1. គោលនយោបាយគណបក្សសង្គ្រោះជាតិ
១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ
ផ្ដល់ឱកាស និងលើកទឹកចិត្តប្រជាពលរដ្ឋ បង្កើតសហគមន៍ ផ្ដល់យោបល់ វាយតម្លៃ និងចូលរួមធ្វើសេចក្ដីសម្រេចនានាក្នុងឃុំ-សង្កាត់
២. លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍
ការពារកម្មសិទ្ធិដីធ្លីស្របច្បាប់ របស់ប្រជាពលរដ្ឋ និងមិនចុះហត្ថលេខាលើការវិនិយោគ ឬសម្បទានណាដែលប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ
ប្រឹក្សាយោបល់ និងផល់ព័ត៌មានជូនប្រជាពលរដ្ឋពាក់ព័ន្ធនិងការខ្ចីបុល និងទីផ្សារកសិផល
អភិវឌ្ឍន៍ និងវិនិយោគដោយផ្ដល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់
៣. សេវាសាធារណៈ
ផ្ដល់លិខិតស្នាមផ្សេងៗ ដោយមិនរើសអើង ស្អាតស្អំ និងទាន់ពេលកំណត់
បង្កើតមូលនិធិសម្រាប់ជួយជនងាយរងគ្រោះ
៤. សន្តិសុខ
ពង្រឹងប្រសិទ្ធភាព និងលើកកម្ពស់ការងារនគរបាលដើម្បីឃុំ-សង្កាត់ប្រកបដោយសុវត្ថិភាពគ្មានគ្រឿងញៀន និងគ្មានអំពើហិង្សា។
៥. វិមជ្ឈការ (គោលនយោបាយថ្នាក់ជាតិសម្រាប់ឃុំ-សង្កាត់)
វិមជ្ឈការអំណាច ៖ ប្រគល់សិទ្ធអំណាចធ្វើសេចក្ដីសម្រេចចិត្តក្នុងការអភិវឌ្ឍន៍ឃុំ-សង្កាត់
វិមជ្ឈការថវិកា ៖ ផ្ដល់ថវិកាយ៉ាងតិច ៥០០.០០០ដុល្លារ ( ហាសិបម៉ឺនដុល្លារអាមេរិក ) សម្រាប់ឃុំ-សង្កាត់នីមួយៗ ក្នុងមួយឆ្នាំ ស្មើនឹងប្រមាណ២០% នៃថវិកាជាតិ
វិមជ្ឈការសេវាសាធារណៈក្នុងវិស័យអាទិភាព ( អប់រំ សង្គមកិច្ច ប្រព័ន្ធទឹកស្អាត ផ្លូវឃុំ-សង្កាត់ និងផ្ដល់អ្នកជំនាញបច្ចេកទេសកសិកម្ម សុខាភិបាល )។
ប្រភព : វិទ្យុអាស៊ីសេរី
2. គោលនយោបាយគណបក្សប្រជាជនកម្ពុជា
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ គណបក្សនេះបានដាក់ចេញនូវគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍឃុំសង្កាត់ឆ្នាំ២០១៧-២០២២៖
១. ឃុំសង្កាត់ទទួលបានធនធានហិរញ្ញវត្ថុមិនតិចជាង ២,៨ភាគរយ នៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំ ហើយអត្រានេះនឹងត្រូវបង្កើនបន្ថែមទៀតដើម្បីលើកកម្ពស់ការអភិវឌ្ឍឃុំសង្កាត់
២. ប្រជាកសិករទទួលបានការគាំទ្រពីរដ្ឋ ដើម្បីធានាការបង្កើនផលិតកម្ម និងការរកទីផ្សារសម្រាប់លក់កសិផលដោយមានតម្លៃសមរម្យ។
៣. ខិតខំកាត់បន្ថយអត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឲ្យស្ថិតក្នុងកម្រិតសមរម្យ និងពង្រឹងកិច្ចការពារប្រជាជនក្រីក្រ ដែលជាអ្នកខ្ចី ប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ
៤. ប្រជាជនគ្មានដី ឬខ្វះដី នឹងទទួលបានដីសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល តាមរយៈការអនុវត្ត កម្មវិធីសម្បទានដីសង្គមកិច្ច
៥. ផ្ដល់ជូនប្រជាជនដោយឥតគិតថ្លៃ នូវសេវាចុះបញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៦. ប្រជាជនគ្រប់រូបទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺកាន់តែល្អប្រសើរតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់រដ្ឋ។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅតាមមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរបស់រដ្ឋ
៧. ឃុំ-សង្កាត់ នីមួយៗមានអនុវិទ្យាល័យមួយយ៉ាងតិច ក្រុង ស្រុក ខណ្ឌនីមួយៗមានវិទ្យាល័យមួយយ៉ាងតិច និងមានសាលាបឋមសិក្សាច្រើនពង្រាយតាមភូមិ ដើម្បីឲ្យកុមារ និងយុវជនបានរៀនសូត្រគ្រប់គ្នា
៨. អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ និងទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅគ្រប់ឃុំសង្កាត់
៩. តបណ្ដាញអគ្គិសនីដល់គ្រប់ភូមិ និងមានតម្លៃថោក គឺ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើមិនលើសពី៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និង៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើមិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និងសហគមន៍កសិករប្រើប្រាស់ពេលយប់សម្រាប់បូមទឹកបង្កបង្កើនផល
១០. តភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជនទៅគ្រប់ភូមិ ព្រមទាំងកែលម្អផ្លូវលំជនបទ ពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង
១១. កសាងឃុំ សង្កាត់នៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ជាឃុំសង្កាត់ប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ប្រជាជនរស់នៅទាំងសងខាងព្រំដែន មានចំណង់មិត្តភាពនិងសហប្រតិបត្តិការល្អ
១២. អាជីវករលក់ដូរផ្សារដែលលើទីតាំងដីរបស់រដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន ដោយមិនមានកំណត់អាណត្តិ
១៣. ឃុំសង្កាត់មានសុវត្ថិភាពកាន់តែល្អប្រសើរ តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តដល់អង្គភាពអ្នកពាក់ព័ន្ធដែលមានស្នាដៃល្អ និងអនុវត្តវិធានការវិន័យចំពោះសមត្ថកិច្ចដែលអសកម្ម ឬខុសឆ្គង។
ប្រភព : វិទ្យុអាស៊ីសេរី
3. គោលនយោបាយគណបក្សហ៊្វុនស៊ិនប៉ិច
សម្រាប់ការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ គណបក្សហ៊្វុនស៊ិនប៉ិច មានគោលការណ៍ ៨ចំណុច សម្រាប់ដោះស្រាយនៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់៖
១. លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម
-អនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ គោរពប្រជារាស្ត្រម្ចាស់អំណាច ម្ចាស់ទឹក ម្ចាស់ដី បង្កលក្ខណៈឲ្យប្រជារាស្ត្រចូលរួមធ្វើសេចក្ដីសម្រេចចិត្ត។
-បង្កើតឲ្យមានវេទិកាសាធារណៈថ្នាក់ឃុំ/សង្កាត់ សម្រាប់ឲ្យប្រជារាស្ត្របានចូលរួមសម្ដែងមតិ និងលើកជាសំណូមពរអំពីវិធានដោះស្រាយ និងតម្រូវការចាំបាច់នានា។
-លើកតម្កើងការគោរពសិទ្ធិសេរីភាពប្រជារាស្ត្រ និងសមភាពយេនឌ័រ ដែលជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
-ប្រឆាំងដាច់ខាតការរំលោភសិទ្ធិមនុស្ស និងបំពារបំពានលើកគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
២. សេវាសាធារណៈ
-ចេញលិខិតស្នាមរដ្ឋបាលផ្សេងៗ ជូនប្រជារាស្ត្រដោយមិនរើសអើង និងមិនប្រកាន់បក្សពួក។
-ឆ្លើយតបឲ្យទាន់ពេលវេលា លុបបំបាត់ការិយាធិបតេយ្យ និងអំពើពុករលួយគ្រប់រូបភាព ចំពោះសេវាសាធារណៈនានានៅក្នុងឃុំ-សង្កាត់។
-ប្រកាន់យកអភិបាលកិច្ចល្អ មិនអនុញ្ញាតឲ្យយកកម្រៃសេវាលើលិខិតស្នាមលើសពីច្បាប់កំណត់ឡើយ។
៣. អភិវឌ្ឍន៍មូលដ្ឋាន
-ស្វះស្វែងរកគម្រោងអភិវឌ្ឍន៍ពីអង្គការនានា ឲ្យចូលមកអភិវឌ្ឍន៍ក្នុងមូលដ្ឋានឃុំ-សង្កាត់។
-ខិតខំស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ទំនប់ ព្រែកជីក ប្រឡាយ ត្រពាំង ផ្លូវលំក្រាលគ្រួស ទ្វារទឹក និងប្រព័ន្ធលូបង្ហូរទឹក។
-ខិតខំស្វែងរកការងារជូនប្រជារាស្ត្រ និងយុវជននៅក្នុងមូលដ្ឋាន។
-ខិតខំធ្វើទំនាក់ទំនងជាមួយថ្នាក់ជាតិ ដើម្បីរកទីផ្សារ និងធានាតម្លៃកសិផលជូនពលរដ្ឋក្នុងមូលដ្ឋាន
-ទប់ស្កាត់ការចូលក្រឡុកតម្លៃកសិផលរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានពីសំណាក់ឈ្មួញទុច្ចរិត ព្រមទាំងប្រឆាំងដាច់ខាតការទិញកសិផលផ្ដាច់មុខ។
-បញ្ហាទឹកស្អាត ភ្លើងអគ្គិសនី ជាអាទិភាពរបស់ឃុំ-សង្កាត់។
៤. សុខមាលភាព និងសង្គមកិច្ច
-ខិតខំរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងរៀបចំកម្មវិធីចុះពិនិត្យជំងឺជូនដល់ប្រជារាស្ត្រ នៅតាមបណ្ដាមូលដ្ឋានឃុំ-សង្កាត់ និងមណ្ឌលសុខភាពនានា។
-រៀបចំឲ្យមានរថយន្ត ឬមធ្យោបាយសមស្របអាចដឹកជញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។
-ជំរុញគ្រូពេទ្យឲ្យយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺជូនប្រជារាស្ត្រ នៅក្នុងមណ្ឌលសុខភាព ពិសេសចាស់ជរា មាតា ទារក និងអ្នកទទួលសង្គ្រោះបន្ទាន់ដោយគ្មានរើសអើង។
-មិនឲ្យអ្នកជំងឺស្លាប់ដោយខ្វះប្រាក់សម្រាប់ព្យាបាលឡើយ។
៥. សិក្សាអប់រំ យុវជន និងកីឡា
-លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការសិក្សាអប់រំទាំងក្នុង និងក្រៅប្រព័ន្ធនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
-ផ្ដល់ការលើកទឹកចិត្តដល់គ្រូបង្រៀន ឲ្យយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្ស ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈ។
-បង្កលក្ខណៈងាយស្រួលក្នុងការសិក្សា និងកីឡាជូនយុវជន យុវនារីក្នុងមូលដ្ឋាន ដើម្បីកាយសម្បទារឹងមាំ និងប្រាជ្ញាភ្លឺថ្លា។
៦. សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
-ពង្រឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឲ្យគោរពច្បាប់ និងក្រមសីលធម៌ យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន។
-ផ្ដល់ជូននូវសុខសុវត្ថិភាពល្អនៅក្នុងមូលដ្ឋាន (មិនឲ្យមានចោរលួច ចោរប្លន់ ជួញដូរ សេពគ្រឿងញៀន ល្បែងស៊ីសង បទល្មើសនេសាទ ក្រុមបងតូចបងធំនៅក្នុងមូលដ្ឋានឡើយ)។
-នគរបាលរដ្ឋបាល ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋតាមលំនៅឋានដោយមិនយកកម្រៃ។
៧. ដីធ្លី
-ទប់ស្កាត់ការរឹបអូស រំលោភយកដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋដោយខុសច្បាប់ ពីសំណាក់អ្នកមានអំណាច និងអ្នកមានលុយ។
-រៀបចំស្នើផ្ដល់ដីសង្គមកិច្ច និងការធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលគ្មានដីធ្វើកសិកម្ម និងលំនៅឋានតាមការជាក់ស្ដែង។
៨. បរិស្ថាន និងធនធានធម្មជាតិ
-រៀបចំគម្រោងចងក្រងសហគមន៍ការពារព្រៃឈើនៅមូលដ្ឋាន ដើម្បីទប់ស្កាត់ និងលុបបំបាត់ភាពអនាធិបតេយ្យ កាប់បំផ្លាញព្រៃឈើ។
-បង្កើតការគ្រប់គ្រង និងត្រួតពិនិត្យឲ្យមានប្រសិទ្ធភាព ចំពោះការបង្ហូរកាកសំណល់នៃសិប្បកម្មរោងចក្រទាំងឡាយណាដែលអាចបង្កឲ្យខូចបរិស្ថាន និងប៉ះពាល់សុខភាពពលរដ្ឋក្នុងមូលដ្ឋានឃុំ-សង្កាត់។
ប្រភព : វិទ្យុអាស៊ីសេរី
4. គោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
គោលការណ៍សំខាន់ដើម្បីផ្ដល់ជីវភាព និងភាពថ្លៃថ្នូរ ដល់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ដូចខាងក្រោម៖
១. បោសសំអាត អំពើពុករលួយ គ្រឿងញៀន ល្បែងស៊ីសង និងបម្រើសេវាសាធារណៈ ដោយគោរពតាមច្បាប់កំណត់។
២. ប្រជាពលរដ្ឋត្រូវមានបាយទទួលទាន មានពេទ្យព្យាបាល មានការសិក្សាប្រកបដោយគុណភាព និងក្រមសីលធម៌។
៣. ការពារដីធ្លី លំនៅឋាន និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។
៤. ជួសជុល និងកសាងបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ លូបង្ហូរទឹក ផ្លូវលំ ស្ពាន ទំនប់ទឹក ប្រឡាយទឹក និងអណ្ដូងទឹក។
៥. បង្កើតក្លឹបកីឡាសម្រាប់យុវជន បង្កើតការងារ និងតំបន់ទេសចរណ៍។
5. គោលនយោបាយគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (គ.ស.រ.ប)
គោលនយោបាយសំខាន់ៗ ១២ចំណុចរួមមាន៖
១. បញ្ហាសុខមាលភាព
២. បញ្ហាប្រាក់បៀវត្សទាំងមន្ត្រីរាជការនិងឯកជន
៣. បញ្ហាសិក្សាធិការជាតិ
៤. បញ្ហាសេដ្ឋកិច្ចអតិផរណាទំនិញ
៥. បញ្ហាគ្រប់គ្រងដីធ្លី
៦. បញ្ហាសិទ្ធិ និងសុវត្ថិភាព
៧. បញ្ហាស្ត្រី និងកុមារ
៨. បញ្ហាយុត្តិធម៌
៩. បញ្ហាគ្រឿងញៀន
១០. បញ្ហាជនអន្តោប្រវេសន៍
១១. បញ្ហាការងារ
១២. បញ្ហាអំពើពុករលួយ
ការគ្រប់គ្រងដីធ្លី
គ.ស.រ.ប ទាមទារសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយកែតម្រូវ និងពិនិត្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋក្រីក្រ ដែលត្រូវបានរឹបអូស ឬរំលោភបំពានដីធ្លី ផ្ទះសំបែងរបស់គាត់ ពីសំណាក់ជនខិលខូចមួយចំនួន ដោយតម្រូវឲ្យមានការសងទូទាត់ក្នុងតម្លៃ។
ការអភិវឌ្ឍន៍តាមមូលដ្ឋាន
កសិកម្មជាកត្តាសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា និងទៅតាមមូលដ្ឋាន ដោយមានប្រជាពលរដ្ឋខ្មែរ៧៣% ជាកសិករ កសិកម្មទាំងអស់ត្រូវតែមានការដាំដុះឲ្យមានគ្រប់រដូវលើដីដែលទំនេរ ត្រូវដកហូតប្រគល់ជូនប្រជាពលរដ្ឋគ្មានដីដាំដុះ និងសង់លំនៅឋាន បង្កើតប្រព័ន្ធធារាសាស្ត្រឲ្យលឿនបំផុតជូនប្រជាពលរដ្ឋ ទំនប់ ប្រឡាយ អាងទឹក លូទឹកចែកចាយចូលដល់ប្រព័ន្ធជនបទ ស្រុកស្រែចម្ការ និងតំបន់ដែលគ្មានទឹកសម្រាប់ប្រើប្រាស់។
ទីផ្សារការងារ
គ.ស.រ.ប លុបបំបាត់ធ្វើចំណាកស្រុកទៅក្រៅប្រទេស ដោយបង្កើតសហគ្រាស រោងចក្រ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួន ពង្រឹងវិស័យអប់រំ ដែលជាគ្រឹះនិងផ្ដល់ប្រាក់បៀវត្សគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទូទៅ និងគ្រប់មូលដ្ឋានទូទាំងប្រទេស។
ទីផ្សារសម្រាប់ផលិតកសិកម្ម
បង្កើតវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេសការពារមិនឲ្យមានករគាបសង្កត់យកលុយពីអ្នកវិនិយោគដោយនីតិវិធីច្បាប់។ រដ្ឋាភិបាលត្រូវបន្ថយពន្ធដារ និងតម្លៃក្នុងការបើកក្រុមប្រឹក្សា និងមុខរបរទាំងអស់ ដើម្បីបង្កើតការងារតាមរោងចក្រឲ្យបាន ៥០ភាគរយនៃការងារទាំងអស់ រដ្ឋាភិបាលនឹងជួយរកទីផ្សារ និងផ្ដល់មធ្យោបាយមួយសម្រួលរាល់បញ្ហាទាំងអស់របស់អ្នកវិនិយោគទុន។
លទ្ធិប្រជាធិបតេយ្យនៅតាមមូលដ្ឋាន
ប្រគល់សិទ្ធិអំណាចបរិបូរណ៍ បញ្ចេញមតិសេរីតាមបែបប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងសេចក្ដីថ្លែងការណ៍ ជាសកលពីសិទ្ធិមនុស្ស។ សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីដោយគ្រាន់តែជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធបើកសិទ្ធិសេរីភាពក្នុងការសរសេរ ផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានដោយសេរី និងបើកឲ្យមានសិទ្ធិកាន់កាប់ស្ថានីយវិទ្យុ និងទូរទស្សន៍។
បញ្ឈប់ពលកម្មកុមារបម្រើតាមផ្ទះ
ប្រទេសកម្ពុជាទើបបានឆ្លងផុតពីសង្គ្រាមដែលកើតឡើងផ្ទួនៗគ្នា ធ្វើឲ្យប្រជាជនកម្ពុជាភាគច្រើនមានជីវភាពក្រក្រី ខ្វះចំណេះដឹងមានកំណើនកុមារ និងបានចេញទៅធ្វើការតាមផ្ទះ គ្រប់រូបភាពរួមទាំងទម្រង់ធ្ងន់ធ្ងរក៏កើនឡើងជាលំដាប់ផងដែរ។ ដោយយល់ពីមូលហេតុផ្សេងៗ ដែលនាំឲ្យឈានដល់ស្ថានភាពអាក្រក់បែបនេះ និងដើម្បីទប់ស្កាត់ឈានដល់ការលុបបំបាត់រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យបានបង្កើតយន្តការពិសេសៗ និងផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើន មានទាំងអនុសញ្ញា ស្ដីពីសិទ្ធិកុមារ ពិធីសាបន្ថែម ស្ដីពីការចូលរួមរបស់កុមារ។ ជាពិសេសអនុសញ្ញាលេខ ១៨២ ស្ដីពីការហាមប្រាម និងការលុបបំបាត់ ពលកម្មកុមារនៅតាមផ្ទះ។
អំពីបន្ទាត់នយោបាយ
១. អនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដ
២. ប្រឆាំងភេរវកម្មគ្រប់ប្រទេស
៣. គោរពសិទ្ធិមនុស្ស សមស្របតាមសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ
៤. សហការលើគ្រប់វិស័យចំពោះបុព្វហេតុជាតិ និងអន្តរជាតិ និងអន្តរជាតិ ដើម្បីរក្សាសន្តិសុខពិភពលោក។ ឯកភាពជាតិ ស្ថាបនាជាតិ បម្រើ ទាមទារ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
គោលនយោបាយអន្តោប្រវេសន៍
ជំរុញឲ្យក្រុមប្រឹក្សាអ្នកច្បាប់ បង្កើតច្បាប់អន្តោប្រវេសន៍ឲ្យបានឆាប់រហ័សបំផុតដែលប្រទេសនានានៅលើពិភពលោកមានច្បាប់នេះ។
ប្រភព : វិទ្យុអាស៊ីសេរី
6. គោលនយោបាយគណបក្សអំណាចខ្មែរ
កម្មវិធីនយោបាយមូលដ្ឋានដើម្បីការពារ និងរំដោះផ្ទះសំបែង ដីធ្លី ដីស្រែ ដីចម្ការកសិករ របស់មេឃុំ-ចៅសង្កាត់គណបក្សអំណាចខ្មែរ មាន ៥ចំណុច៖
១. នឹងមិនសហការជាមួយម្ចាស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ឲ្យលក់ឡាយឡុងផ្ទះដីភូមិស្រែ និងដីចម្ការរបស់កសិករដាច់ខាត បើកសិករ ធ្វើស្រែចម្ការខាត ដោយសារប្រមូលផលមិនបាន ឬលក់ផលកសិកម្មបានតម្លៃថោក។
២. នឹងសហការជាមួយកសិកររងគ្រោះ ប្ដឹងម្ចាស់បំណុល ដែលរកស៊ីចងការប្រាក់គ្មានអាជ្ញាប័ណ្ណទាំងអស់ ដែលយកការប្រាក់ខ្ពស់លើសពី១៨ភាគរយ ក្នុង១ឆ្នាំ និងលុបបំបាត់ក្រុមឈ្មួញជំរិតដែលរកស៊ីចងការលុយ រាប់តាមអាទិត្យ។
៣. នឹងប្រើអំណាចជារដ្ឋាភិបាលមូលដ្ឋាន ហៅពលរដ្ឋ និងកសិករ ដែលមានដីស្រែ ដីចម្ការ និងដីលំនៅឋាន ដែលមិនទាន់មានប្លង់ទន់ ឲ្យមកធ្វើប្លង់ទន់ទាំងអស់កាន់កាប់ដីឲ្យស្របច្បាប់ ដោយឥតគិតថ្លៃ។
៤. នឹងសហការជាមួយកសិករខ្មែរក្នុងឃុំសង្កាត់ បង្កើតសភាកសិករ ឃុំ-សង្កាត់ ដើម្បីការពារតម្លៃផលកសិកម្ម និងទាមទារឲ្យផលកសិកម្មរបស់កសិករលក់បានថ្លៃ ពិសេសស្រូវ ដំឡូង ពោត សណ្ដែក និងបន្លែ ផ្លែឈើ របស់កសិករខ្មែរ។
៥. នឹងធ្វើឲ្យនគរបាលរដ្ឋបាល ឃុំ-សង្កាត់ក្លាយជាអ្នកការពារ និងបម្រើពលរដ្ឋពិតប្រាកដ និងធ្វើឲ្យមេភូមិ គ្រប់ភូមិក្លាយជាជំនួយការ និងជាលេខារបស់ពលរដ្ឋពិតប្រាកដ លែងជាមេធ្មប់ មេអាបរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មកសម្លុត គំរាម បំភ័យ កសិករតទៅទៀត។
ប្រភព : វិទ្យុអាស៊ីសេរី
7. គោលនយោបាយគណបក្សខ្មែររួបរួមជាតិ
គោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នីតិកាលទី៤ ២០១៧
១- បង្ក្រាប ទប់ស្កាត់ អំពើចោរកម្ម ក្មេងទំនើង អំពើអសីលធម៌ ហិង្សាគ្រួសារ ការចរាចរ ផលិត និងសេពគ្រឿងញៀន ដោយពង្រឹងការអនុវត្តតាមយន្តការ និងច្បាប់ដែលមានស្រាប់ ធ្វើឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងភូមិ ឃុំ សង្កាត់ កាន់តែប្រសើរ ផុតពីការភ័យខ្លាច។
២- ពង្រឹងអភិបាលកិច្ចល្អ តម្លាភាព ជាពិសេសលុបបំបាត់ការយកកម្រៃក្រៅផ្លូវការលើសេវាសាធារណៈគ្រប់ប្រភេទ រួមទាំងសេវាសុខាភិបាល ។ល។ ដោយគុណភាព ដើម្បីធ្វើឲ្យមានភាពស្អាតស្អំក្នុងមូលដ្ឋាន ប្រកបដោយតម្លាភាព និងឱ្យការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើគ្រប់វិស័យក្នុងការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ដែលប្រើប្រាស់នូវថវិការដ្ឋ និងធនធានដែលទទួលបានមកពីប្រភពផ្សេងៗ។
៣- លុបបំបាត់អំពើអយុត្តិធម៌ ការរើសអើង បក្ខពួក និងគ្រួសារនិយម ឈរលើមូលដ្ឋានស្មើភាពគ្នាចំពោះមុខច្បាប់ និងលើកតម្កើងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
៤- ធ្វើឲ្យប្រជាពលរដ្ឋមានចំណូលច្រើន តាមការបង្កើនផលិតភាពកសិកម្មទំនើប និងមានទីផ្សារស្រូបយកផលិតផលក្នុងតម្លៃសមស្របតាមទីផ្សារ ដោយមានការយកចិត្តទុកដាក់ពីស្ថាប័នមានសមត្ថកិច្ច។
៥- បង្កើតការងារ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក។
៦- ប្រឆាំង ការបំផ្លាញធនធានធម្មជាតិ កាប់ព្រៃឈើ និងរុករករ៉ែ ខុសច្បាប់គ្រប់រូបភាព ដោយពង្រឹងការពារ និងលើកកម្ពស់បរិស្ថាន។
៧- ប្រឆាំង ការរំលោភបំពាន ដណ្ដើមដីធ្លីរឹបអូសទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ និងពង្រឹងវិធានការលើការគ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដោយពុំរើសអើងនៅក្នុងមូលដ្ឋាន។
៨- លើកកម្ពស់ សមភាពយេនឌ័រ ស្ត្រី កុមារ យុវជន កម្មករ កម្មការនី ឱ្យបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមូលដ្ឋាន និងជីវភាពនយោបាយ។
៩- ខិតខំប្រមែប្រមូលប្រភពធនធាន ដើម្បីជួសជុល សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រដើម្បីបម្រើការចាំបាច់ក្នុងមូលដ្ឋាន។
ប្រភព : វិទ្យុអាស៊ីសេរី
8. គោលនយោបាយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ( គ.ប.ម )
១). មេឃុំមេភូមិល្អ
•អ្នកភូមិយើងឈប់បែកបាក់គ្នាដោយសារតែរឿងនយោបាយ
•អ្នកភូមិយើងចេះសហការគ្នាអភិវឌ្ឍភូមិឃុំ
•អ្នកភូមិយើងទទួលបានសេវារដ្ឋបាលសាធារណៈល្អ
•អ្នកភូមិយើងជ្រើសរើសមេភូមិដោយផ្ទាល់តាមរយៈការបោះឆ្នោត
•អ្នកភូមិយើងមានផ្លូវល្អប្រើប្រាស់
•អ្នកភូមិយើងទទួលបានការសម្របសម្រួលដោះស្រាយទំនាស់ប្រកបដោយយុត្តិធម៌។
២). គ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អគ្រប់គ្រាន់
•អ្នកភូមិយើងទទួលបានសេវាសុខភាពល្អ
•កូនចៅអ្នកភូមិយើងចាប់ពីអាយុបីឆ្នាំឡើងទៅទទួលបានសេវាអប់រំល្អ
•កសិករយើងទទួលបានទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្មល្អ។
៣). នគរបាលល្អ
•អ្នកភូមិយើងទទួលបានសន្តិសុខ និងសុវត្ថិភាព
•ភូមិឃុំគ្មានគ្រឿងញៀន
•ភូមិឃុំគ្មានបងតូចបងធំ និងក្មេងទំនើង។
គោលនយោបាយអភិវឌ្ឍន៍ ភូមិ ឃុំ សំខាន់ៗ ១៦ចំណុច៖
១). ផ្ដល់សេវារដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយឡើយ។ យើងនឹងបង្កើតឱកាសនិងបរិយាកាសល្អដល់ប្រជាពលរដ្ឋគ្រប់រូបទាំងបុរស និងស្ត្រីឲ្យចូលរួមក្នុងកិច្ចការនយោបាយដឹកនាំឃុំ/សង្កាត់ដោយសេរី និងគ្មានការភ័យខ្លាច។ ក្នុងនោះដែរយើងនឹងសម្របសម្រួលឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសមនុស្សល្អៗ ឲ្យធ្វើជាមេភូមិ របស់ខ្លួន។
២). ផ្ដល់ឱកាសឲ្យកសិករគ្រប់រូបទទួលបានទុនទឹកទីផ្សារបច្ចេកទេស និងមានដីសម្រាប់ប្រកបមុខរបរកសិកម្មបានប្រាក់ចំណូលខ្ពស់។ ក្រុមប្រឹក្សាឃុំគ.ប.មនឹងគាំទ្រឲ្យមានអង្គការសហគមន៍មូលដ្ឋាន និងគ្រូកសិកម្មល្អៗ មកធ្វើការបម្រើកសិករគ្រប់ៗគ្នា។ ក្រុមប្រឹក្សាឃុំនឹងស្វែងរកការសហការគាំទ្របន្ថែម ដល់សហគមន៍កសិករពីស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឲ្យសហគមន៍កសិករទទួលបានទុន និងពង្រីកឱកាសទីផ្សារ។ សហគមន៍កសិករនឹងជួយធ្វើយ៉ាងណាឱ្យកសិករទទួលបានតម្លៃកសិផលរបស់ខ្លួនសមរម្យ។ យើងក៏រៀបចំឲ្យមានកសិដ្ឋានគំរូនៅគ្រប់ភូមិ ដើម្បីផ្ដល់ឱកាសឲ្យកសិករបានរៀនសូត្រពីគ្នាទៅវិញទៅមក តាមរយៈទស្សនកិច្ចសិក្សាក្នុងនិងក្រៅឃុំ។
៣). ធ្វើការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ជាពិសេសធានាយ៉ាងណាឲ្យមានផ្លូវថ្នល់ ស្ពាន និង ប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យម ដែលមានគុណភាពល្អ។ យើងនឹងបង្កើតឲ្យមានសហគមន៍គាំទ្រ និងឃ្លាំមើលការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងធារាសាស្ត្រ នៅតាមមូលដ្ឋាន។
៤). ធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាព្យាបាលសុខភាព និងពិគ្រោះយោបល់គ្រប់គ្រាន់ពីមណ្ឌលសុខភាពនៅតាមឃុំ/សង្កាត់ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ យើងនឹងរៀបចំឲ្យមានការចូលរួមចំណែករបស់សមាគមប្រជាពលរដ្ឋក្នុងការទ្រទ្រង់ និងឃ្លាំមើលមណ្ឌលសុខភាពឃុំដើម្បីធ្វើយ៉ាងណាឲ្យមណ្ឌលសុខភាព មានសម្ភារៈបរិក្ខារល្អគ្រប់គ្រាន់ថ្នាំព្យាបាលល្អនិងគ្រូពេទ្យល្អ ធ្វើការបម្រើប្រជាពលរដ្ឋដោយស្មើភាពគ្នា និងគោរពតាមស្តង់ដារក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។
៥). ធានាឲ្យបានប្រាកដថាកូនចៅរបស់ប្រជាពលរដ្ឋគ្រប់រូបបានទទួលការអប់រំល្អ ដោយស្មើភាពយ៉ាងតិចបំផុតបានរៀនចប់ថ្នាក់ទី០៩ ដោយមានចំណេះដឹងមូលដ្ឋានគ្រឹះគ្រប់គ្រាន់សម្រាប់អនាគតល្អប្រសើរ។ យើងនឹងរៀបចំឲ្យមានសហគមន៍ប្រជាពលរដ្ឋ ជំរុញការអប់រំឲ្យមានគុណភាព ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនមានគ្រូបង្រៀនល្អ កម្មវិធីសិក្សាល្អ និងបរិស្ថានសិក្សាល្អ។
៦). គាំទ្រដល់យុវជន និងយុវនារីដែលមិនមានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យឲ្យទទួលបាននូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទុនសម្រាប់បង្កើតមុខរបរដោយខ្លួនឯង។ យើងនឹងជ្រើសរើសមន្ត្រីជំនាញយ៉ាងតិច០១រូប ក្នុង០១ឃុំ ឲ្យជួយតម្រង់ទិស និងគាំទ្រដល់យុវជនដើម្បីទទួលបានការងារល្អ។
៧). បង្កើតឱកាសងាយស្រួលដល់សិប្បករសេវាករ និងពាណិជ្ជករក្នុងការអភិវឌ្ឍមុខរបរ និងបង្កើតការងារនៅតាមមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក ដូចជាជួយសម្រួលការចុះបញ្ជីការផ្សេងៗមិនយកលុយក្រៅប្រព័ន្ធ លើកលែងពន្ធដល់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង សម្របសម្រួលក្នុងការទទួលបានទុនកម្ចី និងជួយពង្រីកទីផ្សារ។
៨). រៀបចំឲ្យមានបណ្ដាញការងារដែលមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធានាឱ្យមានសន្តិសុខ និងសុវត្ថិភាពរស់នៅតាមឃុំ/សង្កាត់ ជាពិសេសធានាឲ្យនគរបាលមូលដ្ឋានមានសមត្ថភាពធនធាន និងឆន្ទៈធ្វើការបម្រើប្រជាពលរដ្ឋ។
៩). រៀបចំឱ្យមានបណ្ដាញការងារដែលមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងឡាយ ដើម្បីចូលរួមក្នុងការអប់រំពលរដ្ឋ លុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។
១០). រៀបចំឲ្យមានសហគមន៍ជួយគ្នាទៅវិញទៅមកនៅតាមមូលដ្ឋាន ជាពិសេសជួយគាំពារដល់ចាស់ជរាជនក្រីក្រគ្មានទីពឹងកុមារកំព្រា និងជនពិការ។
១១). គ្រប់គ្រងជនអន្តោប្រវេសន៍រស់នៅតាមមូលដ្ឋាន ឲ្យបានល្អតាមរយៈការពង្រឹងការសហការគ្នាឲ្យបានល្អ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមភូមិឃុំ។ អាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយគ.ប.ម នឹងរៀបចំធ្វើស្ថិតិជនអន្តោប្រវេសន៍ឲ្យបានទៀងទាត់ និងឆ្លើយតបទាន់ពេលវេលាក្នុងករណីអន្តោប្រវេសន៍ខុសច្បាប់កើតឡើង។
១២). រៀបចំឱ្យមានតំបន់ទេសចរណ៍ធម្មជាតិ កសិកម្ម និងវប្បធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារតាមមូលដ្ឋាន។
១៣). សហការជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដើម្បីស្ដារឡើងវិញនូវធនធានធម្មជាតិជាពិសេសព្រៃឈើ និងធនធានជលផលតាមរយៈការដាំដើមឈើឡើងវិញ ការថែរក្សាព្រៃឈើសហគមន៍ស្ដារស្រះសហគមន៍បឹង ប្រឡាយស្ទឹងអូរ និងព្រែកដែលមានតាមមូលដ្ឋាន។ យើងនឹងរៀបចំឱ្យមានកន្លែងអភិរក្សសត្វត្រីនៅតាមសហគមន៍មូលដ្ឋាន។ យើងនឹងធានាមិនឲ្យមានផលប៉ះពាល់អវិជ្ជមាន ដល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ។
១៤). រៀបចំឲ្យមានកម្មវិធីបណ្ដុះបណ្ដាលស្ត្រីដើម្បីបង្កើនសមត្ថភាពយល់ដឹង និងការចូលរួមក្នុងកិច្ចការសេដ្ឋកិច្ចសង្គម និងនយោបាយ។
១៥). លើកកម្ពស់តួនាទីវត្តអារាមក្នុងការងារសង្គមកិច្ច និងបរិស្ថាន ដូចជាការជួយកុមារកំព្រា ចាស់ជរា អប់រំអំពីបរិស្ថាន សីលធម៌ និងជំរុញការដាំដើមឈើឡើងវិញ។
១៦). រៀបចំឲ្យមានគណៈកម្មាធិការឃ្លាំមើលការដឹកនាំរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយសមាជិកគណៈកម្មាធិការនេះជាតំណាងប្រជាពលរដ្ឋដែលត្រូវបានបោះឆ្នោតជ្រើសរើសមកពីគ្រប់ភូមិ ដោយមិនប្រកាន់និន្នាការនយោបាយ។
ក្រៅពីនេះគណៈកម្មាធិការឃ្លាំមើលនេះមានសិទ្ធិអំណាចមួយចំនួនទៀតគឺ៖
•ធ្វើការស្ទង់មតិប្រជាពលរដ្ឋអំពីការពេញចិត្ត ឬការមិនពេញចិត្តលើការដឹកនាំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់
•រៀបចំឲ្យមានវេទិកាសាធារណៈដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងអាជ្ញាធរក៏ដូចជាមន្ត្រីមូលដ្ឋាន ធ្វើការសន្ទនាមតិដោយគ្មានភាពភ័យខ្លាចលើការដឹកនាំអភិវឌ្ឍន៍មូលដ្ឋានគ្រប់វិស័យ
•ធ្វើសំណើមក គ.ប.ម ដើម្បីធ្វើការដកតួនាទីមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងករណីចាំបាច់។
ប្រភព : វិទ្យុអាស៊ីសេរី
9. គោលនយោបាយគណបក្សយុវជនកម្ពុជា
គោលនយោបាយគណបក្សយុវជនកម្ពុជាសម្រាប់ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ មាន ៥ចំណុច៖
១. បង្កើតមុខរបរជូនពលរដ្ឋនៅក្នុងតំបន់ និងនៅទីកន្លែង
២. បង្កើតទីផ្សារកសិកម្មក្នុងមូលដ្ឋានឃុំ ហើយគ្រប់គ្រងតម្លៃទីផ្សារដោយមន្ត្រីថ្នាក់ឃុំ គឺមិនមែនគ្រប់គ្រងតម្លៃទីផ្សារដោយឈ្មួញឡើយ
៣. លុបបំបាត់ការសេវាសាធារណៈគ្រប់ប្រភេទពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានឃុំ
៤. បង្កើតសាលារៀនបច្ចេកទេសនៅក្នុងមូលដ្ឋានឃុំដើម្បីផ្តល់ឱកាសដល់យុវជនក្រីក្រសិក្សា ដោយមិនយកថ្លៃ
៥. លុបបាត់ការចរាចរគ្រឿងញៀននៅក្នុងមូលដ្ឋានឃុំ។
ប្រភព : វិទ្យុអាស៊ីសេរី
10. គោលនយោបាយគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាដាក់ចេញគោលនយោបាយ៨ចំណុច សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់៖
១. អភិវឌ្ឍស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋចង់បាន និងស្របតាមថវិកាជាតិដែលបានកំណត់សម្រាប់អភិវឌ្ឍតាមឃុំសង្កាត់នីមួយៗទូទាំងប្រទេស
២. ផ្ដល់សេវាសាធារណៈឲ្យទាន់ពេលវេលា និងមិនគិតកម្រៃពីប្រជាពលរដ្ឋឡើយ
៣. អភិវឌ្ឍឃុំសង្កាត់ដែលនៅជាប់តាមព្រំដែន និងត្រូវសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង
៤. ការពារធនធានធម្មជាតិ មិនអនុញ្ញាតឲ្យបំផ្លាញបន្តពីជនខិលខូច ព្រមទាំងអនុវត្តច្បាប់ស្មើភាពគ្នា
៥. ថែរក្សាអត្តសញ្ញាណជនជាតិដើមមិនឲ្យបាត់បង់
៦. បញ្ឈប់ការរើសអើងអ្នកនយោបាយគ្រប់រូបភាព
៧. ដោះស្រាយបញ្ហាដីធ្លីដោយយុត្តិធម៌
៨. ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។
ប្រភព : វិទ្យុអាស៊ីសេរី
11. គោលនយោបាយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានលោក ខឹម វាសនា ជាប្រធានបក្ស។ គណបក្សនេះមិនមានគោលនយោបាយសម្រាប់អភិវឌ្ឍឃុំ-សង្កាត់នៅមូលដ្ឋាននោះទេ។ ប៉ុន្តែប្រធានគណបក្សនេះបានដាក់ចេញនូវគោលការណ៍ ២ចំណុចគឺ មិនពុករលួយ និងមានវត្តមានបេក្ខភាពប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន២៤ម៉ោងនៅកន្លែងធ្វើការ បើគណបក្សនេះឈ្នះឆ្នោត។
ទោះជាយ៉ាងណា គណបក្សនេះ មានយន្តការ៨ចំណុចសម្រាប់ពេលខ្លួនឈ្នះឆ្នោតតំណាងរាស្ត្រ និងកាន់អំណាច៖
១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្ត្រី (ត្រឹមពីរអាណត្តិ)៖ ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្ត្រី មានឱកាសបង្កើតជាបណ្ដាញខ្សែរយៈគ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្ដាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
២. នាយករដ្ឋមន្ត្រីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយខ្លួនឯង៖ ការបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បម្រើមហិច្ឆតាអ្នកគ្រប់គ្រង ធ្វើការគាបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្ដល់ដោយរដ្ឋ៖ គឺជាវិធានការជួយដល់ការការពារសន្តិសុខ និងទំនុកបម្រុង ជីវភាពគ្រួសារនាយករដ្ឋមន្ត្រី ប្រកបដោយសុខុមាលភាព និងសេចក្ដីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារទទួលខុសត្រូវខ្ពស់ បម្រើប្រទេសជាតិ ហើយក៏ជាការផ្ដល់មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើតតុលាការរដ្ឋបាល៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋប្ដឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្ត្រីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្ដឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្ដីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់។
៥. ឋានន្តរសក្ដិចាប់ពីឧត្ដមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្ដីទុកចិត្តពីសភា៖ វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និងនាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកម្លាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថិរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាឧបករណ៍ផ្ដាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រឹត្យមន្ត្រីរាជការ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្ត្រីរាជការចំជំនាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្ដល់នូវសេចក្ដីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងាររបស់រដ្ឋ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនាបម្រើប្រយោជន៍គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទម្លាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ខ/ខេត្ត-រាជធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាចហើយក៏ជួយកាត់ផ្ដាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិដល់មូលដ្ឋានដែលជាចំណុចផ្ដើម នៃការកកើត នូវអំណាចផ្ដាច់ការ។
៨. ប្រើប្រព័ន្ធឯកត្តនាមសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ៖ ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាងរាស្ត្រ។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្ត្រ បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្ត្រមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្ត្រនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបម្រើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។
ប្រភព : វិទ្យុអាស៊ីសេរី
ដំណឹងល្អសម្រាប់អ្នករាល់គ្នា
ReplyDeleteឈ្មោះរបស់ខ្ញុំគឺ Amisha ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។
ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។
ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។
អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។