អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងអ្នកវិភាគចាត់ទុកការគំរាមកំហែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការវៃបំបាក់ធ្មេញជនណាដែលហ៊ានតវ៉ាលទ្ធផលឆ្នោតថា ធ្វើឡើងផ្ទុយពីច្បាប់ និងខុសពីវិជ្ជាជីវៈយោធា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា សម្ដីរបស់លោក ទៀ បាញ់ ត្រឹមត្រូវទៅតាមច្បាប់។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទាមទារឲ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ចុះចេញពីតំណែងមកធ្វើជាឧបករណ៍ផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញប្រសើរជាងដោយសារលោកកំពុងធ្វើការខុសតួនាទី។
ការថ្លែងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រូបនេះ ធ្វើឡើងក្រោយពីលោក ទៀ បាញ់ បានគំរាមជាសាធារណៈថា នឹងវ៉ៃជនណាដែលហ៊ានក្រោកតវ៉ាលទ្ធផលក្រោយការបោះឆ្នោតឲ្យបែកធ្មេញតែម្តង។
លោក ទៀ បាញ់ ព្រមានថា លោកមិនអាចបណ្ដែតបណ្ដោយឲ្យមានការតវ៉ាណាមួយក្រោយការបោះឆ្នោតអាចកើតឡើងបានទៀតនោះទេ៖ «ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ លើកនេះមិនទុកទេ ប្រាប់ឲ្យហើយ គឺនិយាយគ្នាត្រង់អ៊ីចឹងតែម្ដង ថាម៉េចថាចុះ រឿងពិតត្រូវនិយាយគ្នាអ៊ីចឹង មិនអុនញ្ញាតជាដាច់ខាត»។
លោក ហ្វីល រ៉ូប៊ឺតសុន អះអាងថា ការព្រមានរបស់លោក ទៀ បាញ់ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ផ្ទុយពីកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងជាការគំរាមកំហែងដល់នីតិរដ្ឋរបស់កម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការគំរាមរបស់លោក ទៀ បាញ់ ធ្វើឡើងដោយត្រឹមត្រូវក្នុងកិច្ចការពាររដ្ឋាភិបាលស្របច្បាប់៖ «កងកម្លាំងប្រដាប់អាវុធគឺជាកងកម្លាំងរបស់ជាតិ។ អ៊ីចឹងពេលណា គណបក្សណាមួយជាប់ឆ្នោតបានបង្កើតរាជរដ្ឋាភិបាលទៅជារាជរដ្ឋាភិបាលរបស់ជាតិ។ អ៊ីចឹងហើយកងទ័ពជាតិត្រូវតែការពាររាជរដ្ឋាភិបាលរបស់ជាតិ។ គាត់និយាយត្រឹមត្រូវតាមតួនាទីកងកម្លាំងប្រដាប់អាវុធរបស់ជាតិ។ គាត់មិនបានគំរាមកំហែង ឬមានចេតនាអាក្រក់ណាមួយទេ គឺថាចង់ទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយណាដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមបានហៅការគំរាមរបស់លោក ទៀ បាញ់ ថាជាការរំលោភអំណាច និងរំលោភដល់ដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលមានអំណាចក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេស។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា សារព្រមានប្រើអំពើហិង្សារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គឺជាសារបែបញុះញង់ បង្កភាពចលាចលដល់សន្តិសុខជាតិ។
លោកជំរុញឲ្យសមត្ថកិច្ចទីក្រុងភ្នំពេញ ចាត់វិធានការទៅលើបញ្ហានេះជាបន្ទាន់ ដើម្បីរក្សាភាពស្ងប់ស្ងាត់នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ៖ «នេះជាការញុះញង់បង្កឲ្យមានភាពវឹកវរ។ នេះជាបទល្មើសព្រហ្មទណ្ឌ»។
ជាងនេះទៅទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ ជំរុញឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន និងកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៨ ដើម្បីយោធាត្រូវរក្សាអព្យាក្រឹតភាពរបស់ខ្លួនក្នុងមុខនាទីសកម្មភាពការងារ ហើយហាមឃាត់ការប្រើមុខងារ និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើក្នុងសកម្មភាពគណបក្សនយោបាយ៕
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment