សារបែកធ្លាយបង្ហាញថាកូនៗលោក ហ៊ុន សែន មានទំនាក់ទំនងជាមួយកាស៊ីណូ ណាហ្គា វើល (Naga World)
loading...
សារបែកធ្លាយដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទទួលពីបុគ្គលអនាមិកឈ្មោះ អង្គរបុរី ហើយដែលត្រូវលោក សម រង្ស៊ី ចែកចាយបន្តទៅឲ្យបណ្ដាញសារព័ត៌មានកាលពីដើមខែមីនា បង្ហាញថា កូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ទើរតែទាំងអស់មានទំនាក់ទំនងជាមួយថៅកែកាស៊ីណូណាហ្គាវើល (NAGA WORLD) ដែលជាកន្លែងលេងល្បែងធំជាងគេនៅកម្ពុជា។
អ្នករស់នៅក្នុងរាជធានីភ្នំពេញភាគច្រើន ប្រាកដជាធ្លាប់ឮពីកាស៊ីណូណាហ្គា ដោយសារតែកាស៊ីណូនេះបានប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា តាំងពីដើមទសវត្សរ៍ទី១៩៩០ មកម្ល៉េះ។ ប៉ុន្តែអាចមានពលរដ្ឋនៅរាជធានីភ្នំពេញមិនច្រើនទេ ដែលដឹងពីទំនាក់ទំនងរវាងថៅកែកាស៊ីណូណាហ្គា ជាមួយកូនចៅថ្នាក់ដឹកនាំរបស់កម្ពុជា ជាពិសេសគឺជាមួយកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទ ដែលបែកធ្លាយជាង ១០០ទំព័រ ក្នុងនោះមានទាំងសារឆ្លើយឆ្លងដែលមានឈ្មោះភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ព្រមទាំងលោក សម រង្ស៊ី ផងនោះ បង្ហាញថា កូន ៤នាក់ក្នុងចំណោម ៥នាក់របស់លោកនាយករដ្ឋមន្ត្រី គឺមានទំនាក់ទំនងជាមួយម្ចាស់កាស៊ីណូណាហ្គា ដែលនៅក្នុងសារទាំងនោះបង្ហាញថាមានឈ្មោះ Tan Sri និងលេខទូរស័ព្ទ ហើយពេលខ្លះម្ចាស់សារមួយនេះហៅខ្លួនឯងថា Uncle Chen ឬ Uncle Chen Naga ឬ Uncle Chenlipkeong Naga ឬ Chenlk Naga ឬ Chenlipkeong Naga ជាដើម នៅពេលដែលគាត់ផ្ញើសារទៅកាន់កូនៗរបស់លោក ហ៊ុន សែន។
កូនៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង ៤នាក់ដែលសារបែកធ្លាយបង្ហាញថា មានទំនាក់ទំនងជាមួយថៅកែណាហ្គា រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។
នៅក្នុងសារដែលកាស៊ីណូណាហ្គាវើល ផ្ញើទៅកាន់លោក ហ៊ុន ម៉ាណែត អ្នកផ្ញើដែលមានឈ្មោះថា Uncle Chenlipkeong Naga ឬពូ Chenlipkeong Naga បានស្នើឲ្យលោក ហ៊ុន ម៉ាណែត ជួយធ្វើយ៉ាងណាកុំឲ្យសំឡេងនៃការប្រគំតន្ត្រីដែលធ្វើឡើងដើម្បីអបអរសាទរទិវា ៧ មករា ដែលនៅក្បែរកាស៊ីណូនោះ មានសំឡេងលាន់ឮខ្លាំងរំខានទៅដល់អតិថិជនរបស់កាស៊ីណូណាហ្គាវើល។ អ្នកផ្ញើឈ្មោះ ពូ Chenlipkeong Naga បញ្ជាក់ប្រាប់លោក ម៉ាណែត ថា ដោយសារតែការរំខាននៃសំឡេងប្រគំតន្ត្រីនោះ បានធ្វើឲ្យអតិថិជនរបស់ខ្លួនមួយចំនួនមិនសប្បាយចិត្ត ហើយបានចេញពីកាស៊ីណូណាហ្គាវើល។
ចំណែកសារទៅកាន់លោក ហ៊ុន ម៉ានិត ម្ចាស់សារឈ្មោះ Chenlipkeong Naga ដដែលបានសរសេរពីការណាត់ជួបជាមួយលោក ហ៊ុន ម៉ានិត ពីការផ្តល់ព័ត៌មានចុងក្រោយពាក់ព័ន្ធដីនៅតំបន់កោះពេជ្រ ដីនៅតាមមាត់ទន្លេ និងពីការរកមធ្យោបាយដើម្បីជួយឧបត្ថម្ភគាំទ្រដល់កាសែតបរទេសឈ្មោះ Khmer Times ជាដើម។
រីឯសារទៅកាន់កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលបច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ វិញ ម្ចាស់សារឈ្មោះ Chenlipkeong Naga បានអរគុណលោក ហ៊ុន ម៉ានី ដែលបានជួយក្នុងរឿងបកប្រែ និងពីការណាត់ជួបគ្នា។ ក្រៅពីនេះ ម្ចាស់សារឈ្មោះ Chenlipkeong Naga ឬ Tan Sri ក៏បានប្រាប់ឲ្យលោក ហ៊ុន ម៉ានី ជម្រាបលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពីបញ្ហាមួយដែលម្ចាស់សារសរសេរអក្សរកាត់ជាភាសាអង់គ្លេសថា WEF។
ដោយឡែកចំពោះសារផ្ញើទៅកាន់ម្ចាស់ទូរស័ព្ទឈ្មោះ ហ៊ុន ម៉ាណា កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកផ្ញើឈ្មោះ Chenlipkeong Naga បានសរសេរពីការណាត់ជួប និងពីទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា។
ទោះជាយ៉ាងណា សារដែលលេចធ្លាយនេះ គឺឃើញមានតែម្ខាង ពោលគឺពីអ្នកដែលសរសេរទៅកាន់កូនៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនឃើញពួកគេឆ្លើយតបវិញទេ។
កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត គឺជាមន្ត្រីយោធាជាន់ខ្ពស់នៅក្រសួងការពារជាតិ។ ចំណែកលោក ហ៊ុន ម៉ានី គឺជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណៈដែលអ្នកស្រី ហ៊ុន ម៉ាណា គឺជាអ្នកជំនួញដ៏ល្បីម្នាក់នៅកម្ពុជា។
បើទោះជាកូនៗលោក ហ៊ុន សែន មានតួនាទីនៅក្នុងជួរយោធា ឬរដ្ឋាភិបាលក្តី កន្លងទៅអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) រកឃើញថា កូនៗលោក ហ៊ុន សែន សុទ្ធតែមានមុខជំនួញនៅក្នុងដៃ និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុកជាច្រើន។ គ្លបល វីនេស ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិដែលគ្រួសារត្រកូល ហ៊ុន មានគឺចន្លោះពី ៥០០លានដល់ ១ពាន់លានដុល្លារឯណោះ។
មកទល់ពេលនេះ គឺមានរយៈពេល ៨ថ្ងៃហើយដែលអាស៊ីសេរីបានដាក់លិខិតទៅកាន់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលមាននៅក្នុងសារបែកធ្លាយ ក្នុងនោះក៏រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែមិនទាន់ឃើញមានការឆ្លើយតបនោះទេ។
ចំណុចគួរឲ្យសម្គាល់មួយនៅក្នុងសារទៅកាន់លោក ហ៊ុន ម៉ានិត កូនប្រុសទី២ របស់លោក ហ៊ុន សែន ម្ចាស់សារឈ្មោះ Chenlipkeong Naga បានប្រាប់លោក ហ៊ុន ម៉ានិត ថា យកល្អកុំនិយាយច្រើនពេកតាមទូរស័ព្ទ ហើយថាមានរឿងអី គឺគួរតែជួបផ្ទាល់។ បើសិនជាសារនេះជាការពិតមែននោះ វាបង្ហាញឲ្យឃើញថែមទៀតថា នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មិនត្រឹមតែមន្ត្រីការពារសិទ្ធិមនុស្ស អ្នកឃ្លាំមើលសង្គម បក្សប្រឆាំង ឬពលរដ្ឋទេ ដែលបារម្ភពីការលួចថតសំឡេង ឬថតសារឆ្លងឆ្លើយ សូម្បីតែអ្នកជំនួញក៏កំពុងបារម្ភពីបញ្ហានេះដែរ។
ករណីបែកធ្លាយសំឡេងសន្ទនា ឬសារឆ្លើយឆ្លងឯកជននេះ កន្លងទៅ អ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមកម្ពុជា តែងទទូចឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ និងស្វែងរកអ្នកដែលបញ្ចេញសារឯកជនមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលហាក់ពុំសូវចាប់អារម្មណ៍នឹងបញ្ហានេះឡើយ។ អ្នកច្បាប់ចាត់ទុកថា ការលួចថតការសន្ទនាឯកជនរបស់គេយកមកផ្សព្វផ្សាយ គឺជាការរំលោភច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងបំពានលើសិទ្ធិឯកជន ដែលរដ្ឋមានតួនាទីការពារ និងទទួលខុសត្រូវ៕
loading...
ប្រភពដើម : វិទ្យុអាស៊ីសេរី
No comments:
Post a Comment