តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បានស្នើ​រដ្ឋាភិបាល​លុប​កិច្ច​ព្រមព្រៀង​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ពី​អាមេរិក - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បានស្នើ​រដ្ឋាភិបាល​លុប​កិច្ច​ព្រមព្រៀង​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ពី​អាមេរិក

តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បានស្នើ​រដ្ឋាភិបាល​លុប​កិច្ច​ព្រមព្រៀង​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ពី​អាមេរិក

Share This

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​សហរដ្ឋអាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០០២ ស្ដីពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក មក​កម្ពុជា​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ស្វាគមន៍​សំណើ​នេះ ហើយ​ថែម​ទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​កិច្ច​ព្រមព្រៀង​នេះ​ទាំង​ស្រុង។ លោក​ថា កម្ពុជា​មិន​បាន​ចំណេញ​អ្វី​ពី​កិច្ច​ព្រមព្រៀង​នេះ​ទេ ក្រៅ​តែ​ពី​ការ​បង្កើត​ឲ្យ​មាន​នូវ​ការ​អនុវត្ត​បែប​អមនុស្សធម៌ និង​សោកនាដកម្ម​នៃ​ការ​បែកបាក់​ក្រុម​គ្រួសារ។

loading...
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ដែល​គាំទ្រ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នេះ​តាំង​ពី​ដំបូង​មក​ម្ល៉េះ ហើយ​ថា លោក​តែងតែ​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ។ លោក​ស្នើ​ថា រដ្ឋាភិបាល​គួរ​លុបចោល​កិច្ច​ព្រមព្រៀង​នេះ​ទាំង​ស្រុង​តែម្ដង មិន​ចាំបាច់​កែលំអ​នោះ​ទេ។

លោក សុន ឆ័យ៖ «ខ្ញុំ​អាច​និយាយ​ដូច្នេះ​បាន​ថា កិច្ច​ព្រមព្រៀង​ហ្នឹង​ជា​រឿង​មួយ​បែប​អមនុស្សធម៌ ហើយ​យើង​ជា​ប្រទេស​មួយ​ដែល​រងគ្រោះ​ពី​ការ​បែកបាក់​គ្រួសារ។ យើង​ដឹង​ហើយ ការ​បែក​បាក់​គ្រួសារ​នេះ​ជា​សោកនាដកម្ម​ដ៏​ធំធេង​ណាស់ ហើយ​យើង​មិន​ត្រូវ​ពង្រាត់បង្រាស​គ្នា ក្រោយ​ពី​គ្នា​ទទួល​ទោស​ហើយ គួរ​តែ​ជា​សិទ្ធិ​របស់​គាត់ ហើយ​ត្រូវ​កែខ្លួន​នៅ​សង្គម​ដែល​គ្នា​រស់​នៅ​នោះ»។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​ជាប់​ទោស​នៅ​អាមេរិក ត្រឡប់​មក​កម្ពុជា នេះ។

លោក ហ៊ុន សែន បាន​ហៅ​ទង្វើ​នេះ​ថា "អគុណធម៌" និង "អសីលធម៌"។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ប៉ាធ្រីក ម៉័រហ្វី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា។ ក្នុង​ជំនួប​កាល​នោះ ក្រៅ​ពី​គូស​បញ្ជាក់​ប្រាប់​ភាគី​អាមេរិក អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ខាង​លើ​ផ្អែកលើ​គោលការណ៍ "មនុស្សធម៌" និង "មេត្តាធម៌" លោក ប្រាក់ សុខុន បាន​អះអាង​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​បន្ត​ទទួល​យក និង​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដោះស្រាយ​បញ្ហា​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា វិញ​នេះ។ លោក​បាន​ជម្រាប​សម​ភាគី​អាមេរិក ផង​ដែរ​ថា ភាគី​កម្ពុជា កំពុង​បញ្ចប់​នូវ​ការ​តាក់​តែង​សេចក្ដី​ព្រាង​កម្រង​វិសោធនកម្ម​នេះ ហើយ​នឹង​ប្រគល់​ជូន​ស្ថានទូត​អាមេរិក ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ដើម្បី​ចាប់​ផ្ដើម​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី។

យ៉ាង​ណា​ក៏ដោយ ក្នុង​ជំនួប​ដដែល​នេះ លោក ប្រាក់ សុខុន បាន​បង្ហើប​ប្រាប់​សម​ភាគី​របស់​លោក​អំពី​ការ​គ្រោង​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​នេះ​នូវ "ខ" សំខាន់ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​គោលការណ៍​ស្ម័គ្រចិត្ត ការ​កំណត់​ច្បាស់លាស់​នូវ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​បុគ្គល​ដែល​នឹង​ត្រូវ​បញ្ជូន និង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​គ្រួសារ​នៅ​សហរដ្ឋអាមេរិក ជាដើម។

សម្រាប់​លោក សុន ឆ័យ លោក​នៅ​តែ​បញ្ជាក់​ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋអាមេរិក ទោះបីជា​ពួកគេ​បាន​ប្រព្រឹត្តិ​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​យ៉ាង​ដូច​ម្ដេច​ក៏ដោយ។ លោក​ថា​ច្បាប់​អាមេរិកាំង ត្រូវ​យក​មក​អនុវត្ត​ទៅ​លើ​ជន​ទាំង​នេះ​ដូចជា​ពលរដ្ឋ​អាមេរិកាំង ដទៃ​ទៀត​ដែរ។ លោក​បន្ត​ថា ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​គាំពារ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ទោះបីជា​ពួកគេ​រស់​នៅ​ទី​ណា​ក៏ដោយ។ ក្នុង​ន័យ​នេះ លោក សុន ឆ័យ ចង់​សំដៅ​ដល់​ការ​គាំពារ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ទាំង​នេះ។ លោក​ថា បើ​ទោះ​ជា​ពួកគេ​ចង់​រស់​នៅ​ជួបជុំ​គ្រួសារ ឬ​ចង់​វិល​មក​ប្រទេស​កម្ពុជា​វិញ ឬ​ប្រសិនបើ​ពួកគេ​ចង់​នៅ​សហរដ្ឋអាមេរិក ជួបជុំ​គ្រួសារ ក្រោយ​ពី​ទទួល​ទោសទណ្ឌ​ពី​ច្បាប់​អាមេរិកាំង​ហើយ គឺ​ជា​សិទ្ធិ​របស់​ពួកគេ។ ពលរដ្ឋ​ទាំង​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​ការពារ និង​គាំពារ​ពី​រដ្ឋាភិបាល​ខ្មែរ។

លោក សុន ឆ័យ៖ «ខ្ញុំ​ថា ជា​ធម្មតា​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ឡាយ​ក្នុង​ពិភពលោក ធម្មតា​គេ​អាច​នឹង​បញ្ចប់​បាន ពេល​ដែល​ប្រទេស​ជា​ភាគី​ហត្ថលេខី​ហ្នឹង គេ​យល់​ឃើញ​ថា មាន​ហេតុផល​សមរម្យ​ណា​មួយ​ថា កិច្ច​ព្រមព្រៀង​ហ្នឹង​មិន​គួរ​បន្ត​ទៅ​ទៀត។ យើង​ឃើញ​ហើយ មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក​ខ្លះ​ក៏​គេ​ធ្វើ​ការ​ពិនិត្យ កែលំអ ឬ​លុបចោល​កិច្ច​ព្រមព្រៀង​ដែរ ដោយសារ​មាន​ហេតុផល​ដែល​ប្រទេស​មួយៗ បាន​លើក​ឡើង​ក្នុង​ករណី​ដែល​សម​ហេតុផល​នោះ។ ដូច្នេះ​ខ្ញុំ​ថា មិន​មាន​ជា​ហេតុការណ៍​អ្វី​ដែល​ប្រទេស​កម្ពុជា មិន​អាច​លុបចោល​កិច្ច​ព្រមព្រៀង​នោះ»។




ស្រដៀង​គ្នា​នឹង​ការ​យល់​ឃើញ​របស់​លោក សុន ឆ័យ ដែរ លោក​បណ្ឌិត មាស នី អ្នក​សិក្សា​សង្គម និង​ឃ្លាំមើល​បញ្ហា​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​ក៏​មិន​គាំទ្រ​អាមេរិក តាំង​ពី​ដើម​មក​ដែរ ក្នុង​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​មាន​ទោស​នៅ​សហរដ្ឋអាមេរិក មក​កាន់​កម្ពុជា​វិញ។ លោក​ថា មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ខ្លះ​ដែល​ត្រូវ​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក​ហាក់​ដូចជា​ស្ទើរ​តែ​បាត់បង់ ឬ​ពុំ​យល់​នូវ​អ្វី​ដែល​ជា​របៀប​របប​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​ទាល់តែសោះ ហើយ​ថា លុះ​ដល់​ពេល​បញ្ជូន​មក​កម្ពុជា​វិញ ពួកគេ​ត្រូវ​ចាប់​ផ្ដើម​រស់​នៅ​ជីវិត​សា​ថ្មី ដែល​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​សែន​ពិបាក​សម្រាប់​ពួកគេ។ លោក​បណ្ឌិត មាស នី ថ្លែង​ថា លោក​មិន​ចង់​ឃើញ​អាមេរិក អនុវត្ត​គោលនយោបាយ​អមនុស្សធម៌​បែប​នេះ​ទេ។

បើ​ទោះ​ជា​លោក​ហាក់​សម្ដែង​ក្ដី​អល់អែក​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក នេះ​តែម្ដង ដើម្បី​រក្សា​តុល្យភាព និង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​កំពុង​តែ​មាន​ភាព​ល្អក់កករ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្រាប់ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា សម្រាប់​ប្រទេស​អាមេរិក ដែល​ជា​ប្រទេស​មួយ​ដែល​គេ​គិត​ថា ជា​គំរូ​នៃ​សិទ្ធិមនុស្ស​ដល់​ពិភពលោក រាល់​ការ​ចាប់​បញ្ជូន​ទាំង​ឡាយ​គួរតែ​កុំ​ធ្វើ​ឡើង​ដោយ​បង្ខំ។


លោក​ថ្លែង​ថា ការ​អនុវត្ត​ដោយ​បង្ខំ​បែប​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស៖ «ការ​ដាក់​ទោស​ទណ្ឌ​ផ្សេងៗ​គឺ​អាច​ធ្វើ​បាន​នៅ​ប្រទេស​អាមេរិក ហើយ​លើក​ក្រោយ​មក កាល​ណា​គ្នា​ចេញ​មក​វិញ​មក បើ​គ្នា​មាន​ការ​កែប្រែ​អី​ល្អ ទៅ​ជា​មនុស្ស​ល្អ​ទៅ​ហើយ មាន​រឿង​អី​ដែល​ត្រូវ​បញ្ជូន​មក​វិញ។ ប៉ុន្តែ​បើ​សិន​បញ្ជូន​អ្នក​នឹង​ដោយ​ស្ម័គ្រចិត្ត​មក​វិញ នោះ​វា​ជា​រឿង​មួយ​ល្អ»។

អនុស្សរណៈ​យោគយល់​រវាង​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​បង្កើត និង​ប្រតិបត្តិការ​គណៈកម្មការ​រួម​សហរដ្ឋអាមេរិក និង​កម្ពុជា អំពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា កិច្ច​ព្រមព្រៀង​មាតុភូមិ​និវត្ត​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០២ ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នៅ​ពេល​នោះ​គឺ​លោក ឃែន វីដឺម៉ាន់ (Kent Wiedermann)  និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ឯម សំអាន។

យោង​តាម​របាយការណ៍​ដាក់​ជូន​រដ្ឋសភា​អាមេរិកាំង ស្ដីពី "ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍៖ ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​ទិន្នន័យ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ដើម្បី​ធានា​អនុលោម​ជាមួយ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​លើ​ករណី​ឃុំ​ខ្លួន​ជនអន្តោប្រវេសន៍​រយៈពេល​យូរ" ចុះ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០០៤ របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ (US Immigration and Customs Enforcement=ICE)  ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ និង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​រួមគ្នា​ដើម្បី​បង្កើត​ឲ្យ​មាន​នូវ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចេញ​លិខិត​ស្នាម​ធ្វើ​ដំណើរ​ដល់​ជនជាតិ​របស់​ខ្លួន​មួយ​ចំនួន​ដែល​នឹង​ត្រូវ​ចាប់​បញ្ជូន​មក​វិញ។ ជា​លទ្ធផល សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ការ​ចំណាយ​នានា ពាក់ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​សមាហរណកម្ម​ឡើង​វិញ​នៃ​ជនអន្តោប្រវេសន៍​ទាំង​នោះ​ទៅ​ក្នុង​សង្គម​កម្ពុជា។


របាយការណ៍​ដដែល​នេះ​សរសេរ​ថា ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ (ICE) បាន​សហការ​គ្នា​ជាពិសេស​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​កិច្ចព្រមព្រៀង​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នេះ។ អនុស្សរណៈ​យោគយល់​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​នេះ បាន​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​បង្កើត និង​ប្រតិបត្តិការ​គណៈកម្មការ​រួម​គ្នា​ស្ដីពី​ការ​ធ្វើ​មាតុភូមិ​និវត្តជន​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​មួយ​ចំនួន។

​ឧបសម្ពន្ធ​បន្ថែម​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០០៣ អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ ចេញ​សំណង​ដល់​កម្ពុជា ជា​ទឹក​ប្រាក់​ចំនួន ៣០០​ដុល្លារ ក្នុង​ជនអន្តោប្រវេសន៍​ម្នាក់ សម្រាប់​ថ្លៃ​ចំណាយ​លើ​ពាក្យ​សុំ​ចេញ​ឯកសារ​ធ្វើ​ដំណើរ ការ​ស្វែង​រក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ និង​សោហ៊ុយ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លាស់ប្ដូរ​ទីតាំង​ក្នុង​ប្រទេស។ ឧបសម្ពន្ធ​បន្ថែម​ទៅ​លើ​កិច្ច​ព្រមព្រៀង​នោះ ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ចេញ​ថ្លៃ​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​នៅ​កម្ពុជា នូវ​ទឹក​ប្រាក់​ចំនួន ៦៥០​ដុល្លារ​អាមេរិក ក្នុង​ជនអន្តោប្រវេសន៍​ម្នាក់ សម្រាប់​ការ​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សមាហរណកម្ម​ឡើង​វិញ​របស់​ជនអន្តោប្រវេសន៍​នោះ​ទៅ​ក្នុង​សង្គម​កម្ពុជា។

របាយការណ៍​ដដែល​បាន​សន្និដ្ឋាន​ថា រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​សហរដ្ឋអាមេរិក នឹង​ធ្វើ​ការ​តាមដាន​រួមគ្នា​ចំពោះ​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។ ការងារ​របស់​គណៈកម្មការ​រួម​នេះ បាន​បណ្ដាល​ឲ្យ​មាន​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ​ចំនួន ៧៨​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន និង​បណ្ដេញ​ចេញ​ពី​សហរដ្ឋអាមេរិក មក​កាន់​កម្ពុជា​វិញ ត្រឹម​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០០៤។


ទិន្នន័យ​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ បញ្ជាក់​ថា គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០០៤ មាន​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ​ចំនួន ១.២០៣​នាក់ ដែល​មាន​ដីកា​បណ្ដេញ​ចេញ កំពុង​ស្ថិត​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ក្នុង​នោះ ៩៤៥​នាក់​​គឺ​ជា​ជនអន្តោប្រវេសន៍​ដែល​ជា​ឧក្រិដ្ឋជន ហើយ ២៥៨​នាក់ គឺ​ជា​ជនអន្តោប្រវេសន៍ មិន​មែន​ឧក្រិដ្ឋជន ១០៩​នាក់ កំពុង​ជាប់ឃុំ​ឃាំង និង ១.០៩៤​នាក់ មិន​ទាន់​ឃុំ។ របាយការណ៍​បន្ត​ថា ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ​ចំនួន ១០៩​នាក់ ដែល​ជាប់​ឃុំ​នេះ ៤១​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១៨០​ថ្ងៃ បន្ទាប់ពី​ការ​ចេញ​ដីកា​បណ្ដេញ​ចេញ។

អត្ថបទ​ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី​អាមេរិក ញូវវីគ (Newsweek) ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០០២ ដាក់​ចំណងជើង​ថា "ជូនពរ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព ប្រកប​ដោយ​ភាព​ជូរចត់៖ អាមេរិក​កំពុង​ពន្លឿន​ប្រតិបត្តិការ​បណ្ដេញ​ជន​ឧក្រិដ្ឋ​បរទេស​ទៅ​ប្រទេស​កំណើត​វិញ (A bitter bon voyage: America puts foreign criminals on the fast track home)” ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ពុំ​មាន​ជម្រើស​ក្នុង​ការ​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ អះអាង​នៅ​ពេល​នោះ​ថា ខ្លួន​ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ។ មន្ត្រី​រូប​នោះ​បញ្ជាក់​ថា ការណ៍​ដែល​រដ្ឋបាល​ភ្នំពេញ សុខ​ចិត្ត​ទទួល​យក "ខ" ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ គឺ​ដោយសារ​តែ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី​ជំនួយ​ដ៏​សំខាន់​របស់​ធនាគារ​ពិភពលោក (World Bank) និង​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ (IMF) ដែល​អាច​នឹង​ទទួល​រង​នូវ​សម្ពាធ​ការទូត​ពី​ទីក្រុង​វ៉ាស៊ីនតុន ប្រសិនបើ​ពួកគេ​មិន​ព្រម​ធ្វើតាម។

មន្ត្រី​ជាន់​ខ្ពស់​ដដែល​រូប​នោះ បាន​ថ្លែង​ថា "ប្រសិនបើ​យើង​មិន​មាន​កិច្ច​ជួយ​ជ្រោមជ្រែង​ពី​ខាង​ក្រោយ​ឆាក​ពី​សំណាក់​សហរដ្ឋអាមេរិក តើ​យើង​អាច​នឹង​ទទួល​បាន​ជំនួយ​ដោយ​របៀប​ណា?"។ ដូច​គ្នា​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​អះអាង​ផង​ដែរ​ថា ប្រសិនបើ​ខ្លួន​មិន​ព្រម​ធ្វើ​តាម​ទេ​នោះ អគ្គមេធាវី​សហរដ្ឋអាមេរិក អាច​នឹង​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​មួយ​ចំនួន រួម​មាន​ដូចជា​ធ្វើ​ការ​បង្កក​ការ​ចេញ​ទិដ្ឋាការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក ជូន​ដល់​មន្ត្រី​កម្ពុជា ជាដើម។

យ៉ាង​ណា​ក៏ដោយ លោក សុន ឆ័យ ថ្លែង​បញ្ជាក់​ជំហរ​របស់​លោក​ថា ទោះជា​ក្នុង​ករណី​បែប​នោះ​ក៏ដោយ បើ​កម្ពុជា មិន​ព្រម ក៏​សហរដ្ឋអាមេរិក មិន​អាច​ទៅ​បង្ខិតបង្ខំ​ភាគី​កម្ពុជា ណាស់​ណា​ដែរ។ លោក សុន ឆ័យ បាន​ដាក់​ជា​សំណួរ​ថា លោក​មិន​ដឹង​ថា តើ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាល​ណោះ​គឺ​លោក ហោ ណាំហុង យល់​យ៉ាង​ដូច​ម្ដេច​នោះ​ទេ និង​ថា តើ​មាន​ហេតុផល​អ្វី​ដែល​នាំ​ឲ្យ​គាត់​ព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក លើ​កិច្ច​ព្រមព្រៀង​ដែល​មិន​ល្អ​បែប​នេះ។

សហរដ្ឋអាមេរិក នឹង​មិន​អាច​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំង​នោះ​មក​កម្ពុជា វិញ​បាន​ទេ ប្រសិនបើ​ពុំ​មាន​កិច្ចព្រមព្រៀង​នេះ ឬ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ចេញ​មុខ​បដិសេធ​មិន​ទទួល​យក ឬ​ទទួល​ស្គាល់​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ​ទាំង​នេះ។

ជុំវិញ​ហេតុផល​នានា​នៅ​ពីក្រោយ​ការណ៍​ដែល​លោក ហ៊ុន សែន ទើបតែ​ស្នើ​អាមេរិក ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​នេះ ដោយ​លើក​យក​គោលការណ៍ "មនុស្សធម៌" និង "មេត្តាធម៌" មក​ធ្វើ​ជា​សម្អាង ក្រោយ​ពី​បាន​ចុះហត្ថលេខា និង​អនុវត្ត​អស់​រយៈពេល​ជាង ១៥​ឆ្នាំ​មក​ហើយ​នោះ ទាំង​លោក សុន ឆ័យ និង​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា នេះ​ប្រហែល​ជា​មិន​មែន​ជា​ហេតុផល​ដែល​ស្ដែង​ចេញ​មក​ពី​សន្ដាន​ចិត្ត​ពិតប្រាកដ​របស់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​លោក​នោះ​ទេ។

លោក សុន ឆ័យ និង​លោក​បណ្ឌិត មាស នី យល់​ឃើញ​ស្រដៀង​គ្នា​ថា ប្រហែលជា​ភាគច្រើន​នៃ​រឿងរ៉ាវ​នេះ អាច​បណ្ដាល​ពី​ទំនាក់ទំនង​មិន​សូវ​ល្អ​ជាមួយ​អាមេរិក ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជាជាង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ចង់​យក​ចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដើម្បី​ស្វះ​ស្វែងរក​ការ​គាំទ្រ​ពី​សំណាក់​ពួកគេ និង​អូសទាញ​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ឈប់​គាំទ្រ​គណបក្ស​បក្ស​ប្រឆាំង ខណៈ​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។

​លោក សុន ឆ័យ ថ្លែង​ថា វា​នឹង​បាន​ផល​តិចតួច​ណាស់ បើ​សិន​ណា​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ទៅ​ដល់​គណបក្ស​ប្រជាជន ឬ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​ថា ករណី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិន​សប្បាយ​ចិត្ត​ជាមួយ​គណបក្ស​ប្រជាជន និង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ គឺ​មិនមែន​បណ្ដាល​មក​ពី​កិច្ចព្រមព្រៀង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​គិត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិន​អាច​ទទួល​យក​បាន ឬ​តែងតែ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ដឹក​នាំ​នៅ​ប្រទេស​កម្ពុជា នេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស ការ​ប្រើ​អំពើ​ហិង្សា ការ​ច្បាម​យក​ដីធ្លី​ពលរដ្ឋ ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​គ្រប់គ្រង​តាម​បែប​ជិះជាន់​ជាដើម។


លោក សុន ឆ័យ ថា ពលរដ្ឋ​ទាំង​នោះ​មាន​ការ​មិន​សប្បាយចិត្ត​នឹង​បញ្ហា​ទាំង​នេះ ហើយ​ពួកគេ​ចង់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​របៀប​គ្រប់គ្រង​នៅ​ប្រទេស​កម្ពុជា៖ «ប៉ុន្តែ​ខ្ញុំ​យល់​ថា ការ​ដាក់​លក្ខខណ្ឌ​ចង់​ធ្វើ​វិសោធនកម្ម​ហ្នឹង ប្រហែល​ជា​ចង់​ឲ្យ​អាមេរិកាំង​ហ្នឹង បន្ទន់​ឥរិយាបថ​នយោបាយ ឬ​ក៏​សម្ដែង​ការ​ចង់​ឲ្យ​អាមេរិក លុប​ចោល​ការ​ជំពាក់​បំណុល។ ដូច​យើង​ដឹង​ហើយ ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​រដ្ឋាភិបាល​តវ៉ា​ពី​រឿង​ចង់​ឲ្យ​អាមេរិកាំង លុប​ចោល​បំណុល​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ​នោះ​ជាដើម។ អាមេរិកាំង មិន​មាន​ការ​យល់ស្រប ឬ​មិន​សម្ដែង​លក្ខណៈ​អី​ជា​វិជ្ជមាន​អី។ ដូច្នេះ​ហើយ​បានជា​វា​អាច​នឹង​នាំ​ឲ្យ​មាន​ការ​ចង់​សើរើ​កិច្ច​ព្រមព្រៀង​នេះ។ យើង​ត្រូវ​ដឹង​កិច្ចព្រមព្រៀង​នេះ​ដែល​ទទូច​ស្នើ​ប៉ុន្មាន​ឆ្នាំ​មុន​ពី​សហរដ្ឋអាមេរិក»។

គោលនយោបាយ​ស្ដីពី​ការ​ចាប់​ឃុំ​ខ្លួន និង​បណ្ដេញ​ចេញ​ជនអន្តោប្រវេសន៍​គ្មាន​លិខិត​ស្នាម​ឆ្នាំ​២០១៤ របស់​ក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ និង​កំណត់​អាទិភាព​ចម្បងៗ​ចំនួន​បី នៃ​ក្រុម​ជនអន្តោប្រវេសន៍​ដែល​ជា​មុខសញ្ញា​នៃ​ការ​ចាត់​វិធានការ​ប្រឆាំង ពី​សំណាក់​ភ្នាក់ងារ​របស់​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក រួម​មាន​ដូចជា ភ្នាក់ងារ​អន្តោប្រវេសន៍ និង​គយ ភ្នាក់ងារ​ការពារ​ព្រំដែន និង​គយ (CBP) និង​ភ្នាក់ងារ​សេវាកម្ម​អន្តោប្រវេសន៍ និង​សញ្ជាតិ​របស់​សហរដ្ឋអាមេរិក (USCIS)។

អាទិភាព​ទី​១ គឺ​សំដៅ​ដល់​ក្រុម​ជនអន្តោប្រវេសន៍​ទាំង​ឡាយ​ណា​ដែល​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ សន្តិសុខ​ព្រំដែន និង​សុវត្ថិភាព​សាធារណៈ។ អាទិភាព​នេះ​ក៏​រាប់បញ្ចូល​ផង​ដែរ​នូវ​បណ្ដា​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទល្មើស​មួយ ដែល​ធាតុ​ផ្សំ​នៃ​បទល្មើស​នោះ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ជា​សកម្ម​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ជើង​កាង ឬ​ជនអន្តោប្រវេសន៍​ដែល​មាន​អាយុ​មិន​តិច​ជាង ១៦​ឆ្នាំ ហើយ​ដែល​បាន​ចូលរួម​ដោយ​ចេតនា​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ជើងកាង ដើម្បី​បន្ត​សកម្មភាព​ខុសច្បាប់​របស់​ក្រុម​ជើង​កាង​ទាំង​នោះ។ អាទិភាព​ទី​២ គឺ​សំដៅ​ដល់​ជនអន្តោប្រវេសន៍​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​មជ្ឈិម និង​រំលោភ​ច្បាប់​អន្តោប្រវេសន៍​ថ្មី។

ជនអន្តោប្រវេសន៍​ចាត់​ចូល​ក្នុង​ក្រុម​អាទិភាព​នេះ រួម​មាន ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​បទល្មើស​មជ្ឈិម​ចំនួន​បី ឬ​ច្រើន​ជាង​នេះ ក្រៅ​ពី​ករណី​បទល្មើស​ចរាចរណ៍​តូចតាច ។ល។ អាទិភាព​នេះ ក៏​រាប់​បញ្ចូល​នូវ​បទល្មើស​នៃ​ការប្រព្រឹត្តិ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​បំពារបំពាន ឬ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ អំពើ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ការ​កាន់​កាប់ ឬ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ ការ​ចែកចាយ ឬ​ជួញដូរ​គ្រឿងញៀន ឬក៏​បើកបរ​ក្នុង​ពេល​ស្រវឹង ឬ​បទល្មើស​ដែល​ជនអន្តោប្រវេសន៍​រូប​នោះ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ឃុំ​រយៈពេល ៩០​ថ្ងៃ ឬ​លើស​ពី​នេះ។ ដោយ​ឡែក​សម្រាប់​អាទិភាព​ចុង​ក្រោយ អាទិភាព​ទី​៣ គឺ​សំដៅ​ដល់​ជនអន្តោប្រវេសន៍​ទាំង​ឡាយ​ណា​ដែល​បាន​រំលោភច្បាប់​អន្តោប្រវេសន៍​ដទៃ​ទៀត ពោល​គឺ​ពួកគេ​ត្រូវ​ចៅក្រម​ផ្នែក​អន្តោប្រវេសន៍​ចេញ​ដីកា​បណ្ដេញ​ចេញ​ស្ថាពរ នៅ ឬ​ក្រោយ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៤។


គិត​មក​ត្រឹម​ពេល​នេះ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ស្ដីពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជិត ១៥​ឆ្នាំ​មក​នេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​មិន​តិច​ជាង ៥៥០​នាក់​ទេ ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នៅ​សហរដ្ឋអាមេរិក ត្រូវ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ ស្ថិតិ​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ នៃ​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ មាន​ជនជាតិ​ខ្មែរ​ចំនួន ៧៤​រូប ត្រូវ​បាន​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ ឆ្នាំ​២០១៥ មាន​ចំនួន ១៦​នាក់ និង​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន ៧៥​នាក់។

មិន​មែន​មាន​តែ​ករណី​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ​ទេ ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក ចាប់​បញ្ជូន​មក​ប្រទេស​កំណើត​វិញ។ កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ របស់​សហរដ្ឋអាមេរិក បាន​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​សរុប​ចំនួន​ជិត ២,៥​សែន​នាក់ (២៤០.២៥៥) មក​ពី​ប្រទេស​ចំនួន ១៨៥ ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ក្នុង​នោះ​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ម៉ិកស៊ីកូ (Mexico) ឈរ​នៅ​លំដាប់​ទី​មួយ បន្ត​ដោយ​ប្រទេស​ហ្គាតេម៉ាឡា (Guatemala) ហុងឌុយរ៉ាស់ (Honduras) និង​ប្រទេស​អែលសាល់វាឌ័រ (El Salvador)។

មន្ត្រី​នាំ​ពាក្យ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវ៣សន៍ និង​គយ នៃ​ក្រសួង​សន្តិ​ជាតិ សហរដ្ឋអាមេរិក លោក ប្រែនឌិន រ៉េដឌី (Brendan Raedy) បាន​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ៧៦​នាក់ ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​សហរដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន​កំពុង​ជាប់ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​នេះ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៧៦​នាក់ ដែល​កំពុង​ជាប់ឃុំ​នេះ ៦៤​នាក់ បាន​ទទួល​ដីកា​បណ្ដេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក រួចរាល់​ហើយ។ លោក ប្រែនឌិន បន្ត​ថា ជា​គោលការណ៍ ភ្នាក់ងារ​របស់​លោក​មិន​ធ្វើការ​បញ្ជាក់ ឬ​បដិសេធ​អំពី​គម្រោង ឬ​កាលបរិច្ឆេទ​ជើង​ហោះហើរ​ដឹក​ជញ្ជូន​ជន​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​សហរដ្ឋអាមេរិក នេះ​ទេ ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ប្រតិបត្តិការ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ភ្នាក់ងារ​របស់​លោក ប្រែនឌិន រ៉េដឌី ក៏​បដិសេធ​មិន​អធិប្បាយ​លើ​សេចក្ដី​ស្នើ​គោលនយោបាយ ឬ​ច្បាប់​នោះ​ឡើយ។ លោក ប្រែនឌិន គ្រាន់តែ​អះអាង​ថា ខណៈ​ដែល​រដ្ឋាភិបាល​អាមេរិក មិន​អាច​ផ្ដល់​សេចក្ដី​អធិប្បាយ​អំពី​ការ​ផ្ដល់​កិច្ច​ជួយ​សង្គ្រោះ ឬ​ការ​គាំពារ​ណា​មួយ​ពី​ការ​បណ្ដេញ​ចេញ​ដែល​ជន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​អាច​នឹង​ស្វែង​រក រដ្ឋាភិបាល​សហរដ្ឋអាមេរិក ផ្ដល់​ឱកាស​ដល់​គ្រប់​ជន​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពិចារណា​ចំពោះ​ការ​ផ្ដល់​កិច្ច​ជួយសង្គ្រោះ​នោះ។

លោក​ថា ចៅក្រម​ផ្នែក​អន្តោប្រវេសន៍ នឹង​ជំនុំជម្រះ​រាល់​ដំណើរការ​កាត់​ក្ដី​សំណុំរឿង​អន្តោប្រវេសន៍​ប្រកប​ដោយ​ភាព​ពេញលេញ និង​ស្មើភាព។ បន្ទាប់ពី​ពិចារណា​លើ​អង្គ​សេចក្ដី​នៃ​ករណី​នីមួយៗ​រួច​ហើយ ប្រសិនបើ​ចៅក្រម​រក​ឃើញ​ថា ជន​ណា​ម្នាក់​ពុំ​មាន​សិទ្ធិ​ទទួល​បាន​កិច្ច​ជួយសង្គ្រោះ​ក្នុង​ទម្រង់​ណា​មួយ​នោះ ចៅក្រម​នឹង​ចេញ​ដីកា​បណ្ដេញ​ចេញ​ជា​ស្ថាពរ។ ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ នឹង​អនុវត្ត​ដីកា​បណ្ដេញ​ចេញ​ស្ថាពរ​នេះ ផ្អែក​តាម​ច្បាប់​អាមេរិក​ជា​ធរមាន​នានា៕


loading...
ប្រភព : វិទ្យុអាស៊ីសេរី 

No comments:

Post a Comment