លោក ហ្វីល រ៉ូប៊ឺតសុន(Phil Robertson)នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)ប្រចាំ​អាស៊ី ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោក ហ្វីល រ៉ូប៊ឺតសុន(Phil Robertson)នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)ប្រចាំ​អាស៊ី ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨

លោក ហ្វីល រ៉ូប៊ឺតសុន(Phil Robertson)នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)ប្រចាំ​អាស៊ី ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨

Share This

លោក ហ្វីល រ៉ូប៊ឺតសុន​ (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨

អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​វិបត្តិ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​របស់​សហគមន៍​ជាតិ​នេះ ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក ដែល​មាន​តំណាង​មកពី​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ Forum-Asia ជា​វាគ្មិន កាលពី​ព្រឹក​ថ្ងៃទី ១៨ តុលា​នេះ ដែល​មាន​អ្នកចូលរួម​ប្រមាណ​៦០ នាក់​។

ពួកគេ​ទទូច​អោយ​សហគមន៍​អន្តរជាតិ​រួមគ្នា ចាត់វិធានការ​នានា​ជាបន្ទាន់​ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា ជាក់ស្ដែង​ណាស់ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់​កំពុង​ប្រើប្រាស់ ពាក្យ «បដិវត្តន៍​ពណ៌» ដើម្បី​កម្ចាត់​សំឡេង​ប្រឆាំង​អោយ​អស់​នៅមុន​ការបោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨

លោក​ថា វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ឡើង​ដល់​កំពូល​ហើយ ដោយ​រដ្ឋាភិបាល​តែង​ចោទប្រកាន់​ការ​សម្ដែង​មតិ ការ​តវ៉ា និង​ការ​ជួបជុំ​នានា​របស់​ពលរដ្ឋ​ថា ជា​សកម្មភាព «បដិវត្តន៍​ពណ៌» ហើយ​ការប៉ុនប៉ង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គឺជា​ការ​បញ្ចប់​គណបក្ស​ប្រឆាំង​តែម្ដង តាមរយៈ​វិសោធនកម្ម​ច្បាប់​៤ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​ដ៏​ធ្ងន់ធ្ងរ។

លោក ហ្វីល រ៉ូប៊ឺតសុន ថា មូលហេតុ​ដែល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់ បង្ក្រាប​ពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​នេះ គឺ​ដោយសារ​គាត់​ភ័យខ្លាច​ការ​ចាញ់​ឆ្នោត​នៅ​ឆ្នាំក្រោយ ដោយសារ​ឃើញ​សំឡេង​គាំទ្រ​បក្ស​ប្រឆាំង​កាន់តែ​ផុលផុស៖ «មាន​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​កម្ពុជា​ភ្ញាក់ផ្អើល និង​ភ័យ​តក់ស្លុត​នោះ គឺ​ទី​១ មនុស្ស​ជាង ២​លាន​នាក់​បាន​ចេញ​មក​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ពី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ។ ព្រឹត្តិការណ៍​ទី​២ គឺ​ពលរដ្ឋ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បាន​ទៅ​ទទួល​លោក សម រង្សី នៅ​ពេល​គាត់​ត្រឡប់​ចូល​មក​កម្ពុជា​វិញ នៅមុន​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ តែ​ប៉ុន្មាន​សប្ដាហ៍។ ព្រឹត្តិការណ៍​ទី​៣ គឺ​លទ្ធផល​បោះឆ្នោត​ឃុំ​-​សង្កាត់​ចុងក្រោយ​នេះ ដែល​ពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​សម្បើម ធ្វើ​គណបក្ស​មួយ​នេះ​កើន​ឡើង​អាសនៈ​ច្រើន​សន្ធឹក។ ពេលនោះ​ហើយ​ការ​ប្រើ​លេស​បដិវត្ត​ពណ៌​មក​បង្ក្រាប​ចេះតែ​កើន​ឡើង»

ចំណែក​វាគ្មិន​មួយ​រូប​ទៀត​គឺ​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ជាទី​ប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម នៅ​ក្រុងភ្នំពេញ​ជា​រយៈពេល ៥​ឆ្នាំ​ផង​នោះ មាន​ប្រសាសន៍​ថា ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ភាគច្រើន គឺ​កើតឡើង​តាមរយៈ​យក​ច្បាប់​ជា​អាវុធ មក​អនុវត្ត​មិនបាន​ត្រឹមត្រូវ។ ច្បាប់​ទាំងនោះ​មាន​ទាំង​ច្បាប់​ចាស់ និង​ច្បាប់​ថ្មី ដូចជា​ក្រមព្រហ្មទណ្ឌ ច្បាប់​គ្រប់គ្រង​គ្រង​អង្គការក្រៅរដ្ឋាភិបាល ច្បាប់​គណបក្ស​នយោបាយ ច្បាប់​បោះឆ្នោត​ជាដើម។ លោក​ថា នីតិរដ្ឋ​នៅ​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ដាវ ជា​កាំបិត ដើម្បី​កម្ចាត់​ក្រុម​ប្រឆាំង មិនមែន​ប្រើប្រាស់​ខែល​ដើម្បី​ការពារ​ពួកគេ​ទេ។ ជា​លទ្ធផល​មនុស្ស​ជាច្រើន រួមមាន​សង្គម​ស៊ីវិល មន្ត្រី​សិទ្ធិមនុស្ស អ្នកនយោបាយ និង​អ្នកវិភាគ​សង្គម ត្រូវ​បាន​ប្ដឹងផ្ដល់ និង​ជាប់ពន្ធនាគារ រហូត​ដល់​សង្គម​ស៊ីវិល និង​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) របស់​ពួក​លោក​រាប់​អត់​ទាន់​ទេ​នូវ​ចំនួន​អ្នក​ជាប់ឃុំ និង​អ្នក​ត្រូវ​តុលាការ​មិន​ឯករាជ្យ​ប្តឹង ដោយសារតែ​កើតឡើង​សន្ធាប់​ផ្ទួនៗ​ពេក។

លោក ឃីងស្លី អាបុត្ត ថា វិធី​ដែល​ជួយ​អោយ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រឡប់មកវិញ គឺ​ត្រូវ​ធ្វើ​អោយ​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំង​១៨​ប្រទេស ចាប់​ផ្តើម​ជជែក​គ្នា​ឡើងវិញ ដើម្បី​ចាត់​វិធានការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា អោយ​អនុវត្ត​តាម​គោលការណ៍​ចម្បង​ៗ ក្នុង​កិច្ចព្រមព្រៀង រួមមាន​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​សេរី ពហុបក្ស និង​បើក​ចំហ​សេរី​សារព័ត៌មាន​ជាដើម។

លោក ឃីងស្លី អាបុត្ត ថា នៅ​ក្នុង​ឱកាស​ខួប​ទី​២៦ ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​មកដល់​ថ្ងៃ​ទី​២៣ តុលា សប្ដាហ៍​ក្រោយ​នេះ អង្គការ​របស់​លោក អង្គការ​សិទ្ធិមនុស្ស Human Rights Watch អង្គការ Forum-Asia និង​អង្គការ​ដទៃ​ទៀត នឹង​សរសេរ​លិខិត​រួមគ្នា​ផ្ញើ​ទៅ​ប្រទេស​ហត្ថលេខី​ទាំងអស់ ស្នើ​អោយ​ពួកគេ​ពិនិត្យមើល​ឡើងវិញ​នៅ​កាតព្វកិច្ច តាមដាន​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​មាត្រា​២៩។

ដោយ​សារ​រដ្ឋាភិបាល​កម្ពុ​ជា ប្រើប្រាស់​ច្បាប់​ជា​កាំបិត ជា​ដាវ មិន​មែន​ជា​ខែល​សម្រាប់​ការពារ​អ្នក​ត្រឹមត្រូវ​នោះ លោក ឃីងស្លី អាបុត្ត បាន​បញ្ចប់​ដោយ​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​តាមដាន​អោយ​បាន​ដិតដល់​ចំពោះ​ការ​ធ្វើ​ច្បាប់ ការ​កែប្រែ​ច្បាប់ ការអនុវត្ត​ច្បាប់ និង​ការ​កាត់​សេចក្ដី​ទាំងឡាយ​ដោយ​តុលាការ។ បើ​រដ្ឋាភិបាល​ប្រកាស​ថា ខ្លួន​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់ ត្រូវ​នាំគ្នា​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ថា តើ​រដ្ឋាភិបាល​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់​អន្តរជាតិ​ទាំងឡាយ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ទទួល​ស្គាល់​ជា​ច្បាប់​ជាតិ​ឬទេ។ លើស​ពី​នេះ លោក​ថា រាល់​ការ​ជជែក​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អំពី​អ្វីមួយ រួម​ទាំង​ជំនួញ​ពាណិជ្ជកម្ម​ផង រដ្ឋាភិបាល​នៃ​សហគមន៍​អន្តរជាតិ ត្រូវតែ​ភ្ជាប់​ជាមួយ​នូវ​លក្ខខណ្ឌ​គោរព​ច្បាប់ និង​សិទ្ធិមនុស្ស៕



ប្រភព ៖ វិទ្យុអាស៊ីសេរី 

No comments:

Post a Comment