វឹកវរកាន់តែខ្លាំងហើយខ្មែរ! នយោបាយកាន់តែឡើងកម្ដៅព្រោះក្រុមចោររាតត្បាត សេដ្ឋកិច្ចលោកសេរីក៏កាត់ផ្ដាច់ចោល! មកប្រទះរោគរាតត្បាតថ្មីៗ ដោយការរកឃើញចុងក្រោយនៃជំងឺគ្រុនចាញ់ដែលស៊ាំនឹងថ្នាំក្នុងតំបន់មេគង្គបង្ហាញពីកម្សោយនៃការប្រឆាំងមេរោគគ្រុនចាញ់ថ្មីឈ្មោះ Superbug !
មេរោគ superbug ដំបូងឡើយត្រូវបានរកឃើញនៅក្នុងឆ្នាំ ២០០៨នៅប្រទេសកម្ពុជា ដែលឥឡូវបានរីករាលដាល់ទៅដល់ផ្នែកផ្សេងៗទៀតនៃប្រទេស វៀតណាម ថៃ និងប្រទេសឡាវ។
ភ្នំពេញ ៖ លោក សោម អូន បានឆ្លងជំងឺគ្រុនចាញ់ បន្ទាប់ពីលោកបានមកតាំងទីលំនៅនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីឆ្នាំ២០0២។ បួនឆ្នាំក្រោយមក កូនៗរបស់លោកចំនួនពីរនាក់ បានឆ្លងជំងឺនេះផងដែរ។
បុរសវ័យ ៤២ឆ្នាំរូបនេះ បានប្រាប់ VOA ថា កូនប្រុសរបស់លោក គឺ សោម អាន អាយុ ១៩ឆ្នាំ និងកូនស្រី សោម ស្រីណា អាយុ១២ឆ្នាំ បានបន្តឆ្លងជំងឺគ្រុនចាញ់អស់រយៈពេលប្រាំឆ្នាំមកហើយ ដោយសារគ្មានការព្យាបាលដែលអាចឲ្យជាសះស្បើយបាននោះឡើយ។
«ជំងឺហ្នឹងដូចមិនដាច់ទេលោកគ្រូ ជួនកាលទៅ បានមួយខែអីចឹង ពីរខែក្រោយទៀត ឈឺវិញហើយ»។
លោកបានបន្ថែមថា កូនៗរបស់បានបង្ហាញអាការៈគ្រុន និងរងាញ័រញាក់ខ្លាំង។
កូនៗលោក សោម អូន ដែលធ្វើការនៅក្នុងចំការចេកជាញឹកញាប់ បានទៅទទួលការព្យាបាលនៅមណ្ឌលសុខភាព។ លោកបាននិយាយថា កូនៗរបស់លោកអាចបានធូរស្រាលពីជំងឺក្នុងរយៈពេលណាមួយបន្ទាប់ពីការលេបថ្នាំ តែក្រោយមកពួកគេត្រូវតែទៅមន្ទីរពេទ្យ ប្រសិនបើស្ថានភាពជំងឺរបស់ពួកគេមានលក្ខណៈធ្ងន់ធ្ងរ។ លោកបានលើកឡើងថា គ្រួសារលោកមិនហ៊ានទៅមន្ទីរពេទ្យញឹកញាប់នោះឡើយ ព្រោះការចំណាយគឺខ្ពស់ពីចំនួន ២០០.០០០រៀល ទៅ ៣០០.០០០រៀល (ឬប្រមាណពី ៥០ដុល្លារ ទៅ ៧៥ដុល្លារ)។
ក្រុមអ្នកស្រាវជ្រាវត្រូវបានធ្វើឲ្យបារម្ភកាន់តែខ្លាំងដោយ ការលេចឡើងនៃពូជមេរោគគ្រុនចាញ់ស៊ាំថ្នាំនៅក្នុងប្រទេសកម្ពុជា។ ប្រភពមេរោគនេះត្រូវគេស្គាល់ថា ជា «superbug» ដែលមានឥទ្ធិពលលើភាគច្រើននៃឱសថប្រឆាំងជំងឺគ្រុនចាញ់ ដូចជាប្រភេទថ្នាំ អាតថឺម៉ីសសេនីន (artemisinin) ដែលត្រូវបានប្រើសម្រាប់ព្យាបាលមេរោគ។
មេរោគ superbug ដំបូងឡើយត្រូវបានរកឃើញនៅក្នុងឆ្នាំ ២០០៨នៅប្រទេសកម្ពុជា ដែលឥឡូវបានរីករាលដាល់ទៅដល់ផ្នែកផ្សេងៗទៀតនៃប្រទេស វៀតណាម ថៃ និងប្រទេសឡាវ។ កាលពីខែមុននេះ អ្នកវិទ្យាសាស្ត្រជាច្រើនមកពីអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol និង Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅកាត់ថា MORU បានចេញផ្សាយអត្ថបទមួយនៅក្នុងគេហទំព័រសុខាភិបាលឈ្មោះ The Lancet ដោយបាននិយាយថា ការរីករាលដាលនៃប្រភេទមេរោគ ប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម C580Y ទូទាំងតំបន់មេគង្គ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ការគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់។
លោក Arjen Dondorp សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Oxford ដែលជាសហអ្នកនិពន្ធនៃអត្ថបទនេះ បានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានមួយក្នុងន័យដើមថា៖
«ប្រភពមេរោគតែមួយដែលអាចធ្វើឲ្យប្រែប្រួល DNA របស់មនុស្សនៃជំងឺគ្រុនចាញ់ដែលស៊ាំថ្នាំ បានរាលដាលពីភាគខាងលិចនៃប្រទេសកម្ពុជា ទៅដល់ភាគឦសានប្រទេសថៃ ភាគខាងត្បូងនៃប្រទេសលាវ ហើយចូលដល់ភាគខាងត្បូងនៃប្រទេសវៀតណាម និងបានបង្កឲ្យមានការកើនឡើងបរាជ័យនៃការព្យាបាលអ្នកជំងឺគ្រុនចាញ់»។
អង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិចនៃសាកលវិទ្យាល័យ Mahidol និង Oxford គឺជាផ្នែកមួយនៃកិច្ចខិតខំប្រកបដោយកិច្ចសហការរវាង សាកលវិទ្យាល័យ Mahidol របស់ប្រទេសថៃ សាកលវិទ្យាល័យ Oxford និងស្ថាប័ន Wellcome Trust ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
លោកសាស្ត្រាចារ្យ Nicholas White ដែលជាសហអ្នកនិពន្ធនៃអត្ថបទនោះ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានដដែលតាមអត្ថន័យដើមថា៖ «យើងកំពុងចាញ់ការប្រណាំងមួយដែលគ្រោះថ្នាក់»។
លោក Nicholas White បានបន្ថែមក្នុងន័យដើមថា៖
«ការរីករាលដាលមេរោគ គ្រុនចាញ់ superbug បានបង្កឲ្យមានការកើនឡើងដ៏គួរឲ្យបារម្ភនៃបរាជ័យក្នុងការព្យាបាល ដែលនឹងបង្ខំឲ្យមានការកែប្រែនៃគោលនយោបាយឱសថ ហើយទុកឲ្យមានជម្រើសតិចតួចសម្រាប់អនាគត»។
មន្ត្រីមូលដ្ឋានមិនមានការព្រួយបារម្ភ
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកូល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ-បាណកសាស្រ្ត (National Center for Parasitology, Entomology and Malaria Control) ហៅកាត់ថា CNM មានប្រសាសន៍ថា លោកមិនត្រូវបានធ្វើឲ្យបារម្ភ ដោយជំងឺគ្រុនចាញ់ដែលស៊ាំថ្នាំនេះទេ។
«ស្រុកខ្មែរយើង យើងអត់មានរឿងអីបារម្ភ រឿងស្លាប់ រឿងស៊ាំអីទេ ព្រោះអីយើងមានថ្នាំយើង ប្រើរាល់ថ្ងៃ ថ្នាំមានប្រសិទ្ធភាព»។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកូល បានសំដៅលើថ្នាំ អាតថឺម៉ីសសេនីន-មេហ្វ្លឃ្វីន (artesunate-mefloquine) ដែលប្រើសម្រាប់ការព្យាបាលជំងឺគ្រុនចាញ់។
នៅក្នុងប្រទេសប្រទេសកម្ពុជា ជំងឺគ្រុនចាញ់ ត្រូវបានបង្កឡើងដោយមេរោគពីរប្រភេទ ដែលចម្លងតាមមូសដែកគោលញី។ នេះបើយោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ-បាណកសាស្រ្ត។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកូល បាននិយាយបន្ថែមថា ការចម្លងថ្មីចំនួនប្រមាណ ១០.០០០ករណី ត្រូវបានរកឃើញក្នុងឆ្នាំ ២០១៧ តែករណីឆ្លងជំងឺគ្រុនចាញ់ទាំងនោះត្រូវបានព្យាបាល។ លោកបានបន្តថា ភាពស៊ាំណាមួយ កំពុងស្ថិតក្នុងកម្រិត «ដែលអាចគ្រប់គ្រងបាន»។ លោកបានបន្ថែមថា មានកិច្ចការជាច្រើនទៀតដើម្បីធ្វើសម្រាប់ទប់ស្កាត់ការចម្លងដំបូងៗ។
អ្នកស្រី Nguyen Thi Khe អតីតមន្ត្រីនៅវិទ្យាស្ថានអនាម័យសាធារណៈ របស់រដ្ឋាភិបាលវៀតណាម បានប្រាប់ VOA ដែលផ្សាយជាភាសាវៀតណាមថា ជំងឺគ្រុនចាញ់ «មិនមែនជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាមនោះទេនាពេលឥឡូវនេះ»។
ការថ្លែងរបស់អ្នកស្រី Nguyen Thi Khe បែបនេះ ត្រូវបានគាំទ្រដោយមន្ត្រីផ្សេងទៀត នៅប្រទេសវៀតណាម។
លោក Arjen Dondorp សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Oxford បាននិយាយថា វាជាកង្វល់ដែលរដ្ឋាភិបាលកម្ពុជាហាក់មិនសូវជាមានក្តីបារម្ភ ដោយរបាយការណ៍នានាស្តីពីការស៊ាំថ្នាំ ដែលលោកបានលើកឡើងថា អាចធ្វើឲ្យបានដូចដើមវិញនៃការជឿនលឿនក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់ជាច្រើនឆ្នាំមកនេះ។
លោក Arjen Dondorp បានប្រាប់ VOA តាមរយៈសារអេឡិកត្រូនិក ឬ email តាមអត្ថន័យដើមថា៖
«នៅភាគឦសាននៃប្រទេសថៃ គឺខេត្ត Srisaket បានរងផលប៉ះពាល់ ហើយស្ទើរតែគ្រប់ផ្នែកនៃប្រទេសកម្ពុជា បានរងផលប៉ះពាល់ ក៏ដូចជានៅភាគខាងត្បូងប្រទេសឡាវ និងភាគខាងត្បូងប្រទេសវៀតណាម»។
លោកបានលើកឡើងបន្ថែមក្នុងសារអេឡិកត្រូនិក ឬ email តាមអត្ថន័យដើមថា៖ «ការវិវត្ត និងការរីករាលដាលដែលជាបន្តបន្ទាប់ និងមានលក្ខណៈឆ្លងដែននៃពូជមេរោគចង្រៃតែមួយ ដែលស៊ាំនឹងឱសថចម្រុះសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ បានក្លាយជាក្តីបារម្ភលក្ខណៈអន្តរជាតិ»។
ហានិភ័យអាចទៅដល់ទ្វីបអាហ្វ្រិក?
នៅទូទាំងសាកលលោក មានប្រជាជនប្រមាណជា ៣,២ពាន់លាន នៅក្នុងប្រទេស និងទឹកដីនានាចំនួន ៩៥ បានប្រឈមនឹងគ្រោះថា្នក់នៃការឆ្លងជំងឺគ្រុនចាញ់។ ការស្លាប់ភាគច្រើនក្នុងតំបន់អាហ្វ្រិក បានកើតមានលើកុមារអាយុ ៥ឆ្នាំ និងក្រោមជាងនេះ ដែលស្មើនឹងជាង២ភាគ៣នៃការស្លាប់។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
ក្តីបារម្ភដ៏ធំនោះ គឺថា ប្រភពថ្មីនៃជំងឺគ្រុនចាញ់ អាចរាលដាលពីតំបន់មេគង្គ ទៅកាន់អាហ្រ្វិក។
លោកវេជ្ជបណ្ឌិត David Sullivan អ្នកជំនាញខាងជំងឺឆ្លង នៅឯសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg (Johns Hopkins Bloomberg School of Public Health) ដែលមានទំនាក់ទំនងជាមួយវិទ្យាស្ថានស្រាវជ្រាវជំងឺគ្រុនចាញ់របស់សាលានេះ (Malaria Research Institute) បាននិយាយថា មន្ត្រីសុខាភិបាលនៅក្នុងតំបន់អាហ្វ្រិក បានកំពុងបន្តតាមដានស្ថានភាពនេះជាច្រើនឆ្នាំមកហើយ ហើយថា ប្រភេទមេរោគថ្មីនេះ មិនទាន់លេចឡើងនៅទីនោះទេ។
ប៉ុន្តែ លោកបានថ្លែងបន្ថែមថា៖ «ក្នុងយុគសម័យនៃការធ្វើដំណើរជាសាកល» លោកមិនអាចនិយាយថា នឹង «មិនមានលទ្ធភាពសូន្យ» នៃការធ្វើឲ្យមេរោគនេះ លេចឡើងបាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា៖ «បើទោះជាវាពិតជាលេចឡើងមកមែន វានឹងមិនមែនជាប្រភេទមេរោគកាចសាហាវ ដែលវានឹងមិនអាចឲ្យយើងការពារខ្លួនយើងបានទេ ប្រសិនបើយើងមិនមានថ្នាំទាល់តែសោះសម្រាប់ជំងឺគ្រុនចាញ់»។
សេចក្តីវិភាគមួយដែលត្រូវបានធ្វើឡើងទៅតាមសំណើរបស់គណៈកម្មាធិការប្រឹក្សាគោលនយោបាយជំងឺគ្រុនចាញ់ (Malaria Policy Advisory Committee) ដែលជាគណៈកម្មាធិការប្រឹក្សាកំពូលរបស់អង្គការសុខភាពពិភពលោក បានរកឃើញថា នៅគ្រាដែល «ហានិភ័យនៃជំងឺគ្រុនចាញ់ដែលស៊ាំថ្នាំ កំពុងរាលដាលទៅប្រទេសឥណ្ឌា និងអាហ្វ្រិក មិនអាចថានឹងត្រូវបានរាប់បញ្ចូលនោះ ការធ្វើជំរឿនទូលំទូលាយមួយ បានឲ្យដឹងថា ប៉ារ៉ាស៊ីតដែលមានលក្ខណៈស៊ាំថ្នាំ គឺទំនងជាកើតឡើងដោយខ្លួនវាភាគច្រើន នៅក្នុងផ្នែកដទៃនៃពិភពលោក ជាងការណ៍ដែលរាលដាលដោយផ្ទាល់ពី» តំបន់មេគង្គ ដែលរួមមានប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នេះបើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Pedro Alonso នាយកនៃកម្មវិធីជំងឺគ្រុនចាញ់សាកលលោក (Global Malaria Programme) ដែលបានថ្លែងនៅក្នុងបទសម្ភាស ដែលផ្សព្វផ្សាយក្នុងគេហទំព័រគណៈកម្មាធិការប្រឹក្សាគោលនយោបាយជំងឺគ្រុនចាញ់។
លោក Alonso បាននិយាយថា អ្នកជំនាញអង្គការសុខភាពពិភពលោក «នៅពេលនេះ» មិនបានយល់ថា «ការគំរាមកំហែងអំពីការស៊ាំថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ និងគ្រោះអាសន្នសុខភាពសាធារណៈ» ជាការបារម្ភជាលក្ខណៈអន្តរជាតិនោះទេ។
លោកវេជ្ជបណ្ឌិត David Sullivan និយាយថា ជំងឺគ្រុនចាញ់ដែលស៊ាំថ្នាំដែលកើតនៅកម្ពុជា មិនមែនជាអ្វីដែលត្រូវមានការភ្ញាក់ផ្អើលនោះទេ។
លោកបានបញ្ជាក់ក្នុងន័យដើមថា៖
«នៅក្នុងរយៈពេល ៥០ ទៅ ៦០ឆ្នាំកន្លងទៅនេះ គឺជាលើកទីប្រាំ ឬលើកទីប្រាំមួយហើយដែលការណ៍នេះបានកើតឡើង។ នេះមិនមែនជារឿងថ្មីទេ»។ លោកបានបន្តថាប្រភពថ្មីនេះ «គឺជាប្រភពដែលអាចតាមដានបាន និងរក្សាការគ្រប់គ្រងបាន»។
វេជ្ជបណ្ឌិត David Sullivan បានថ្លែងបន្ថែមថា៖ «ខ្ញុំយល់អំពីកង្វល់ និងគ្រោះថា្នក់ ប៉ុន្តែខ្ញុំនឹងមិនប្រើពាក្យ superbug នេះទេ ទោះបីអ្នកផ្សេងទៀតឃើញថា ហេតុអ្វីបានជាមនុស្សមានមេរោគនេះក៏ដោយ»។
លោកវេជ្ជបណ្ឌិត David Sullivan លើកឡើងផងដែរថា មានជម្រើសថ្មីៗសម្រាប់ព្យាបាលប្រភពមេរោគថ្មីនេះ ហើយថាការព្យាបាលនោះ ក៏អាចពន្យាពេលបានដែរ។
ថ្នាំដែលក្រោមបទដ្ឋាន
ប្រទេសកម្ពុជាបានប្រើប្រាស់ថ្នាំ dihydroartemisinin (DHA)-piperaquine (PP) តែវាមានការកើនឡើងនៃភាពស៊ាំថ្នាំ ទើបបានប្តូរទៅប្រើថ្នាំ Artesunate Mefloquine(ASMQ) វិញ។ ការស៊ាំនេះ ត្រូវបានរកឃើញនៅក្នុងភាគខាងលិចនៃប្រទេសកម្ពុជាក្នុងតំបន់ខេត្តប៉ៃលិន ដែលក្រោយមកបានរាលដាលដល់ភាគឦសានប្រទេសថៃ និងភាគខាងត្បូងនៃប្រទេសលាវ។ នេះបើយោងតាមអត្ថបទដែលបោះពុម្ពផ្សាយលើគេហទំព័រ The Lancet ជាវេទិកានៃការចែករំលែកចំណេះដឹងខាងសុខាភិបាល។
អត្ថបទនោះបានពន្យល់ថា៖
«យើងបានរកឃើញមេរោគ PfPailin ដែលវាមានទំនាក់ទំនងនឹងភាពស៊ាំនៃថ្នាំ piperaquine ដែលបានរាលដាលដល់ភាគខាងត្បូងប្រទេសវៀតណាម ជាទីកន្លែងដែលវានឹងត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់នៃអត្រាបរាជ័យនៃថ្នាំ dihydroartemisinin (DHA)-piperaquine (PP)»។
លោក Arjen Dondorp សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Oxford នាយករងនៃ អង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិចនៃសាកលវិទ្យាល័យ Mahidol និង Oxford បានប្រាប់ VOA តាមសារអេឡិកត្រូនិក ឬ email ថា ភាពស៊ាំរបស់ថ្នាំ artemisinin អាចត្រូវបានជំរុញដោយការប្រើថ្នាំក្រោមបទដ្ឋាននានាសម្រាប់ព្យាបាលជំងឺគ្រុនចាញ់។
លោកបានសរសេរថា ពេលមួយដែលភាពស៊ាំបានកើតឡើង តាមរយៈការព្យាបាលតែមួយច្រក វានឹងរាលដល់ទម្រង់នៃការព្យាបាលផ្សេងទៀត ដោយសារធាតុទន់ខ្សោយនៃថ្នាំ artemisinin មិនអាចការពារបានយូរទៀតទេនៃថ្នាំដៃគូបន្ទាប់ទៀត។
លោក Arjen Dondorp បានសរសេរក្នុងសារអេឡិកត្រូនិក ឬ email តាមអត្ថន័យដើមថា៖ «ជំងឺគ្រុនចាញ់ ជាជំងឺរបស់អ្នកក្រ ហើយដែលមិនសូវគេខ្វល់ខ្វាយ។ ប្រជាជនដែលមានជំងឺនេះគឺច្រើនរស់នៅក្នុងតំបន់តាមព្រំដែន នៅក្នុង ឬក៏ក្បែរព្រៃ»៕
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment