បែកធ្លាយរលាយរលត់រដ្ឋ! ធ្លាយរឿងពុករលួយស៊ីធំក្នុងការប្រលងជ្រើសរើសមន្រ្តីចូលក្របខណ្ឌរដ្ឋ!-Systemic corruption - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បែកធ្លាយរលាយរលត់រដ្ឋ! ធ្លាយរឿងពុករលួយស៊ីធំក្នុងការប្រលងជ្រើសរើសមន្រ្តីចូលក្របខណ្ឌរដ្ឋ!-Systemic corruption

បែកធ្លាយរលាយរលត់រដ្ឋ! ធ្លាយរឿងពុករលួយស៊ីធំក្នុងការប្រលងជ្រើសរើសមន្រ្តីចូលក្របខណ្ឌរដ្ឋ!-Systemic corruption

Share This

បែកធ្លាយរលាយរលត់រដ្ឋ! ធ្លាយរឿងពុករលួយស៊ីធំក្នុងការប្រលងជ្រើសរើសមន្រ្តីចូលក្របខណ្ឌរដ្ឋ!

ការឃុបឃិតប្រព្រឹត្តអំពើពុរលួយជាប្រព័ន្ធចាក់ស្រែះក្នុងរាល់ក្រសួងស្ថាប័នរដ្ឋ នៃរបបកលិយុគតេជោសែនកុយ! របបអំណាចមានតែ​អញ អញ​អស្ចារ្យ​ជាងគេ​ វិបាកនាំឲ្យសង្គមជាតិកម្ពុជាជួបស្ថានភាពអាក្រក់ធ្ងន់ធ្ងរ វឹកវរ និទណ្ឌភាព ច្បាប់មួយស្តង់ដារពីរ អំពើពុករលួយជាប្រព័ន្ធចាក់ស្រែះ កើតឡើងយ៉ាងគំហុក ដោះស្រាយមិនចេញ ដូចជា រឿងបែកធ្លាយរឿងពុករលួយស៊ីធំក្នុងការប្រលងជ្រើសរើសមន្រ្តីចូលក្របខណ្ឌរដ្ឋ ។ 

និងដូចជា ចំពោះបទល្មើសធនធានធម្មជាតិ យកលេសមកពីប្រជាជនក្រីក្រ ធ្វើឲ្យមន្រ្តី និងឧកញ៉ាបិសាចឧក្រិដ្ឋធនធានធម្មជាតិ ដែលមានអ្នកមានអំណាចកាងការពារ មានអំណួតសូម្បីតែអញជាឧក្រិដ្ឋជនដឹងពេញទឹកពេញដី ក៏អត់ហ៊ានយកច្បាប់មកអនុវត្តន៍ផង សុំចរចាឲ្យឈប់បំផ្លាញធនធានធម្មជាតិទៅ អញឈប់មានតែអញភ្លើ បើមានតែអញ អញអស្ចារ្យជាងគេនោះ បើអញមិនអស្ចារ្យ ជាប់គុកយូរណាស់បាត់ទៅហើយ មិនមែនតាំងពីមន្រ្តី និងឈ្មួញធម្មតា មានកិត្តិយសបានជាមន្រ្តីជាន់ខ្ពស់ ជាឧកញ៉ា អស់ហើយនោះ ចង់សង្គមជាតិជួបមហន្តរាយហាយនៈធ្ងន់ធ្ងរដល់កម្រិតណា ក៏អញមិនឈឺក្បាលដែរ នេះហើយរបបកលិយុគដៃចោរសែនកុយ៕

អ្វីទៅជាសាហេតុដែលធ្វើឲ្យមនុស្សមានការទុច្ចរិត (អំពើពុករលួយកោងជាតិមាតុភូមិ) ? គឺ ៖

1. ការខ្វះគុណធម៌
2. ការខ្វះឧត្តមការណ៍និងឧត្តមគតិ  
3. ការឲ្យតម្លៃនិយមដែលខុសៗ
4. ការប្រើអំណាចដោយមិនយុត្តិធម៌
5. ការមានចំណូលចូលមិនស្មើហ្នឹងចំណាយចាយ ។   

1.ការខ្វះគុណធម៌
អ្នកដែលទុច្ចរិតឬហៅថាអំពើពុករលួយកោងជាតិមាតុភូមិ បិទបាំងប្រជារាស្រ្តថែមអួតអាងថាខ្លួនជាអ្នកសាងអ្វីៗគ្រប់បែបយ៉ាងឲ្យជាតិមាតុភូមិ និយាយពេញមាត់បានថា ព្រោះអ្នកដឹកនាំទាំងអស់នេះខ្វះគុណធម៌ គុណធម៌ដែលខ្វះគឺ សេចក្តីស្មោះត្រង់សុចរិត សេចក្តីអៀនខ្មាស និងសេចក្តីខ្លាចក្រែងបាប សេចក្តីកតញ្ញូកតវេទី ក្នុងសម័យអង្គរដ៏មហារុងរឿង សេចក្តីស្មោះត្រង់សុចរិតជាគុណធម៌ដែលបានទទួលការបញ្ជាក់ជាពិសេស នូវការប្រកាន់ភ្ជាប់ជាគ្រឿងវាស់អំពើល្អ របស់មនុស្ស  មនុស្សដែលខ្វះសេចក្តីស្មោះត្រង់ សុចរិត ជាការប្រកាន់ភ្ជាប់ថាជាមនុស្សមិនល្អ ជាមនុស្សមិនគប្បីសេពគប់ ជាមនុស្សមិនគប្បីយកចូលមកធ្វើការងារ ។

នៅក្នុងព្រះពុទ្ធសាសនា សេចក្តីស្មោះត្រង់សុចរិត ឬសច្ចៈ កាន់យកជាគោលធម៌ដែលសំខាន់ៗ  ជាគោលធម៌ដែលមានជ្រៀតជ្រែកនៅក្នុងខទីមួយរបស់ ឃរាវាសធម៌4 (ធម៌សម្រាប់គ្រហស្ត)  , ក្នុងខទី2  របស់ អធិដ្ឋានធម៌4 (ធម៌ជាទីរឹងមាំ ), ក្នុងខទី 4  របស់ បញ្ចកល្យាណធម៌ 5 (ធម៌ដែលល្អស្អាតប្រាំយ៉ាង), ក្នុងខទី 7 របស់ បារមី10 ឬទសបារមី  (គុណធម៌ដែលជាការប្រព្រឹត្តិបដិបត្តិយ៉ាងក្រៃលែង 10)  ។ 

សច្ចៈ មានអត្ថន័យថា ភាពពិតប្រាកដ សេចក្ដីស្មោះត្រង់ ការមានចិត្តត្រង់ អ្នកដែលមានសច្ចៈ 
គឺនឹងត្រូវមានការពិតក្នុងពាក្យសម្តីនិយាយ ការធ្វើ តួនាទី និងបុគ្គល គឺត្រូវនិយាយពិត ធ្វើពិត ស្មោះត្រង់ក្នុងតួនាទី មានចិត្តស្មោះត្រង់ដល់អ្នកដទៃ ដើម្បីជាការទុកចិត្តគ្នា ជឿជាក់គ្នាបាន អ្នកដែលមានសច្ចៈនឹងមិនជាអ្នកទុច្ចរិត មិនថាក្នុងកាលៈទេសៈណា ឬក្នុងករណីណាៗមួយឡើយ។  

ព្រះបាទសូរិយវរ្ម័នទី2 និង ព្រះបាទជ័យវរ្ម័នទី7 ដឹកនាំប្រទេសខ្មែរនាសម័យអង្គរឲ្យមានភាពរីកចម្រើនគ្រប់វិស័យ ធ្វើឲ្យប្រទេសខ្មែរក្លាយជាព្រះរាជអាណាចក្រពត្តិនិយមបាន (Khmer Empire)
ក៏ព្រោះព្រះអង្គប្រកាន់ភ្ជាប់យកនូវសេចក្តីស្មោះត្រង់សុចរិតក្នុងតួនាទីជាអ្នកដឹករដ្ឋ ដ៏ប្រសើរដើម្បីប្រយោជន៍សុខរបស់ប្រជារាស្រ្ត ដូចពាក្យស្លោកថា ព្រមលះបង់ជីវិតបាន តែមិនព្រមលះបង់សច្ចៈដាច់ខាត។

ហិរិ គឺសេចក្តីអៀនខ្មាសបាប និងឱត្តប្បៈ គឺសេចក្តីក្រេងខ្លាចបាប ជាធម៌ការពារលោកឬជាធម៌គ្រឿងរក្សាលោក (លោកបាល) ធ្វើឲ្យពិភពលោកមានភាពជារបៀបរៀបរយមិនក្តៅក្រហាយនិងមិនត្រឡប់ត្រឡិនច្របូកច្របល់ សម័យមុនប្រជាជនខ្មែរមេដឹកនាំខ្មែរភាគច្រើនជឿក្នុងរឿងបុណ្យបាប  ជឿក្នុងរឿងច្បាប់នៃកម្ម ជឿក្នុងរឿងសង្សារវដ្ត-ដំណើរវិលកើតវិលស្លាប់ អញ្ចឹងហើយទើបជាអ្នកមានហិរិឱត្តប្ប មិនធ្វើអំពើពុករលួយកោងជាតិមាតុភូមិ មិនបិទបាំងប្រជារាស្រ្តរាល់ទង្វើរ ប៉ុន្តែនៅក្នុងបច្ចុប្បន្នទាំងមេដឹកនាំរដ្ឋរួមទាំងរដ្ឋមន្ត្រីរាជការ និងអ្នកដែលមានការសិក្សាចប់ពីបរទេសមានចំនួនមិនតិចឡើយ រមែងមិនជឿក្នុងរឿងបុណ្យបាប មិនជឿក្នុងរឿងច្បាប់នៃកម្ម មិនជឿក្នុងរឿងសង្សារវដ្ត-ដំណើរវិលកើតវិលស្លាប់ អីចឹងហើយទើបជាអ្នកមិនមានហិរិ ឱត្តប្បៈ ធ្វើការទុច្ចរិត  
នាំគ្នាធ្វើអំពើអាក្រក់កាន់តែកើនឡើងៗជារឿយ ដោយប្រកាន់ភ្ជាប់ថាការទុច្ចរិតជាផ្លូវដំណើរជីវិត។

ពេលដែលសង្គមប្រទេសមួយ និងសង្គមពិភពលោកខ្វះហិរិ ឱត្តប្បៈ ដែលជាធម៌គ្រឿងរក្សាការពារលោក សង្គមប្រទេសមួយ និងសង្គមពិភពលោក ទើបខ្វះការមានភាពជារបៀបរៀបរយ 
មានតែការក្តៅក្រហាយ និងត្រឡប់ត្រឡិនច្របូកច្របល់កាន់តែកើនឡើងៗជារឿយៗ ។
2. ការខ្វះឧត្តមការណ៍និងឧត្តមគតិ  
ឧត្តមការណ៍ គឺឧត្តមគតិដ៏ខ្ពង់ខ្ពស់ដែលអូសទាញទឹកចិត្តមនុស្សឲ្យធ្វើការព្យាយាមដើម្បីសម្រេចផលដល់គោលដៅ ឧត្តមគតិ ការគិតអំពីដំណើរឆ្ពោះទៅរកការធ្វើត្រឹមត្រូវដ៏ប្រសើរប្រកាន់ភ្ជាប់ជាស្ដង់ដារនៃអំពើល្អស្អាត និងមានចិត្តស្មោះត្រង់តាមផ្លូវណាមួយ ដែលមនុស្សប្រកាន់ជឿថាជាគោលដៅនៃជីវិតរបស់ខ្លួន ។

មនុស្សដែលមានឧត្តមការណ៍ឬឧត្តមគតិ តែងតែជាអ្នកមានគោលដៅរបស់ជីវិត និងដំណើរជីវិតតាមឧត្តមការណ៍ឬឧត្តមគតិ គឺគុណធម៌អំពើល្អ ខុសពីអ្នកដែលគ្មានឧត្តមការណ៍ឬឧត្តមគតិដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យខ្លួនឯងបានទទួលផលប្រយោជន៍ មិនថាការធ្វើនោះនឹងខុស និងមិនត្រឹមត្រូវតាមសីលធម៌យ៉ាងណានោះឡើយ។

អ្នកដែលធ្វើការងារឲ្យបានផលនិងប្រសព្វការសម្រេច អីចឹងក៏ត្រូវមានគុណធម៌ដែលសំខាន់ 3 ប្រការ គឺ ការមានភាពក្លៀវក្លា ភាពបរិសុទ្ធិនៃចិត្ត និងការមានឧត្តមគតិ ។

ឧត្តមការណ៍ឬឧត្តមគតិ មានភាពសំខាន់យ៉ាងដូច្នេះ គឺ៖

ក.ធ្វើនាទីជាគោលដៅរបស់ជីវិត

ខ.ជាកម្លាំងរុញច្រានឲ្យព្យាយាមធ្វើការងាររហូតដល់បានទទួលភាពសម្រេចផលនិងដល់គោលដៅជាស្ថាពរ

គ.ធ្វើចិត្តគំនិតឲ្យបានរឹងមាំគង់វង្សនៅក្នុងគុណធម៌អំពើល្អ  ក្នុងការធ្វើការងារដើម្បីសង្គមនិងប្រយោជន៍ផ្នែករួមនៃជាតិ ។

អ្នកដែលមានឧត្តមគតិ ត្រូវបានប្រៀបធៀបជាមួយអ្នកដែលគ្មានឧត្តមគតិ ព្រោះអ្នកមានឧត្តមគតិត្រូវបានប្រៀបដូចជាពន្លឺបំភ្លឺដែលនាំផ្លូវឲ្យឆ្ពោះទៅកាន់ចំណុចគោលដៅនៅចុងផ្លូវបាន ចំនែកអ្នកដែលគ្មានឧត្តមគតិត្រូវប្រៀបដូចជាមនុស្សខ្វះពន្លឺបំភ្លឺ ជាអ្នកដែលបានធ្លាក់នៅក្នុងភាពងងឹត គឺមានចិត្តដែលងងឹតខ្វាក់ គេអាចមានមាសប្រាក់ មានតំណែងជាន់ខ្ពស់ មានឋានៈខ្ពស់ មានអំណាចវាសនា ប៉ុន្តែគេអាចនឹងគ្មានសេចក្តីសុខសាន្តឡើយ ការធ្វើខុស និងការធ្វើអំពើអាក្រក់ថោកទាបដែលគេបានធ្វើ អាចនឹងជាភ្លើងដែលតាមដុតដាលចិត្តគំនិតរបស់គេឲ្យក្តៅក្រហល់ក្រហាយ ប្រៀបបីដូចជានរកភ្នំភ្លើង ដែលមាននៅក្នុងចិត្តអីចឹង និងពេលដែលកម្មអាក្រក់ឲ្យផល គេនឹងបានទទួលផលកម្មតាមកម្មដែលខ្លួនគេបានធ្វើទុក យ៉ាងពិតប្រាកដ គេចមិនផុតពីច្បាប់នៃកម្ម ប្រៀបបីដូចមនុស្សទទួលទាននំចំណី ដែលមានរស់ជាតិផ្អែមដែលផ្សំលាយជាមួយថ្នាំពិស ដរាបណាដែលថ្នាំពិសនៅមិនទាន់ឲ្យផល គេក៏នឹងទទួលបានរស់ជាតិផ្អែមពីនំចំណី ដរាបនោះ ដល់ថ្នាំពិសឲ្យផល ទើបគេដឹងខ្លួនតែក៏ជួយមិនទាន់បាត់ហើយ។

3.ការឲ្យតម្លៃនិយមដែលខុសៗ
នៅសម័យបច្ចុប្បន្នតម្លៃនិយមរបស់សង្គមបានផ្លាស់ប្តូរទៅខុសពីដើម សម័យមុននេះ (សម័យខ្មែររុងរឿង) ខ្មែរយើងធ្លាប់លើកតម្កើងមនុស្សល្អ មនុស្សដែលមានសេចក្តីស្មោះត្រង់សុចរិតក្នុងតួនាទី ប៉ុន្តែសម័យបច្ចុប្បន្នយើងបានត្រឡប់លើកតម្កើងមនុស្សដែលមានលុយ មនុស្សដែលជាអ្នកសេដ្ឋី មហាសេដ្ឋី មនុស្សដែលមានតំណែងតួនាទីការងារខ្ពង់ខ្ពស់ មានយសស័ក្តិ (ពួកនេះអាចបានមកពីការកោងក៏មាន)។

នៅក្នុងប្រទេសយើងសព្វថ្ងៃនេះអាចពោលបានថា ចិត្តគំនិតរបស់មនុស្សបានផ្លាស់ប្តូរទៅក្នុងផ្លួវនៃសេចក្តីវិនាស ការប្រព្រឹត្តដែលជាអំពើទុច្ចរិតគ្រប់បែបយ៉ាង គឺគ្រប់ក្រសួងស្ថាប័នរដ្ឋ ហាក់ដូចជាក្លាយជាវត្ថុដែលមនុស្សទូទៅនាំគ្នាព្រមទទួល និងយល់ព្រមគ្នាឲ្យធ្វើបានជារឿងធម្មតា
សភាពការណ៍បែបនេះ រមែងធ្វើឲ្យការដំណើរជីវិតរបស់មនុស្សម្នាក់ៗងងឹតធ្លាក់ចុះទៅៗ ជារឿយៗ ជាបញ្ហាធំណាស់ ប្រៀបបីដូចជាចរន្តខ្យល់ព្យុះ រលក់ទឹកសមុទ្រធំៗ ដែលហូរចូលមកជន់ពេញគ្រប់ទិសទី
ចាំបាច់ត្រូវដោះស្រាយកែខៃដោយការជួយគ្នាតស៊ូទប់ទល់នឹងខ្យល់ព្យុះរលក់ធំនេះ។

ក្នុងការដំណើរជីវិតរបស់យើង យើងក៏ត្រូវចេះទប់សង្កត់ចិត្តទុក មិនធ្វើកិច្ចការណាមួយដែលយើងដឹងខុសដោយចិត្តពិតប្រាកដ ថាជាការអាក្រក់ ថាជាការវិនាស យើងត្រូវបង្ខំចិត្ត ត្រូវហាមការគិតការប្រព្រឹត្តគ្រប់យ៉ាងដែលដឹងអារម្មណ៍ថារាំងស្ទះកុសលធម៌ យើងត្រូវក្លាហាន និងព្យាយាមនឹងធ្វើអំពើដែលយើងដឹងជ្រាបច្បាស់ថាជាអំពើល្អ ជាការត្រឹមត្រូវ និងជាកុសលធម៌ ប្រសិនបើយើងជួយគ្នាធ្វើយ៉ាងដូច្នេះបានពិតៗ នឹងឲ្យសមិទ្ធផលជាអំពើល្អកើតកាន់តែច្រើនឡើងៗ ក៏នឹងបានជួយគាំទ្រផ្នែករួមនៃជាតិ មិនឲ្យវិនាសបាត់បង់ទៅបាន និងនឹងជួយសង្គមឲ្យភ្ញាក់ដឹងខ្លួនឡើងកាន់តែល្អជាលំដាប់ៗ ។

អ្នកដែលមានការឲ្យតម្លៃនិយមដែលខុសៗ ឃើញថាការទុច្ចរិតជាផ្លូវដំណើរជីវិត ជារឿងប្រក្រតីធម្មតាក្នុងតួនាទី ឃើញអ្នកដែលមានសេចក្តីស្មោះត្រង់សុចរិតក្នុងតួនាទីថាជាអ្នកល្ងង់ ឃើញអ្នកទុច្ចរិតកោងជាតិថាជាអ្នកឆ្លាតឈ្លាសវៃ គប្បីនឹងធ្វើការទុច្ចរិតបោកប្រាស់ប្រជារាស្រ្ត ដោយគ្មានការអៀនខ្មាសដល់បាបនិងបុណ្យ និងមិនខ្លាចក្រែងដល់ច្បាប់របស់ប្រទេសជាតិឡើយ (ឬអង្គុយលើច្បាប់ខ្លួនឯងតែម្ដង)។

4.ការប្រើអំណាចដោយមិនយុត្តិធម៌
បុគ្គលណាមួយដែលមានអំណាច និងមានភាពល្មោភលោភលន់ឃើញចំពោះតែលុយ ក៏រមែងនឹងប្រព្រឹត្តCorruption ការមានអំណាចតែមួយយ៉ាង ក៏រមែងនឹងប្រព្រឹត្តCorruption  ការមានអំណាចតែមួយយ៉ាងទើបមិនធ្វើឲ្យមនុស្សទុច្ចរិត តែការមានអំណាចដោយមានភាពលោភលន់ឃើញចំពោះតែលុយ ទើបធ្វើឲ្យមនុស្សទុច្ចរិតបោកប្រាស់ប្រជារាស្រ្តដោយឥតអៀនខ្មាស។ ដើម្បីបំបាត់ការប្រើអំណាចដោយមិនយុត្តិធម៌នេះសង្គមរដ្ឋត្រូវចេះលើកតម្កើងមនុស្សល្អដែលមានស្នាដៃ មានគំនិតគិតយ៉ាងរឹងមាំគង់វង្សនូវសីលធម៌ ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់សុចរិត មានសេចក្តីកតញ្ញូនិងមានភក្តីភាពចំពោះជាតិមាតុភូមិ មានចិត្តស្មោះត្រង់ក្នុងតួនាទីយ៉ាងខ្ជាប់ខ្ជួន អាចពោលមាន 3ខ គឺ៖

ក.ត្រូវមានការប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់សុចរិត ដឹងគុណជាតិមាតុភូមិ ដឹងគុណមាតាបិតា និងញាតិបងប្អូន ព្រមទាំងអ្នកមានគុណដែលបានធ្វើឧបការមកហើយ មានគ្រូឧបជ្ឈាយាចារ្យជាដើមហើយក៏ត្រូវកតវេទី។

ខ.នៅពេលដែលបានធ្វើអំពើអ្វីណាមួយខុស មិនត្រូវនិយាយកុហកបោកប្រាស់ប្រជារាស្រ្ត ឬនិយាយដោះសារករួចតែខ្លួន ដើម្បីស្នងតណ្ហាគឺសេចក្តីប្រាថ្នាស្រេកឈ្លាននឹងអំណាចរបស់ខ្លួននោះឡើយ។

គ.មិនត្រូវប្រព្រឹត្តខ្លួនដោយការដើរគំរាមកំហែងនិងបៀតបៀនប្រជារាស្រ្តឬអ្នកដទៃជាដាច់ខាតឡើយ។ ដូច្នេះមេដឹកនាំរដ្ឋរួមទាំងរដ្ឋមន្ត្រីរាជការត្រូវធ្វើការបដិញ្ញាខ្លួនក្នុងការបដិបត្តិតួនាទីដូចបានពោលមកក្នុងបីខខាងលើនេះ ដើម្បីជាគំរូដ៏ប្រសើរដល់ក្មែងៗជំនាន់ក្រោយយកមកធ្វើតាមជាមាគ៌ា។

5.ការមានចំណូលចូលមិនស្មើហ្នឹងចំណាយចាយ
សាហេតុមួយប្រការទៀតរបស់អំពើទុច្ចរិត គឺការមានចំណូលចូលមិនស្មើហ្នឹងចំណាយចាយ
ការចាំបាច់គឺត្រូវទៅខ្ចីប្រាក់ចងការដោះទ័លសិន ធ្វើឲ្យខ្លួនត្រូវក្លាយជាអ្នកជំពាក់បំណុលគេ នៅពេលដែលមិនមានសមត្ថភាពនឹងរកប្រាក់ចំណូលមកបានដោយផ្លួវសុចរិត ដើម្បីបានប្រើប្រាស់និងសងឬបង់លោះឲ្យគេបាន ក៏ប្រើវិធីទុច្ចរិត។ ក្នុងករណីនេះមានតួយ៉ាងអ្នកមន្រ្តីរាជការដែលបានស៊ីប្រាក់ខែនិងមានចំណូលចូលមិនស្មើហ្នឹងចំណាយចាយ របស់ខ្លួនឯងនិងគ្រួសារ (រាជការបានប្រាក់ខែតិចមិនតុល្យភាពនឹងជីវភាព)  ដូច្នេះទើបត្រូវប្រើវិធីទុច្ចរិតបោកប្រាសប្រជាជន
ការបោកប្រាសប្រជាជនក៏ដោយការបង្គាប់ទាមទារផលប្រយោជន៏ តបស្នងពីប្រជាជនដែលជាអ្នកមករកឲ្យអ្នករាជការបម្រើផ្សេងៗដែលទាក់ទងទៅនឹងការងាររបស់រដ្ឋ ឬការទទួលការស៊ីសំណូកជាការកោងប្រាក់ពីប្រជាជន  មួយយ៉ាងទៀតគឺការ Corruptionពីថវិការបស់ជាតិ ដូចជាការកិបកេងប្រាក់ពីការយកពន្ធដាភាស៊ីអាករ ពីការលក់វិនិយោគធនធានធម្មជាតិរបស់ប្រទេស
ប្រាក់ទាំងអស់នេះជាប្រាក់នឹងត្រូវបញ្ជូនទៅឲ្យឃ្លាំងថវិកានៃជាតិ ឬការបើកប្រាក់ពីឃ្លាំងហួសពីកំណត់ដែលខ្លួនមានសិទ្ធិនឹងបើកប្រើបាន ទង្វើទាំងអស់នេះជាការពុករលួយកោងជាតិមាតុភូមិ។ ឬសូម្បីតែអ្នកធ្វើការងារឲ្យឯកជន ខ្លួនជាអ្នកលេងល្បែងស៊ីសង ឬខ្លួនឯងជាអ្នកមានការប្រើប្រាស់ចាយវាយលុយកាក់ហួសពីឋានៈកម្លាំងទ្រព្យរបស់ខ្លួន ឬការប្រើ Credit Card ដោយការខ្វះសតិ មិនទប់សង្កត់ចិត្ត ចាយវាយហួសពីកម្លាំងទ្រព្យ ធ្វើឲ្យខ្លួនមានការជំពាក់បំណុលទ្រព្យគេ នៅពេលដែលមិនមានសមត្ថភាពនឹងរកប្រាក់ចំណូលមកសងឬបង់លោះឲ្យគេបាន ដូចនេះអាចកើតគំនិតមួយរំពេចឬតាំងចិត្តធ្វើអំពើអាក្រក់ ដូចជាធ្វើទង្វើដើរទៅលួចឆក់ប្លន់គេ ឬអ្នកខ្លះរកផ្លូវដោះស្រាយកែខៃបញ្ហាមិនចេញ ក៏ប្រើវិធីធ្វើអត្តឃាតខ្លួនឯងជាការដោះស្រាយបញ្ហា ជាដើម។

ទាំងអស់នេះកើតមកពីលោភៈគឺសេចក្តីល្មោភចង់បាន ចង់មាន ចង់កើតហួសកំណត់ហួសហេតុពីការពិត ដូច្នេះការប្រព្រឹត្តបដិបត្តិខ្លួនដោយដើរតាមផ្លូវគោលមាគ៌ាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទាំងឡាយ គឺត្រួវនាំគុណធម៌ 4ប្រការ ជាធម៌សម្រាប់ការគ្រងជីវិតរបស់គ្រហស្ថ ហៅថា ឃរាវាសធម៌ 4 ប្រការគឺ ៖

1.សច្ចៈ សេចក្ដីស្មោះត្រង់ គឺត្រូវមានមានភាពស្មោះត្រង់ ពិតប្រាកដយកចិត្តទុកដាក់ក្នុងការងាររដ្ឋ   ឯកជន និងរកស៊ី និយាយពិតធ្វើពិត ។

2.ទមៈ ការសង្កត់ចិត្តទុក គឺត្រូវមានទប់បង្គាប់ចិត្តគំនិតរបស់ខ្លួនឯង កែតម្រូវខ្លួនតាមកាលទេសៈ អភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែល្អប្រសើរឈានទៅមុខដោយសតិបញ្ញា។

3.ខន្តិ សេចក្តីអំណត់អត់ធន់ គឺត្រូវមានអត់ធ្មត់ក្នុងការធ្វើការងាររដ្ឋ ឯកជន និងរកស៊ី ដោយភាពឧស្សហៈព្យាយាមក្នុងតួនាទីឲ្យបានរឹងមាំ មិនរន្ធត់ញាប់ញ័រ មិនរាថយ។

4.ចាគៈ ការលៈបង់ គឺត្រូវមានការលៈបង់ទាំងកាយនិងចិត្ត លៈបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ផ្នែករួមនៃជាតិ លៈបង់សេចក្តីសុខសប្បាយផ្ទាល់ខ្លួនក្នុងការធ្វើប្រយោជន៍ ដើម្បីប្រយោជន៍ផ្នែករួមនៃជាតិ លះបង់លោភៈ ទោសៈ មោហៈ ទិដ្ឋិមានៈ រួមការងារជាមួយអ្នកដទៃបាន  មិនមានចិត្តចង្អៀតឃើញតែប្រយោជន៍ផ្ទាល់ខ្លូន ឬធ្វើតាមតែអំពើចិត្តរបស់ខ្លួនឯងនោះឡើយ ។

ដូច្នេះ  សេចក្តីស្មោះត្រង់សុចរិតរបស់មនុស្សទាំងអស់នៃជាតិមាតុភូមិ ចាំបាច់នឹងត្រូវឲ្យមានការរួមដៃគ្នាសមគ្គសមានច្ឆន្ទ និងឲ្យដំណើរការមានផ្នែករួមគ្នាជាធ្លុងមួយរបស់មនុស្សគឺប្រជាជននៅក្នុងសង្គមប្រទេសជាតិទាំងមូល ទាំងអស់នេះអាចចែកបានជា 3ភាគ(ផ្នែក) ធំៗ គឺ៖

1.​ ភាគរដ្ឋាភិបាល ត្រូវប្រើប្រាស់ធនធានសម្បត្តិរបស់ជាតិត្រូវមានការបំភ្លឺច្បាស់លាស់ ស្មោះត្រង់  យុត្តិធម៌ មានប្រសិទ្ធិភាព ប្រសិទ្ធិផល និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំបម្រើប្រទេសដែលមានគុណភាពឲ្យទៅដល់ប្រជាជន ក្នុងការរស់នៅចិញ្ចឹមជីវិត ដោយត្រូវបញ្ជាក់ប្រាប់ការផ្លាស់ប្តូរទស្សនគតិគោលការណ៍នយោបាយ តម្លៃនិយម និងវិធីធ្វើការងាររបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់  ឲ្យប្រកាន់ភ្ជាប់យកនូវប្រយោជន៍របស់ប្រជាជន ជាចំណុចគោលដៅក្នុងការធ្វើការងារ  និងអាចរួមដៃធ្វើការងារជាមួយប្រជាជន និងភាគឯកជនបានដោយស្រុះស្រួល។

2. ភាគធុរកិច្ចឯកជន  ត្រូវគាំទ្រឲ្យក្រុមអង្គភាពការងាររបស់ឯកជន និងអង្គការឯកជនផ្សេងៗ
មានការកំណត់កតិកាសញ្ញាក្នុងការធ្វើការងារដែលមានការបំភ្លឺច្បាស់លាស់ មានការទទួលខុសត្រូវដល់អ្នកកាន់ភាគហ៊ុន ស្មោះត្រង់គ្នានិងគ្នា  និងមានភាពយុត្តិធម៌ដល់អ្នកបរិភោគ មានការទទួលខុសត្រូវដល់សង្គមបរិដ្ឋាន  មានប្រព័ន្ធត្រួតពិនិត្យដែលមានគុណភាព មានស្ដង់ដារក្នុងការឲ្យបំរើ មានការរួមដៃធ្វើការងារជាមួយភាគរដ្ឋ និងប្រជាជនបានដោយស្រុះស្រួលទុកចិត្តរវាងគ្នានិងគ្នាបាន។

3.ភាគប្រជាជន  ត្រូវសាងគំនិតគិតឲ្យបានដឹងច្បាស់លាស់ តាំងតែលំដាប់បច្ចេកបុគ្គលរហូតដល់លំដាប់ប្រជាសង្គមក្នុងរឿងសិទ្ធិសេរីភាព តួនាទី ការទទួលខុសត្រូវផ្លូវសេដ្ឋកិច្ច សង្គម នយោបាយការគ្រប់គ្រងរដ្ឋ ដើម្បីជាកម្លាំងរបស់ប្រទេសដែលមានគុណភាព មានចំណេះដឹង មានការយល់ដឹងក្នុងគោលការណ៍នៃការសាងគន្លឹះយន្ត (យន្តការ) បម្រើកិច្ចការស្រុកទេស និងសង្គមដែលល្អប្រសើរ៕

((អត្ថបទ ដោយសុមេធី ភ្នំឱរ៉ាល់)) 

No comments:

Post a Comment