មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចេញសារព្រមានជាសាធារណៈថា នឹងវាយអ្នកណាដែលហ៊ានក្រោកតវ៉ាលទ្ធផលចាញ់ឆ្នោតឲ្យបែកធ្មេញ។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គម ចាត់ទុកសារព្រមានបែបនេះ ថាជាការធ្វើខុសតួនាទី និងខុសច្បាប់។
ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់នៅសល់តែ ១៩ថ្ងៃទៀត នឹងចូលមកដល់ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ចេញសារគំរាមពលរដ្ឋណាដែលហ៊ានក្រោកតវ៉ាលទ្ធផលបោះឆ្នោតខាងមុខនេះ។
លោក ទៀ បាញ់ បានគំរាមជាសាធារណៈថា បើអ្នកណាចាញ់ឆ្នោតហើយ មិនព្រមទទួលលទ្ធផលចាញ់ ដោយនាំគ្នាចេញមកតវ៉ា លោកថានឹងបង្ក្រាបវាយឲ្យបែកធ្មេញ៖ «ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ។ លើកនេះមិនទុកទេ ប្រាប់ឲ្យហើយ គឺនិយាយគ្នាត្រង់ចឹងម៉ង ថាម៉េចថាចុះ រឿងពិតត្រូវនិយាយគ្នាចឹង មិនអនុញ្ញាតជាដាច់ខាត»។
លោក ទៀ បាញ់ លើកឡើងបន្ថែមទៀតថា ការតវ៉ាណាមួយក្រោយពេលចាញ់ឆ្នោត គឺនាំឲ្យមានការចលាចល ដែលនាំឲ្យមានភាពអសន្តិសុខក្នុងសង្គម ដែលលោកថាលោកមិនអាចបណ្តែតបណ្តោយឲ្យកើតឡើងតទៅទៀតបានទេ ព្រោះត្រូវចំណាយច្រើនណាស់ក្នុងការបង្ក្រាបកន្លងមក។
អ្នកឃ្លាំមើលស្ថានភាពនយោបាយបច្ចុប្បន្នយល់ឃើញថា ទាំងសារគំរាមថានឹងមានសង្គ្រាមរបស់ប្រមុខរដ្ឋាភិបាល និងសារព្រមានថានឹងវាយអ្នកតវ៉ាលទ្ធផលបោះឆ្នោតឲ្យបែកធ្មេញរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ នៅមុនការបោះឆ្នោតជិតចូលមកដល់បែបនេះ គឺជាការរំលោភតួនាទីរបស់ខ្លួនក្នុងនាមជាមន្ត្រីរដ្ឋាភិបាល ដែលមិនត្រូវផ្ញើសារបម្រើគណបក្សនយោបាយរបស់ខ្លួននោះទេ។
លោកបណ្ឌិត មាស នី ចាត់ទុកទង្វើបែបនេះថាជាការភ្លេចខ្លួន និងភ្លេចតួនាទី៖ «គាត់គិតថាគាត់ជាគណបក្សដ៏អ៊ីមចឹងទៅ ពេលដែលនិយាយអីមក៍ ក្នុងនាមដែលគាត់កំពុងពាក់ឯកសណ្ឋានជារដ្ឋាភិបាល ប៉ុន្តែគាត់កាន់ជើងគណបក្ស ឬក៏ធ្វើដើម្បីតែគណបក្សរបស់គាត់ទៅវិញ»។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមដដែល លោកបណ្ឌិត មាស នី យល់ឃើញថា ការថ្លែងសាររបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បែបនេះ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួងការពារជាតិ ដែលជ្រៀតជ្រែកកិច្ចការរបស់ក្រសួងមហាផ្ទៃ។ លោកលើកឡើងថា តួនាទីរបស់យោធា គឺធ្វើអន្តរាគមន៍តែក្នុងករណីមានជម្លោះដោយកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ មិនមែនយកមកបង្ក្រាបជនស៊ីវិលដែលគ្មានអាវុធ និងក្រោកតវ៉ាដោយសន្តិវិធី ដើម្បីទាមទារអ្វីមួយនោះទេ៖ «ជារបៀបពលរដ្ឋតវ៉ាដោយសន្តិវិធី ដោយអហិង្សា ការយកកងយោធាមកបង្ក្រាប មកបាញ់សម្លាប់ពលរដ្ឋ គឺជារឿងខុសច្បាប់»។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មិនទាន់ធ្វើការសន្និដ្ឋានណាមួយទៅនឹងលទ្ធផលបោះឆ្នោតនាពេលខាងមុខនេះទេ។ លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្គ្រោះជាតិ នឹងគោរពតាមឆន្ទៈរបស់ប្រជារាស្ត្រ និងធ្វើទៅតាមច្បាប់។ លោកមិនយល់ថា តើលោក ទៀ បាញ់ ចង់បានអ្វីពីការប្រើសារគំរាមបែបនេះ៖ «បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដោយឆន្ទៈរាស្ត្រ អ្នកផ្សេងទៀតត្រូវតែគោរពឆន្ទៈនេះ។ ក្នុងនាមជាកូនខ្មែរ យើងធ្វើអ្វីៗស្របច្បាប់ យើងធ្វើអ្វីៗដើម្បីគោរពផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្ត្រ និងគោរតាមឆន្ទៈប្រជារាស្ត្រ។ តែបើសិនជាមានវោហារសាស្ត្រណាមួយដែលធ្វើទៅផ្ទុយពីឆន្ទៈរាស្ត្រ ខ្ញុំក៏មិនយល់ដែរ»។
នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលមានរយៈពេល ២សប្ដាហ៍ខាងមុខនេះ គ.ជ.ប នឹងប្រជុំសមាជិកទាំងអស់ដើម្បីកំណត់អំពីប្រភេទនៃការគំរាមកំហែង និងសារញុះញង់។ គ.ជ.ប ក៏នឹងមានវិធានការហាមឃាត់គណបក្សនយោបាយ កុំឲ្យប្រើសារដែលមានលក្ខណៈគំរាមកំហែង និងសារបែបញុះញង់នេះដែរ។
អាស៊ីសេរី នៅមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋាភិបាលបាននៅឡើយទេនៅថ្ងៃទី១៥ ឧសភា។
កាលពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ និងក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែព្រមានថានឹងមានសង្គ្រាម បើគណបក្សលោកចាញ់ឆ្នោត។ ជាលទ្ធផលនៃការបោះឆ្នោតជាតិអាណត្តិទី៥ ដោយការព្រមាននេះ ធ្វើឲ្យគណបក្សរបស់លោកបាត់បង់កៅអីតំណាងរាស្ត្រនៅសភាចំនួន ២២អាសនៈ គឺពី ៩០អាសនៈមក ៦៨អាសនៈវិញ៕
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment