលោកនេនឡើងដៃ » អីចឹង ។
តើបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រទេសជាតិនៅពេលនេះ អង្គមហាក្សត្រ័គួរតែភៀសព្រះកាយទៀតទេ ?
រដ្ឋធម្មនុញ្ញមាត្រា៨ ចែងថា « ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ » ។
ចំណែកមាត្រា៩ រដ្ឋធម្មនុញ្ញបានចែងថា « ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ » ។
ដោយយោងលើរដ្ឋធម្មនុញ្ញពីរមាត្រាខាងនេះ ខ្ញុំ ឆាំ ឆានី យល់ឃើញថា នៅពេលនេះអង្គមហាក្សត្រ័ដាច់ខាតត្រូវតែហ៊ានប្រឈមដោះស្រាយបញ្ហា ព្រោះព្រះអង្គជាអង្គមហាក្សត្រ័ដែលគ្មានអ្នកណាប៉ះពាល់បានដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា ៧ ព្រះអង្គទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ព្រះអង្គទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ។
ផ្ទុយទៅវិញ បើអង្គមហាក្សត្រ័ដែលជាអាជ្ញាកណ្តាល ទ្រង់ជាអ្នកធានាការគោរពសិទ្ធិសេរីភាព បែជាយាងចោលរាស្ត្រ រត់យកតែរួចខ្លួន នៅពេលដែលរាស្ត្រជួបទុក្ខ ប្រទេសជាតិមានវិបត្តិ ដោយទុកឲ្យរាស្ត្រ និងប្រទេសជាតិរងនូវការគាបសង្កត់ បំផ្លិចបំផ្លាញធ្វើទុកបុកម្នេញពីរបបម៉ាហ្វីយ៉ា ហ៊ុន សែន តាមតែចិត្តពួកគេ តើព្រះអង្គសមជាម្លប់នៃប្រជាជាតិទេ ? បើអង្គមហាក្សត្រ័ដែលមានច្បាប់រដ្ឋធម្មនុញ្ញ និងរាស្ត្រខ្មែរការពារព្រះអង្គហើយ មិនហ៊ានប្រឈមដោះស្រាយបញ្ហាឲ្យរាស្ត្រ និងប្រទេសជាតិ បែជាទុកធុរៈកិច្ចដ៏ធ្ងន់ធ្ងរនេះឲ្យរាស្ត្រតូចតាចជាអ្នករ៉ាប់រង ហើយព្រះអង្គចាំតែសោយរាជ្យ ចាយលុយជាតិរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗសំរាប់ផ្គត់ផ្គង់ក្រុមរាជវង្សានុវង្ស តើយុត្តិធ៌មសំរាប់រាស្ត្រទេ ?
ការបង្កើតច្បាប់ប្លន់ឆន្ទៈរាស្ត្រនៅពេលនេះ បើអង្គមហាក្សត្រ័ភៀសព្រះកាយចេញពីកម្ពុជាដូចលើកមុនៗទៀត គឺប្រាកដជាប្រមុខរដ្ឋស្តីទីរបស់ក្រុមម៉ាហ្វីយ៉ាចុះហត្ថលេខាប្លន់ឆន្ទៈរម្ចាស់ឆ្នោត និងរំលាយគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យជាតិបែកបាក់កាន់តែធ្ងន់ធ្ងរមិនខាន ហើយបើពួកម៉ាហ្វីយ៉ា ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ប្លន់ឆន្ទៈរាស្ត្ត្រនៅពេលនេះបានន័យថា រដ្ឋាភិបាល និងសភាទាំងមូលខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញត្រង់មាត្រា៧៨ ចែងថា «នីតិរបស់រដ្ឋសភា មានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់ នៅពេលដែលរដ្ឋសភាថ្មី ស្បថចូលកាន់តំណែង។ រដ្ឋសភា មិនអាចត្រូវបានរំលាយមុនផុតអាណត្តិ បានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ»។
ដូច្នេះដើម្បីបំពេញព្រះរាជតួនាទីជាអង្គមហាក្សត្រ័ប្រដោយព្រះរាជបញ្ញាញាណ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ទ្រង់ជាអាជ្ញាកណ្តាល ដាច់ខាតព្រះអង្គមិនត្រូវយាងចេញពីកម្ពុជាឡើយ ហើយក៏ដាច់ខាតមិនត្រូវឡាយព្រះហស្ថលេខាលើច្បាប់ប្លន់ឆន្ទៈរាស្ត្រដែលនាំឲ្យមានភាពបែកបាក់ផ្ទៃក្នុងជាតិកាន់តែធ្ងន់ធ្ងរដែរ ៕ ((២១ តុលា ២០១៧ ឆាំ ឆានី))
ប្រភព ៖ Chham Chhany
No comments:
Post a Comment