លោកសម រង្ស៊ី ផ្ញើសេចក្តីអំពាវនាវ ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកសម រង្ស៊ី ផ្ញើសេចក្តីអំពាវនាវ ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា !

លោកសម រង្ស៊ី ផ្ញើសេចក្តីអំពាវនាវ ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា !

Share This
លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានផ្ញើសេចក្តីអំពាវនាវ ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា !

១៦ តុលា ២០១៧ / 16 October 2017-My today's letter translated in Khmer and in French(*) 

ខាងក្រោមនេះ ជាការបកប្រែជាភាសាខ្មែរ និងភាសាបារាំង នៃលិខិតរបស់ខ្ញុំមួយ ដែលកាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) បានចុះផ្សាយថ្ងៃនេះ ជាភាសាអង់គ្លេស។

សេចក្តីអំពាវនាវ ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា

ក្នុងខណៈដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) កំពុងតែប្រជុំ នៅពេលនេះ ក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ក្នុងសន្និបាតទី ១៣៧ របស់ខ្លួន ដែលក្នុងនោះមានវត្តមានតំណាងរាស្ត្រ មកពី ១៧៣ រដ្ឋសភា លើទូទាំងពិភពលោក ខ្ញុំសូមធ្វើសេចក្តីអំពាវនាវនេះ ទៅកាន់តំណាងរាស្ត្រទាំងអស់នោះ ដើម្បីឲ្យជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា។

ក្នុងរដ្ឋសភានៃប្រទេសកម្ពុជា សព្វថ្ងៃ មានតំណាងរាស្ត្រ ១២៣ នាក់ មកតែពីពីរគណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន ៦៨ អាសនៈ និងគណបក្សសង្គ្រោះជាតិ តំណាងឲ្យចលនាប្រឆាំង ដែលមាន ៥៥ អាសនៈ។

គម្រោងរៀបចំការបោះឆ្នោតមួយ ដើម្បីជ្រើសរើសតំណាងរាស្ត្រជាថ្មី ក្នុងខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ត្រូវបានកំណត់តាំងពីយូរមកហើយ។ មានអ្នកសង្កេតការណ៍ឯករាជ្យជាច្រើន ទស្សន៍ទាយថា ចលនាប្រឆាំង ដែលបានកើនកម្លាំងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងបន្តបង្កើនកម្លាំងរបស់ខ្លួនថែមទៀត ដោយសារតែប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ មិនសប្បាយចិត្តពីរដ្ឋាភិបាលសព្វថ្ងៃ ហើយចង់ឲ្យមានការផ្លាស់ប្តូរ។ យ៉ាងដូច្នេះហើយ បានជាអ្នកសង្កេតការណ៍ទាំងនោះ បន្តទស្សន៍ទាយថា គណបក្សសង្គ្រោះជាតិ នឹងអាចទទួលជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ដែលជាហេតុធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់អំណាច ដែលខ្លួនបានក្តោបក្តាប់ អស់រយៈពេល ៣៨ ឆ្នាំមកហើយ។

នៅពេលដែលការបោះឆ្នោត កំពុងតែឈានចូលជិតមកដល់ ស្រាប់តែរដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជា កាលពីខែមុន ឲ្យចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា យកទៅដាក់ពន្ធនាគារ ដោយចោទប្រកាន់លោកថា បានប្រព្រឹត្ត "អំពើក្បត់ជាតិ" និងបានរៀបចំ "បដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល"។ មិនតែប៉ុណ្ណោះ ស្រាប់តែលោក ហ៊ុន សែន បានប្រកាស ប៉ុន្មានថ្ងៃចុងក្រោយនេះ ថានឹងរំលាយគណបក្សសង្គ្រោះជាតិ តែម្តង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយចោទប្រកាន់គណបក្សនេះ ពីបទដូចអ្វីដែលគេបានចោទប្រកាន់លោក កឹម សុខា អញ្ចឹងដែរ។ ក្នុងគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិនេះ គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានជម្រុញថ្មីៗនេះ ឲ្យមានការកែច្បាប់ស្តីពីគណបក្សនយោបាយនិងការបោះឆ្នោត ដើម្បីបើកផ្លូវ ឲ្យរំលាយគណបក្សសង្គ្រោះជាតិ “តាមផ្លូវច្បាប់” ដោយយោងច្បាប់ដែលគេទើបតែកែចុះកែឡើងយ៉ាងងងើល ក្នុងពេលថ្មីៗនេះ ហើយយោងអំណាចផ្តាច់ការរបស់គេ លើនគរបាល និងលើតុលាការ។

ការរំលាយគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យតំណាងរាស្ត្រជាប់ឆ្នោត ទាំង ៥៥ នាក់របស់គណបក្សនេះ បាត់បង់ជាស្វ័យប្រវត្ត និងជាសមូហភាព នូវអាណត្តិសភារបស់ខ្លួន ដែលបានមកពីការបោះឆ្នោតជាសកល។ ព្រឹត្តិការណ៍បែបនេះ នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ "ដំណើរការប្រជាធិបតេយ្យ" ដែលប្រទេសកម្ពុជា ត្រូវអនុវត្ត យោងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាសន្ធិសញ្ញាអន្តរជាតិមួយ ជាប្រវត្តិសាស្ត្រ ចុះហត្ថលេខា ដោយ ១៨ ប្រទេស ក្រោមការមើលខុសត្រូវ ពីអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩១។ ការចោទប្រកាន់ មកលើគណបក្សប្រឆាំង និងទង្វើ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ របស់អាជ្ញាធរប្រទេសកម្ពុជា ក្នុងការធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ ត្រូវបានផ្តន្ទាទោស ដោយអង្គការសហប្រជាជាតិ សភាអឺរ៉ុប និងរដ្ឋាភិបាលច្រើនប្រទេស ក្នុងពិភពលោក ព្រមទាំងអង្គការសិទ្ធិមនុស្សជាទូទៅ

ក្នុងឋានៈខ្ញុំ ជាតំណាងប្រជារាស្ត្រខ្មែរ ដែលបានបោះឆ្នោតឲ្យខ្ញុំ យ៉ាងទៀងទាត់ គ្រប់អាណត្តិ តាំងពីឆ្នាំ១៩៩៣ មក ហើយក្នុងឋានៈខ្ញុំជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេបង្ខំឲ្យនិរទេសខ្លួន ខ្ញុំសូមស្នើដោយក្តីគោរព ឲ្យមានសាមគ្គីភាពដ៏សកម្ម ពីសំណាក់អ្នកតំណាងរាស្ត្រទាំងអស់ក្នុងពិភពលោក ដើម្បីជួយតំណាងរាស្ត្រដូចគ្នា នៅប្រទេសកម្ពុជា ដោយទប់ស្កាត់កុំឲ្យគេរំលាយគណបក្សសង្គ្រោះជាតិ ដែលទង្វើបែបនេះ ជាការរំលោភគោលការណ៍ប្រជាធិបតេយ្យ នៃប្រព័ន្ធសភា និងរំលោភលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ ក្នុងប្រព័ន្ធនេះ ៕

សម រង្ស៊ី


ប្រភព ៖ សម រង្ស៊ី

No comments:

Post a Comment