លោកឆាំ ឆានី (Chham Chhany) បានសរសេរសារក្ដៅៗបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ដោយបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលម៉ាហ្វីយ៉ា ហ៊ុន សែន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងអង្គមហាក្សត្រខ្មែរ ដែលបានឃុបឃិតគ្នាបង្កើត អនុម័ត និងប្រកាសឲ្យប្រើច្បាប់ប្លន់ឆន្ទៈរាស្ត្រខ្មែរម្ចាស់ឆ្នោតម្ចាស់សំឡេងជាង៣លាននាក់ និងដកហូតអាសនៈ សភា មេឃុំ/ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង របស់គណបក្សសង្គ្រោះជាតិ ។ សារទាំងស្រុងរបស់លោក មានយ៉ាងដូច្នេះថា៖
សេចក្តីប្រកាសថ្កោលទោស
ខ្ញុំ ឆាំ ឆានី សូមសម្តែងនូវការកាន់ទុក្ខយ៉ាងក្រៀមក្រំ ចំពោះការស្លាប់បង់នៃរបបលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា និងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ រដ្ឋាភិបាលម៉ាហ្វីយ៉ា ហ៊ុន សែន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងអង្គមហាក្សត្រ័ខ្មែរ ដែលបានឃុបឃិតគ្នាបង្កើត អនុមត្ត័ និងប្រកាសឲ្យប្រើច្បាប់ប្លន់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោតជាងបីលាននាក់ និងដកហូតអាសនៈ សភា មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង របស់គណបក្សសង្គ្រោះជាតិ ។
ការបង្កើត អនុម័ត និងប្រកាសឲ្យប្រើច្បាប់ព្រៃនេះ ជាការរំលោភទាំងកម្រោលលើរដ្ឋធម្មនុញ្ញកម្ពុជា ជំពូកទី៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ និងជំពូកទី៧ មាត្រា៧៨ វាក្យខណ្ឌទី១ ដែលបានចែងថា « នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ » ។
ព្រះហស្ថលេខារបស់អង្គមហាក្សត័្សលើច្បាប់ប្លន់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោតនេះ ក៏បំពានផងដែរនូវរដ្ឋធម្មនុញ្ញជំពូកទី២ មាត្រា៨ និង មាត្រា៩ ដែលមានចែងជាអាទិ៍ថា « ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។
ព្រះមហាក្សត្រ័ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ ។
ព្រះមហាក្សត្រ័ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ » ។
ក្នុងនាមមហាក្សត្រ័ ដែលមានតួនាទីជានិមិត្តរូបនៃឯកភាពជាតិ ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងជាអាជ្ញាកណ្ដាល តែបែជាមកឡាយព្រះហស្ថលេខាប្លន់សន្លឹកឆ្នោតរបស់ប្រជារាស្ត្រជិត៥០% នៃចំនួនអ្នកបោះឆ្នោត ទៅឲ្យបក្សដ៏ទៃដែលម្ចាស់ឆ្នោតមិនបានប្រគល់ឲ្យនោះ គឺជាទង្វើដ៏សាហាវព្រៃផ្សៃមិនអាចទទួលយកបាន ។
ដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឲ្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ខ្ញុំសូមអំពាវនាវយ៉ាងទទួច ដល់សហគមន៍ជាតិ អន្តរជាតិ សូមដាក់សម្ពាធឲ្យបានធ្ងន់ធ្ងរបំផុតដល់ រដ្ឋាភិបាលម៉ាហ្វីយ៉ា ហ៊ុន សែន ស្ថាប័នរដ្ឋសភា ព្រិទ្ធិសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងអង្គមហាក្សត្រ័ខ្មែរ ឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រើច្បាប់ព្រៃប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត និងធ្វើទុកបុកម្នេញ ប៉ុនប៉ងរំលាយ គណបក្សសង្គោះជាតិ ៕ ((២៦ តុលា ២០១៧, ឆាំ ឆានី))
ប្រភព ៖ ឆាំ ឆានី
No comments:
Post a Comment